អានតួអត្ថបទ
អាមេនី

នាយករដ្ឋមន្ត្រី​អាមេនី ព្រម​ចុះចេញ​ពី​តំណែង ក្រោយ​បាតុកម្ម​មហាជន​១០​ថ្ងៃ​ជាប់គ្នា

នៅ​ប្រទេសអាមេនី លោក​នាយករដ្ឋមន្ត្រី ​ដែល​ទើបតែ​ត្រូវ​បាន​តែងតាំង ​បាន​សុខចិត្ត​ព្រម​លាចេញ​ពី​មុខតំណែង ​បន្ទាប់​ពី​ប្រជាពលរដ្ឋ ​បាន​ធ្វើ​បាតុកម្ម​តវ៉ា​ រយៈពេល​១០​ថ្ងៃ​ជាប់គ្នា។ ប្រជាជន​មិន​ពេញ​ចិត្ត​លោក​នាយករដ្ឋមន្ត្រី​ថ្មី ​ដោយសារ​តែ​លោក​ធ្លាប់​ធ្វើ​ជា​ប្រធានាធិបតី​អស់​រយៈពេល​១០​ឆ្នាំ​រួច​មក​ហើយ ​ហើយ​បាន​ព្យាយាម​ធ្វើ​កំណែ​ទំរង់​ច្បាប់ ​ដើម្បី​អាច​កាន់​តំណែង​នាយករដ្ឋមន្ត្រី​បន្ថែម​ទៀត។

ក្រុមបាតុការ​ ទាមទារ​ឲ្យលោកនាយករដ្ឋមន្ត្រី​ Serge Sarkissian ចុះចេញ​ពីតំណែង។ ក្រុងអេរ៉េវ៉ាន ថ្ងៃទី​២២​ មេសា ២០១៨​
ក្រុមបាតុការ​ ទាមទារ​ឲ្យលោកនាយករដ្ឋមន្ត្រី​ Serge Sarkissian ចុះចេញ​ពីតំណែង។ ក្រុងអេរ៉េវ៉ាន ថ្ងៃទី​២២​ មេសា ២០១៨​ Vano SHLAMOV / AFP
ផ្សាយពាណិជ្ជកម្ម

សម្លេង​ហ៊ោរកងរំពង ​អមដោយ​ស្នូរ​ទះដៃ ​បាន​បន្លឺ​ឡើង ​ពាសពេញ​ទីក្រុង ​អេរ៉េវ៉ាន​ រដ្ឋធានី​ប្រទេស​អាមេនី ​នៅ​ពេល​រសៀល​ថ្ងៃ​ចន្ទ​ ទី​២៣​មេសា ​បន្ទាប់​ពី​ប្រជាជន​បាន​ទទួល​ដំណឹង​ថា ​លោក​នាយករដ្ឋមន្ត្រី ​Serge Sarkissian ​បាន​សុខចិត្ត​លាចេញ​ពី​មុខ​តំណែង។

នៅក្នុង​សេចក្តី​ប្រកាស​ផ្លូវការ​ ដែល​មាន​ផ្សាយ​ លើ​គេហទំព័រ​ផ្លូវការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​មាន​សរសេរ​ដោយ​ខ្លីថា​ “ខ្ញុំ​បាន​សម្រេច​ចិត្ត​ ចុះ​ចេញ​ពី​មុខ​តំណែង​ដឹក​នាំ​ប្រទេស”។ លោក​នាយករដ្ឋមន្ត្រី​សរសេរ​បន្ថែម​ថា “​ការ​ទាមទារ​តវ៉ា ​របស់​ប្រជាជន​​ ដែល​ដឹកនាំ​ដោយ​លោក ​Nikol Pachinian ​គឺ​ជា​ការ​ត្រឹម​ត្រូវ ​មិន​ខុស​ឡើយ  ​ខ្ញុំ​ទៅ​វិញ​ទេ ​ដែល​បាន​គិត​ខុស”។

សូម​បញ្ជាក់​ថា ​លោក​នាយករដ្ឋមន្ត្រី​អាមេនី ​ Serge Sarkissian ​ដែល​មាន​វ័យ​៦៣​ឆ្នាំ ​ធ្លាប់​ធ្វើ​ជា​ប្រធានាធិបតី ​អស់​រយៈពេល​១០​ឆ្នាំ ចន្លោះ​ពី​ឆ្នាំ​២០០៨ ​ដល់​ឆ្នាំ​២០១៨។ ក្រោយ​ចប់​អាណត្តិ ​លោក​បាន​រៀបចំ​ឲ្យ​រដ្ឋសភា ​បោះឆ្នោត​តែងតាំង​លោក​ ជា​នាយករដ្ឋមន្ត្រី ​កាល​ពីថ្ងៃទី​១៧មេសា​ ​កន្លងទៅ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ​មុន​នឹង​ចូល​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី ​លោក ​Serge Sarkissian ​បាន​ថែម​ទាំង​ រៀប​ចំ​ឲ្យ​រដ្ឋសភា​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ ​ដើម្បី​ផ្តល់​សិទ្ធិ​អំណាច​ស្ទើរ​តែ​ទាំងស្រុង​ មក​នៅក្នុង​ដៃ​នាយករដ្ឋមន្ត្រី ​ហើយ​ទុកឲ្យ​ប្រធានាធិបតី ​មាន​តួនាទី​ត្រឹម​តែ​ជា​និម្មិតរូប។

គឺ​ដោយ​សង្កេត​ឃើញ​ចំណុច​ទាំង​នេះ​ហើយ ​បាន​ជា​ការ​បំផុសបំផុល ​ឲ្យ​មាន​បាតុកម្ម​ទូទាំង​ប្រទេស ​ចាប់តាំង​ពី​ថ្ងៃ​ទី​១៣​មេសា​មក​ ដោយ​មាន​សកម្មជន​ប្រឆាំង ​ឈ្មោះ​Nikol Pachinian ​ជា​អ្នក​ដឹកនាំ។ លោក ​Nikol Pachinian ​ត្រូវ​បាន​គេ​ចាប់ខ្លួន ​កាល​ពី​ថ្ងៃ​អាទិត្យ ​ទី​២២​មេសា។ ក្រោយ​ការ​ចាប់ខ្លួន​នេះ ​បាតុកម្ម​បាន​ផ្ទុះឡើង​កាន់តែ​ធំ ​ដោយ​នៅ​រដ្ឋធានី ​អេរ៉េវ៉ាន ​កាល​ពី​ថ្ងៃ​អាទិត្យ​ មាន​មនុស្ស​ចូលរួម​រាប់​សែន​នាក់។ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ លោក​ Nikol Pachinian ​ត្រូវ​បាន​គេ​ដោះលែង​មក​វិញ ​ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ នាយករដ្ឋមន្ត្រី ​ក៏​បាន​ប្រកាស​លាចេញ​ពី​តំណែង។

បាតុករ​ម្នាក់​ជា​និស្សិត​អាយុ​២៣​ឆ្នាំ ​ឈ្មោះKaren Khatchatrian ​បាន​លើកឡើង​ថា ​លោក Serge Sarkissian ​គឺ​​ជា​មនុស្ស​សល់​ពី​កំអែល​ នៃ​របប​សង្គម​និយម​សូវៀត ​ហើយ​មិន​សម​នៅ​ក្រាញ​អំណាច​បែប​នេះ​ត​ទៅ​ទៀត។ ក្រុម​បាតុករ ​រិះគន់​ថា​កាល​លោក ​Serge Sarkissian ​ធ្វើ​ជា​ប្រធានាធិបតី ​លោក​មិន​បាន​ធ្វើ​ឲ្យ​អាមេនី ​រួច​ផុ​ត​ពី​អំពើ​ពុក​រលួយ ​បក្ស​ពួក​និយម​ទេ ​ ហើយ​ព្រម​ទាំង​មិន​បាន​ជួយ​លើក​កំពស់ ​ជីវភាព​ប្រជាជន​ទៀត។ ពេលនេះ​ជា​យុគ​សម័យ​ថ្មី ​ប្រជាជន​អាមេនី ​ជា​ពិសេស​យុវជន​ក្មេងៗ ​មិន​ត្រូវ​ការ​មនុស្ស​ចាស់​គំរិល ​ដូច​លោក ​Serge Sarkissian​ ទៀត​ឡើយ។

ដោយឡែក ​បើតាម​ប្រភព​ពី​ក្រសួង​ការពារជាតិ ​អាមេនី ​បាន​ឲ្យដឹង​ថា ​មាន​ក្រុម​ទាហាន​មួយ​ចំនួន​ ក៏បាន​ទៅ​ចូលរួម​ ​ធ្វើ​បាតុកម្ម​ប្រឆាំង​និង​រដ្ឋាភិបាល​ដែរ។ លោក​ប្រធានាធិបតី ​ក៏ដូច​ជា​កងទ័ព ​បាន​អំពាវនាវ ​ឲ្យ​ប្រជាជន​រក្សា​ការ​ស្ងៀមស្ងាត់ ​កុំបែក​បាក់គ្នា​ ហើយ​ទុកឲ្យ​អ្នក​នយោបាយ ​រៀបចំ​ចរចា​ស្វែង​រក​ច្រក​ចេញ​ដោយ​សន្តិវិធី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ