អានតួអត្ថបទ
ឥណ្ឌូណេស៊ី-អូស្ត្រាលី

អូស្រ្តាលី និង​ឥណ្ឌូណេស៊ី ព្រមព្រៀង​ចេញ​ល្បាត​រួមគ្នា ក្នុង​សមុទ្រ​ចិន​ខាងត្បូង

ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី​ និង​អូស្រ្តាលី ​បាន​ប្រកាស​ឲ្យដឹង​ នៅ​ថ្ងៃ​អង្គារ​ទី​១ ​វិច្ឆិកា​នេះ​ថា​ ប្រទេស​ទាំង​ពីរ ​បាន​យល់ព្រម​គ្នា​ ក្នុង​ការ​បើក​បេសកកម្ម​ចេញល្បាត​រួមគ្នា​​ក្នុង​​សមុទ្រ ​នៅ​​​ក្នុងដែន​ទឺក​អន្តរជាតិ​​នៃ​សមុទ្រ​​ចិន​ខាងត្បូង។ ចិន​ដែល​​កំពុង​​តែ​អនុវត្ត​​ឆន្ទានុសិទ្ធិ ​ទៅ​លើ​ការ​​កាន់កាប់​​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ សឹងតែ​​ទាំងស្រុង​នោះ ​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​តប​នៅ​ឡើយ​ទេ ​ទាក់ទិន​នឹង​ដំណឹង​នេះ។

លោកស្រី Julie Bishopរដ្ឋមន្ត្រី​ការបរទេស​អូស្រ្តាលី​ និងលោក​ Joko ប្រធានាធិបតី​ឥណ្ឌូណេស៊ី ថ្ងៃទី​២៦ តុលា ២០១៦
លោកស្រី Julie Bishopរដ្ឋមន្ត្រី​ការបរទេស​អូស្រ្តាលី​ និងលោក​ Joko ប្រធានាធិបតី​ឥណ្ឌូណេស៊ី ថ្ងៃទី​២៦ តុលា ២០១៦ REUTERS/Beawiharta
ផ្សាយពាណិជ្ជកម្ម

នៅតាម​កញ្ចក់​ទូរទស្សន៍ABC លោកស្រី ​Julie Bishop ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី ​បាន​ប្រកាស​​ថា ​រដ្ឋាភិបាល​អូស្រ្តាលី​និង​ឥណ្ឌូណេស៊ី ​បាន​យល់​ព្រម​គ្នា ​ដើម្បី​ពិចារណា​រិះរក​នូវ​កិច្ច​សហប្រតិបត្តិការ​ ក្នុង​វិស័យ​ផ្លូវសមុទ្រ​ឲ្យ​បាន​កាន់​តែ​ខ្លាំងក្លា​ ជាមួយ​គ្នា។ ក្នុង​នោះ​គឺ​មាន​ន័យ​ថា ​ប្រទេស​ទាំងពីរ​ និង​សហ​ការ​គ្នា​ ធ្វើការ​រួម​គ្នា ​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ​និង​សមុទ្រ​ស៊ូលូ។ លោកស្រី​រដ្ឋមន្ត្រី​បញ្ជាក់​ទៀត​ថា ​កិច្ច​សហប្រតិបត្តិការ​ទាំង​នេះ ​គឺ​ប្រទេស​ទាំងពីរ​អនុវត្ត​ដោយ​គោរព​ទៅ​តាម​ក្រិត្យក្រម​ច្បាប់​សមុទ្រ​អន្តរជាតិ។

 
យ៉ាងណាមិញ ​កាល​ពី​មួយ​សប្តាហ៍​កន្លង​ទៅ ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ឥណ្ឌូណេស៊ី ​ធ្លាប់​បាន​បង្ហើប​ឲ្យ​ដឹង​រួច​មក​ហើយ​ថា ​ក្នុង​ពេល​ឆាប់ៗ​នេះ ​ឥណ្ឌូណេស៊ី ​និង​អូស្ត្រាលី ​នឹង​ចេញ​ល្បាត​រួមគ្នា​ ក្នុង​សមុទ្រ​ចិន​ខាងត្បូង ​ដោយ​បេសកកម្ម​នេះ ​ត្រូវ​គេ​ប្រសិទ្ធិនាម​ថា​ “កងល្បាត​សន្តិភាព”។

គួររំលឹក​ថា ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ​គឺ​ជា​តំបន់​សំបូរ​ទៅ​ដោយ​ធនធាន​ក្រោម​សមុទ្រ ​ហើយ​ដែល​បច្ចុប្បន្ន ​កំពុង​មាន​ជម្លោះ​ក្តៅ​គគុក ​រវាង​ចិន ​និង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​ចំនួន ​ដូច​ជា​ហ្វីលីពីន​ វៀតណាម ​ម៉ាឡេស៊ី​និង​ឥណ្ឌូណេស៊ី​ជាដើម។ ចិន​ដែល​គូស​ផែនទី​ដោយ​អត្តនោម័ត​ វាទ​យក​ផ្ទៃ​ទឹក​និង​កោះ​សឹងតែ​ទាំងស្រុង​នៃ​តំបន់​នេះ ​ បាន​ចេញល្បាត​ហាម​ឃាត់​​មិន​ឲ្យ​មាន​ចរាចរណ៍​ក្នុង​តំបន់​ជាប់​ជម្លោះ។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​ចិន​បានចាប់​ផ្តើម​ ចាក់​ដី​​បំពេញ​តាម​ចន្លោះ​កោះ​តូចៗ ​ដើម្បី​សាងសង់​កំពង់ផែ ​និង​មូលដ្ឋាន​ទ័ព​  ដោយ​គ្មាន​ការ​ព្រមព្រៀង​ពី​ប្រទេស​ពាក់ព័ន្ធ ​ទៀតផង។

អូស្ត្រាលី ​មិនមែន​ជា​ប្រទេស​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​នេះ ​ជាមួយ​ចិន​ទេ ​ តែ​កន្លង​មក​អូស្ត្រាលី ​តែងតែ​ប្រកាន់​ជំហរ​រឹងមាំ ​ជាមួយ​ចិន​ ដោយ​បាន​អះអាង​សិទ្ធិ​របស់​អូស្ត្រាលី​ ក្នុង​ការ​​ធ្វើ​​ចរាចរណ៍​នាវា ​នៅ​ក្នុង​ដែន​សមុទ្រ​អន្តរជាតិ ​នៃ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ​ ដោយ​គោរព​ទៅ​តាម​ច្បាប់​អន្តរជាតិ។

ដោយឡែក ​ខុស​ពី​ប្រទេស​ដ៏ទៃ ​ដូច​ជា​ហ្វីលីពីន ​និង​វៀតណាម ​ដែល​កំពុង​ទាមទារ​អធិបតេយ្យ​ភាព​​លើ​ដែនកោះ ​ជាមួយ​នឹង​ចិន ​ ឥណ្ឌូណេស៊ី ​មិនមាន​ជម្លោះ​អធិបតេយ្យ​ជាមួយ​ចិន​ទេ។ វិវាទ​រវាង​ឥណ្ឌូណេស៊ី ​​និង​ចិន ​គឺ​ទាក់ទង​ទៅ​នឹង​តំបន់​ដែនទឹក​ដែល​ជា​ដែន​នេសាទ។ ដែន​នេសាទ​នេះ​ ត្រូវ​បាន​ឥណ្ឌូណេស៊ី​ចាត់​ទុក​ថា​ វា​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​​របស់​ខ្លួន ​ តែ​នាវា​ល្បាត​ចិន ​តែងតែ​ចេញ​មក​ហាមឃាត់​ទូក​នេសាទ​ឥណ្ឌូណេស៊ី​ជា​រឿយៗ​ បង្ក​ជា​ការ​ប៉ះ​ទង្គិច​គ្នា។ យ៉ាង​ណាមិញ ​ លោកJoko Widodo​ ប្រធានាធិបតី​ឥណ្ឌូណេស៊ី ​បាន​ជិះ​នាវា​ចម្បាំង​ទៅ​ពិនិត្យ​តំបន់​មាន​វិវាទ​ កាលពី​ខែ​មិថុនា​ ដើម្បី​ជា​ការ​បង្ហាញ​កម្លាំង ​ថា​ឥណ្ឌូណេស៊ី​មិន​ចុះញ៉ម ​ជាមួយ​នឹង​ចិន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ