អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ឥណ្ឌា៖ ដំណាក់​កាល​ចុងក្រោយ​នៃ​ការ​បោះឆ្នោត​សភា ដែល​មាន​រយៈពេល​ជាង​១ខែ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃអាទិត្យទី១៩ឧសភានេះ ការបោះឆ្នោតសភានៅឥណ្ឌា បានមកដល់ដំណាក់កាលទី​៧ ដែលជាដំណាក់ចុងក្រោយ មុននឹងចាប់ផ្តើមរាប់សន្លឹកឆ្នោត នៅថ្ងៃទី​២៣​ឧសភា ខាងមុខ។ ឥណ្ឌាត្រូវបានគេស្គាល់ ថាជាប្រទេសអនុវត្តរបបប្រជាធិបតេយ្យ ដ៏ធំជាងគេលើលោក ជាមួយ​នឹង​ប្រជាជន ដែលមានសិទ្ធិបោះឆ្នោត ដល់ទៅ៩០០លាននាក់។ សម្រាប់ដំណាក់កាលចុងក្រោយ គឺដល់វេនរដ្ឋមួយចំនួន ដែលស្ថិតនៅភាគខាងជើង និងភាគខាងកើតឥណ្ឌា ដែលត្រូវបោះឆ្នោត។ លោក ណារិន្ទ្រ ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌាបច្ចុប្បន្ន សង្ឃឹមយកឈ្នះ ក្នុងការបោះឆ្នោតនេះ ដើម្បីបន្ដដឹកនាំប្រទេសអាណត្តិទី២។

លោកណារិន្ទ្រ ម៉ូឌី លើកចង្អុរដៃបង្ហាញថា​បាន​បោះឆ្នោត នៅក្រុង Ahmedabad ​រដ្ឋ​គុចារ៉ាត់ ថ្ងៃទី​២៣​ ​មេសា ​២០១៩​
លោកណារិន្ទ្រ ម៉ូឌី លើកចង្អុរដៃបង្ហាញថា​បាន​បោះឆ្នោត នៅក្រុង Ahmedabad ​រដ្ឋ​គុចារ៉ាត់ ថ្ងៃទី​២៣​ ​មេសា ​២០១៩​ REUTERS/Amit Dave
ផ្សាយពាណិជ្ជកម្ម

ឥណ្ឌាមានសភា២ “លោកសាផា” និង “វិថានសាផា”។ លោកសាផា ជាសភាជាតិឥណ្ឌា ដែលប្រជាជនគ្រប់រដ្ឋទាំងអស់ បោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ឲ្យក្លាយជាសមាជិក។ ចំណែក ​វិថានសាផា គឺជាសភា នៅតាមរដ្ឋនីមួយៗ។ សម្រាប់ការបោះឆ្នោត​សភា​នៅពេលនេះ គឺគេរើសសមាជិកសភាជាតិ “លោកសាផា”។ លោកសាផា មានអាសនៈសរុប៥៤៥អាសនៈ សម្រាប់អាណត្តិ៥ឆ្នាំ ក្នុងនោះ៥៤៣កើតចេញពីការបោះឆ្នោត​របស់ប្រជាជន និង ២អាសនៈទៀត គឺប្រធានាធិបតីឥណ្ឌាជាអ្នកតែងតាំង ដែលតំណាងឲ្យ​សហគមន៍ឥណ្ឌានៅប្រទេសអង់គ្លេស។

អ្នកបោះឆ្នោត៩០០លាននាក់ រើសសមាជិកសភា​៥៤៣នាក់

ការបោះឆ្នោត បានចាប់ផ្តើមនៅថ្ងៃទី​១១ មេសា ហើយត្រូវបិទបញ្ចប់នៅថ្ងៃនេះ។ ការរាប់សន្លឹកឆ្នោត នឹងចាប់ផ្តើមធ្វើ នៅថ្ងៃទី​២៣ឧសភា។ មូលហេតុចំបង ដែល​ការបោះឆ្នោតនេះ ត្រូវចំណាយពេលយូរ មានដល់ទៅ​៧ដំណាក់កាល គឺដោយសារតែឥណ្ឌា ជាប្រទេសធំ ធំទាំងផ្ទៃដី ធំទាំងចំនួនប្រជាជន។ មនុស្ស​ដែលមានសិទ្ធិបោះឆ្នោត សរុបទាំងអស់ប្រមាណ៩០០លាននាក់។ ដូច្នេះហើយ បានជាគេ បែងចែកជាដំណាក់កាល ដើម្បីងាយស្រួលចាត់ចែង។

ដើម្បីជ្រើសរើសតំណាងរាស្ត្រ នៃ​ "លោកសាផា” នេះ គឺគេប្រើប្រព័ន្ធឯកត្តនាម។ ជាការពិត បេក្ខជននីមួយៗ សុទ្ធតែមានគណបក្សនៅពីក្រោយ តែគេឈរឈ្មោះតែម្នាក់ឯងទេ ដោយមណ្ឌល់មួយ មានអាសនៈតែមួយប៉ុណ្ណោះ។ អ្នកណាដែលមានសម្លេងឆ្នោតលើសគេ គឺឈ្នះ​បានអាសនៈមួយនោះតែម្តង។ ដែលនេះ វាខុសពី​ប្រព័ន្ធបោះឆ្នោត​ ដែលមានបញ្ជីឈ្មោះ បែបសមមាត្រ ដូចនៅកម្ពុជា។

ចាប់តាំងពីឆ្នាំ២០០៤មក នៅឥណ្ឌាគេបោះឆ្នោតដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិ ដោយអ្នកបោះគ្រាន់តែចុចនៅលើប៊ូតុង ឈ្មោះតំណាងរាស្ត្រដែលខ្លួនពេញចិត្ត ជាការស្រេច។ សម្រាប់ ដំណាលកាលចុងក្រោយ នៅថ្ងៃនេះ ការបោះឆ្នោត មាននៅរដ្ឋមួយចំនួន នៅភាគខាងជើង និងខាងកើត ដូចជា រដ្ឋប៊ីហា រដ្ឋចារខណ្ឌ រដ្ឋម៉ាត្យាប្រាដេស រដ្ឋបង់ហ្កាល់ខាងកើត រដ្ឋពន់ចាប់ រដ្ឋឧត្តាប្រាដេស និងរដ្ឋហេមីចាល់ប្រាដេសជាដើម។ សរុបទាំងអស់ ការបោះឆ្នោតនៅថ្ងៃនេះ មានអាសនៈចំនួន​៥៦ ដែលបេក្ខជនត្រូវដណ្តើមគ្នា។

គ្មានកម្មវិធីនយោបាយ យកបុគ្គលលោកម៉ូឌី ជាកម្មវត្ថុនៃការឃោសនា

កាលពីបោះឆ្នោតសភា អាណត្តិមុន នៅឆ្នាំ២០១៤ គណបក្សហិណ្ឌូជាតិនិយម របស់លោកណារិន្ទ្រ ម៉ូឌី បានប្រមូលអាសនៈសរុប ដល់ទៅ ២៧២អាសនៈ។ តើលើកនេះ លោកណារិន្ទ្រ ម៉ូឌី​ សង្ឃឹមថា នឹងបានទទួលការគាំទ្រភ្លូកទឹកភ្លូកដី ដូចមុនដែរឬទេ?

បើតាមមើលទៅ ប្រមាណជាង១ខែកន្លងមកនេះ សន្ទុះនៃការគាំទ្រគណបក្សហិណ្ឌូជាតិនិយម របស់លោកណារិន្ទ្រ ម៉ូឌី មានសន្ទុះខ្សោយជាងមុន។ បក្សលោកណារិន្ទ្រ ម៉ូឌី ដែលមានឈ្មោះ ថា Bharatiya Janata Party បានជ្រើសយកយុទ្ធសាស្ត្រថ្មីខុសពីមុន។ កាលពីលើកមុន បក្សនេះបានសន្យារំដោះប្រជាជនពីភាពក្រីក្រ ជួយកសិករ និងបង្កើតការងារ ឲ្យបាន១លានការងារ ក្នុងមួយខែ។ ក៏ប៉ុន្តែ៥ឆ្នាំមកនេះ ការសន្យារបស់លោក​ណារិន្ទ្រ ម៉ូឌី មិនបានចេញជាលទ្ធផលជាក់ស្តែងទេ។

សម្រាប់ការបោះឆ្នោតលើកនេះ លោកណារិន្ទ្រ ម៉ូឌី បានចៀសមិននិយាយពី លទ្ធផលនៃការដឹកនាំរបស់ខ្លួន ក្នុងរយៈពេល​៥ឆ្នាំមកនេះទេ។​ តែលោក យកខ្លួនលោក ជាកម្មវត្ថុនៃការ​ឃោសនាតែម្តង។ ការឃោសនាសឹងតែទាំងស្រុង គឺផ្តោតសំខាន់ ទៅលើជីវប្រវត្តិ ការតស៊ូ ដើម្បី​កសាងកេរ្តិ៍ឈ្មោះ របស់លោក ណារិន្ទ្រ ម៉ូឌី។ ថ្មីៗនេះ បក្ស Bharatiya Janata Party ​បានទាំងផលិតខ្សែភាពយន្តមួយ និយាយពីជីវប្រវត្តិតស៊ូ របស់លោក​ណារិន្ទ្រ ម៉ូឌី ទៀតផង។ ខ្សែភាពយន្តនេះ បានចាក់បញ្ចាំងក្នុងរោងកុន តាមទូរទស្សន៍ និងតាមអ៊ីនធើនែត យ៉ាងព្រោងព្រាត ក្នុងពេលបោះឆ្នោត ហើយក៏បានចោទជាបញ្ហាខ្លះដែរ ព្រោះវាជាភាពយន្តឃោសនា ដោយលំអៀង ទៅលើបុគ្គលលោក ណារិន្ទ្រ ម៉ូឌី។

ផ្ទុយទៅវិញ បញ្ហាសេដ្ឋកិច្ច បញ្ហាជីវភាពក្រីក្រ របស់ប្រជាកសិករ គឺលោកម៉ូឌី មិន​យក​មក​និយាយទេ។​ អ្នកវិភាគខ្លះបានលើកឡើង លោកម៉ូឌី គ្មានកម្មវិធីនយោបាយច្បាស់លាស់សោះ។ គឺមានតែការឃោសនាបំប៉ោង និងបំភ័យប្រជាជន ពីបញ្ហាសន្តិសុខ បញ្ហាសាសនា។ រីឯកគណបក្ស ខុនក្រេស ដែលជាបក្សប្រឆាំងដ៏ធំ ដឹកនាំដោយលោក រ៉ាហ៊ុល ហ្កង់ឌី​ វិញ គេមានកម្មវិធីនយោបាយ កំណែទម្រង់សេដ្ឋកិច្ច​ និងសង្គម ច្បាស់លាស់ល្អិតល្អន់ ជាងបក្សលោកម៉ូឌី។ តែយ៉ាងណា សួរថាតើប្រជាជនឥណ្ឌា ដែលមាន​ចំនួនអ្នកមិនចេះអក្សច្រើនក្រាស់ក្រែលនោះ បោះឆ្នោតដោយផ្អែកលើកម្មវិធីនយោបាយ ឬដោយការគាំទ្រស្រលាញ់ទៅលើបុគ្គល? ត្រង់នេះហើយ ដែលគេជឿ​ថា​ លោក​ណារិន្ទ្រ ម៉ូឌី បើទោះពីជាចុះខ្សោយ ក៏នៅតែឈ្នះឆ្នោតលើកនេះដែរ។

លោកម៉ូឌី ការពារទ្រឹស្តី « Hundutva »

យុទ្ធសាស្ត្រដ៏ធំ របស់លោក ម៉ូឌី គឺយុទ្ធសាស្ត្របំបែក ពុះចែកសហគមន៍នៃប្រជាជនឥណ្ឌា។ លោក ណារិន្ទ្រ ម៉ូឌី មានទស្សនយោបាយ ដែលលើកកំពស់តែក្រុមហិណ្ឌូតែប៉ុណ្ណោះ។ ទ្រឹស្តីនេះ មានឈ្មោះថា “Hindutva” ដែលមានន័យថា ភាពជាហិណ្ឌូ។ ភាពជាហិណ្ឌូ គឺមានន័យថា អ្នកកាន់សាសនាហិណ្ឌូ ត្រូវតែមានតម្លៃ មានសមត្ថភាព ជាងអ្នកកាន់សាសនាផ្សេងទាំងអស់។ អ្នកកាន់សាសនាផ្សេង ដែលលោកណារិន្ទ្រ ម៉ូឌី យកជាសត្រូវនោះ គឺសហគមអ្នកកាន់សាសនាអ៊ីស្លាម ដែលមានចំនួន​ប្រមាណ​១៧០​លាននាក់។

កាសែត Hindustan Times បានចុះផ្សាយថា លោកម៉ូឌី យកបញ្ហាសាសនា បញ្ហាសន្តិសុខ មកឃោសនា ដើម្បីបំភ័យប្រជាជនឥណ្ឌា។ តាមរយៈការឃោសនានេះ គឺមានតែលោកម៉ូឌីទេ ដែលជាវីរៈបុរស អាចការពារប្រទេស ការពារប្រជាជនហិណ្ឌូ និងប្រពៃណីសាសនាហិណ្ឌូបាន។ ជាក់ស្តែង បញ្ហានៅតំបន់កាស្មៀរ រវាងឥណ្ឌា​និងប៉ាគីស្ថាន ត្រូវបាន​លោកណារិន្ទ្រ ម៉ូឌី យកជាលេស ដើម្បីបង្ហាញសាច់ដុំ ថាគាត់ គឺជាអ្នកស្នេហាជាតិ ការពារទឹកដី ពីការឈ្លានពាន របស់ពួកអ្នកកាន់សាសនាអ៊ីស្លាម និងពួកភេរវកម្ម។

“វប្បធម៌លើកទូលបុគ្គល”

ពិតជាមានការព្រួយបារម្ភ ថាឥណ្ឌា ក្រោមកណ្តាប់ដៃរបស់លោក ម៉ូឌី គឺកាន់តែផ្តាច់ការ ព្រោះគេសង្កេតឃើញថា លោកម៉ូឌី ព្រមទាំងបក្សពួក ខំប្រឹងលើកតំកើង វប្បធម៌បុគ្គលនិយមណាស់។ ពោលគឺមានលក្ខណៈស្រដៀងទៅនឹងរបបផ្តាច់ការកុម្មុយនិស្ត ដែលប្រមុខដឹកនាំ ប្រៀបបាននឹងទេវតា ធ្វើអ្វីក៏ត្រូវ គិតអ្វីក៏ត្រូវ ដោយគ្មាននរណាអាចប្រកែក ឬផ្តល់យោបល់បាន​។ បុគ្គលលោក ណារិន្ទ្រ ម៉ូឌី ត្រូវគេលើកទូល ជាកំពូលបុរស គ្មាននរណាអាចរិះគន់បាន។ យ៉ាងណាមិញ អ្នកកាសែតឥណ្ឌា ខ្លះ បានចេញមុខបរិហារដែរ ថាសិទ្ធិសេរីភាពបញ្ចេញមតិ រិះគន់ ត្រូវបានរិតត្បិតខ្លាំងណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកម៉ូឌី ចង់ធ្វើជាវីរៈបុរស របស់ឥណ្ឌាហិណ្ឌូតែមួយប៉ុណ្ណោះ។ ទស្សនយោបាយនេះ វា​ខុសពីចរន្តនយោបាយ របស់ឥណ្ឌាសម័យមុន ក្រោយបានឯករាជភ្លាមៗ ដែលផ្តល់តម្លៃដល់ពហុសហគម ពហុវប្បធម៌ និងសាសនាចម្រុះ នៅឥណ្ឌា។ បើលោកម៉ូឌី លើក​តែ​សាសនាហិណ្ឌូ មានន័យថា សាសនាផ្សេងប្រាកដជារើបំរាស់។ ដូច្នេះជម្លោះសាសនា អាចជាដំបៅមហារីក សម្រាប់ឥណ្ឌា ទៅថ្ងៃមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ