អានតួអត្ថបទ
ឥណ្ឌា

ឥណ្ឌា ចាប់ផ្តើម​ដាក់ឲ្យ​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ផលិត​ដោយ​ខ្លួនឯង

ដើម្បី​ត្រៀមខ្លួន​ទប់ទល់​ជាមួយ​ប៉ាគីស្ថាន ​និង​ចិន​ ឥណ្ឌា​កំពុងតែ​ពង្រីក​និង​អភិវឌ្ឍន៍​សមត្ថភាព​កងទ័ព​របស់​ខ្លួន។ ថ្ងៃ​សុក្រ​ទី​ ១កក្កដា ​ម្សិលមិញ ​ ឥណ្ឌា​បាន​សម្ភោធ​ដាក់​ឲ្យ​ប្រើប្រាស់ ​យន្ត​ហោះ​ចម្បាំង​ពីរ​គ្រឿង ​ដែល​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ឥណ្ឌា​ខ្លួនឯង ​សុទ្ធសាធ។​ ចំណែក​កិច្ចសន្យា​ទិញ​យន្តហោះ​ចម្បាំង ​៣៦​គ្រឿង​ពី​ បារាំង ​ នៅ​មិន​ទាន់​បាន​ចុះ​ហត្ថលេខា​ជា​ស្ថាពរ​នៅ​ឡើយទេ។

គ្រឿងដង្វាយ​មាន ដូច​ជា ផ្លែដូង​ទំ ​ខ្យងស័ង្ខ តាម​ពិធី​ប្រពៃណី​សាសនា​ហិណ្ឌ នៅ​ខាងមុខ​​យន្តហោះ​ចម្បាំង តេជៈ ​របស់ឥណ្ឌា
គ្រឿងដង្វាយ​មាន ដូច​ជា ផ្លែដូង​ទំ ​ខ្យងស័ង្ខ តាម​ពិធី​ប្រពៃណី​សាសនា​ហិណ្ឌ នៅ​ខាងមុខ​​យន្តហោះ​ចម្បាំង តេជៈ ​របស់ឥណ្ឌា REUTERS/Abhishek N. Chinnappa
ផ្សាយពាណិជ្ជកម្ម

យន្តហោះ​ចម្បាំង​ឥណ្ឌា ​ពីរគ្រឿង​ ត្រូវ​បានគេ​ប្រសិទ្ធិនាម​ថា ​Tejas ​រឺ​តេជ​ ជា​ភាសា​សំស្រ្កិត ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ ​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ឥណ្ឌា ​ទីក្រុង​បង់ហ្កាល័រ ​ភាគ​ខាងត្បូង ​ អម​ជាមួយ​នឹង​ពិធី​យ៉ាង​អធិកអធម​ តាម​បែប​សាសនា​ហិណ្ឌូ។

 
យន្តហោះ​ចម្បាំង​នេះ ​គឺ​ជា​ស្នាដៃ​ផលិត​របស់​ឥណ្ឌា​ទាំងស្រុង ​ដែល​បាន​ចំណាយ​ពេល​ស្រាវជ្រាវ ​និង​ផលិត​អស់​ជិត​៣០ឆ្នាំ។ យន្តហោះ​នេះ​ គឺ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​យន្តហោះ​ចម្បាំង​ ប្រភេទ​ស្រាល​បំផុត​ ហើយ​ដែល​អាច​ផ្ទុក​គ្រាប់​មីស៊ីល​ ទាំង​សម្រាប់​បាញ់​ទៅ​លើ​អាកាស ​និង​សម្រាប់​បាញ់​តម្រង់​ទៅដី។

តាម​ការ​គ្រោងទុក​ ឥណ្ឌា​មាន​គម្រោង​ផលិត​យន្តហោះ ​តេជ​នេះ​ឲ្យបាន​១៤​គ្រឿង ​ក្នុង​រយៈពេល​២ឆ្នាំ​ទៀត។ យន្តហោះ​ចម្បាំង​ថ្មីៗ​ទាំងនេះ​ នឹង​ត្រូវ​យក​ទៅ​ជំនួស​យន្តហោះ​ចម្បាំង​ប្រភេទ ​Mig-21 ​ដែល​សល់ ​តាំងតែ​ពី​ជំនាន់​សូវៀត ​ហើយ​ដែល​តែងតែ​ជួប​បញ្ហា​បច្ចេកទេស ​ធ្លាក់​ជា​ញឹកញាប់ ​រហូត​ត្រូវ​បាន​មនុស្ស​ទូទៅ​ដាក់ឈ្មោះ​ឲ្យ​ថា ​ម្ឈូសហោះ ​ទៀតផង។

ដោយឡែក ​កិច្ចសន្យា​ទិញ​យន្តហោះ​ចម្បាំង​ប្រភេទ​Rafale ​របស់​បារាំង ​នៅមិនទាន់​ចុះ​ហត្ថលេខាជា​ស្ថាពរ​នៅ​ឡើយ​ទេ ​ដោយសារ​ភាគី​ទាំង​ពីរ​នៅ​មិនទាន់​ចុះ​សម្រុង​គ្នា ​លើ​តំលៃ។ ឥណ្ឌា​បាន​ទៀមទារ​ទៀតថា ​ ក្រុមហ៊ុន​បារាំង​ត្រូវតែ​លើក​ការ​ផលិត ​យក​ទៅ​ធ្វើ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ​ដើម្បី​មាន​ឱកាស​បង្កើត​ការងារ​នៅ​ក្នុង​ស្រុក។

សូម​បញ្ជាក់ថា ​ លោក​ណារិន្ទ្រ ម៉ូឌី​ នាយករដ្ឋមន្ត្រី​ឥណ្ឌា ​ដែល​ជា​មនុស្ស​ជាតិ​និយម ​ បាន​សន្យា​ថា ​ នឹង​កែប្រែ​ឥណ្ឌា ​ពី​អ្នក​ជាវ​អាវុធ​ពី​បរទេស ​មក​ជា​អ្នក​ផលិត​អាវុធ​ក្នុង​ស្រុក​ដោយ​ខ្លួនឯង។ ការ​ពង្រឹង​វិស័យ​យោធា​របស់​ឥណ្ឌា ​គឺ​ដើម្បី​ត្រៀមខ្លួន​ ទប់ទល់​ជាមួយ​មហា​អំណាច​ក្នុង​តំបន់​ ដែល​​ជា​គូប្រជែង​ស្លាប់រស់​ជាមួយ​ឥណ្ឌា ​គឺ​ចិន​ និង​ប៉ាគីស្ថាន។ មួយ​រយៈ​ចុងក្រោយ​នេះ ​ឥណ្ឌា​បាន​ខិតខំ​ពង្រឹក​វិស័យ​ការទូត ​និង​សេដ្ឋកិច្ច ​របស់​ខ្លួន​ ជាមួយ​សហរដ្ឋ​អាមេរិក​ផងដែរ។ ជាមួយ​នឹង​ប្រជាជន​ជាង​១៣០០​លាន​នាក់​ ឥណ្ឌា​កំពុង​ត្រៀមខ្លួន​ ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច ​ឋានៈ​ស្មើ​នឹង​ចិន​ ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ