អានតួអត្ថបទ

អតីត​ប្រធានាធិបតី​​​កៀហ្ស៊ីស្ថាន ​អាតាំបាយ៉េវ ​ជាប់​​ឃុំ​​បណ្តោះ​អាសន្ន ពីបទ​​ពុករលួយ

លោក អាតាំបាយ៉េវ អតីតប្រធានាធិបតី​កៀហ្សីស្ថាន ត្រូវបា​សមត្ថកិច្ចចាប់ដាក់ឃុំ​បណ្តោះ​អាសន្ន កាលពីយប់ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រ។ អតីតប្រធានាធិបតីរូបនេះ ត្រូវបានជាប់ចោទ ពីបទពុករលួយ និងត្រូវបានសភា​ដកហូតអភ័យ​ឯកសិទ្ធិ។ តែយ៉ាងណា លោកអាតាំបាយ៉េវ បានបរិហារថា ថាចោទប្រកាន់មកលើរូបលោក គឺជា​ឆាកល្ខោននយោបាយ​ រៀបចំ​ដោយ​​ប្រធានាធិបតីថ្មី​។

លោក Almazbek Atambaïev អតីតប្រធានាធិ​បតី​​កៀហ្ស៊ីស្ថាន
លោក Almazbek Atambaïev អតីតប្រធានាធិ​បតី​​កៀហ្ស៊ីស្ថាន Reuters
ផ្សាយពាណិជ្ជកម្ម

លោកអាល់ម៉ាសបេក អាតាំបាយ៉េ​វ (Almazbek Atambaïev) អតីតប្រធានាធិបតី​កៀហ្ស៊ីស្ថាន បានប្រគល់ខ្លួនឲ្យសមត្ថកិច្ច ដើម្បី​ទទួល​ការឃុំខ្លួន​បណ្តោះអាសន្ន រងចាំថ្ងៃសវនាការបស់តុលាការ។ ការឡោមព័ទ្ធរបស់សមត្ថកិច្ច នៅជុំវិញគេហដ្ឋានរបស់លោក អាតាំបាយ៉េវ បានចំណាយ​ពេល​ចំនួន​២ថ្ងៃ ដោយសមត្ថកិច្ច ត្រូវប្រឈមមុខ នឹងការរារាំង ពីសំណាក់មនុស្ស​ជាច្រើនរយនាក់ ដែលបាន​មកជួបជុំគ្នា​ការពារ​ លោក​អាតាំបាយ៉េវ កុំឲ្យគេចាប់ខ្លួន​។

ការប្រឈមមុខរវាងសមត្ថកិច្ច និងក្រុមអ្នកគាំទ្រលោកអាតាំបាយ៉េវ បានបណ្តាលឲ្យស្លាប់មនុស្ស​ម្នាក់ នឹងរបួសជាច្រើននាក់។ នៅក្នុងវីដេអូមួយ ដែលគេថតបាន បានបង្ហាញឲ្យឃើញ លោក អាតាំបាយ៉េវ ព្យាយាមចរចាជាមួយ​​នឹងរដ្ឋ​មន្ត្រីក្រសួងមហាផ្ទៃ ថាលោកសុខចិត្តប្រគល់ខ្លួន តែសមត្ថកិច្ចត្រូវតែសន្យា មិនប៉ះពាល់ ក្រុមអ្នកគាំទ្រលោកជាដាច់ខាត។

សូមរំលឹកថា លោកអតីតប្រធានាធិបតី វ័យ៦២ឆ្នាំរូបនេះ ត្រូវបាន​រដ្ឋអាជ្ញាកៀហ្ស៊ីស្ថាន ចោទប្រកាន់ជាផ្លូវការ កាលពីខែមិថុនា ពីបទប្រព្រឹត្តិអំពើពុករលួយ​ កិប​កេងយក​ដី​រដ្ឋ និងឯកជន ព្រម​ទាំងបានឃុបឃិតដោះលែងឧក្រិដ្ឋជនម៉ាហ្វយ៉ាម្នាក់ ក្នុងអំឡុងពេល​លោ​ក​​កាន់តំណែង ចន្លោះពីឆ្នាំ​២០១១ ដល់២០១៧។​ក្រោយ​មក​រដ្ឋសភា បានបោះឆ្នោត ដក​អភ័យឯកសិទ្ធិ ក្នុងនាមជាអតីតប្រធានាធិបតី ចេញពីលោក​អាតាំបាយ៉េវ។ ទោះយ៉ាង​នេះក្តី លោកអាតាំបាយ៉េ​វ បាន​បរិហារថា ការចោទប្រកាន់មកលើរូបលោក គឺ​ជា​កលល្បិចនយោបាយ​របស់ប្រធានាធិបតី​ថ្មី ដែលចង់កំចាយ​រូបលោក ​ឲ្យចេញពីឆាកនយោបាយ​កៀហ្ស៊ីស្ថាន។

សូមរំលឹកថា លោក Sooronbaï Jeenbekov ដែលជាប្រធានាធិបតីថ្មី ធ្លាប់ជាមនុស្សជំនិតបំផុត របស់លោកអាតាំបាយ៉េវ។ តែយ៉ាងណា ក្រោយពេល​លោកជីនបេកូវ​បាន​ឡើងកាន់តំណែង ទំនាក់ទំនងរវាងមនុស្សទាំង២នេះ បាន​រង្គោះរង្គើ ក្លាយជាជម្លោះយ៉ាងចំហ រវាងបក្សពួកទាំងសងខាង។

ដោយឡែក រុស្ស៊ី ដែលធ្លាប់ជាមេកើយ របស់កៀហ្ស៊ីស្ថាន កាលពីជំនាន់សូវៀត បានសំដែងការព្រួយបារម្ភដែរ ទាក់ទិននឹងជម្លោះនយោបាយនេះ។ លោក ពូទីន កាលពីខែកក្កដា​កន្លងទៅ បាន​ជួប​និយាយគ្នាជាមួយ​ លោកអាតាំបាយ៉េវផង និង លោក​ជីនបេកូវ​ផង​ ក្នុងគោលបំណងផ្សះផ្សាអ្នកទាំង២។ តែយ៉ាងណា ការចាប់ឃុំខ្លួន​លោកអាតាំបាយ៉េវនាពេលនេះ បានបង្ហាញថា លោកប្រធានាធិបតី ជីនបេកូវ គ្មានចេតនា ជានាជាមួយ​លោកអាតាំបាយ៉េវឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ