អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាមេរិកដោះដៃ​ចោល​TPP ​និង​អាស៊ី-​ប៉ាស៊ីហ្វិក ​ដូច​បើកផ្លូវ​ឲ្យ​ចិន​កាន់តែ​មាន​ឱកាស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដូចការ​ប្រកាស​សន្យា​កាល​ពី​ពេល​ឃោសនា​​បោះឆ្នោត ​លោក​ដូណាល់ ត្រាំ ​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក ​ទើប​បាន​ប្រកាស​បញ្ជាក់​ម្តងទៀត ​ថា​រដ្ឋាភិបាល​លោក ​នឹង​ដក​ខ្លួន​អាមេរិក​ ចេញ​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តរ​ប៉ាស៊ីហ្វិក ​ហៅកាត់​ថា​TPP។ កិច្ច​ព្រមព្រៀង ​ដែល​រដ្ឋាភិបាល​លោក​អូបាម៉ា​ ​បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេស​ចំនួន​១១​ផ្សេង​ទៀត ​ នៅ​តំបន់​អាស៊ី ប៉ាស៊ីហ្វិក ​ អាច​នឹង​បាត់បង់​តំលៃ​ ដោយសារ​តែ​អាមេរិក​ ដែល​ជា​អ្នក​ផ្តើម​គំនិត​បង្កើតវា​ឡើង ​បែរ​ជា​ដក​ខ្លួន​ចេញ​ទៅវិញ។ ហើយ​កាលៈទេសៈ​ថ្មី​នេះ ​នឹង​អនុញ្ញាតិ​ឲ្យ​ចិន ​កាន់​តែ​មាន​ឱកាស ​ចេញ​មុខ​ដឹកនាំ​ចរន្ត​ពាណិជ្ជកម្ម​សេរី ​ក្នុង​តំបន់ ​តែម្នាក់​ឯង។

លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក្នុង​ពេល​ថ្លែង​​សន្ទរកថា​​​នៅ​​ជំនួប​​កំពូល​​APEC​ ថ្ងៃ​១៩ វិច្ឆិកា​២០១៦
លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក្នុង​ពេល​ថ្លែង​​សន្ទរកថា​​​នៅ​​ជំនួប​​កំពូល​​APEC​ ថ្ងៃ​១៩ វិច្ឆិកា​២០១៦ REUTERS/Mariana Bazo
ផ្សាយពាណិជ្ជកម្ម

ដូណាល់ ត្រាំ​ ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ កំពុង​ធ្វើ​ឲ្យ​គេ​កាន់តែ​ព្រួយ​បារម្ភ​ ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ គេ​មិន​ទៅ​បារម្ភ ​ពី​ស្ថានភាព​ស្មារតី ​រឺ​សុខភាព​ផ្លូវចិត្ត ​របស់​លោកត្រាំ​ទេ ​ តែ​គេ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​សេដ្ឋកិច្ច ​ព្រមទាំង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អាមេរិក ​ និង​ដៃ​គូ​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត។ លោក​ដូណាល់​ត្រាំ ​បាន​បង្ហាញ​ជំហរ​កាន់តែ​ច្បាស់ ​អំពី​ចេតនា​បិទ​ទ្វារ​សេដ្ឋកិច្ច​របស់​អាមេរិក ​តាម​រយៈ​ការ​ដកខ្លួន​ចេញ​ពី​សន្ធិសញ្ញា​សហប្រតិបត្តិការ​សេដ្ឋកិច្ច ​រឺ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា ​និង​ការ​ដាក់​​រនាំង​ពន្ធដារ​ទប់​ស្កាត់​ការ​នាំចូល​ទំនិញ​​បរទេស។

អាមេរិក នឹងដកខ្លួនចេញពី TPP៖

ថ្ងៃចន្ទ​ទី ​២១​ វិច្ឆិកា ​ លោក​ដូណាល់ ត្រាំ ​បាន​ប្រកាស​តាម​កញ្ចក់​ទូរទស្សន៍​ថា ​ការងារ​ទីមួយ​របស់​រដ្ឋាភិបាល​លោក ​ក្នុង​ពេល​ចូល​កាន់​តំណែង​ជា​ផ្លូវការ ​ គឺ​ដក​ខ្លួន​សហរដ្ឋ​អាមេរិក ​ ចេញ​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​អន្តរ​ប៉ាស៊ីហ្វិក ។ ការ​ប្រកាសនេះ​ គឺ​ធ្វើឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ​ក្រោយ​ពេល​ដែល​កិច្ច​ប្រជុំ​កំពូល​នៃ​ថ្នាក់​ដឹកនាំ ​ប្រទេស​សមាជិក​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ បាន​បិទ​បញ្ចប់​នៅ​ទីក្រុង​លីម៉ា។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ដែល​ហៅ​កាត់​ថា ​TPP​ ​គឺ​​ជា​ការ​ផ្តើម​គំនិត​របស់​រដ្ឋាភិបាល​លោក​អូបាម៉ា ​ ដែល​កម្មវត្ថុ​ គឺ​ដើម្បី​បង្កើត​ឲ្យ​មាន​តំបន់​ដោះដូរ​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ ​ទាំង​សង​ខាង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ពោល​គឺ​​ទ្វីប​អាមេរិក​ និង​ទ្វីប​អាស៊ី។ កិច្ច​ព្រមព្រៀង​នេះ ​ ក៏​មាន​កម្មវត្ថុ​ដើម្បី​បង្ហាញ​តួនាទី​របស់​សហរដ្ឋ​អាមេរិក ​ក្នុងការ​ដឹកនាំ ​និង​សម្រប​សម្រួល​ចរន្ត​ដោះដូរ​ពាណិជ្ជកម្ម​សេរី ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក ​ដើម្បី​កុំ​ឲ្យ​ចិន​អាច​ពង្រីក​ឥទ្ធិពល​វាទ​យក​ទីផ្សារ​តែ​ម្នាក់​ឯង។ កិច្ច​ព្រមព្រៀង​TPP​ នេះ ​គឺមាន​ខ្លឹមសារ​កំណត់​នូវ​មូលដ្ឋាន​គ្រិះ​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​សេរី ​យោង​ទៅ​តាម​ក្រិត្យក្រម​ នៃ​ប្រទេស​លោក​ខាងលិច ​ ដូច​ជា​ការលប់​ពន្ធ​ក្នុង​ការ​នាំចូល ​ព្រមទាំង​ការ​កំណត់​ពី​ស្តង់ដារ​គុណភាព​ទំនិញ ​ដែល​ប្រទេស​ហត្ថលេខី​ត្រូវ​គោរព ​ជាដើម។

ប្រទេស​ដែល​បាន​ចុះ​ហត្ថលេខា​ក្នុង​កិច្ចព្រមព្រៀង​នេះ ​មាន​១២​ប្រទេស ​ ក្នុង​នោះ​មាន​សហរដ្ឋ​អាមេរិក​ខ្លួនឯង ​កាណាដា ​ជប៉ុន​ មិចស៊ិចកូ​ ឈីលី ​ប៉េរូ ​ ម៉ាឡេស៊ី ​ វៀតណាម ​ សឹង្ហបុរី​ ប្រុយណេ ​អូស្ត្រាលី ​និង​ញូហ្សឺលែន។ សម្រាប់​សហរដ្ឋ​អាមេរិក​ កិច្ច​ព្រមព្រៀង​នេះ ​ នៅ​មិន​ទាន់​ត្រូវ​បាន​សភា​ទាំងពីរ ​ផ្តល់​សច្ចប័ន​នៅ​ឡើយ​ទេ។ ជាងនេះ​ទៅ​ទៀត ​ឥឡូវនេះ ​លោក​ដូណាល់ត្រាំ ​បាន​ប្រកាស​ថា​រដ្ឋាភិបាល​លោក ​នឹង​មិន​បញ្ជូន​កិច្ច​ព្រមព្រៀង​នេះ​ទៅ​សភា​ទេ ​ ហើយ​ផ្ទុយ​ទៅ​វិញ​ សហរដ្ឋ​អាមេរិក​ នឹង​ដក​ខ្លួន​ មិន​ចូល​រួម​អនុវត្ត​កិច្ច​ព្រមព្រៀង ​TPP​ នេះ​ទេ។

និយាយបាតដៃ​ខ្នងដៃ ធ្វើ​ឲ្យ​គេ​លែង​ទុកចិត្ត​អាមេរិក៖
ការចរចា​រាប់​ឆ្នាំ ​ ការ​ប្រឹងប្រែង​របស់​ប្រទេស​ភាគី​នីមួយៗ​ ទំរាំ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ ​ ត្រូវ​រលាយ​ក្លាយ​ជា​ផេះ ​ដោយសារ​មនុស្ស​តែ​ម្នាក់។ ប្រទេស​ទាំង​១១​ផ្សេងទៀត ​ កំពុងតែ​ព្រួយ​បារម្ភ​ និង​ចោទ​សួរ​ថា​ តើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ ​នឹង​មាន​ន័យខ្លឹម​សារ​អ្វី​ទៀត ​បើ​អ្នក​ផ្តើម​គំនិត​ គឺ​សហរដ្ឋ​អាមេរិក ​ ប្រកាស​ដក​ខ្លួន​ចេញ​ទៅ​ហើយ​នោះ?

តើ​អំណេះ​តទៅ ​សហរដ្ឋ​អាមេរិក​មាន​មុខមាត់​ឯណា ​ទៅ​និយាយ​ចរចា​រឿង​ផ្សេងៗ ​ជាមួយ​ប្រទេស​ដ៏ទៃ ​ បើ​ក្រឡាប់​ម្តង​បាតដៃ ​ម្តង​ខ្នងដៃ​យ៉ាងនេះ? កិត្តិយស​របស់​អាមេរិក​ នឹង​ស្អុយ​រលួយ ​ធ្វើឲ្យ​គេ​លែង​ទុកចិត្ត ​ ជា​ពិសេស ​ក្នុង​ចំណោម​ប្រទេស​ដៃ​គូ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​ដូចជា​ជប៉ុន ​និង​អូស្ត្រាលី។ មនុស្សតែ​ម្នាក់គត់ ​ដែល​ជា​អ្នក​ទទួល​ខុសត្រូវ​នៃ​ភាព​អម៉ាស​នេះ ​ គឺ​លោក​ដូណាល់ត្រាំ ​ប្រធានាធិបតី​ថ្មី​ដែល​ទើបតែ​នឹង​ជាប់​ឆ្នោត​ក្តៅៗ។

លោក​ដូណាល់ត្រាំ ​ដែលតែង​តែ​ស្រែក​ក្តែងៗ​ថា ​ ចង់​ដឹកនាំ​អាមេរិក​ឲ្យ​ខ្លាំង​អស្ចារ្យ​ដូច​កាល​ពី​អតីតកាល​វិញ​ បាន​សម្រេចចិត្ត​ដក​ខ្លួន​ចេញ​ពី​ពិភពគុណ ​ ហើយ​បិទ​ទ្វារ​សេដ្ឋកិច្ច​ សំងំ​នៅ​តែ​ក្នុង​ផ្ទះ។ អាមេរិក​ដ៏​ខ្លាំង​ដែល​ដូណាល់ត្រាំ​សន្យា ​គឺ​មិន​ខុស​ពី​ជន​កំសាក ​ដែល​ស្រែក​ថា​ខ្លួន​ខ្លាំង​តែ​ម្នាក់ឯង​ ​តែ​មិន​ហ៊ាន​ចេញ​ទៅ​ប្រកួត​នៅ​ខាង​ក្រៅ​ បាន​ត្រឹមតែ​សំខំ​ស្រែក​ក្អេងក្អាង​តែ​ម្នាក់​ឯង​នោះ​ទេ។

ជា​ការពិត​ ​ទោះ​អាមេរិក​ដក​ខ្លួន​ចេញ​ ក៏​កិច្ចព្រមព្រៀង​នេះ​នៅតែ​មាន​សុពលភាព​ដែរ។ ក៏​ប៉ុន្តែ​ខ្លឹមសារ​​ដើម​ ​ ព្រមទាំ​ងទំហំ​នៃ​ការ​អនុវត្ត ​ក៏​ដូច​ជា​ផល​ចំណេញ​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ ​គឺ​វា​បាន​ផ្លាស់ប្តូរ​សឹង​តែ​ទាំង​ស្រុង។ ជប៉ុន ​ម៉ាឡេស៊ី ​និងមិចស៊ិកកូ​ អះអាង​ថា ​គេនឹង​អនុវត្ត​វា ​បើ​ទោះបី​ជា​អាមេរិក​ដក​ខ្លួន​ក៏​ដោយ។ ចំណែក ​ប្រទេស​ហត្ថលេខី​ខ្លះ​ទៀត ​បាន​ទាមទារ​សុំ​ឲ្យរុះ​រើ​ខ្លឹមសារ ​នៃ​កិច្ចព្រមព្រៀង​នេះ​ឡើង​វិញ។ អនាគត​នៃ​TPP ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដ៏​ស្រពិច​ស្រពិល។ ថា​ស្លាប់​ដូច​មិន​ស្លាប់ ​ ថា​រស់​ដូច​មិន​រស់។

ចិន ផ្អែមមាត់៖

តួនាទី​ដឹកនាំ​ការ​ដោះដូរ​ពាណិជ្ជកម្ម​សេរី ​នៅ​តំបន់​ប៉ាស៊ីហ្វិក ​គឺ​ជា​សៃវៀន​ប្រកួត​រវាង​គូ​បដិបក្ស​ពីរ​ ដែល​នៅ​ម្ខាង​ម្នាក់ ​នៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ​គឺចិន ​ និង​សហរដ្ឋ​អាមេរិក។ ជាក់ស្តែង ​កិច្ច​ព្រមព្រៀង​TPP​ នេះ ​ មិនមាន​ចិន​ចូល​រួម​ទេ។ គ្រប់គ្នា​ដឹង​យ៉ាង​ច្បាស់​ថា ​ ​បើ​អាមេរិក​ដកខ្លួន ​ចេញ​ពី​TPP ​ គឺមិន​ខុស​ពី ​អាមេរិក​ បោះបង់​ចោល​ការ​ប្រកួត ​ហើយ​ទុក​សៃ​វៀនឲ្យ​ទំនេរ​សម្រាប់​ចិន​តែ​ម្នាក់ឯង​នោះទេ​។ លោក​ដូណាល់ត្រាំ ​បាន​ធ្វើ​អំណោយ​ដ៏​មហិមា​នេះ​ទៅ​ឲ្យ​ចិន ​ទាំង​មិន​ដឹង​ខ្លួន។

 
នៅ​ក្នុង​ឱកាស​ជំនួប​កំពូល​របស់​ប្រទេស​សមាជិក​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ​​ហៅ​កាត់ថា​ APEC ​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ ​លោក​ស៊ី ជីនពីង ​ប្រធានាធិបតី​ចិន​បាន​ថ្លែង​ថា ​ចិន​បាន​ត្រៀម​លក្ខណៈ​រួចរាល់​ហើយ ​ ក្នុង​ការ​ប្រគល់​ខ្លួន​ធ្វើ​ជា​មេដឹកនាំ​ការ​ចរចា​ ដើម្បី​ឈាន​ទៅ​សម្រេច​ឲ្យបាន​នូវ​សន្ធិសញ្ញា​ដោះដូរ​ពាណិជ្ជកម្ម​សេរី​ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ សន្ធិសញ្ញា​ថ្មី​នោះ ​គឺ​ជា​មធ្យោបាយ​តែមួយ​គត់ ​ដើម្បី​​ព្រួត​កំលាំង​គ្នា ​ទប់ទល់​ជាមួយ​គោល​នយោបាយ​សេដ្ឋកិច្ច​បិទ​ទ្វារ​ នៃ​រដ្ឋាភិបាល​ថ្មី​របស់​លោក​ដូណាល់​ត្រាំ។

ឱកាស​មាស​មក​ដល់​ហើយ​សម្រាប់​ចិន។ រដ្ឋាភិបាល​ចិន ​បាន​លើក​ឡើង​ពី​ចេតនា ​បើក​ការ​ចរចា​ធ្វើ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​មួយ ​ ដែល​ហៅ​កាត់​ថា ​RCEP។ កិច្ច​ព្រមព្រៀង​នេះ ​ចិន​ចង់​រាប់​បញ្ចូល​ប្រទេស​សមាជិក​សហគម​ASEAN​ទាំង១០ ​ រួម​ជាមួយ​ប្រទេស​៦ផ្សេងទៀ​ត ​គឺ​ជប៉ុន​ កូរ៉េ​ខាងត្បូង ​ ឥណ្ឌា​ អូស្ត្រាលី ​ញូហ្សឺលែន ​និង​ចិន​ខ្លួន។ ចំណែក​អាមេរិក​វិញ ​ ត្រូវ​ចិន​ផាត់​ចោល ​មិន​រាប់​ចូល​ទេ។

មិន​ទាន់ចប់​ត្រឹម​នេះទេ។ កិច្ច​ព្រមព្រៀង​RCEP​នេះ ​គ្រាន់តែ​ជា​ដំណាក់កាល​ដំបូង​របស់​ចិន​តែ​ប៉ុណ្ណោះ។ ដំណាក់​កាល​បន្ទាប់​ទៅទៀត ​ គឺ​ឈាន​ទៅ​ចុះ​ហត្ថលេខា​កិច្ច​ព្រមព្រៀង​FTAAP ​រវាង​ប្រទេស​សមាជិក​នៃ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច ​អាស៊ី​ប៉ាស៊ីហ្វិក ​ទាំង​អស់​តែ​ម្តង។ អស់​ពី​អាមេរិក ​ ក៏​មិន​ត្រូវ​ព្រួយ​បារម្ភ។ សូម​គ្រប់​គ្នា​កុំ​អាលភ័យ ​ព្រោះនៅ​មាន​ចិន​ឈរ​យ៉ាង​ច្រងោរ។ នេះ​ជា​សារ​ដែល​លោក​ស៊ី ជីនពីង ​ចង់​ផ្តាំ​ទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ