អានតួអត្ថបទ
សមុទ្រចិនខាងត្បូង

អាមេរិកព្រមាន​ចិន ​ដែល​ចង់​ធ្វើ​មូលដ្ឋាន​ទ័ព គ្រប់គ្រង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​តែ​ម្នាក់​ឯង

ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ​សង្រ្គាម​ពាក្យ​សម្តី​រវាង​ថ្នាក់​ដឹកនាំ​សហរដ្ឋ​អាមេរិក ​និង​ចិន​ បាន​ផ្ទុះ​ឡើង​កាន់​តែខ្លាំង។ លោក​ដូណាល់ត្រាំ ​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក ​បាន​គំរាម​ថា ​អាមេរិក​ អាច​នឹង​លែង​ទទួល​ស្គាល់ ​“នយោបាយ​ចិន​តែ​មួយ” ​ហើយ​ចង់​ឲ្យ​តៃវ៉ាន់​បាន​ឯករាជ្យ​ពេញ​លេញ។ ឆ្លើយតប​នឹង​សម្តី​នេះ ​ ចិ​នបាន​បន្ថែម​ល្បឿន​នៃ​ការ​កសាង​កោះ​សិប្បនិម្មិត ​នៅក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​ ហើយ​បើ​យោង​តាម​រូបភាព​ផ្កាយរណប ​គឺ​ចិន​បាន​សាងសង់ ​មូលដ្ឋាន​ទ័ព ​ដើម្បី​ចាំ​ដាក់​តាំង​ម៉ាស៊ីន​បាញ់​គ្រាប់​មីស៊ីល ​ជាច្រើន​គ្រឿង។ នៅថ្ងៃ​ព្រហស្បតិ៍​នេះ ​លោក​មេ​បញ្ជាការ​តំបន់​ប៉ាស៊ីហ្វិក​របស់​កងទ័ព​អាមេរិក​ បាន​ថ្លែង​ពី​ក្រុង​ស៊ីដនី ​ព្រមាន​ចិន​ដោយ​ត្រង់ៗ។

រូបភាព​ផ្កាយ​រណប​ ​ដែល​អ្នកជំនាញ​បញ្ជាក់ថា​ ចិន​កំពុង​សាងសង់​​ប្រព័ន្ធ​រ៉ាដា​​បាញ់​​កម្ទេច​​យន្តហោះ​ និង​​គ្រាប់​​មីស៊ីល​​ នៅក្នុង​​សមុទ្រ​​ចិន​​ខាង​ត្បូង
រូបភាព​ផ្កាយ​រណប​ ​ដែល​អ្នកជំនាញ​បញ្ជាក់ថា​ ចិន​កំពុង​សាងសង់​​ប្រព័ន្ធ​រ៉ាដា​​បាញ់​​កម្ទេច​​យន្តហោះ​ និង​​គ្រាប់​​មីស៊ីល​​ នៅក្នុង​​សមុទ្រ​​ចិន​​ខាង​ត្បូង AMTI/Reuters
ផ្សាយពាណិជ្ជកម្ម

ថ្លែងនៅ​ចំពោះមុខ​វិទ្យាស្ថាន​Lowy ​នៅ​ទីក្រុង​ស៊ីដនី ​លោក Harry Harris ​អគ្គ​មេ​បញ្ជាការ​បេសកកម្ម​តំបន់​ប៉ាស៊ីហ្វិក ​នៃ​កងទ័ព​ជើងទឹក​អាមេរិក​ បាន​ថ្លែង​ថា “​សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​ប្រឆាំង​នឹង​ចរិក​​ក្អេងក្អាង​ព្រហើន​របស់​ចិន ​ដែល​កំពុង​តែ​ធ្វើ​បច្ចុប្បន្ន​នេះ​ នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង”។ លោក​បន្ត​ថា ​“សហរដ្ឋ​អាមេរិក ​មិន​អាច​ទទួល​យក​បាន​ទេ ​ដែល​ចិន​វាទទី ​គ្រប់គ្រង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​តែ​ម្នាក់ឯង។ បើ​ទោះ​បី​ជា​ចិន​សង់​មូលដ្ឋាន​ទ័ព ​ដើម្បី​ដាក់តាំង​កាំជ្រួច​មីស៊ីល ​និង​ប្រព័ន្ធ​រ៉ាដា​បំផ្លាញ​មីស៊ីល​ ច្រើន​យ៉ាងណា ​ក៏​អាមេរិក​មិន​ខ្លាច​ដែរ”។

 
លោក ​មេបញ្ជាការ​កងទ័ព​ជើងទឹក​អាមេរិក​រូបនេះ​បន្ត​ថា “​យើង​មិនអាច​អនុញ្ញាត​ឲ្យ​តំបន់​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច ​និង​យោធា​នេះ​ ដែល​ធ្លាប់​ជា​តំបន់​បែងចែក​រួមគ្នា ​ក្លាយ​ទៅ​ជា​តំបន់​បិទទ្វារ​ជិត ​ក្រោមការ​ក្តោបក្តាប់​របស់​ប្រទេស​តែ​មួយ​នោះ​ទេ។ ពួកយើង​នឹង​សហការ​គ្នា​ ហើយ​ត្រៀម​ខ្លួន​តតាំង​ជានិច្ច ​ ក្នុង​ករណី​ចាំបាច់”
 
សូមបញ្ជាក់​ថា ​សហរដ្ឋ​អាមេរិក​​តែងតែ​ប្រកាន់​ជំហរ​ ប្រឆាំង​នឹង​ចិន ​ដោយ​អះអាង​ថា​ វា​គឺ​ជា​សិទ្ធិ​ និង​តួនាទី​របស់​អាមេរិក​ ដែល​ត្រូវ​ការពារ​សិទ្ធិ​ធ្វើ​ចរាចរណ៍ ​ក្នុង​ដែន​សមុទ្រ​អន្តរជាតិ។ ចិន​គ្មាន​សិទ្ធិ​អធិបតេយ្យ​អ្វី ​មក​ហាមឃាត់​បាន​ទេ។

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​ ក្រោយ​ពេល​ដែល​លោក​ដូណាល់ត្រាំ ​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​កោះ​តៃវ៉ាន់ ​ ហើយ​ថែម​ទាំង​បាន​ព្រមាន​ទៀត ​អំពី​ការ​លែង​ទទួល​ស្គាល់​នយោបាយ​ចិន​តែមួយ​នោះ ​គឺ​ចិន​បាន​បង្កើន​សកម្មភាព​ក្រអឺក្រទម​កាន់​តែ​ខ្លាំង ​ នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។

យោង​តាម​របាយការណ៍ ​របស់​ Asia Maritimes Transparency Initiative (AMTI) ​បាន​បង្ហាញ​ពី​រូបភាព​ផ្កាយ​រណប​ជាច្រើន​ ស្តីពី​សកម្មភាព​កសាង​កោះ​សិប្បនិម្មិត​ នៅក្នុង​តំបន់​មាន​ជម្លោះ ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ការ​កសាង​នោះ​បាន​ដំណើរការ​ទៅមុខ​ យ៉ាង​លឿន​ទៀត​ផង ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ ប្រធាន​ក្រុម​ការងារ​ឯករាជ្យ ​ឃ្លាំមើល ​កិច្ចការ​សមុទ្រ​នេះ ​ បាន​បញ្ជាក់​ថា ​យោង​តាម​រូបភាព​ផ្កាយ​រណប​ គេ​អាច​សន្និដ្ឋាន​បាន​អំពី​ការ​សាងសង់​មូលដ្ឋាន​ទ័ព​ និង​គ្រិះ​ទម្រ ​សម្រាប់​ដាក់តាំង​គ្រាប់​មីស៊ីល ​ និង​អាច​ជា​ប្រព័ន្ធ​រ៉ាដា​កម្ទេច​គ្រាប់​មីស៊ីល​ផងដែរ។ ក្រៅ​ពី​នេះ ​ ចិន​បាន​សាងសង់​ ផ្លូវ​ចុះចត ​សម្រាប់​យន្ត​ហោះ​ចម្បាំង​ទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ