អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-ភេរវកម្ម

៥ថ្ងៃ អាហ្វហ្កានីស្ថាន​រង​អំពើ​ភេរវកម្ម ​៧លើក​ ស្លាប់ ​២០០​នាក់

បន្ទាប់ពីបានរងអំពើភេរវកម្ម នៅក្នុងវិហារអ៊ីស្លានឈីអ៊ីតមួយ ក្នុងរដ្ឋធានីកាប៊ូល កាលពីថ្ងៃសុក្រ ទី ២០តុលា អាហ្វហ្កានីស្ថាន ទើបតែរងអំពើភេរវកម្ម ថ្មីមួយទៀត​ កាលពីយប់ថ្ងៃសៅរ៍ ទី២១តុលា នៅទីក្រុងកាប៊ូល​ ដដែល ដែលបណ្តាលឲ្យមានមនុស្ស​ស្លាប់ យ៉ាងហោចណាស់ ១៥នាក់។ បើគិត ក្នុងរយៈពេល៥ថ្ងៃចុងក្រោយនេះ មានភេរវកម្មដល់ទៅ៧លើក នៅអាហ្វហ្កានីស្ថាន ហើយមានមនុស្សស្លាប់ទាំងអស់ សរុបប្រមាណជា២០០នាក់។

ស្នាមឈាមពាសពេញ​ជញ្ជាំង​វិហារ​​អ៊ីស្លាម​​ឈីអ៊ីត នៅ​ក្រុង​កាប៊ូល​ ​ដែល​​រង​ភេរវកម្ម​​ ថ្ងៃទី​​២០តុលា ​មាន​ស្លាប់​​៥៦​នាក់។
ស្នាមឈាមពាសពេញ​ជញ្ជាំង​វិហារ​​អ៊ីស្លាម​​ឈីអ៊ីត នៅ​ក្រុង​កាប៊ូល​ ​ដែល​​រង​ភេរវកម្ម​​ ថ្ងៃទី​​២០តុលា ​មាន​ស្លាប់​​៥៦​នាក់។ Reuters
ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពីថ្ងៃអង្គារ ដើមសប្តាហ៍នេះ គឺមិនមានថ្ងៃណាមួយ ដែលអាហ្វហ្កានីស្ថាន មិនបានរងការវាយប្រហារ ដោយអំពើភេរវកម្មនោះទេ។ ភេរវកម្មអត្តឃាត ភេរវកម្មបំផ្ទុះរថយន្ត សរុបទាំងអស់ ៧ដង កើតឡើងបន្តបន្ទាប់គ្នា ដោយបានផ្តាច់ជីវិតមនុស្ស ប្រមាណ២០០នាក់។ ចុងក្រោយគេបង្អស់ គឺភេរវកម្ម កើតឡើងនៅយប់ថ្ងៃសៅរ៍ ម្សិលមិញ​ នៅទីក្រុងកាប៊ូល ដែលបានសម្លាប់មនុស្សយ៉ាងហោច១៥នាក់ ហើយក្នុងចំណោមនោះ គឺមានទាហានអាហ្វហ្កានីស្ថានជាច្រើននាក់។

ក្នុងចំណោមភេរវកម្ម ទាំង៧លើក ក្នុងរយៈពេល៥ថ្ងៃនេះ គឺមាន៥លើក ដែលជាភេរវកម្មសំដៅសម្លាប់ សមត្ថកិច្ចនគរបាល ឬទាហានអាហ្វហ្កានីស្ថាន។ ក្នុងចំណោម ភេរវកម្ម ទាំង៧លើក គឺសុទ្ធតែជាស្នាដៃ របស់ ក្រុមតាលីបង់ទាំងអស់ លើកលែងតែភេរវកម្ម ដែលកើតឡើង ក្នុងវិហារអ៊ីស្លាមឈីអ៊ីត Imam Zaman ដែលបានសម្លាប់ជីវិតជនស្លូតត្រង់ ៥៦នាក់ កាលពីថ្ងៃសុក្រ ដែលជាស្នាដៃរបស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។

អាហ្វហ្កានីស្ថាន កំពុងស្ថិតក្នុងការគំរាមកំហែង ដោយបណ្តាញភេរវកម្មអ៊ីស្លាមពីរធំៗ ព្រមគ្នា ក្នុងពេលតែមួយ គឺក្រុមតាលីបង់ ដែលមានមូលដ្ឋាន ភាគច្រើន នៅតំបន់ខាងជើង និងក្រុមអង្គការរដ្ឋអ៊ីស្លាម ដែលស្ថិតនៅភាគនីរតី។

ករណីភេរវកម្មផ្ទួនៗគ្នានេះ បានបង្ហាញពីការចាប់ផ្តើមចេញវាយលុយសាជាថ្មី របស់ក្រុមតាលីបង់ ដែលបានអាក់ខានធ្វើសកម្មភាព មួយរយៈមកហើយ។ កម្មវត្ថុរបស់ក្រុមតាលីបង់ ជាទូទៅ គឺសំដៅសម្លាប់សមត្ថកិច្ចនគរបាល ឬទាហានអាហ្វហ្កានីស្ថាន។ ជាក់ស្តែងភេរវកម្មបង្កៃគ្រាប់បែកក្នុងរថយន្ត កាលពីថ្ងៃព្រហស្បតិ៍ នៅបន្ទាយទាហាន ក្រុងកងដាហា ដែលបានសម្លាប់ទាហានអាហ្វហ្កានីស្ថានចំនួន៥០នាក់។ ហើយបើគិត សរុបក្នុងរយៈពេល៥ថ្ងៃនេះ មានកម្លាំងសមត្ថកិច្ចអាហ្វហ្កានីស្ថាន យ៉ាងហោចណាស់ ១២០នាក់ បានស្លាប់ និងជាង២០០នាក់ រងរបួស។

ក្រៅពីកម្លាំងសមត្ថកិច្ចនិងទាហាន សហគមអ្នកកាន់សាសនាអ៊ីស្លាម និកាយឈីអ៊ីត ក៏គឺជាមុខសញ្ញានៃការវាយប្រហារផងដែរ ដែលនេះ ភាគច្រើនគឺជាស្នាដៃ​ របស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ ជាក់ស្តែងភេរវកម្ម កាលពីថ្ងៃសុក្រ ក្នុងពេលប្រជាជននិកាយឈីអ៊ីត កំពុងសូត្រធម៌ ក្នុងវិហារ Imam Zaman នៅក្រុងកាប៊ូល ដែលបណ្តាលឲ្យស្លាប់៥៦នាក់។ ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមនេះ បានចាប់ផ្តើមកកើតកម្លាំង នៅអាហ្វហ្កានីស្ថាន ចាប់ពីឆ្នាំ២០១៥មក ហើយបានធ្វើភេរវកម្ម ដើម្បីសំលាប់ប្រជាជនអ៊ីស្លាមនិកាយឈីអ៊ីត នៅអាហ្វាហ្កានីស្ថាន ចំនួន១០ដងហើយ បើគិតរាប់ពីពាក់កណ្តាលឆ្នាំ២០១៦មក និងទាំងលើកនេះ។

រដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខជាតិអាហ្វហ្កានីស្ថាន​ បានទទួលស្គាល់ថា មានការខ្វះចន្លោះច្រើន ក្នុងការការពារសន្តិសុខ ដល់វិហារអ៊ីស្លាមនិកាយឈីអ៊ីត ហើយបានសន្យាថា និងបន្ថែមកម្លាំង និងរិះរកវិធី ដើម្បីទប់ស្កាត់អំពើភេរវកម្ម ព្រៃផ្សៃទាំងនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ