ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
អាស៊ី

អាមេរិក និង​កូរ៉េ​ខាងត្បូង លប់​ចោល​សមយុទ្ធ​យោធា ដើម្បី​ថ្នមចិត្ត​កូរ៉េ​ខាងជើង

media  
រដ្ឋមន្ត្រីការពារជាតិជប៉ុនTakeshi Iwaya (ឆ្វេង) លោក Jim Mattis (កណ្តាល) លោករដ្ឋមន្រ្តិ​ការពារជាតិ​កូរ៉េខាងត្បូង​ Jeong Kyeong-doo Thomas WATKINS / AFP

ជាថ្មីម្តងទៀត កងទ័ពអាមេរិក និងកងទ័ពកូរ៉េខាងត្បូង បានសម្រេច លប់ចោលការធ្វើសមយុទ្ធយោធា ប្រចាំឆ្នាំ នៅខែធ្នូខាងមុខ។ បើតាមការបញ្ជាក់ ពីក្រសួងការពារជាតិអាមេរិក ការផ្អាកនេះ គឺដើ​ម្បីចូលរូម ជម្រុញផែនការចរចា ជាមួយកូរ៉េខាងជើង ឲ្យដើរទៅមុខ ចៀសវាង ការថ្នាំងថ្នាក់ចិត្ត ពីសំណាក់ភាគីកូរ៉េខាងជើង។ ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ថា គេកំពុងរៀបចំជំនួបកំពូលជាលើកទី២ រវាងលោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន នៅរវាងដើមខែមករា ឆ្នាំ២០១៩នេះ។

ប្រតិបត្តិការសមយុទ្ធយោធា ឈ្មោះ “Vigilant Ace” ដែលកងទ័ពអាមេរិក និងកងទ័ពកូរ៉េខាងត្បូង តែងតែធ្វើរួមគ្នាជារៀងរាល់ឆ្នាំនៅខែធ្នូ នឹងមិនមានទេនៅឆ្នាំនេះ។ លោកស្រី Dana White អ្នកនាំពាក្យមន្ទីរ ប៉ង់តាហ្គោន បានលើកឡើងថា រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសទាំងពីរ បានសម្រេចផ្អាក មិនធ្វើសមយុទ្ធយោធានេះ គឺដើម្បីផ្តល់ឱកាសឲ្យបានពេញទំហឹង ដល់ការចរចាសន្តិភាពជាមួយ​កូរ៉េខាងជើង។

ប៉ុន្តែបើតាមការបញ្ជាក់ ពីក្រសួងការពារជាតិ អាមេរិកដដែល បានឲ្យដឹងថា កូរ៉េខាងត្បូង និងអាមេរិក បានព្រមព្រៀងគ្នា ដើម្បីធ្វើការកែប្រែទ្រង់ទ្រាយ នៃការធ្វើសមយុទ្ធយោធា   ដើម្បីធានាបន្តហាត់សមកម្លាំង។ ក្នុងន័យនេះ មានន័យថា អំណេះតទៅ សមយុទ្ធយោធា​រួមគ្នា រវាងកងទ័ពទាំង២ អាចនឹងបន្តធ្វើ តែអាចកាត់បន្ថយ ឲ្យនៅក្នុងទ្រង់ទ្រាយតូចបំផុត។

សូមបញ្ជាក់ថា លោក Jim Mattis រដ្ឋមន្ត្រីការពារជាតិអាមេរិក បានជួបប្រជុំនៅសិង្ហបុរី កាលពីថ្ងៃសុក្រ ទី១៩ តុលា ជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងរដ្ឋមន្ត្រីការពារជាតិជប៉ុន។ តាមការឲ្យដឹង ថ្នាក់ដឹកនាំទាំង៣ បានព្រមព្រៀងគ្នានៅពេលនោះ​ ស្តីពីការផ្អាកសមយុទ្ធយោធានេះ។ បើគិតមកដល់ពេលនេះ អាមេរិក និងកូរ៉េខាងត្បូង បានសម្រេចផ្អាកសមយុទ្ធយោធា ចំនួន៤លើកហើយ គិតចាប់ពីថ្ងៃដែលលោកដូណាល់ ត្រាំ បានជួបនឹងលោកគីម ជុងអ៊ុន​ កាលពីខែមិថុនា។

ទន្ទឹមពេលជាមួយគ្នានេះដែរ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងថា ក្នុងរវាង១០ថ្ងៃទៀត លោកនឹងជួបលោករដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង នៅក្រុងវ៉ាស៊ីនតោន ដើម្បីនិយាយគ្នា ពីការរៀបចំឲ្យលោកដូណាល់ ត្រាំ បានជួបនឹងលោកគីម ជុងអ៊ុន ជាលើកទី២។ បើតាមការបញ្ជាក់ ពីមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអាមេរិក បានឲ្យដឹងថា ជំនួបកំពូលលើកទី២ រវាងលោកដូណាល់​ ត្រាំ និងលោកគីម ជុងអ៊ុន អាចនឹងរៀបចំឡើង នៅខែមករា ដើមឆ្នាំ២០១៩៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ