អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឥទ្ធិពល​របស់ចិន ក្នុង​ជម្លោះ​ជនជាតិ​ភាគតិច និង​ការ​កសាង​សន្តិភាព​នៅភូមា

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ថ្ងៃទី​១៧​ សីហា ​លោកស្រី​អ៊ុងសាន សូជី ​បាន​អញ្ជើញ​ទៅធ្វើ​ទស្សនកិច្ច​ រយៈពេល​៣ថ្ងៃ​នៅក្នុង​ប្រទេស​ចិន។ នេះ​គឺ​ជា​ដំណើរ​ទស្សនៈកិច្ច​ក្រៅ​ប្រទេស​ជា​លើក​ទីមួយ ​ក្រោយ​ពេល​ដែល​គណបក្ស​របស់​លោកស្រី ​បាន​ឡើង​កាន់​អំណាច​នៅ​ភូមា។ ​លោកស្រី ​បាន​ជ្រើសរើស​យក​ប្រទេស​ចិន​ ដែល​ជា​មហាអំណាច​តំបន់​ឥត​ប្រកែក​បាន។​ កម្មវត្ថុ​ចំបង​ របស់​រដ្ឋាភិបា​ល​ថ្មី​ភូមា​ គឺ​បញ្ចប់​ជម្លោះ​ជាមួយ​ក្រុម​ជនជាតិ​ភាគតិច​ ដើម្បី​កសាង​សន្តិភាព​​ ហើយ​លោកស្រី​អ៊ុងសាន ​ស៊ូជី ​ដឹង​យ៉ាង​ច្បាស់​ អំពី​ឥទ្ធិពល​របស់​ចិន​ ទៅលើ​ក្រុម​ឧទ្ទាម​ភាគ​តិច​ភូមា​មួយ​ចំនួន។ ​ទោះ​យ៉ាងណា​ នេះ​គ្រាន់តែ​ជា​ចំណុច​ចាប់​ផ្តើម ​​នៃ​ការ​ដោះស្រាយ​ជម្លោះ​ជាតិសាសន៍ ​ដែល​មាន​នៅ​រ៉ាំរ៉ៃ ​រាប់ទសវត្ស​មកហើយ ​ក្នុង​ដែនដី​ព្រៃភ្នំ​ដ៏ធំ ​របស់​ភូមា។

លោកស្រី Aung San Suu Kyi ទទួលស្វាគមន៍​ដោយ​លោក​ប្រធានាធិបតី​​ចិន​ Xi Jinping ថ្ងៃទី​១៩ សីហា ២០១៦
លោកស្រី Aung San Suu Kyi ទទួលស្វាគមន៍​ដោយ​លោក​ប្រធានាធិបតី​​ចិន​ Xi Jinping ថ្ងៃទី​១៩ សីហា ២០១៦ REUTERS/Rolex Dela Pena/Pool
ផ្សាយពាណិជ្ជកម្ម

វា​មិនមែន​ជារឿង​ចៃដន្យ​ទេ ​ដែល​លោកស្រី​អ៊ុងសាន ​ស៊ូជី ​បាន​ជ្រើសរើស ​ប្រទេស​ចិន​ ​ជា​គោលដៅ​នៃ​ការ​ធ្វើ​ទស្សនៈកិច្ច​ ក្រៅ​ប្រទេស​លើកទី​មួយ​របស់​លោកស្រី។ គ្រប់គ្នា​ ធ្លាប់​បាន​សង្ស័យ​ថា ​លោកស្រី​ប្រាដក ​ជាធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​តំបូង​គេ ​តែទី​បំផុត​ គឺចិន​ ទៅ​វិញ​ទេ​ ដែល​ត្រូវ​ក្រាល​ព្រំ​ក្រហម​ទទួល​លោកស្រី ​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​។ ចំណែក​សហរដ្ឋ​អាមេរិក ​​លោកស្រី​មាន​គម្រោង​នឹង​ទៅ​ ក្នុង​ខែ​កញ្ញា​ខាង​មុខ​នេះ។

 
ទស្សនៈកិច្ច​នេះ ​គឺ​បង្ហាញ​យ៉ាងច្បាស់ ​ពី​ឆន្ទៈ​របស់​លោកស្រី​អ៊ុងសាន ស៊ូជី ​ក្នុងការ​ស្តារ​ទំនាក់ទំនង​រវាងចិន​និង​ភូមា ​ឲ្យល្អ​ប្រសើរ​ឡើងវិញ។ គេ​នៅ​ចាំ​យ៉ាង​ច្បាស់ ​ថា​ ចិន​និង​ភូមា ​បាន​សម្លឹង​សម្លក់​គ្នា ​ដើមភ្នែក​ចុងភ្នែក​ បន្ទាប់​ពី​របប​យោធា​ផ្តាច់ការ​ភូមា ​បាន​សុខចិត្ត​ទំលាក់​អាវុធ ​ទទួល​យក​លទ្ធិប្រជាធិតេយ្យ ​នាំមក​ដោយ​​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ​របស់​លោកស្រី​អ៊ុងសាន ស៊ូជី។

ចិន ​ មិត្ត​របស់​របប​យោធាផង​ ជួយ​ក្រុម​ជនជាតិ​ភាគតិច​ផង៖
អស់រយៈ​ពេល​ជាង​កន្លះសតវត្ស​ ដែល​ភូមា​នៅ​ឯកោ ​លើឆាក​អន្តរជាតិ​ដោយសារ​តែ​របប​យោធា​ផ្តាច់ការ​ មានតែ​ចិន​កុម្មុយនីស្តិ​ម្នាក់​គត់​ ដែល​មាន​ចំណង​ស្អិត​រមួត​ ជាមួយ​របប​យោធា​ភូមា។ ហើយ​មិនមែន​តែ​ជាមួយ​ក្រុម​យោធា​ភូមា​ទេ ​គឺ​ចិន​បាន​បន្ត​មាន​ទំនាក់ទំនង ​មិន​ថា​នយោបាយ​ រឺ​ពាណិជ្ជកម្ម ​ជាមួយ​នឹង​សហគម​ជនជាតិ​ភាគតិច​ជាច្រើន ​នៅ​ភាគ​ខាង​ជើង​ភូមា​ ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​ចិន។ នរណាក៏​ដឹង​ដែរ​ថា ​ចិន​បាន​គាំទ្រ​រដ្ឋាភិបាល​យោ​ផង​ គាំទ្រ​ក្រុម​ជនជាតិ​ភាគ​តិច​ផង​ ទាំង​ដឹង​ថា​ ក្រុមទាំង​អស់​នេះ​ ប្រយុទ្ធ​គ្នា​ ទៅវិញ​ទៅ​មក​យ៉ាង​សកម្ម។ នយោបាយ​ជើង​មួយ​ជាន់ទូក​មួយ​រយ​ របស់​ចិន​នេះ ​គឺគ្មាន​អ្វី​ចំលែក​ទេ ​ព្រោះចិន​មិន​ខ្វល់​ពី​តំលៃ ​និង​ផល​ប៉ះពាល់​យូរអង្វែង​ទេ ​សំខាន់​គឺ​ផល​ប្រយោជន៍​ជាក់ស្តែង ​ភ្លាមៗ​តែ​ប៉ុណ្ណោះ។

ការ​ផ្សះផ្សារ​សន្តិភាព​រវាង​អំណាច​កណ្តាល​ ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ថ្មី​ភូមា ​ជាមួយ​នឹង​ជនជាតិ​ភាគ​តិច​ គឺ​ជា​គន្លិះ​ធំ​បំផុត​ នៃ​ការ​កសាង​អភិវឌ្ឍន៍​ភូមា។ ជាមួយ​នឹង​ផ្ទៃ​ដី​ប្រមាណ​ជិត​ ៦៨ ម៉ឺន​ គីឡូម៉ែត្រ​ក្រឡា ​និង​ប្រជាជន​សរុប​ ជិត​៥៥​លាន​នាក់ ​ភូមា​មាន​ជនជាតិ​ភាគតិច​ ដល់ទៅជិត​១៣០​ជនជាតិ​ផ្សេងៗគ្នា​ ហើយ​ដែល​ភាគច្រើន​រស់នៅ​តាម​តំបន់ភ្នំ ​ក្បែរ​ព្រំដែន​ ជាប់​ប្រទេស​​ថៃ​ ឡាវ​​ ចិន ​ឥណ្ឌា ​និង​បង់ក្លាដែស។​

ក្នុង​ចំណោម ​ជនជាតិ​ភាគតិច​ ដែល​តស៊ូ​ប្រយុទ្ធ​នឹង​កងទ័ព​រដ្ឋាភិបាល​ភូមា ​សកម្ម​ជាងគេ ​គឺ​មាន​៣ធំៗ ​គឺ​ក្រុម​ជនជាតិ​ហ្សាន ​ក្រុម​ជនជាតិ​វ៉ា ​និង​ក្រុម​ជនជាតិ​កាហ្ស៊ីន។ ក្រុម​ទាំង​៣​នេះ ​សុទ្ធ​តែ​មាន​ដែនដី ​នៅ​ជាប់​ព្រំដែន​ចិន​ ហើយ ​ជា​ដែនដី​ដ៏​ធំទៀតផង​សម្រាប់​ភូមា។​​ បើទោះបី​កន្លង​មក​ មាន​សារព័ត៌មាន​អន្តរជាតិ​ខ្លះ ​បាន​លើកឡើង​ថា​ ចិន​ បាន​លួច​ផ្គត់ផ្គង់​អាវុធ ​ឲ្យទៅ​ក្រុម​ជនជាតិ​ភាគតិច​នៅ​ភាគ​ខាង​ជើង​ភូមា ​តែ​យ៉ាងណា ​គេ​គ្មាន​ភស្តុតាង​ជាក់​លាក់​ទេ។ ក៏​ប៉ុន្តែអ្វី​ដែល​មិន​អាច​ប្រកែក​បាន​ គឺ​ចិន​ គឺ​ជា​ច្រក​ចេញចូល​តែមួយ​របស់​សេដ្ឋកិច្ច​នៃ​ជនជាតិ​ភាគតិច​ ជា​ពិសេស​ដែនដី​ទាំងបី​ខាង​លើ ​ហ្សាន ​វ៉ា​ និង​កាហ្ស៊ីន។

ជំនួញ​ខុសច្បាប់​គ្រប់​ប្រភេទ ​ចិន​ជាអ្នក​រកស៊ី​ជាមួយ​ឧទ្ទាម​ជនជាតិ​ភាគតិច៖
ភូមា​ ប្រទេស​ធំ​បំផុត​ទីពីរ​ លើ​លោក​បន្ទាប់​ពី​អាហ្វហ្កានីស្ថាន ​ដែល​ផលិត​អាភៀន។ តំបន់​ផលិត​អាភៀន​នៅ​ភូមា ​ស្ទើរតែ​ទាំងស្រុង ​គឺ​ស្ថិត​ក្នុងដៃ ​របស់​ក្រុមជន​ជាតិ​ភាគតិច​ នៅ​ភាគ​ខាង​ជើង។ អាភៀន ​គឺ​ជា​ប្រភព​ចំណូល​សំខាន់​បំផុត ​របស់​ពួកគេ។ ការ​ជួញដូរ​ អាភៀន​ស្រស់ ​និង​អាភៀន​កែច្នៃ ​គឺ​ធ្វើឡើង​រវាង​ក្រុម​ជនជាតិ​ភាគ​តិច​ តំបន់​ វ៉ា ​ជាមួយ​និង​ឈ្មួញចិន ​ដែល​ញញឹម​ទទួល​ដៃពីរ​ បើក​ព្រំដែន​ឲ្យ​ចេញចូល​ដោយ​សេរី​ ដោយ​មាន​ការ​ឃុបឃិត ​ដោយ​ចំហរ​ពី​អាជ្ញាធរ​ចិន។

នៅ​តំបន់​ផ្សេងទៀត​ ដូច​ជា​តំបន់​ហ្សាន ​និង​កាហ្ស៊ីន ​គឺ​ជា​ជង្រុក​នៃ​ធនធាន​រ៉ៃមាស ​រ៉ែត្បូង​មាន​តំលៃ ​ថ្លើមថ្ម ​រី​ហៅថា​ចាដ ​និង​ជាពិសេស ​គឺព្រៃ​ឈើ​ប្រណិត​ និង​កម្រ​ ដែលជា​​សេចក្តី​ត្រូវការ​របស់​អ្នក​ជំនួញ​ចិន។ ការ​ជួញដូរ​រត់​ពន្ធ​ខុសច្បាប់ ​នូវ​សម្បត្តិ​ធម្មជាតិ​ទាំងនេះ ​គឺ​ក្រុម​ជនជាតិ​ភាគ​តិច​ ធ្វើតែ​ជាមួយ​ចិន​តែ​ម្នាក់​គត់។

ក្រុម​ឧទ្ទាម​ទ័ពព្រៃ ​នៃ​ជនជាតិ​ភាគតិច​ ដែល​ព្យាយាម​តស៊ូ​ ប្រយុទ្ធ​ជាមួយ​រដ្ឋាភិបាល​ភូមា​រាប់សិប​ឆ្នាំ​មក​នេះ ​គឺ​គ្មាន​អ្វី​ក្រៅ​ពី​ចង់​ការពារ​ផលប្រយោជន៍ ​បាន​មក​ពី​ជំនួញ​ផ្លូវកាត់​ ជាមួយ​នឹង​ចិននេះ​ទេ។ គឺប្រាក់​ដែល​បាន​មក​ពី​ការ​ជួញដូរ​អាភៀន ​រ៉ែត្បូង ​ថ្លើមថ្ម ​និង​ឈើ​ប្រណីត​ ទាំង​អស់​នេះហើយ ​ដែល​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច ​យក​ទៅ​ទិញ​អាវុធ។ ហើយ​អាវុធ​នោះ ​គឺ​គ្មាន​នរណា​ផ្សេង​ ក្រៅពី​ចិន​ទេ ​ជា​អ្នក​លក់។ ចិន​មាន​ឥទ្ធិពល ​ទៅលើ​ក្រុម​ទាំងអស់​នេះ​ ព្រោះ​ចិន​ជា​ដង្ហើម​សេដ្ឋកិច្ច​ សម្រាប់​ពួកគេ។ បិទ​ច្រក​ចេញចូល ​នៃ​ការ​ជួញដូរ​ធនធាន​ធម្មជាតិ ​ជាមួយ​ភូមា ​គឺប្រៀប​បាន​នឹង​ផ្កាប់ឆ្នាំង​បាយ​របស់​របស់​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច។

ប្រើ​ឥទ្ធិពលចិន ​ដើម្បី​អូស​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច ​ឲ្យចរចា៖
កម្មវត្ថុ​របស់​ទស្សនៈកិច្ច​លោកស្រី ​អ៊ុងសាន ស៊ូជី ​នៅ​ចិន​ គឺ​ដើម្បី​ទទួល​បាន​ការ​សន្យាពី​ចិន​ ក្នុងការ​ជួយ​ធ្វើ​យ៉ាងណា ​ប្រើ​ឥទ្ធិពល​ខ្លួន​រុញ​ក្រុម​ជនជាតិ​ភាគ​តិច​ ឲ្យចូល​តុ​ចរចា​សន្តិភាព។ តាមការ​គ្រោងទុក​ រដ្ឋាភិបាល​ភូមា ​នឹង​រៀបចំ​វេទិកា​សន្និសីទ​ជជែក​មួយ ​រវាង​រដ្ឋាភិបាល ​និង​តំណាង​ក្រុម​ជនជាតិ​ភាគតិច​ទាំងអស់ ​ នៅ​ក្រុង​ប៉ាងឡុង ​​នៅថ្ងៃ​ទី​៣១​ សីហា ​ឆាប់​នេះ។

ដូចការ​រំពឹង​ទុក ​លោក​ស៊ី ជីនពីង​ ប្រធានាធិបតី​ចិន​ បាន​សន្យា​ជួយ​ភូមា​ ក្នុង​បញ្ហា​នេះ។ កាល​ពី​ខែ​កក្កដា ​ចិនធ្លាប់​បាន​បញ្ជូន​អ្នក​សម្រប​សម្រួល​ខ្លួន ​ទៅកាន់​តំបន់​កាហ្ស៊ីន ​រួច​ទៅ​ហើយ ​ដើម្បី​បញ្ចុះ​បញ្ចូល​ឲ្យព្រម​ចរចា។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​រដ្ឋាភិបាល​ចិន​ បាន​ប្រគល់​ប្រាក់​ចំនួន​៣លាន​ដុល្លារ ​ដោយ​សំងាត់ ​ទៅដល់​រដ្ឋាភិបាល​ភូមា ​ដើម្បី​ចាត់ចែង​ដំណើរការ​ចរចា​សន្តិចភាព។

ការផ្លាស់ប្តូរ​ នយោបាយ​របស់ចិន​នា​ពេលនេះ ​គឺ​ដោយសារ​តែ​ចិន​គ្មាន​ជម្រើស​អ្វី​ផ្សេង​ទេ។ ឧិកាស​មាស ​រកស៊ី​ផ្លូវកាត់ ​ដោយ​ខុសច្បាប់​ជាមួយ​ក្រុម​ជនជាតិ​ភាគ​តិច​ដោយ​ផ្ទាល់​ កាលពី​អតីតកាល​ ត្រូវ​ចប់​ហើយ​នៅពេល​នេះ។ ក្នុង​នាម​ជា​មហាអំណាច​នយោបាយ​ និង​សេដ្ឋកិច្ច​តំបន់​ ចិន​ ត្រូវ​រក្សា​កិត្តិយស​ខ្លួន ​ហើយ​គាំទ្រ​ដល់​ការ​កសាង​សន្តិភាព​របស់​ភូមា។ ភូមា​ មាន​សន្តិភាព ​ចិន ​ក៏នឹង​មាន​ប្រយោជន៍​ដែរ។ គឺ​ប្រយោជន៍​ធំមួយ​បែប​ទៀត។

ដើម្បី​ពង្រីក​ឥទ្ធិពល​នយោបាយ​ និង​សេដ្ឋកិច្ច ​ចិន​ត្រូវ​ការធានា​ស្ថិរភាព​តំបន់។ បើ​សិនជា​មាន​​ជម្លោះ​យោធា ​ផ្ទុះឡើង​នៅ​ក្នុង​ភូមា ​តាម​បណ្តោយ​ព្រំដែន​ចិន​ គឺ​វាគ្មាន​ប្រយោជន៍​អ្វី​សម្រាប់​ចិន​ទេ​ គឺ​មាន​តែខាត។ ខាត​ព្រោះចិន ​បាត់បង់​ឱកាស​រកស៊ី ​មិន​ថា​ផ្លូវ​ស្របច្បាប់​ រឺ​ផ្លូវ​ងងឹត។

ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ៖
ប្រយោជន៍​បែបថ្មី ​សម្រាប់ចិន​នោះ ​គឺ​ស្ថិត​ក្នុង​គោល​គំនិត​ ត្រីវិស័យ​របស់​ចិន ​ដែល​ចង់​ស្ថាបនា​ផ្លូវ​សូត្រ ​សម័យ​ថ្មី​របស់​ខ្លួន។ ចិន​មាន​គម្រោង​ កសាង​បំពង់​បង្ហូរ​ឧស្ម័ន្ម​ចេញ​ពី​ឈូង​សមុទ្រ​បង់ហ្កាល់​ ដោយ​ត្រូវ​ឆ្លងកាត់​ប្រទេស​ភូមា ​មុន​នឹង​ចូល​ទៅដល់​ខេត្ត​យូណាន ​របស់​ចិន។ នេះទើប​ជា​ប្រយោជន៍​ធំ​របស់ចិន ​ព្រោះ​វិស័យ​ថាមពល ​គឺ​សរសរ​ទ្រូង​តែ​មួយ​​គត់​ សម្រាប់​សេដ្ឋកិច្ច​ចិន។

ក្នុង​វិស័យ​ថាមពល​នេះ​ដែរ ​ ចិន​សង្ឃឹម​យ៉ាង​ខ្លាំង​ថា គម្រោង​កសាង​ទំនប់​វារីអគ្គីសនី ​នៅ​លើ​ដង​ទន្លេ​អេរ៉ាវ៉ាឌី ​របស់​ភូមា ​នឹង​បាន​សម្រេច​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន​ទេ។ គម្រោង​នេះ ​ត្រូវ​បាន​រដ្ឋាភិបាល​ភូមា ​ផ្អឹប​ចោល​ទាំងស្រុង​ បន្ទាប់​ពីមាន​ការ​តវ៉ា ​ដ៏​ខ្លាំងក្លា​ ​ពីសំណាក់​ប្រជាជន​ភូមា។ គួរ​បញ្ជាក់​ថា​ វា​ជា​ការ​តវ៉ា ​ដ៏​សមស្រប​ជា​ទីបំផុត​ ព្រោះ​ទំនប់​វារីអគ្គីសនី​ចិន​ លើ​ទន្លេ​អេរ៉ាវ៉ាឌីរ​បស់ភូមា​ មិនត្រឹម​តែ​នឹង​បំផ្លាញ​ជីវចំរុះ​នៅ​តាម​បណ្តោយ​ដងទន្លេ​ប៉ុណ្ណោះទេ​ តែ​ជាង​នេះ​ទៅ​ទៀត​ ថាមពល​អគ្គីសនី​​បាន​មក​ពីទំនប់​នេះ​ តែ​១០%​ប៉ុណ្ណោះ ​ដែល​ផ្គត់ផ្គង់​ទៅឲ្យ​ភូមា ​ចំណែក​៩០%​​ទៀត គឺ​​ត្រូវ​បញ្ជូន​ទៅ​ចិន​ ទាំងអស់។

ចិនដឹង​ថា​មតិ​សាធារណៈ​ភូមា ​គឺ​គេ​មិន​ពេញចិត្ត​ចិន​ទេ ​ព្រោះ​សម្រាប់​ពួកគេ​ ចិន​ជា​អ្នក​ញុះញង់ ​និង​ចិញ្ចឹម​​ចលនា​បះបោរ​របស់​ក្រុម​ជនជាតិ​ភាគ​តិច។​ ហើយ​លោកស្រី​អ៊ុងសាន​ ស៊ូជី ​ដឹង​យ៉ាង​ច្បាស់​ពី​ចំណុច​នេះ។ ការ​ដែល​លោកស្រី​មក​រក​ជំនួយ​ពី​ចិន​នា​ពេល​នេះ ​ ​គឺ​ជា​ការ​ប្រថុយ​ប្រថាន​បំផុត​ ព្រោះ​លោកស្រី​នឹង​គេច​មិន​ផុត​ពី​ការ​រិះគន់​ពី​សំណាក់​​ ប្រជាជន​ភូមា​ទេ​។

ចំណែក​ ចិន​ចង់​ឆក់​ឧិកាស​នេះ ​កសាង​មុខមាត់ ​ដើម្បី​ទាក់ទាញ​ទឹកចិត្ត​ប្រជាជន​ភូមា។ យ៉ាង​ណាមិញ ​គ្រាន់តែ​ចិន​សន្យា​ជួយ​ដោះស្រាយ​ជម្លោះ​ជាមួយ​ជនជាតិ​ភាគតិច ​ស្រាប់តែ​រដ្ឋាភិបាល​ភូមា ​បាន​ប្រកាស​ថា ​នឹង​យក​សំណុំរឿង​ទំនប់​វារីអគ្គីសនី​មក​ពិនិត្យ​ឡើងវិញ។

យ៉ាងណា​ក៏ដោយ ​ជម្លោះ​ជាតិសាសន៍ ​រវាង​ជនជាតិ​ភាគតិច ​និង​ជនជាតិ​ភូមា ​ដែល​គ្រប់គ្រង​អំណាច​ប្រទេស​តែ​ម្នាក់​ឯង​នេះ ​ មិន​ងាយ​អាច​ដោះស្រាយ​តែ​មួយ​ភ្លែត​បាន​ទេ។​ គេ​ត្រូវ​ការ​ពេល​វេលា​យូរ​ទៅ​មុខ​ទៀត ​ដោយ​តម្រូវ​ឲ្យ​អំណាច​កណ្តាល​ភូមា ​ធ្វើ​វិម្ឈការ ​ឲ្យបាន​ច្រើន ​ទាំង​វិស័យ​អំណាច​រដ្ឋបាល ​ទាំង​វិស័យ​សេដ្ឋកិច្ច ​ទៅឲ្យ​រដ្ឋ​សមាជិក​នានា។ សម្រាប់​គ្រា​នេះ ​បើ​គ្រាន់​តែ​តំណាង​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច​ទាំងអស់​ ចូល​តុចរចា ​នៅ​ថ្ងៃ​ទី​៣១​សីហា​នេះ ​គឺ​វា​ជា​ចំណុច​ចាប់ផ្តើម ​ដ៏ល្អ​បំផុត​ណាស់​ទៅ​ហើយ ​សម្រាប់​ភូមា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ