អានតួអត្ថបទ

អធិរាជជប៉ុន​ថ្លែង​អំពី “វិប្បដិសារីដ៏​ជ្រាលជ្រៅ” ចំពោះ​ទង្វើ​របស់​ជប៉ុន​ក្នុង​ជំនាន់​សង្រ្គាម​លោក

ព្រះចៅអធិរាជជប៉ុន ណារូហ៊ីតូ បានថ្លែងសន្ទរកថា នៅក្នុងពិធីបុណ្យខួប រំលឹកការទទួល​​ចុះចាញ់សង្គ្រាម​​របស់ជប៉ុន កាលពី​​ថ្ងៃទី​១៥ សីហា ១៩៤៥។ ក្នុងសន្ទរកាថានេះ ព្រះចៅអធិរាជថ្មីរបស់ជប៉ុន បានថ្លែងដោយលើកឡើង អំពីវិប្បដិសារីដ៏ជ្រាលជ្រៅចំពោះទង្វើទាំងឡាយ ដែលកងទ័ពជប៉ុនបានធ្វើ នៅក្នុងជំនាន់សង្រ្គាមលោកលើកទី២។ ព្រះអង្គក៏បាន​ថ្លែងផងដែរ ថាមិនត្រូវឲ្យអតីតកាលនៃសោកនាដកម្មសង្រ្គាមរបៀបនេះ កើតឡើងជាថ្មីទៀត​ បានជាដាច់ខាត។

ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះជាយា Masako រំលឹកខួបលើ់កទី 74នៃការ​​ចុះចាញ់​សង្រ្គាម​លោកលើកទី​២។ តូក្យូ ថ្ងៃទី​១៥ សីហា ២០១៩
ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះជាយា Masako រំលឹកខួបលើ់កទី 74នៃការ​​ចុះចាញ់​សង្រ្គាម​លោកលើកទី​២។ តូក្យូ ថ្ងៃទី​១៥ សីហា ២០១៩ REUTERS/Kim Kyung-Hoon
ផ្សាយពាណិជ្ជកម្ម

ស្ថិតក្នុងសំលៀកបំពាក់ខ្មៅ អមដោយព្រះជាយា ព្រះចៅអធិរាជជប៉ុន ណារូហ៊ីតូ បានថ្លែងសន្ទរកថា ទៅកាន់ប្រជាជាតិជប៉ុនជាលើកទីមួយ នៅក្នុងឱកាស​បុណ្យខួបរំលឹកនៃការទទួលចុះចាញ់សង្រ្គាមរបស់ជប៉ុន ថ្ងៃទី​១៥ សីហា ១៩៤៥។ នៅចំពោះមុខភ្ញៀវអធិបតីចំនួន៦ពាន់នាក់ ព្រះចៅណារូហ៊ីតូបានថ្លែងថា៖ ដោយសំឡឹងទៅមើលអតីតកាលប្រវត្តិសាស្ត្ររបស់យើង និងដោយក្តីសោកស្តាយ​វិប្បដិសារីដ៏ជ្រាលជ្រៅបំផុតនោះ ខ្ញុំ​សូម​បួងសួង ប្រាថ្នាកុំឲ្យរឿងរ៉ាវសោកនាដកម្មទាំងនោះ កើតឡើងជាថ្មី​ទៀតឲ្យសោះ។ព្រះចៅណារូហ៊ីតូ ក៏បានថ្លែងអាណិតអាសូរផងដែរ ដល់ប្រជាជនជប៉ុន​ទាំងអស់ ដែលបាន​ស្លាប់ក្នុងជំនាន់សង្រ្គាមលោកលើកទី២។

គួរកត់សំគាល់ថា ជាមួយនឹងពាក្យពេចន៍ទាំងនេះ ព្រះចៅអធិរាជថ្មីរបស់ជប៉ុន បានកំណត់ជំហាន ដើរតាមព្រះបិតាព្រះអង្គ គឺព្រះចៅ​អាគីហ៊ីតូ ដែលព្រះអង្គគឺជាអធិរាជជប៉ុនដំបូងគេបង្អស់ ដែលបាន​ថ្លែងកាលពីឆ្នាំ២០១៥ នូវ​ពាក្យថា “វិប្បដិសារីចំពោះទង្វើរបស់ជប៉ុន ក្នុងជំនាន់សង្រ្គាមលោកលើកទី២”។ មុននឹងឡើងគ្រងរាជ ព្រះចៅណារូហ៊ីតូ ក៏ធ្លាប់បាន​លើកឡើងដែរ ថាព្រះអង្គនឹងបន្តដើរតាមព្រះរាជាតំរិះរបស់បិតា ដោយហ៊ានទទួលស្គាល់នូវការពិត ស្តីពីអំពើឧក្រិដ្ឋទាំងឡាយ ដែលកងទ័ពជប៉ុនធ្លាប់បានប្រព្រឹត្តិ។ ព្រះអង្គក៏ធ្លាប់បានថ្លែងផងដែរ ថាកម្មវិធីសិក្សាប្រវត្តិសាស្ត្រត្រូវ តែឲ្យមានសុក្រិត្យភាពឥតលំអៀង ដើម្បីបង្រៀន​កូនចៅជប៉ុនជំនាន់ក្រោយ ឲ្យដឹងពី​ការពិតនៃប្រវត្តិសាស្ត្រ។

ដោយឡែក លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន ដែលមានវត្តមាននៅក្នុងឱកាសរំលឹកខួប ថ្ងៃទី​១៥សីហា នេះដែរ បានថ្លែងសន្ទរកថា រំលឹកដល់វិញ្ញាណក្ខន្ធរបស់ទាហានជប៉ុនដែលបានស្លាប់ ក្នុងជំនាន់សង្រ្គាម​លោកលើកទី២។ ជាងនេះទៀត កាលពីថ្ងៃពុធ ទី១៤សីហា លោកស៊ិនហ្សូ អាបេ បានទៅដាក់កម្រង​ផ្កា នៅ​ទីបូជនីដ្ឋាន Yasukuni។ ទីបូជនីដ្ឋាននេះ គឺជាទីរំលឹកវិញ្ញាណក្ខន្ធកងទ័ពជប៉ុន ក្នុងនោះមាន​១៤នាក់ ដែលគេដឹងថាគឺជា​ឧក្រិដ្ឋជនសង្រ្គាម។ កូរ៉េខាងត្បូង និងចិន តែងតែតវ៉ាជានិច្ច នៅរៀងរាល់លើក ដែលថ្នាក់ដឹកនាំជប៉ុន យកកម្រងផ្កា ទៅដាក់នៅទីបូជនីដ្ឋានទេ។

ដោយឡែកនៅថ្ងៃទី១៥សីហានេះដែរ កូរ៉េខាងត្បូងក៏បានប្រារព្ធ ពិធីរំលឹកខួប នៃ​ការរំដោះកូរ៉េ ចេញពីក្រញ៉ាំទ័ពរបស់ជប៉ុន​។ លោកមូន​ ជាអ៊ីន ប្រធានាធីបតីកូរ៉េខាងត្បូងបានថ្លែងថា លោកជឿជាក់ថា កូរ៉េខាងត្បូង និងជប៉ុន ពិតជាអាច​ រួមគ្នាបំភ្លេចចោលនូវកំហឹងគុំគួនប្រវត្តិសាស្ត្រ ហើយងាកមកចាប់ដៃគ្នាជាមិត្តពិត បើសិន​ជាជប៉ុនជ្រើសរើសយកការនិយាយគ្នា។ លោកមូន ជាអ៊ីន ក៏បានបញ្ជាក់ដែរថា លោកនឹងខិតខំធ្វើការបង្រួបបង្រួមកូរ៉េទាំង២​ នៅរវាងឆ្នាំ២០៤៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ