ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/10 12h00 GMT

ក្រសួងការបរទេសអាមេរិក បើកភ្លើងខៀវ​លក់​សព្វាវុធ​ឲ្យតៃវ៉ាន់ ចំនួន​២២០០លាន​ដុល្លារ

ក្រសួងការបរទេសអាមេរិក បើកភ្លើងខៀវ​លក់​សព្វាវុធ​ឲ្យតៃវ៉ាន់ ចំនួន​២២០០លាន​ដុល្លារ
 
រថក្រោះចម្បាំង​​ប្រភេទ​ CM-11 របស់​​អាមេរិក​ ក្នុង​​ពេល​​សមយុទ្ធយោធា​ ​នៅ​​ភាគ​ខាង​ត្បូង​​​តៃវ៉ាន់ ថ្ងៃ​ទី​​៣០​ខែ​​ឧសភា ​២០១៩​ SAM YEH / AFP

ក្រសួងការបរទេសអាមេរិក បានសម្រេចបើកភ្លើងខៀវ យល់ព្រមលក់សព្វាវុធទៅឲ្យកោះតៃវ៉ាន់ ក្នុងទឹកប្រាក់សរុប ប្រមាណជា ​២២០០លានដុល្លារ។ នេះបើផ្អែកតាមលិខិតប្រកាសមួយ របស់ក្រសួងការពារជាតិអាមេរិក។ ដំណឹងនេះ បានបង្កឲ្យមានការតវ៉ា ជាខ្លាំង ពីសំណាក់រដ្ឋាភិបាលចិនប៉េកាំង ដែលចាត់ទុកថា តៃវ៉ាន់ គឺជាខេត្តមួយរបស់​ខ្លួន ហើយ​សហរដ្ឋអាមេរិក ត្រូវតែគោរពអធិបតេយ្យភាព​ និង​ឯកភាពចិនតែមួយ​គត់។ គួរកត់សំគាល់ដែរថា ដំណឹងលក់អាវុធទៅឲ្យតៃវ៉ាន់នេះ គឺវាស្ថិតក្នុង​បរិបទមួយដ៏តានតឹងរួចទៅហើយ រវាងចិន និងអាមេរិក ទាក់ទិននឹងសង្រ្គាមពាណិជ្ជកម្ម។

រថក្រោះចម្បាំង១០៨គ្រឿង កាណុងមីស៊ីល​២៥០គ្រឿង

បើផ្អែកតាមលិខិតជូនដំណឹង របស់ទីភ្នាក់ងារសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ ដែលជាផ្នែកមួយ នៃក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា នៅក្នុងគម្រោងកិច្ចសន្យាលក់អាវុធ ទៅឲ្យ​តៃវ៉ាន់ ដែលគិតជាទឹកប្រាក់សរុប ប្រមាណ​២២០០លានដុល្លារអាមេរិកនេះ គឺមាន​ដូចជា រថក្រោះM1A2 Abrams ចំនួន​១០៨គ្រឿង និងកាណុងបាញ់មីស៊ីល ចម្ងាយមធ្យម ប្រភេទ Stinger ចំនួន​២៥០គ្រឿង។

តៃវ៉ាន់ បានស្នើទិញ សព្វាវុធទាំងនេះពីអាមេរិក កាលពីដើមខែ មិថុនាមុននេះ។ ឥឡូវពេលនេះ​ ក្រសួងការបរទេសអាមេរិក បានយល់ព្រមបើកភ្លើងខៀវហើយ។ ហើយនៅថ្ងៃនេះ ក្រសួងការបរទេសអាមេរិក បានបញ្ជូន​គម្រោងកិច្ចសន្យាទិញលក់នេះ ទៅឲ្យ​សភាខុនក្រេស របស់អាមេរិក អនុម័តយល់ព្រម។ តាមច្បាប់ សភាខុសក្រេស មានពេល​៣០ថ្ងៃ ដើម្បីពិចារណា ថាយល់ព្រម ឬក៏បដិសេធទៅនឹងគម្រោងនេះ។ តែបើតាមការស្មាន​ គេប្រហែលជាមិនបដិសេធទេ។

ចិន​ រ​ន្ធាន់ឲ្យអាមេរិក ត្រូវតែលប់ចោលគម្រោងនេះ

បច្ចុប្បន្ននេះ អាមេរិក និងចិនកំពុងតែមើលមុខគ្នាមិនត្រង់ទៅហើយ ដោយសារតែជម្លោះក្នុងសង្រ្គាមពាណិជ្ជកម្ម។ ដំណឹងស្តីពីគម្រោងលក់អាវុធទៅឲ្យតៃវ៉ាន់នេះ ពិតជាធ្វើឲ្យចិន កាន់តែក្តៅស្លឹកត្រចៀក។ គ្រាន់តែប្រធានាធិបតីអាមេរិក ទូរស័ព្ទទៅនិយាយគ្នា ជាមួយ​ប្រមុខរដ្ឋាភិបាលកោះតៃ​វ៉ាន់ គឺចិនប៉េកាំង ឆេះដុំបាត់ទៅហើយ។ ដូច្នេះ ទំរាំតែដឹងដំណឹងថាអាមេរិក លក់អាវុធទៅឲ្យតៃវ៉ាន់ ទៀតនោះ គឺចិន​កាន់ក្តៅក្រហាយ។

ភ្លាមៗក្រោយដឹងដំណឹងនេះ លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសនៅក្នុង​សន្និសីទកាសែតមួយ​ ដោយបានរន្ធាន់ ឲ្យរដ្ឋាភិបាលអាមេរិក លប់​ចោល​គំរោងលក់អាវុធទៅឲ្យតៃវ៉ាន់នេះជាបន្ទាន់។ អ្នកនាំពាក្យដដែល បន្ថែមថា វាមិនមែន​ជាលើកទីមួយទេ ដែលអាមេរិក លក់សម្ភារៈសព្វាវុធ ទៅឲ្យតៃវ៉ាន់។ ដោយ​យោង​លើ បរិបទដ៏តានតឹងនាពេលបច្ចុប្បន្ន​ រវាងចិននឹងអាមេរិក គឺអាមេរិកមិនត្រូវបង្កបញ្ហា​បន្ថែម ដែលអាចជះផលអវិជ្ជមាន ដល់ស្ថិរភាព សន្តិសុខក្នុងតំបន់ច្រកសមុទ្រ​តៃវ៉ាន់ នោះទេ។ ជាចុងក្រោយ អ្នកនាំពាក្យ​​ក្រសួងការបរទេសចិន លើកឡើងថា អាមេរិក​បានទទួលស្គាល់ចិនតែមួយ។ ដូច្នេះ អាមេរិកត្រូវតែបញ្ឈប់រាល់ទំនាក់ទំនងយោធាទាំងអស់ ជាមួយតៃវ៉ាន់ ព្រោះតៃវ៉ាន់ ជាខេត្ត ជាដែនដីរបស់ចិនតែមួយ។

ជាការពិតមែន នៅឆ្នាំ​១៩៧៩ សហរដ្ឋអាមេរិក បានសម្រេចបិទបញ្ចប់ទំនាក់ទំនាងការទូត ជាផ្លូវការ ជាមួយនឹងកោះតៃវ៉ាន់ ហើយបានសម្រេចទទួលស្គាល់ចិនតែមួយ គឺរដ្ឋាភិបាលចិនប៉េកាំង។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ អាមេរិក និងតៃវ៉ាន់ បានរក្សានូវទំនាក់ទំនងនឹងគ្នា ក្រៅផ្លូវការ ក្នុងវិស័យពាណិជ្ជកម្ម និងវិស័យការពារជាតិ។ អ្នកផ្គត់ផ្គង់សម្ភារៈ​យោធា គ្រឿងសព្វាវុធ ឲ្យតៃវ៉ាន់ គឺអាមេរិក នេះឯង។

តៃវ៉ាន់ត្រូវការអាវុធការពារខ្លួន ក្នុងករណីចិន​លើកទ័ពទៅ

ម្នាក់ៗ សុទ្ធតែមានហេតុផល មានអំណះអំណាង រៀងខ្លួន​ ទាំងអ្នកលក់ ទាំងអ្នកទិញ នឹងទាំងអ្នកមិនចង់ឲ្យគេទិញលក់។ ខាងភាគីអាមេរិក តាមរយៈលិខិតជូនដំណឹងរបស់ ទីភ្នាក់ងារសហប្រតិបត្តិការ​ការពារជាតិ និងសន្តិសុខអាមេរិក (DSCA) គឺគេបានអះអាងថា គ្រឿងសព្វាវុធ ដែលគ្រោងលក់ទៅឲ្យតៃវ៉ាន់នេះ គឺនឹងមិនធ្វើឲ្យប៉ះពាល់ ដល់​តុល្យភាព​នៃកម្លាំងសព្វាវុធរួម នៃតំបន់ទេ។ គ្រឿងសព្វាវុធទាំងនេះ គឺគ្រាន់តែដើម្បីធ្វើទំនើបកម្ម ដល់​គ្រឿងសព្វាវុធរបស់តៃវ៉ាន់ ដែលចាស់ៗណាស់ទៅហើយ។

ទីភ្នាក់ងារអាមេរិក លំអិតថា រថក្រោះដែលតៃវ៉ាន់នឹងទិញទៅ គឺដើម្បីជួយពង្រឹងសមត្ថភាព​​ការពារខ្លួន ប្រឈមនឹង​ការគំរាមកំហែងនៅក្នុងតំបន់ នាពេលបច្ចុប្បន្ន និងទៅថ្ងៃ​អនាគត។ ចំណែកកាណុងបាញ់មីស៊ីលវិញ នឹងជួយតៃវ៉ាន់ ឲ្យរក្សាបាននូវ​តុល្យភាព​កម្លាំង​ ការពារខ្លួន រក្សាស្ថិរភាព​នយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់។

តាមពិតទៅ ទោះបីជាក្រសួងការពារជាតិអាមេរិក ខំនិយាយ​បែប​បញ្ឆិតបញ្ឆៀងយ៉ាងណា តែបើ​យើង​និយាយឲ្យន័យតាមត្រង់ទៅ គឺអាវុធទាំងនេះ គឺតៃវ៉ាន់ទិញទុកការពារខ្លួន​ ក្នុងករណីដែលចិនលើកទ័ពចូលទៅវាយកាន់កាប់តៃ​វ៉ាន់។ យ៉ាងណាមិញ ក្រសួងការបរទេសតៃវ៉ាន់ មិនបានលាក់ទេ គឺនិយាយត្រង់​ៗ​តែម្តង ថាខ្លួន​ទិញ​សព្វាវុធនេះ គឺដើម្បីទប់ទល់ជាមួយមហិច្ឆិតាវាទទីរបស់ចិនប៉េកាំង និងដើម្បីត្រៀមលក្ខណៈប្រឈមនឹងការគំរាម ការដាក់សំពាធរបស់ចិនប៉េកាំង មកលើកោះតៃវ៉ាន់។

ចិន ធ្លាប់បានប្រាប់ឲ្យដឹងហើយ ថាបើសិនតៃវ៉ាន់ ហ៊ានប្រកាសឯករាជ្យ ឬដោយមានអន្តរាគមន៍ពីប្រទេសណាមួយជួយតៃវ៉ាន់ ឲ្យផ្តាច់ខ្លួនពីចិន គឺចិន នឹងប្រើកម្លាំងភ្លាម​​ ដើម្បីការពារអធិបតេយ្យភាព។បច្ចុប្បន្ននេះ តៃវ៉ាន់ មាន​រថក្រោះប្រមាណ​១០០០គ្រឿង ដែលមាន​ស្ថានភាព​ចាស់ទ្រុឌទ្រោមបន្តិចទៅហើយ។ ដូច្នេះក្នុងករណី​ ដែលចិនលើកទ័ពទៅតៃវ៉ាន់ គឺរថក្រោះថ្មីៗ ព្រមទាំង​កាណុងមីស៊ីលថ្មី ដែលតៃវ៉ាន់ នឹងទិញពីអាមេរិក អាចនឹងជួយតៃវ៉ាន់បាន។ យ៉ាងហោចណាស់ ក៏វាអាចជួយ ឲ្យ​ចិនត្រូវពិចារណាឡើងវិញដែរ មុននឹង​លើកទ័ពទៅតៃវ៉ាន់៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ