អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-ភេរវកម្ម

ថ្ងៃអង្គារទី​១០​មករា អាហ្វហ្កានីស្ថាន​រង​ភេរវកម្ម​៣​ផ្ទួន​គ្នា ស្លាប់​យ៉ាងហោច​៥៦​នាក់

ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក ​បាន​កើតឡើង​នៅ​បី​កន្លែង​ផ្សេង​គ្នា​ ក្នុង​ថ្ងៃ​តែមួយ​ កាល​ពី​ថ្ងៃ​អង្គារ​ទី​ ១០​មករា​ នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ មាន​មនុស្ស​ស្លាប់ ​យ៉ាង​ហោច​ណាស់​៥៦​នាក់ ​ព្រមទាំង​អ្នក​របួស​ជាង​១០០​នាក់​ផ្សេង​ទៀត។ បើទោះ​បី​ជា​គេ​នៅ​មិន​ទាន់​ដឹង​ ថា​អំពើ​ភេរវកម្ម​ទាំង​នេះ ​គឺ​ជា​ស្នាដៃ​របស់​មនុស្ស​តែមួយ​ក្រុម​រឺ​យ៉ាងណា ​តែ​អជ្ញាធរ​អាហ្វហ្កានីស្ថាន ​បាន​សង្ស័យ​ថា ​វា​គឺ​ជា​ទង្វើ​របស់​ក្រុម​តាលីបង់។

ក្រុម​សង្រ្គោះ​នាំគ្នា​សែង​អ្នក​របួស​ ក្រោយ​គ្រាប់បែក​ពីរ​ផ្ទួនគ្នា​​ផ្ទុះ​​នៅ​​មុខ​​រដ្ឋសភា​ ក្រុងកាប៊ូល ថ្ងៃ​ទី​១០ មករា ២០១៦
ក្រុម​សង្រ្គោះ​នាំគ្នា​សែង​អ្នក​របួស​ ក្រោយ​គ្រាប់បែក​ពីរ​ផ្ទួនគ្នា​​ផ្ទុះ​​នៅ​​មុខ​​រដ្ឋសភា​ ក្រុងកាប៊ូល ថ្ងៃ​ទី​១០ មករា ២០១៦ REUTERS/Mohammad Ismail
ផ្សាយពាណិជ្ជកម្ម

 

យប់​ថ្ងៃ​អង្គារ ​ទី​ ​១០​មករា​ គ្រាប់បែក​មួយ​គ្រាប់​បាន​ផ្ទុះ ​ដែល​គេ​បង្កៃ​លាក់​ក្នុង​សាឡុង​អង្គុយ ​ ក្នុង​ផ្ទះ​របស់​អភិបាល​ក្រុង​កង់ដាហារ។ ក្នុង​ពេល​កើត​ហេតុ ​លោក​អភិបាលក្រុង ​កំពុង​ទទួល​គណប្រតិភូ​ប្រទេស​អេមៀរ៉ាត​អារ៉ាប់រួម​ ពិសារ​បាយ​ល្ងាយ ​ ដោយ​ក្នុង​នោះ ​​ក៏មាន​អគ្គរដ្ឋទូត​ប្រទេស​នេះ​ផងដែរ។ ជា​សំណាង​ល្អ ​ លោក​ទូត​អេមៀរ៉ាត ​និង​លោក​អភិបាល​ក្រុង​កង់ដាហា ​គ្រាន់​តែ​រង​របួស​ប៉ុណ្ណោះ។ ​យ៉ាង​ហោចណាស់ ​មាន​មនុស្ស​ស្លាប់​១៣​នាក់ ​ដែល​ក្នុង​នោះ​មាន​ ៥នាក់ ​គឺ​ជា​សមាជិក​គណប្រតិភូ​អេមៀរ៉ាត។

ក្រុម​តាលីបង់ ​ដែល​គេ​សង្ស័យ​ថា ​ជា​អ្នក​ធ្វើ​អំពើ​នេះ ​បាន​ចេញ​មុខ​មក​បដិសេធ​ថា ​ ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក ​នៅ​ផ្ទះ​អភិបាល​ក្រុង​កង់ដាហា ​មិន​មែន​ជា​ស្នាដៃ​របស់​ពួក​គេ​ទេ។ ក៏​ប៉ុន្តែ​ក្រុម​នេះ ​បាន​ចេញ​មុខ​មក​អះអាង​ថា ​ភេរវកម្ម​មួយទៀត ​នៅ​ខាង​មុខ​វិមាន​រដ្ឋសភា​អាហ្វហ្កានីស្ថាន ​នៅ​ក្រុង​កាប៊ូល ​ទើប​ជាស្នាដៃ​របស់​ក្រុម​គ្នា​គេ។

ជាការពិត ​នៅ​ថ្ងៃ​អង្គារ​ដដែល ​វេលា​ដែល​មនុស្ស​ម្នា​ចេញ​ពី​ធ្វើការ​ នៅ​ខាង​មុខ​រដ្ឋសភា​ក្រុង​កាប៊ូល ​ មាន​គ្រាប់បែក​មួយ​គ្រាប់​បាន​ផ្ទុះ​នៅ​ក្បែរ​រថយន្តក្រុង ​ដែល​ដឹក​បុគ្គលិក​ធ្វើការ​របស់​រដ្ឋសភា។ មិនបាន​ប៉ុន្មាន​នាទី​ក្រោយ​មក​ផង​ រថយន្ត​មួយ​គ្រឿង​មាន​ផ្ទុក​ដោយ​គ្រាប់បែក ​ ក៏បាន​ផ្ទុះ ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន។ មនុស្ស​យ៉ាង​ហោចណាស់ ​៣៦​នាក់ ​បាន​ស្លាប់​ភ្លាមៗ ​ហើយ​ប្រមាណ​៨០​នាក់​ រង​របួស​ធ្ងន់។ នេះ​បើ​យោង​តាម​តួលេខ​បណ្តោះអាសន្ន ​ផ្តល់ឲ្យ​ដោយ​លោក​ប្រធាន​មន្ទីរពេទ្យ​ក្រុង​កាប៊ូល។

ដោយឡែក ​ក្នុងថ្ងៃ​អង្គារ​ដដែល​នេះ ​ភេរវកម្ម​អត្តឃាត​មួយ ​ក៏​បាន​កើត​ឡើង​នៅ​តំបន់​Lashkar Gah ​នៃខេត្ត​ Helmand ​ភាគ​ខាង​ត្បូង​អាហ្វហ្កានីស្ថាន ​ដោយ​បាន​សម្លាប់​មនុស្ស​៧នាក់។ ខេត្តនេះ ​គឺ​ជា​តំបន់​មូលដ្ឋាន​ធំមួយ ​របស់​ក្រុម​តាលីបង់។

រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ​បាន​ដាក់​ការ​សង្ស័យ​ទាំង​ស្រុង​ថា ​ភេរវកម្ម​ទាំង​អស់នេះ ​ជា​ទង្វើ​របស់​ក្រុម​ឧទ្ទាម​តាលីបង់​ បើទោះ​បី​បច្ចុប្បន្ន​នេះ ​ក្រុម​នេះ​កំពុង​បែងចែក​ជា​ពីរ​ មួយ​ដើរ​តាម​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ​ និង​មួយ​ទៀត​នៅ​បន្ត​ស្មោះស្ម័គ្រ ​នឹង​ក្រុម​អាល់កៃដា។ តំណាង​នគរបាល​ក្រុង​កង់ដាហារ ​យល់​ថា ​ភេរវកម្ម​នេះ ​មាន​បំណង​បំភ័យ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ​ដែល​កំពុង​តែ​រៀបចំ​គម្រោង​បង្កើត​តំបន់​សន្តិសុខ​ពិសេស។ គម្រោង​នេះ​គឺ​ ដើម្បី​អូសទាញ​ក្រុម​តាលីបង់​ណា ​ដែល​ចង់​វិល​ត្រលប់​ចុះចូល​រដ្ឋាភិបាល​វិញ ​ ហើយ​ដើម្បី​ឲ្យពួក​គេ​គេច​ផុត​ពី​ឥទ្ធិពល​របស់​ប៉ាគីស្ថាន ​ដែល​ជា​អ្នក​ទំនុក​បំរុង​ក្រុម​នេះ។

ទោះ​យ៉ាងណា ​ភេរវកម្ម​ផ្ទួនៗ​គ្នានេះ​ បាន​បង្ហាញ​ពី​ភាព​ផុយ​ស្រួយ​ផ្នែក​សន្តិសុខ​ ព្រមទាំង​សមត្ថភាព​នៅមាន​កំរិត​របស់​អជ្ញាធរ​អាហ្វហ្កានីស្ថាន។ ក្រុម​តាលីបង់ ​ដែល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​ បាន​ស្ងប់ស្ងាត់​សកម្មភាព ​ដោយសារ​តែ​រដូវ​ត្រជាក់​ធ្លាក់​ទឹក​កក​នោះ ​ ឥឡូវ​ពេល​នេះ ​ពួកគេ​បាន​ចេញ​មក​ធ្វើ​សកម្មភាព​វិញ ​ដែល​ការ​នេះ ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ