ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/08 12h00 GMT

ឥណ្ឌា៖ លោកម៉ូឌី​ផ្តើម​​អាណត្តិថ្មី ជាមួយ​នឹង​ការ​បាត់បង់​នូវប្រព័ន្ធអនុគ្រោះពន្ធ​របស់អាមេរិក

ឥណ្ឌា៖ លោកម៉ូឌី​ផ្តើម​​អាណត្តិថ្មី ជាមួយ​នឹង​ការ​បាត់បង់​នូវប្រព័ន្ធអនុគ្រោះពន្ធ​របស់អាមេរិក
 
លោក ដូណាល់ ត្រាំ និង​លោក ណារិន្ទ្រា ម៉ូឌី ក្នុង​ជំនួបកំពូល​G20 ថ្ងៃទី​​៣០ វិច្ឆិកា ២០១៨ ​ក្រុង​ប៊ុយណូហ្សែរ ​ប្រទេស​អាហ្សង់ទីន​។ SAUL LOEB / AFP

លោកប្រធានាធិបតីដូណាល់ ត្រាំ បានសម្រេច កាលពីថ្ងៃសុក្រទី៣១ឧសភា ដកប្រទេស​ឥណ្ឌា ចេញពីប្រព័ន្ធអនុគ្រោះពន្ធ របស់អាមេរិក​ ចាប់ពីថ្ងៃទី៥ មិថុនា ទៅ។ នេះគឺជាដំណឹង​អាក្រក់​មួយ សម្រាប់ឥណ្ឌា  និងជាពិសេស សម្រាប់លោក ណារិន្ទ្រ ម៉ូឌី នាយករដ្ឋមន្ត្រី​​ថ្មីរបស់ឥណ្ឌា ដែលទើបតែឈ្នះឆ្នោត ក្នុងអាណត្តិទី​២ ព្រោះថា កំណើន​សេដ្ឋកិច្ចឥណ្ឌា នៅរវាងត្រីមាសចុងក្រោយ នៃឆ្នាំ២០១៨-២០១៩ កន្លងទៅនេះ​ ត្រូវបានអ្នកជំនាញ សន្និដ្ឋានថា បានធ្លាក់ចុះខ្លាំង​ គួរឲ្យព្រួយបារម្ភណាស់ទៅហើយ។

ឥណ្ឌាត្រូវអាមេរិក ដកចេញពីប្រព័ន្ធអនុគ្រោះពន្ធGSP

សេតវិមានអាមេរិក បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី​៥មិថុនា​នេះទៅ ឥណ្ឌានឹងលែងមានឈ្មោះ ក្នុងចំណោមប្រទេសដែលទទួលបានការអនុគ្រោះពន្ធអាមេរិក ទៀតហើយ។ ប្រព័ន្ធអនុគ្រោះពន្ធនេះ មានឈ្មោះថា GSP (Generalized System of Preferences) ដែលមាន​ប្រទេសប្រមាណ​ជាង​១០០ប្រទេស។ ទំនិញមួយភាគធំ នៃប្រទេសទាំងនេះ អាចនាំ​ចូលទៅលក់នៅអាមេរិក ដោយមិនចាំបាច់បង់ពន្ធទេ។

នៅក្នុងលិខិតប្រកាស របស់សេតវិមាន លោកដូណាល់ ត្រាំ បានលើកឡើងថា៖ ឥណ្ឌា​មិនបានរៀបចំធានាឲ្យផលិតផល​អាមេរិក អាចជ្រៀតចូលក្នុងទីផ្សារឥណ្ឌា ឲ្យបានស្មើភាព និងសមរម្យនោះទេ។ ដូច្នេះអាមេរិក សូមដកឥណ្ឌាចេញពីប្រព័ន្ធអនុគ្រោះពន្ធ ចាប់ពីថ្ងៃទី​៥​មិថុនា។ បើយោងតាមតួលេខផ្លូវការ របស់ក្រសួងពាណិជ្ជកម្មអាមេរិក ជញ្ជីងពាណិជ្ជកម្មរវាងឥណ្ឌា និងអាមេរិក គឺផ្អៀងខ្លាំងទៅខាងឥណ្ឌា ​ដែលគិត​ជាទឹកប្រាក់​ ប្រមាណ​២៦៧០០លានដុល្លារអាមេរិក។

សម្រាប់ឥណ្ឌា នេះគឺជាដំណឹងអាក្រក់ខ្លាំងណាស់ ព្រោះថា សហរដ្ឋអាមេរិក គឺជាទីផ្សារធំជាងគេ​បង្អស់ នៃការនាំចេញរបស់ឥណ្ឌា។ ក្នុងមួយឆ្នាំ ឥណ្ឌា នាំចេញទៅអាមេរិក មានទំហំទឹកប្រាក់ ជាមធ្យម ៤ម៉ឺនលានដុល្លារ។ ហើយ​ក្នុងឆ្នាំ២០១៧កន្លងទៅ មានទំនិញឥណ្ឌាគិតជាទឹកប្រាក់ ប្រមាណ៥៧០០លានដុល្លារអាមេរិក ដែលឥណ្ឌាបាននាំចេញ នៅ​ក្នុងក្របខណ្ឌនៃប្រព័ន្ធអនុគ្រោះពន្ធ GSPនេះ។ នេះបើយោងតាមតួលេខផ្លូវការ របស់សភាខុនហ្រ្កេស របស់អាមេរិក។

តាមពិតទៅ លោកដូណាល់ ត្រាំ ធ្លាប់បានលើកឡើង កាលពីខែមីនា កន្លងទៅ ថាគាត់ចង់ដកឥណ្ឌា និងតួកគី ចេញពីប្រព័ន្ធអនុគ្រោះពន្ធ ដើម្បីកុំឲ្យអាមេរិក បាត់ចំណូលពន្ធច្រើនពេក។ ឥឡូវពេលនេះ លោកដូណាល់ ត្រាំ ធ្វើមែនជាមួយឥណ្ឌា នៅតែជាមួយតួកគីទេ ដែលមិនទាន់ដឹងថា ដកចាប់ពីថ្ងៃណាទៅ។

សមរភូមិ​សង្រ្គាមពាណិជ្ជកម្ម ថ្មីមួយទៀត?

មកត្រឹមពេលនេះ រដ្ឋាភិបាលឥណ្ឌា នៅមិនទាន់មានប្រតិកម្មអ្វី ជាផ្លូវការនៅឡើយទេ។ ចង់មិនចង់ ការសម្រេចរបស់រដ្ឋាភិបាលអាមេរិកនេះ គឺប្រៀបបីដូចជាការ​សម្រេចដាក់ពិន័យ ដាក់ទណ្ឌកម្ម​មកលើឥណ្ឌាដូច្នោះដែរ។ បញ្ហានេះ វាអាចរីករាលដាល ក្លាយជាសង្រ្គាមពាណិជ្ជកម្ម ទៅថ្ងៃខាងមុខ រវាង ឥណ្ឌា និង អាមេរិក។ សង្រ្គាមពាណិជ្ជកម្ម​ ដែលលោកដូណាល់ ត្រាំ បានដើរបញ្ឆេះជាមួយដៃគូរជាច្រើន រួចទៅហើយ ដូចជាជាមួយចិន និងជាមួយសហភាពអឺរ៉ុបជាដើម។

យ៉ាងណាមិញ បើតាមការចុះផ្សាយខ្លះៗ របស់បណ្តាញព័ត៌មានឥណ្ឌា បានឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌា មានបំណង ដំឡើងពន្ធបន្ថែម ទៅលើផលិតរបស់អាមេរិក ប្រមាណជា២០មុខ។ ក្នុងនោះ មានដូចជាផលិតផល​សារធាតុគីមី និងផលិតកសិកម្មជាដើម។ ដូច្នេះ បើឥណ្ឌា ហ៊ានសម្រេចដំឡើងពន្ធលើផលិតផលអាមេរិកមែន អាមេរិក ក៏អាចដំឡើងពន្ធលើផលិតផលឥណ្ឌាវិញដែរ។

កំណើនសេដ្ឋកិច្ចឥណ្ឌា​ធ្លាក់ចុះ

ដំណឹងអាក្រក់ ដែលត្រូវបាន​ប្រកាសដោយ​រដ្ឋាភិបាលអាមេរិកនេះ បានមកបន្ថែមពីលើដំណឹងមួយទៀត ទាក់ទិននឹងការចុះខ្សោយខ្លាំង នៃកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌា។ ឥណ្ឌា ធ្លាប់ត្រូវបានគេចាត់ទុកថា ជាប្រទេសមួយ ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនរហ័សជាងគេ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍។​ ទិនផលដុលក្នុងស្រុកសរុប នៅឆ្នាំ២០១៧កន្លងទៅ ឥណ្ឌាមាន​ដល់ទៅជាង២៥សែនលានដុល្លារ ហើយក្លាយជាប្រទេសសេដ្ឋកិច្ចនាំមុខលំដាប់ទី៦ រុញបារាំង ឲ្យធ្លាក់​មកលំដាប់ទី​៧។

ក៏ប៉ុន្តែ ក្នុងឆ្នាំ២០១៨-២០១៩ គេសង្កេតឃើញ សេដ្ឋកិច្ចឥណ្ឌា មានសន្ទុះធ្លាក់ចុះ។ នៅរវាងត្រីមាសចុងក្រោយ ពីខែមករា ដល់ខែ មីនា កំណើនសេដ្ឋកិច្ចឥណ្ឌា មានត្រឹមតែ ៥,៨%ទេ ខណៈដែលត្រីមាសទី៣ ពីខែតុលា ដល់ខែធ្នូ កំណើនសេដ្ឋកិច្ចមានចំនួន​៦,៦%។ យោងតាមគេហទំព័រ Bloomberg កំណើនសេដ្ឋកិច្ចឥណ្ឌា ក្នុងត្រីមាសទី៤ បានកើនឡើងទាបជាងការរំពឹងទុក ដែលគេសង្ឃឹមថាបាន​៦,៣%។ បើតាមតួលេខស្ថិតិ​ផ្លូវការរបស់ឥណ្ឌា ក្នុងឆ្នាំ២០១៨-២០១៩ កំណើនសេដ្ឋកិច្ចឥណ្ឌា មានកំរិតជាមធ្យម ៦,៨%។

ក​ម្រិតនេះ គឺទាបណាស់ មិនទាន់គ្រប់តាមតំរូវការជាក់ស្តែង របស់ឥណ្ឌាទេ។ យោងតាមអ្នកជំនាញវិភាគសេដ្ឋកិច្ច ឥណ្ឌាត្រូវការ ឲ្យមានកំណើនសេដ្ឋកិច្ចយ៉ាងហោច ៨% ទើបអាចទាញសេដ្ឋកិច្ចឲ្យដើរទៅមានមានសន្ទុះវិជ្ជមានបាន។ បើកំណើនទាបជាងនេះ មានន័យថា សេដ្ឋកិច្ចឥណ្ឌា មានកំរិតវិនិយោគទាប ហើយមិនអាចបង្កើតការងារថ្មី ផ្តល់ទៅឲ្យយុវជនពេញវ័យក្មេង​ ដែលទើប​តែ​ឈានជើង​​ ចូលក្នុងទីផ្សារការងារបានទេ។

ប្រជាជនឥណ្ឌាច្រើនណាស់។ ក្នុងមួយខែ មានយុវជនវ័យក្មេង ប្រហែល១លាននាក់បន្ថែម ដែលឈានជើងចូលមកក្នុងទីផ្សារការងារ។​ ដូច្នេះបើគ្មានការងារធ្វើគ្រប់គ្រាន់ អ្នកអត់ការងារធ្វើ អាចកើនឡើង យ៉ាងលឿនរាប់លាននាក់ តែក្នុងមួយប៉ព្រិចភ្នែក។ យ៉ាងណាមិញ យោងតាមតួលេខផ្លូវការ របស់រដ្ឋាភិបាលឥណ្ឌា ក្នុងឆ្នាំ២០១៧-២០១៨ ចំនួនអ្នកអត់ការងារធ្វើ មានប្រហែលជាង​៦,១%​ដែលចំនួននេះ ជាចំនួនខ្ពស់បំផុត ប្រមាណ៤៥ឆ្នាំមកនេះ។ តួលេខនេះ រដ្ឋាភិបាល របស់លោកណារិន្ទ្រ ម៉ូឌី បានលាក់ មិនបញ្ចេញឲ្យប្រជាជន​ដឹងទេ មុននឹង​ត្រូវបានមន្ត្រីមិនបញ្ចេញឈ្មោះ បានទំលាយប្រាប់បណ្តាញព័ត៌មានឥណ្ឌា។

សង្ឃឹមថា​អាណត្តិទី២ និងប្រសើរជាងអាណត្តិមុន

លោក Ashutosh Datar សេដ្ឋកិច្ចវិទូ នៅទីក្រុងបុបបេ បានលើកឡើងថា លោកសង្ឃឹម​ថា ការចុះថយខ្លាំង នៃកំណើនសេដ្ឋកិច្ចនេះ នឹងចាប់បង្ខំ ឲ្យលោកណារិន្ទ្រ ម៉ូឌី ​ចាប់ផ្តើម​ធ្វើ​កំណែទម្រង់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងកសិកម្ម ឲ្យបានប្រសើរឡើង។ បញ្ហាបង្កើត​ការងារធ្វើឲ្យបានគ្រប់គ្រាន់ ក៏ត្រូវតែជា​អាទិភាពដែរ។

ជាការពិត​ ដំណោះស្រាយ​លើ​បញ្ហាទាំងអស់នេះ គឺលោក ណារិន្ទ្រ ម៉ូឌី បានសន្យាកាលពីអាណត្តិមុន ក៏ប៉ុន្តែ បែរជាមិនបានយកចិត្តទុកដាក់ទៅវិញ នៅក្រោយពេលជាប់ឆ្នោត។ គេសង្ឃឹមថា អាណតិ្តទី២នេះ លោកម៉ូឌី នឹងដឹកនាំប្រទេសជាមួយនឹងកម្មវិធីកំណែទម្រង់សេដ្ឋកិច្ច ការធ្វើទំនើបកម្ម​កសិកម្ម និងទំនើបកម្មឧស្សាហកម្ម ឲ្យបានត្រឹមត្រូវ ជាជាង​ចំណាយពេលឃោសនា តែពីរឿងព្រំដែន ពីរឿងសាសនា ឬក៏ការប្រកាន់ពូជសាសន៍ ដែលគ្មានបាន​ផលអ្វី ក្រៅតែពីពន្យុះមនុស្សឲ្យឈ្លោះគ្នា​៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ