អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ឥណ្ឌា-រុស្ស៊ី៖ លោកពូទីន ទទួលលោកម៉ូឌីនៅក្រុងវ្លាឌីវ៉ូស្តុក​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកណារិន្ទ្រ ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា ត្រូវបាន​លោក​ វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី អញ្ជើញជាភ្ញៀវ​កិត្តិយស ក្នុងឱកាសបើក “វេទិកា​សេដ្ឋកិច្ចភាគខាងកើត” ដែលកំពុងតែប្រព្រឹត្តិធ្វើទៅ​ នៅឯទីក្រុង​វ្លាឌីវ៉ូស្តុក ភាគខាងកើតបង្អស់ នៃទឹកដីរុស្ស៊ី។​ រុស្ស៊ី និងឥណ្ឌា ធ្លាប់ស្និទនឹងគ្នា កាលពីជំនាន់អតីតសហភាពសូវៀត ហើយទំនាក់ទំនងដ៏ស្និទនេះ បានបន្តមកដល់បច្ចុប្បន្ន ជាពិសេសនៅក្នុងវិស័យកងទ័ព។ តែយ៉ាងណា នៅក្នុងឱកាសវេទិកាសេដ្ឋកិច្ចក្រុង​វ្លាឌីវ៉ូស្តុកនេះ គឺជាពេលវេលា ឲ្យមេដឹកនាំនៃមហាប្រទេស​ទាំង២នេះ បានជួបនិយាយគ្នា អំពីទំនាក់ទំនង សេដ្ឋកិច្ចពាណិជ្ជកម្ម វិញម្តង។

លោក វ្លាឌីមៀ ពូទីន និងលោក ណារិន្ទ្រ ម៉ូឌី ពេលកំពុងទស្សនកិច្ច​​នៅ​ទីតាំង​ផលិត​​​កប៉ាល់ Zvezda shipyard។ ទីក្រុង ​Vladivostok ​ថ្ងៃទី​៤ ​កញ្ញា ២០១៩​
លោក វ្លាឌីមៀ ពូទីន និងលោក ណារិន្ទ្រ ម៉ូឌី ពេលកំពុងទស្សនកិច្ច​​នៅ​ទីតាំង​ផលិត​​​កប៉ាល់ Zvezda shipyard។ ទីក្រុង ​Vladivostok ​ថ្ងៃទី​៤ ​កញ្ញា ២០១៩​ Alexander Nemenov/Poo
ផ្សាយពាណិជ្ជកម្ម

ឥណ្ឌា និងក្លាយជាដៃគូថ្មីរបស់រុស្ស៊ី ក្នុងការវិនិយោគ​នៅភាគខាងកើត

វាមិនមែនជារឿងចៃដន្យទេ ដែលលោក​ពូទីន អញ្ជើញលោកណារិន្ទ្រ ម៉ូឌី មកជាភ្ញៀវកិត្តិយស ក្នុង​ឱកាសបើក​វេទិកាសេដ្ឋកិច្ច​ភាគខាងកើត នៅក្រុងវ្លាឌីវ៉ូស្តុក នាពេលនេះ។ ទឹកដីរុស្ស៊ី​ធំណាស់ ពីលិចទៅកើត ហើយបច្ចុប្បន្ននេះ រុស្ស៊ីកំពុងតែធ្វើគ្រប់មធ្យោបាយ ដើម្បីអភិវឌ្ឍន៍ តំបន់ផ្នែកខាងកើតបង្អស់ នៃខ្ពង់រាបស៊ីបេរី។ ទីក្រុងវ្លាឌីវ៉ូស្តុក គឺជាចំណុចស្នូលនៃគម្រោង​នានា របស់រុស្ស៊ី នៅតំបន់នេះ។

រុស្ស៊ីចង់រកអ្នកវិនិយោគថ្មី ដោយមិនចាំបាច់រំពឹងតែលើពួកប្រទេសលោកខាងលិច ព្រោះថាបច្ចុប្បន្នប្រទេសអឺរ៉ុបមួយចំនួនធំ គឺគេ​មិនសូវជាចង់រកស៊ីជាមួយរុស្ស៊ីទេ។ ឥណ្ឌា​ជាប្រទេសកំពុងតែមានសន្ទុះខ្លាំង ហើយក៏កំពុងតែស្វែងរកមូលដ្ឋាន ដើម្បីបោះ​ទុន​រកស៊ីក្រៅប្រទេស ដើម្បីកុំឲ្យចាញ់ចិនដែរ​។ ដូច្នេះ ឥណ្ឌាអាចក្លាយជាដៃគូសេដ្ឋកិច្ចចំបង​ របស់រុស្ស៊ី។ មួយវិញទៀត ការដោះដូរពាណិជ្ជកម្មរវាងឥណ្ឌា​និងរុស្ស៊ី នៅទាបណាស់ មានត្រឹមតែ១១ពាន់លាន​ដុល្លារប៉ុណ្ណោះ កាលពីឆ្នាំ២០១៨។ ដូ​ច្នេះគេអាចបង្កើន​វាបន្ថែមទៀត​។

អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រាប់អ្នកកាសែតថា ក្នុងជំនួបរវាងលោកពូទីន និងលោក​ណារិន្ទ្រ ម៉ូឌី គឺគេនឹងនិយាយគ្នា អំពីការពង្រីកនូវការបោះទុន​វិនិយោគទៅវិញទៅមក និង​ការសហការគ្នា ក្នុងវិស័យ​ថាមពល។ ហើយបើផ្អែកតាម លោក Alexïs Kouprianov អ្នកវិភាគសេដ្ឋកិច្ចរុស្ស៊ី បានឲ្យដឹងថា កម្មវត្ថុនៃជំនួប​នេះ គឺសំណុំរឿងវិនិយោគទុនធំៗ ដែលរុស្ស៊ីចង់ឲ្យឥណ្ឌាចូលរួមបោះទុននៅ​ភាគខាងកើតរុស្ស៊ី។

ដោយឡែក លោកណារិន្ទ្រ ម៉ូឌី បាននិយាយទៅកាន់អ្នកកាសែតរុស្ស៊ីថា លោកនិងលោក​ពូទីន ស្និទស្នាលនឹងគ្នាណាស់ ពួកគាត់រាប់អានគ្នាមកយូរហើយ។ អ្នកទាំង២​មិនត្រឹមតែ​និយាយគ្នាពីបញ្ហាទំនាក់ទំនងសេដ្ឋកិច្ចទេ តែក៏នឹងនិយាយអំពីបញ្ហាបរិស្ថាន សត្វព្រៃ​ផងដែរ។ លោកម៉ូឌី បាននិយាយទាំង​ញញឹម​​ញញែមថា លោកពូទីន ស្រលាញ់ខ្លាណាស់ ហើយ​ចង់ជួយឥណ្ឌា ក្នុងការអភិរក្សការពារសត្វខ្លា។

“មិត្តចាស់ម្នាក់ ប្រសើរជាងមិត្តថ្មី២នាក់”

យើងមិនអាចភ្លេចបានទេ អំពី​ទំនាក់ទំនងយុទ្ធសាស្ត្ររបស់ឥណ្ឌា និងរុស្ស៊ី ក្នុងវិស័យយោធា។ ទំនាក់ទំនងផ្នែកយោធារវាងឥណ្ឌា​ និងរុស្ស៊ី គឺជាកេរតំណែល សល់ពីសម័យសូវៀត។ កាលពីជំនាន់នោះ សម្ភារៈសិក អាវុធ រថក្រោះ យន្តហោះចម្បាំង នាវាចម្បាំង របស់ឥណ្ឌាសឹងតែទាំងស្រុង គឺជារបស់រុស្ស៊ី។

បច្ចុប្បនេះ បើផ្អែកតាមតួលេខផ្លូវការ ​សម្ភារៈគ្រឿងសព្វាវុធរបស់កងទ័ពឥណ្ឌា ប្រមាណ​ជា៦៨% គឺជាផលិតផលរបស់រុស្ស៊ី។ ឥណ្ឌា​កំពុងតែ​ ធ្វើទំនើបកម្ម​កងទ័ពរបស់ខ្លួន ទាំងផ្លូវទឹក ផ្លូវអាកាស និងផ្លូវគោក ព្រោះថាគ្រឿងសព្វាវុធរុស្ស៊ីចាស់ៗពីមុន ចាប់ផ្តើមហួសសម័យប្រើការលែងកើតហើយ។ ឥណ្ឌា ដែលចង់ធ្វើខ្លាប្រចាំតំបន់អាស៊ីខាងត្បូង គឺត្រូវតែមានកងទ័ពទំនើប។ មានប្រទេសផ្សេងទៀត ដូចជា អាមេរិក បារាំង អង់គ្លេស ឬអ៊ីស្រាអែលជាដើម ដែលបានចូលទៅក្នុងទីផ្សារឥណ្ឌា ដើម្បីលក់គ្រឿងសព្វាវុធ។​ ត្រង់នេះហើយ បានជា​រុស្ស៊ីកំពុងព្យាយាម​​ទាញឥណ្ឌាឲ្យមកខាងខ្លួន​វិញ។

លទ្ធផលយើងឃើញថា បានជាបណ្តើបណ្តើហើយ។ នៅឆ្នាំ២០១៨ ក្រោយកិច្ចប្រជុំកំពូលឥណ្ឌា-រុស្ស៊ី ឥណ្ឌាបាន​ចុះកិច្ចសន្យា​ ទិញគ្រឿងសព្វាវុធពីរុស្ស៊ី ក្នុងតម្លៃសរុប​ប្រមាណ​១ម៉ឺនលានដុល្លារ។ ទំនិញទាំងអស់ មាន​ដូចជាឧត្ថម្ភាគចក្រប្រភេទ Ka-226T ចំនួន២០០គ្រឿងរបស់រុស្ស៊ី ​៦០គ្រឿងផលិត​នៅ​រុស្ស៊ី ហើយ​​១៦០គ្រឿងទៀត រុស្ស៊ីលើកយក​ផលិត​នៅឥណ្ឌា។ បន្ទាប់មក មាន​ប្រព័ន្ធខែលមីស៊ីល S-400 របស់រុស្ស៊ី ដែលនឹងត្រូវប្រគល់ឲ្យឥណ្ឌា នៅរវាងឆ្នាំ២០២៣។ បើតាមការប៉ាន់ស្មាន ឥណ្ឌា ក៏អាចទិញ​យន្តហោះចម្បាំង និងនាវាចម្បាំងរបស់រុស្ស៊ីបន្ថែមទៀត ហើយក៏អាចទិញ​នាវាមុជទឹកបាទសមុទ្រមួយគ្រឿង ពីរុស្ស៊ីដែរ។ បច្ចុប្បន្ននេះ ឥណ្ឌា​​មាននាវាមុជទឹកបាតសមុទ្រ​មួយគ្រឿង ដែលខ្លួនជួលពីរុស្ស៊ី​។

ដូច្នេះយើងឃើញថា ទំនាក់ទំនងយោធា រវាងឥណ្ឌា និង​ រុស្ស៊ីនៅតែមាន ហើយអាចរីកធំជាងនេះផង ទៅថ្ងៃមុខ។ កាលពី​ប៉ុន្មានឆ្នាំមុន ក្នុងសន្ទរកថាមួយនៅចំពោះមុខលោក​ពូទីន លោក ម៉ូឌី បាន​លើកឡើងនូវ​សុភាសិត​​រុស្ស៊ី​​មួយដែលថា “មិត្តចាស់ម្នាក់ ប្រសើជាងមិត្តថ្មី២នាក់”។ មានន័យថា សម្រាប់ឥណ្ឌា រុស្ស៊ីនៅតែ​ជាមិត្តចាស់ដ៏ល្អម្នាក់ និងមានទំងន់។

ឥណ្ឌាជើង២ជាន់ទូក២

តើនយោបាយការបរទេសឥណ្ឌា ក៏កំពុងតែងាកទៅរករុស្ស៊ី ច្រើនជាងទៅខាងលោកខាងលិចមែនទេ? មិនប្រាកដទាំងស្រុងទេ។ ប្រមាណ​២០ឆ្នាំចុងក្រោយនេះ ឥណ្ឌាបានសំងំកសាងខ្លួន ដោយចៀសវៀង មិន​រើស​យកភាគីខាងណាឲ្យពិតប្រាកដទេ។ ឥណ្ឌា ត្រូវការអាមេរិក ត្រូវការអឺរ៉ុប ហើយក៏ត្រូវការរុស្ស៊ី​ដែរ​។ ជាការពិត គេសង្កេតឃើញឥណ្ឌា ប្រកាន់ជំហរការទូតពេលខ្លះ ផ្អៀងទៅខាងរុស្ស៊ីមែន ព្រោះធ្លាប់ជាមិត្តចាស់។ ជាក់ស្តែងក្នុងសំណុំរឿង អន្តរាគមន៍របស់រុស្ស៊ីនៅស៊ីរី ឬក៏បញ្ហាតំបន់គ្រីម៉េអ៊ុយក្រែន។ ឥណ្ឌា​បានសម្រេច មិនចូលរួមជាក្រុមប្រទេសលោកខាងលិច ក្នុងការថ្កោលទោសរុស្ស៊ីទេ។

មួយវិញទៀត ការប្រកាន់ជំហរខ្លះរបស់ឥណ្ឌា ក៏ដោយសារឥណ្ឌា ខឹងអាមេរិក ដែលស្និទនឹង​ប៉ាគីស្ថានពេក​។ ជាក់ស្តែងការដែលឥណ្ឌា​ ទិញ​ប្រព័ន្ធខែលមីស៊ីល S-400 ពីរុស្ស៊ី មិនមែនឥណ្ឌាមិនដឹងថា នឹងធ្វើឲ្យអាមេរិក​ រករឿងខ្លួននោះទេ។ ប៉ុន្តែក្នុងករណីខ្លះ ដែលប៉ះពាល់ ដល់ប្រយោជន៍ខ្លួនវិញ គឺឥណ្ឌាមិនខ្លាចនឹងប្រកាន់ជំហរកាន់ជើងអាមេរិកទេ។ ជាក់ស្តែងទាក់ទិននឹងការវាទទីរបស់ចិន នៅតំបន់អាស៊ី។ ត្រង់ចំណុចនេះ ឥណ្ឌានៅខាងអាមេរិកជានិច្ច ដើម្បី​ប្រជែងកុំឲ្យចិនអាងយ៉ាងនៅអាស៊ី។ ទោះចង់មិនចង់ ឥណ្ឌាក៏មិនអាច ចេះតែធ្វើឲ្យអាមេរិកខឹងខ្លាំងពេកដែរ ព្រោះថាអាមេរិកអាចនឹងប្តូរគោលជំហរ ឈប់គាំទ្រ​ឥណ្ឌា ទាក់ទិននឹងបញ្ហានុយក្លេអ៊ែរ។

ហើយបើយើងសង្កេតមើលមតិសាធារណៈឥណ្ឌាវិញ គឺសង្គមឥណ្ឌា បាន​ងាកទៅរកភាពទំនើប​ហ៊ឺហារ បែបអាមេរិកច្រើនណាស់​។ អតីតកាលបែបសង្គមនិយម ដែលរុស្ស៊ីធ្លាប់មានឥទ្ធិពលទៅលើ​ឥណ្ឌា កាន់តែសាបរលាបហើយ។ អ្នកនយោបាយសង្គមនិយម ឬកុម្មុយនិស្តនៅឥណ្ឌាទៀតសោត ក៏លែងមានឥទ្ធិពល​ដែរ។ ដូច្នេះថ្នាក់ដឹកនាំឥណ្ឌា ត្រូវតែថ្លឹងថ្លែង ប្រយ័ត្នជាប្រចាំ រវាងមហាអំណាចទាំង២នេះ មិនត្រូវធ្វើឲ្យ​មានការច្រណែនឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ