អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាស៊ាន ​“បារម្ភខ្លាំង” ​អំពី​​សកម្មភាព​សាកល្បង​នុយក្លេអ៊ែរ ​របស់​កូរ៉េ​ខាងជើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួប​កំពូល​នៃ​រដ្ឋមន្ត្រី​ការបរទេស ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០​ កំពុង​ប្រព្រឹត្តិ​ធ្វើ​ទៅ​នៅ​ទីក្រុង​ម៉ានីល ​ ប្រទេស​ហ្វីលីពីន ​ចាប់​ពី​ថ្ងៃ​សុក្រ ​ទី​២៨​មេសានេះ ​ ដល់​ថ្ងៃ​សៅរ៍​ទី​២៩ មេសា។ មាន​សំណុំរឿង​ជាច្រើន ​ ដែល​ប្រទេស​សមាជិក​អាស៊ាន ​ត្រូវ​ពិគ្រោះ​គ្នា ​ ដើម្បី​សម្រេច​យក​គោល​ជំហរ​តែមួយ។ ក្នុង​នោះ​សំណុំ​រឿង​នុយក្លេអ៊ែរ​ កូរ៉េ​ខាងជើង​ ព្រម​ទាំង​ភាព​តានតឹង​ប្រឈម​មុខ​ដាក់​គ្នា ​ផ្នែក​អាវុធ ​ រវាង​សហរដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាងជើង ​ ​គឺ​ជា​សំណុំរឿង​ក្តៅ​គគុក ​ ដែល​ទាមទារ​ឲ្យ​សហគមន៍​អាស៊ាន ​ ត្រូវ​តែ​ធ្វើ​ការ​អំពាវនាវ​រួមគ្នា។ សំណុំ​រឿង​សមុទ្រ​ចិន​ ខាង​ត្បូង​ក៏​គេ​រំពឹង​ថា ​នឹង​ត្រូវ​លើក​មក​និយាយ​ដែរ។

រដ្ឋមន្ត្រីការបរទេសអាស៊ាន ជួបគ្នា​នៅម៉ានីល ថ្ងៃទី​២៨មេសា ស្តី​ពីសំណុំរឿង​កូរ៉េ​ខាងជើង
រដ្ឋមន្ត្រីការបរទេសអាស៊ាន ជួបគ្នា​នៅម៉ានីល ថ្ងៃទី​២៨មេសា ស្តី​ពីសំណុំរឿង​កូរ៉េ​ខាងជើង Reuters
ផ្សាយពាណិជ្ជកម្ម

សមាគម​អាស៊ាន ​ដែល​កន្លង​មក​តែងតែ​សន្យា ​ថា​នៅឆ្ងាយ​ពី​បញ្ហា​នយោបាយ ​ហើយ​គិតគូរ​តែ​ពី​បញ្ហា​សេដ្ឋកិច្ច​នោះ ​ ពេលនេះ ​ត្រូវតែ​បង្ខំចិត្ត ​ យក​សំណុំ​រឿង​កូរ៉េ​ខាងជើង ​មក​និយាយ​ព្រោះថា​ វិបត្តិ​នេះ​វា​អាច​បង្ករ​ជា​អស្ថិរភាព​តំបន់ ​ហើយ​ដែល​វា​នឹង​បង្ករ​ជា​ផល​អវិជ្ជាមាន​ ដល់​វិស័យ​សេដ្ឋកិច្ច។

 
រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាងជើង​ សរសេរ​លិខិត​សុំឲ្យ​អាស៊ាន​ជួយ៖
ចង់​មិន​ចង់ ​ សមាគម​អាស៊ាន ​ក៏​រង​សំពាធ​ដែរ​ ដោយសារ​តែ​​ កូរ៉េ​ខាងជើង ​បាន​ផ្ញើរ​លិខិត​មួយ ​កាលពី​ថ្ងៃ​សុក្រ​ទី​២៧​មេសា​នេះ ​មក​កាន់​អគ្គលេខាធិការ​អាស៊ាន។ នេះជា​លើក​ដំបូង​ហើយ ​ ដែល​កូរ៉េ​ខាង​ជើង ​ ​បាន​ចេញ​ប្រតិបត្តិការ​ការទូត​ ស្វែងរក​ការ​គាំទ្រ ​ពី​សំណាក់ ​សមាជិក​អាស៊ាន​ទាំង​១០។ លិខិត​ដែល​ចុះ​ហត្ថលេខា​ ដោយ​លោក​ Ri Yong-Ho ​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាងជើង ​ដែល​អ្នក​រាយការណ៍​ព័ត៌មាន​បារាំង ​ AFP ​បាន​អាន​ គឺ​មាន​ខ្លឹមសារ ​ជារួម​ ​សុំ​ឲ្យ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ​ចេញ​សេចក្តី​ប្រកាស​គោល​ជំហរ​រួម​មួយ ​ដើម្បី​ ទប់ស្កាត់​ការ​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ ​ពី​សំណាក់​សហរដ្ឋ​អាមេរិក ​ មក​លើ​កូរ៉េ​ខាងជើង។

លោក​ រដ្ឋមន្ត្រី​កូរ៉េ​ខាងជើង​សរសេរ​រាយ​រ៉ាប់​ថា ​ឧបទ្វីប​កូរ៉េ​បច្ចុប្បន្ន​នេះ ​កំពុង​ស្ថិត​នៅ​មាត់​ទ្វារ​សង្រ្គាម ​ ដែល​នេះ​គឺ​ដោយសារ​តែ​សកម្មភាព​កំញើញ ​របស់​អាមេរិក​ ​តែ​ម្នាក់​គត់។ លោក​រដ្ឋមន្ត្រី​កូរ៉េ​ខាងជើង ​ក៏​បាន​លើក​ឡើង​អំពី​ការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ​រវាង​កូរ៉េ​ខាង​ត្បូង ​ និង​អាមេរិក​ កន្លង​មក ​ ដែល​ដោយសារ​តែ​មូលហេតុ​នេះ​ហើយ​ ទើប​កូរ៉េ​ខាងជើង​ ត្រូវ​តែ​បង្ខំចិត្ត ​ ផលិត​អាវុធ​ដើម្បី​ទុក​ការពារ​ខ្លួន។ លោក​សរសេរ​ក្នុង​លិខិត​ថា ​លោក​សង្ឃឹម ​នឹង​ជឿ​ទុក​ចិត្ត​ប្រទេស​សមាជិក​សហគម​អាស៊ាន​ ដែល​កន្លង​មក​តែងតែ​ផ្តល់​អាទិភាព ​ដល់​វិស័យ​សន្តិសុខ​ និង​សន្តិភាព​ក្នុង​តំបន់​នោះ ​នឹង​ចាប់​យក​បញ្ហា​សមយុទ្ធ​យោធា​រួមគ្នា ​រវាង​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​នេះ ​មក​ជជែក​គ្នា ​ដើម្បី​កុំ​ឲ្យមាន​សកម្មភាព​នេះ​បន្ត​ទៀត ​ ធ្វើឲ្យ​ប៉ះពាល់​ស្ថិរភាព​តំបន់។

ជា​រួម​លិខិត​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាងជើង ​មាន​ខ្លឹមសារ ​អូស​ទាញ ​ប្រទេស​សមាជិក​អាស៊ាន ​ ឲ្យ​ស្អប់​កូរ៉េ​ខាងត្បូង ​និង​អាមេរិក​ ដែល​ប្រើប្រាស់​កងទ័ព​នឹង​អាវុធ​ មក​សំឡុត​កូរ៉េ​ខាង​ជើង ​ និង​គំរាម​ដល់​ស្ថិរភាព ​សន្តិភាព​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ក្នុងន័យ​នេះ ​ គឺ​មាន​ន័យថា​ កូរ៉េ​ខាងជើង​សុំ​អង្វរ​ ឲ្យ​អាស៊ាន ​ គាំទ្រ​ខាងខ្លួន ​ ហើយ​ថ្កោល​ទោស​សកម្មភាព​កំញើញ​ របស់​សហរដ្ឋ​អាមេរិក។

អាស៊ាន៖ “កូរ៉េ​ខាងជើង ​ត្រូវតែ​គោរព​ការ​ហាមឃាត់​របស់​អង្គការ​សហប្រជាជាតិ”
 
តែទី​បំផុត ​សមាជិក​អាស៊ាន​ទាំង​១០ ​បាន​ចេញ​សេចក្តី​ប្រកាស​រួម​មួយ ​ដែល​សេចក្តី​ប្រកាស​គោល​ជំហរ​រួមនោះ ​គឺ​គ្មាន​អ្វី​គួរឲ្យ​ភ្ញាក់ផ្អើល​ទេ ​ គឺ​សមាគម​អាស៊ាន ​បាន​សម្តែង​ ការ​ព្រួយ​បារម្ភ​ខ្លាំង ​ ទាក់ទិន​ទៅ​នឹង​សកម្មភាព​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ​និង​មីស៊ីល ​បាលីស្ទីក ​ ម្តង​ហើយ​ម្តង​ទៀត ​របស់​កូរ៉េ​ខាង​ជើង។ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ទាំង​១០​ ប្រកាស​យ៉ាង​ម៉ឺងម៉ាត់​ថា ​កូរ៉េ​ខាង​ជើង ​ ត្រូវតែ​គោរព​ការ​សម្រេច​របស់​អង្គការ​សហប្រជាជាតិ ​ ដែល​បាន​ហាមឃាត់ ​មិន​ឲ្យ​ធ្វើ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ​និង​បាលីស្ទ៊ីក។

លិខិត​របស់​រដ្ឋមន្ត្រី​កូរ៉េ​ខាង​ជើង ​មិន​បាន​ធ្វើ​ឲ្យ​សមាគម​អាស៊ាន​ប្តូរចិត្ត​ទេ។ ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០ ​ ជាទូទៅ​គេ​ដឹង​ថា ​មាន​កម្ពុជា ​និង​ឡាវ ​ដែល​កន្លង​មក​ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង ​កូរ៉េ​ខាង​ជើង។ តែ​យ៉ាងណា ​ក្នុង​សំណុំ​រឿង​នេះ ​វា​ជា​រឿង​មិន​អាច​ទៅ​រួច​ទេ ​ ដែល​សមាជិក​អាស៊ាន ​ត្រូវ​ទៅ​ថ្កោល​ទោស​កូរ៉េ​ខាងត្បូង ​ និង​សហរដ្ឋ​អាមេរិក ​ ដែល​សុទ្ធ​តែ​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ធំ​របស់​អាស៊ាន។ តែ​យ៉ាងណា ​ នៅក្នុង​សេចក្តី​ប្រកាស​នេះ ​អាស៊ាន ​បាន​អំពាវនាវ ​ សុំឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ មិន​ថា​កូរ៉េ​ទាំងពីរ ​ សហរដ្ឋ​អាមេរិក ​ជប៉ុន ​ឬ​ចិន ​ ត្រូវតែ​បន្ធូរ​បន្ថយ​ឥរិយាបថ​រៀងៗ​ខ្លួន ​ប្រឹង​អត់ធ្មត់ ​កុំ​ជុំរុញ ​រឺ​ក៏​ធ្វើ​អ្វី ​ ដែល​អាច​ធ្វើ​ឲ្យ​ស្ថានការណ៍ ​ កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះ។

ដាក់​ទណ្ឌកម្ម​ឲ្យធ្ងន់​លើ​កូរ៉េ​ខាងជើង  ​និង​ដាក់​សំពាធ​លើចិន

ស្ថិត​ក្នុង​សំណុំ​រឿង​កូរ៉េ​ខាង​ជើង​នេះ​ដែរ ​ លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​Rex Tillerson ​នឹង​ត្រូវ​ដឹកនាំ ​កិច្ច​ប្រជុំ​ពិសេស​មួយ ​រវាង​រដ្ឋមន្ត្រី​ការបរទេស​ទាំង​១៥​ប្រទេស ​នៃ​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ ​អង្គការ​សហប្រជាជាតិ។ តាម​ការ​ឲ្យ​ដឹង ​ កិច្ច​ប្រជុំ​ពិសេស​នាពេល​នេះ​ គឺ​លោក​ Rex Tillerson ​មាន​គំរោង​ អូស​ទាញ​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ ​ឲ្យ​សម្រេច​ដាក់​ទណ្ឌកម្ម​បន្ថែម ​គ្រប់​រូបភាព ​គ្រប់​មធ្យោបាយ​ ដើម្បី​ដាក់​សំពាធ ​ លើ​កូរ៉េ​ខាង​ជើង។

យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​លោក​ដូណាល់​ ត្រាំ ​នា​ពេល​កន្លង​មក​ ដូច​យើង​ឃើញ​ហើយ ​ គឺ​ត្រូវតែ​គំរាម​ប្រើ​កំលាំង ​បើសិន​ជា​មិន​ព្រម​និយាយ​គ្នា​តាម​សំរួល។ ជាមួយ​គ្នា​នេះ ​ រដ្ឋាភិបាល​អាមេរិក​ ក៏បាន​ដាក់​សំពាធ​ទៅ​លើ​ចិន​ ដែរ​ ថា​ត្រូវ​តែ​ប្រឹងប្រែង​ អូសទាញ​កូរ៉េ​ខាងជើង ​ ព្រោះ​មាន​តែ​ចិន​តែ​ម្នាក់គត់ ​ដែល​នៅ​អាច​មាន​អំណាច ​លើ​កូរ៉េ​ខាងជើង។ ក្នុងន័យ​នេះ ​យុទ្ធសាស្ត្រ​អាមេរិក ​គឺ​ចង់​ទំលាក់​ការ​ទទួល​ខុសត្រូវ​ខ្លះ ​ទៅ​លើ​ចិន​ បើសិន​ជា​សង្រ្គាម​ប្រើ​កំលាំង​ ផ្ទុះ​មែន​នោះ ​ព្រោះ​មក​ពី​ចិន​ មិន​បាន​ជួយ​បង្រ្កាប​កូរ៉េ​ខាងជើង។

អាមេរិក​ ​គ្មាន​ចេតនា​ចង់​ផ្តួល​រំលំ​របប​កូរ៉េ​ខាងជើង​ទេ

នៅ​លើ​កញ្ចក់​ទូរទស្សន៍ ​FoxNews​ ​លោក​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បាន​សន្យាថា ​ សហរដ្ឋ​អាមេរិក​ មិន​មាន​ចេតនា​ណាមួយ​​ ទៅ​ផ្តួល​រំលំ​របប​ដឹកនាំ​កូរ៉េ​ខាង​ជើង ​ រឺ​ក៏​ទៅ​ជំរុញ​ឲ្យ​កូរ៉េ​ទាំងពីរ​ ឆាប់​រួបរួម​គ្នា​ឡើងវិញ​នោះ​ទេ។​ អ្វី​ដែល​អាមេរិក​ចង់​បាន ​ គឺ​មិន​ខុស​ពី​ចិន​ឡើយ​ គឺ​ចង់​ឲ្យ​ឧបទ្វីប​កូរ៉េ ​លែង​មាន​អាវុធ​នុយកក្លេអ៊ែរ​តទៅ​ទៀត។ កាលណា​គ្មាន​ការ​គំរាម​កំហែង ​នៃ​អាវុធ​នុយក្លេអ៊ែរ ​កូរ៉េ​ខាងជើង​នឹង​មាន​ស្ថិរភាព ​ ហើយ​អាមេរិក ​ ក៏ដូច​ជា​ដៃគូ​ផ្សេងទៀត ​ត្រៀម​ខ្លួន ​ ចាំជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កូរ៉េ​ខាងជើង។

យើង​ ឃើញ​ថា ​ទន្ទឹម​គ្នា​ដែល​អាមេរិក​ ដាក់​សំពាធ​ទៅ​លើចិន ​ អាមេរិក​ ក៏បាន​និយាយ​លួងចិត្ត​រដ្ឋា​ភិបាល​​ចិន​ថា​ កុំឲ្យ​ភ័យ​ដែរ។ កន្លង​មក​ ដូចយើង​បាន​ដឹង​ស្រាប់ ​គឺចិន​ មិន​ចង់​ធ្វើ​បាប​កូរ៉េ​ខាងជើង ​ ព្រោះ​ចិន​ចង់​រក្សា​របប​ផ្តាច់​ការ​នេះ​ ឲ្យ​នៅ​ដ៏រាប ​ ដើម្បី​ទប់​មិនឲ្យ​កូរ៉េ​ទាំងពីរ​រួបរួម​គ្នា​វិញ ​ ក្លាយ​ជា​ប្រទេស​សេរី ​ នៅក្រោម​ឥទ្ធិពល​របស់​អាមេរិក។

កូរ៉េខាងត្បូង ​បដិសេធ​មិន​ព្រម​បង់ប្រាក់​ថ្លៃ​ប្រព័ន្ធ​ខែល​មីស៊ីល​អាមេរិក

ចំពោះ​កូរ៉េ​ខាង​ត្បូង ​ វិបត្តិ​នយោបាយ​ក្នុង​ស្រុក ​កំពុង​មាន​ស្រាប់​ទៅហើយ​ ក្រោយ​ការ​ទម្លាក់​លោកស្រី​ប៉ាក់ គុនហេ។ បន្ថែម​បញ្ហា​ ការ​ដាក់តាំង​ប្រព័ន្ធ​ខែល​មីស៊ីល​នេះ​មួយ​ទៀត ​គឺ​បាន​ធ្វើ​ឲ្យ​មាន​ការ​បែងចែង​មតិ​សាធារណៈ​ជាពីរ។ ដូច្នេះ​ហើយ ​ បាន​ជា​មេដឹកនាំ ​កូរ៉េ​ខាងត្បូង ​យក​លេស​នេះ ​បដិសេធ​មិន​បង់​ប្រាក់​ទៅ​ឲ្យ​សហរដ្ឋ​អាមេរិក​ ជំរុញ​ឲ្យ​អាមេរិក ​ឈប់​ប្រើ​កំលាំង​ កំញើញ​លើ​កូរ៉េ​ខាង​ជើង​ត​ទៅ​ទៀត៕

ការ​បដិសេធ​ មិន​បង់​ប្រាក់​១ពាន់លាន​ដុល្លារ ​ថ្លៃ​ចំណាយ​ដាក់​តាំង​ប្រព័ន្ធ​ខែល ​បំផ្លាញ​មីស៊ីល​ (THAAD) ​ អាច​ជះ​ផលវិជ្ជមាន​ខ្លះ​ ​ទៅ​ដល់​ការ​ដោះស្រាយ​សំណុំ​រឿង​កូរ៉េ​ខាង​ជើងនេះ។ ព្រោះ​ថា ​បើ​កូរ៉េ​ខាងត្បូង​មិន​បង់​ប្រាក់​ទេ​នោះ  ​មានន័យ​ថា ​រដ្ឋាភិបាល​លោក​ដូណាល់​ ត្រាំ ​ត្រូវតែ​បង្ខំចិត្ត ​បញ្ឈប់​ការ​តាំង​ប្រព័ន្ធ​បំផ្លាញ​មីស៊ីល​នេះ។ ដូច​យើង​ដឹង​ស្រាប់​​ រដ្ឋាភិបាល​លោក​ត្រាំ ​មិន​ចូលចិត្ត​ធ្វើ​អ្វី​ទៅ ​ទាំង​ខាត​ទេ។

ដូច្នេះ​បើ​អាមេរិក​ ដក​ប្រព័ន្ធ​ខែល​មីស៊ីល​ចេញ​ពី​កូរ៉េ​ខាងត្បូង ​ មាន​ន័យ​ថា ​ចិន​ ក៏​អាច​ស្ងប់​ត្រជាក់​ចិត្ត​វិញ​ដែរ​ ហើយ​អាច​ជួយ​និយាយ​បញ្ចុះបញ្ចូល​កូរ៉េ​ខាងជើង។ ក៏​ប៉ុន្តែ ​ សួរថា​ តើ​កូរ៉េ​ខាងជើង ​អាច​ស្ងប់​ទៅ​វិញ​ដែររឺ​ទេ ​ឬ​ក៏​កាន់​តែ​អាងចាង ​ ដោយសារ​តែ​លែង​មាន​ប្រព័ន្ធ​ខែល​មីស៊ីល ​របស់​អាមេរិក​ ​នៅ​លើ​ដី​កូរ៉េខាង​ត្បូង? ​ដូច្នេះ​អ្វី​ៗ ​វា​អាស្រ័យ​លើ​កូរ៉េ​ខាងជើង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ