អានតួអត្ថបទ

ឥណ្ឌូណេស៊ី៖ បាតុកម្ម​ហិង្សា​ទាមទារ​ឯករាជ្យ ផ្ទុះឡើង​​កាន់តែ​ខ្លាំង នៅ​ខេត្ត​ប៉ាពូអាស៊ី

ប្រមាណជិត២សប្តាហ៍មកហើយ ដែលអំពើហិង្សាបានផ្ទុះឡើង នៅខេត្តប៉ាពូអាស៊ី របស់ឥណ្ឌូណេស៊ី។ ប្រជាជនម្ចាស់ស្រុក ជនជាតិប៉ាពូ បានធ្វើបាតុកម្ម​តវ៉ា ប្រឆាំងនឹងអាជ្ញាធរឥណ្ឌូណេស៊ី រហូត​ឈានទៅដល់ ការដុតបំផ្លាញ​អាគារសាធារណៈ និងឯកជន ជាច្រើនកន្លែង នៅរវាងថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍កន្លងមកនេះ។​ ជនជាតិប៉ាពូ កាន់តែច្រើន បានចូលរួមធ្វើបាតុកម្ម ទាមទារឯករាជ្យ ផ្តាច់ខ្លួនចេញពីឥណ្ឌូណេស៊ី។

បាតុកម្មទាមទារឯករាជ្យ​នៅទីក្រុង​ Jayapura ខេត្តប៉ាពូ របស់ឥណ្ឌូណេស៊ី ថ្ងៃទី​២៩ សីហា ២០១៩
បាតុកម្មទាមទារឯករាជ្យ​នៅទីក្រុង​ Jayapura ខេត្តប៉ាពូ របស់ឥណ្ឌូណេស៊ី ថ្ងៃទី​២៩ សីហា ២០១៩ Antara Foto/Dian Kandipi/ via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅទីក្រុងJayapura ទីក្រុងធំរបស់ខេត្តប៉ាពូអាស៊ី មានបាតុកររាប់រយនាក់ បានធ្វើបាតុកម្ម បង្កអគ្គីភ័យ ដុតអាគារជាច្រើនកន្លែង ក្នុងនោះ មានអាគារសភាតំបន់ អាគារក្រុមហ៊ុនទូរគមនាគមន៍ និងបានយកដុំថ្មគប់បំផ្លាញ​អាគារសណ្ឋាគារ មួយចំនួនផង។ នេះបើតាមការផ្តល់ព័ត៌មាន ពីអ្នកកាសែតនៅផ្ទាល់ទីនោះ។

អ្នកនាំពាក្យនគរបាលជាតិឥណ្ឌូណេស៊ី បាន​បញ្ជាក់ថា ក្រុម​បាតុករហិង្សា បានដុតបំផ្លាញអាគារជាច្រើនកន្លែង ហើយសមត្ថកិច្ច កំពុងតែព្យាយាមបង្រ្កាប។ ដោយឡែក ក្រុមហ៊ុនជាតិផ្គត់ផ្គង់អគ្គិសនី បាន​ប្រាប់ថា បាតុកម្ម​ហិង្សាដុតបំផ្លាញនេះ បានបង្កឲ្យដាច់ចរន្តអគ្គិសនី ក្នុងក្រុង Jayapura។

គួរកត់សំគាល់ថា ក្រៅពីនៅទីក្រុងJayapura ដែលមានប្រជាជនរស់នៅប្រមាណ​៣សែននាក់នេះ បាតុកម្មហិង្សាក៏មាននៅតាម​ទីប្រជុំជនផ្សេងទៀតដែរ ដូចជានៅតំបន់ Deiyai ដែលការប្រឈមមុខដាក់គ្នា រវាងបាតុករប៉ាពូ និងទាហានឥណ្ឌូណេស៊ី បានបង្កឲ្យស្លាប់ទាហានម្នាក់ និងបាតុករ២នាក់។ សមត្ថកិច្ចឥណ្ឌូណេស៊ី បានលើកឡើងថា ក្រុមបាតុករជនជាតិភាគតិចប៉ាពូ បានប្រើកាំបិត និងព្រួញបាញ់មកលើសមត្ថកិច្ច។

សូមរំលឹកថា កំហឹងរបស់​ប្រជាជនប៉ាពូ ដែលទាមទារឯករាជ្យនេះ បានផ្ទុះឡើង បន្ទាប់ពី​ថ្ងៃទី​១៧សីហា មានករណីចាប់ឃាត់ខ្លួននិស្សិតជនជាតិប៉ាពូ ប្រមាណ​៤៣នាក់ នៅឯក្រុង ស៊ូរ៉ាបាយ៉ា លើកោះហ្សាវ៉ា។ និស្សិតទាំង៤៣នាក់ ត្រូវបានគេចោទថាបានធ្វើបាតុកម្ម ដុតទង់ជាតិឥណ្ឌូណេស៊ី។ ក្រោយពេល​នរបាលដោះលែងមកវិញ ក្រុមនិស្សិតជនជាតិប៉ាពូទាំង៤៣ ត្រូវបាន​ប្រជាជនឥណ្ឌូណេស៊ី ធ្វើបាតុកម្មជេរប្រមាថ មើលងាយ ប្រៀបប្រដូចទៅនឹងមនុស្សព្រៃ ថាមាន​រូបរាងដូចសត្វស្វា ឬដូចសត្វឆ្កែជាដើម។

ការប្រមាថមើលងាយទាំងនេះ​ ក៏បានបញ្ឆេះឲ្យមានកំហិងតវ៉ា នៅឯខេត្តប៉ាពូអាហ្ស៊ី របស់ឥណ្ឌូណេស៊ី ដែលមានប្រជាជនប៉ាពូរស់នៅភាគច្រើន។ គំនិតចង់បាន​ឯករាជ្យបានផុសឡើងកាន់តែខ្លាំង។ ជាងមួយសប្តាហ៍មកនេះ អាជ្ញាធរងឥណ្ឌូណេស៊ី បាន​បិទខ្ទប់​បណ្តាញ​អ៊ីនធើនែត និងទូរស័ព្ទចល័ត នៅខេត្តប៉ាពូអាស៊ី ដែលប្រការនេះបានបង្ករឲ្យមានការលំបាកខ្លាំងក្នុងការទំនាក់ទំនងយកព័ត៌មានពិតជាក់ស្តែង។

សូមបញ្ជាក់ថា ខេត្តប៉ាពូអាស៊ី ដែលសំបូរទៅដោយភោគផលធម្មជាតិនេះ គឺជាផ្នែកភាគ​ខាងលិច នៃកោះនូវែលហ្គីណេ ដែលឥណ្ឌូណេស៊ី បានលើកទ័ពចូលទៅគ្រប់គ្រង នៅឆ្នាំ១៩៦៣។ ចំណែក​ផ្នែកខាងកើតនៃកោះ នូវែលហ្គីណេ ដែលធ្លាប់ស្ថិតក្រោម​ការគ្រប់គ្រងរបស់អូស្ត្រាលី បានទទួលឯករាជ្យពីអូស្ត្រាលី កាលពីឆ្នាំ១៩៧៥។ ប្រជាជនប៉ាពូនៅផ្នែកខាងលិច នៅតែចងចិត្តស្រម៉ៃចង់បានឯករាជ្យ ផ្តាច់ខ្លូនចេញពីឥណ្ឌូណេស៊ី នៅថ្ងៃណាមួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ