អានតួអត្ថបទ
បារាំង-កម្ពុជា

១៧មេសា១៩៧៥៖ សន្និសីទ​រំលឹក​វិញ្ញាណ​ក្ខន្ធជនរងគ្រោះ និង​ពិភាក្សា​ស្តីពី​ដំណើរ​ស្វែងរក​យុត្តិធម៌

កាលពីថ្ងៃអង្គារ ទី១៧មេសា លោកស្រីអភិបាលក្រុងប៉ារីស រួមសហការជាមួយសហគមខ្មែរ នៅប្រទេសបារាំង និងក្រុមប្រឹក្សាជាន់ខ្ពស់ នៃប្រជាជនអាស៊ីនៅបារាំង ហៅកាត់ថា HCAF ព្រមទាំងសមាគមមួយចំនួនទៀត បានរួមគ្នា រៀបចំធ្វើពិធីសម្ភោធ ស្តូបរំលឹកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។​ បន្ទាប់ពី ពិធីសម្ភោធស្តូបរំលឹកវិញ្ញណក្ខន្ធនេះ គេបានរៀបចំកម្មវិធីសន្និសីទមួយ ដើម្បីពិភាក្សាស្តីពីភាពចាំបាច់ នៃការនិយាយរំលឹក អំពីទំព័រប្រវត្តិសាស្ត្រនេះ ប្រាប់ទៅក្មេងជំនាន់ក្រោយ ព្រមទាំងអំពីដំណើរការ ស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។

វេទិការ​ជជែក​ពិភាក្សា អំពី​​ដំណើរ​ការ​​ស្វែងរក​​យុត្តិធម៌​​ ជូន​ជនរងគ្រោះ​របប​ខ្មែរក្រហម​
វេទិការ​ជជែក​ពិភាក្សា អំពី​​ដំណើរ​ការ​​ស្វែងរក​​យុត្តិធម៌​​ ជូន​ជនរងគ្រោះ​របប​ខ្មែរក្រហម​ RFI/Pisey MAM
ផ្សាយពាណិជ្ជកម្ម

ស្តូបរំលឹកវិញ្ញណក្ខន្ធនេះ គឺជាស្តូបតំបូងគេបំផុត ដែលឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធ របស់ប្រជាជនខ្មែរ ដែលបានស្លាប់បាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ។

លោកស្រី Anne Hidalgo ចៅហ្វាយក្រុងប៉ារីស និងលោក Bun Tan សមាជិកសភា​ ​ក្នុង​​ពិធី​​សម្ភោធ​​ស្តូប​រំលឹក​​វិញ្ញាណក្ខន្ធ​​ជនរងគ្រោះ​ ​ក្នុង​​របប​​ខ្មែរក្រហម។​
លោកស្រី Anne Hidalgo ចៅហ្វាយក្រុងប៉ារីស និងលោក Bun Tan សមាជិកសភា​ ​ក្នុង​​ពិធី​​សម្ភោធ​​ស្តូប​រំលឹក​​វិញ្ញាណក្ខន្ធ​​ជនរងគ្រោះ​ ​ក្នុង​​របប​​ខ្មែរក្រហម។​ RFI/Chheang Bopha

វាគ្មិនចូលរួមសន្និសីទ មានជាអាថទិ៍៖ លោកស្រី មាស ពេជ្រមេត្រាល់ ជាជនជាតិខ្មែរដែលបានឆ្លងកាត់របបខ្មែរក្រហម  លោក Jacques Gravereau សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងនយាបាយអាស៊ី លោក ឆាយ សិរីវុឌ្ឍ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរ លោក Marcel Lemonde អតីតចៅក្រមនៃសាលាក្តីខ្មែរក្រហម លោក Patrick Boudouin ប្រធានកិត្តិយសនៃសហព័ន្ធអន្តរជាតិ ដើម្បីសិទ្ធិមនុស្ស លោក Philippe Canonne និងលោក Alain Werner ជាមេធាវី ដើមបណ្តឹងរដ្ឋប្បវេណី និងលោកស្រី ជូឡុង អង់តូនីញ៉ា តំណាងដើមបណ្តឹងរដ្ឋប្បវេណី ក្នុងសំណុំរឿង០០១ និង ០០២។

ចំពោះមុខអ្នកចូលរួម ប្រមាណជាជាង២០០នាក់ នៅក្នុងសាលាសង្កាត់ប៉ារីសទី១៣ លោកស្រី មាស ពេជ្រម៉េត្រាល់ ដែលកាលពីជំនាន់ខ្មែរក្រហម មានអាយុ៩ឆ្នាំ បាននិយាយរំលឹកទាំងអួលដើមក នូវអតីតកាលរបស់គាត់ ជាមួយនឹងក្រុមគ្រួសារ កាលពីសម័យប៉ុលពត។ លោកស្រី បានអានកំណាព្យប៉ុន្មានឃ្លាជាភាសាបារាំង ដែលលោកស្រីបាននិពន្ធ ដែលមានខ្លឹមសារ ដំអូញអំពីក្តីទុក្ខសោក ដែលមានកប់ក្នុងចិត្ត ពេលដែលនឹកឃើញទៅដល់សាច់ញាតិក្រុមគ្រួសារ ក៏ដូចជាជនរួមជាតិដ៏ទៃទៀត ដែលបានស្លាប់បាត់បង់ជីវិត ក្នុងថ្លុកឈាមរបស់របបខ្មែរក្រហម។

វាគ្មិនម្នាក់ទៀត លោក Jacques Gravereau សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រនយោបាយ​​អាស៊ី បានរំលឹកថា នៅរវាងពាក់កណ្តាលឆ្នាំ១៩៧៥ មានរឿងកើតឡើងព្រមៗគ្នាច្រើនណាស់ ដែលរឿងទាំងនោះសុទ្ធតែមានទំនាក់ទំនងនឹងគ្នា។ ខ្មែរក្រហមបានវាយយកក្រុងភ្នំពេញ ក្រោយមក​បន្តិច វៀតណាមខាងត្បូង ត្រូវធ្លាក់ទៅក្នុងដៃរបស់កងកម្លាំងហូជីមិញ ហើយបន្ទាប់មកទៀត ប្រទេសឡាវ ក៏ត្រូវធ្លាក់ទៅក្នុងអំណាចរបស់ចលនាកុម្មុយនីស្តឡាវ។ ដូច្នេះ១៧មេសា ឆ្នាំ៧៥ នៅកម្ពុជា មិនមែនកើតឡើងតែឯកឯងទេ តែជាស្ថានការណ៍រួម នៅក្នុងតំបន់ឥណ្ឌូចិនទាំងមូលតែម្តង។

លោក Patrick Boudouin ប្រធានកិត្តិយសនៃសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស បាននិយាយថា គ្រប់គ្នាតែងចោទសួរថា តើហេតុអ្វីបានជារបបដឹកនាំមួយ​ អាចឈានទៅកាប់សម្លាប់ប្រជាពលរដ្ឋឯង បានដូច្នេះ? លោកបានព្យាយាមស្វែងយល់អំពីចំណុចជាច្រើន ដែលអាចមកពន្យល់ដល់បញ្ហានេះ។ សម្រាប់លោក ក្រោយសង្រ្គាមលោកលើក​ទី២ ពិភពលោកទាំងមូលត្រូវប្រឈមមុខនឹងចរន្តទ្រឹស្តីពីរ ដែលប្រជែងគ្នា នោះគឺចរន្ត​ទ្រឹស្តីសេរីមូលធននិយម និងទ្រឹស្តីកុម្មុយនីស្តិ។ មេដឹកនាំខ្មែរក្រហមធំៗ ដែលកាល​ពីទសវត្ស៥០ បានមករៀននៅប្រទេសបារាំង បានទទួលឥទ្ធិពលពីចលនាកុម្មុយនីស្តិនៅអឺរ៉ុប និងជាពិសេសគឺពីគណបក្សកុម្មុយនីស្តិបារាំង។

គឺផ្តើមពីការងប់ងល់ នឹងទ្រឹស្តីកុម្មនីស្តិនេះហើយ ដែលមេដឹកនាំខ្មែរក្រហម មានប៉ុល ពត សុន សេន អៀងសារី ខៀវសំផង បានចូលរួមក្នុងចលនា ដែលពួកគេជឿងថាជាចលនា រំដោះជាតិ ឲ្យចេញផុតពីក្រញ៉ាំចក្រព័ត្រមូលធននិយម។ តែតាមការពិត ចលនាក​ម្ពុជាប្រជាធិបតេយ្យ ដែលមានការគាំទ្រពីចិនកម្មុយនីស្តិ​នេះ ពុំបានគូសវាសគំរោងការអភិវឌ្ឍន៍ស្រុកទេសទេ ផ្ទុយទៅវិញគឺ ពួកគេធ្វើទាំងប្រថុយប្រថាន គ្មានការពិចារណា និងដោយការល្ងិតល្ងង់ជាទីបំផុត។

និយាយមកដល់ ដំណើរការស្វែងរកសន្តិភាពជូនជងរងគ្រោះ ក្នុងរបបខ្មែរក្រហម  លោក Marcel Lemonde អតីតចៅក្រមអន្តរជាតិទទួលបន្ទុកសាលាក្តីខ្មែរក្រហម ដែលមានវត្តមានដែរនោះ បានលើកឡើងថា៖ ថ្វីបើតុលាការនេះ មានភាពស្ទាក់ស្ទើរ មានការរអាក់រអួល មានចំណុច​ខ្វះខាតច្រើនក្តី តែសម្រាប់លោកក្នុងនាមជាចៅក្រម  ជាអ្នកការពារយុត្តិធម៌ គឺតុលាការនេះ ជាជោគជ័យមួយដ៏ធំ។ លោកពន្យល់ថា​ សាលាក្តីខ្មែរក្រហមនេះ បានញ៉ាំងឲ្យប្រជាជនកម្ពុជាទាំងមូល ជាពិសេសក្មេងជំនាន់ក្រោយ បានដឹង បានឮនូវអ្វីដែលបានកើតឡើង។ ជនរងគ្រោះត្រូវគេទទួលស្គាល់ ឯអ្នកទទួលខុសត្រូវនៃសោកនាដកម្មនេះ ត្រូវគេកាត់ទោស។ លោកបន្ថែមថា ការចងចាំនូវអតីតកាល គឺជាជំហានដ៏សំខាន់ ក្នុងការផ្សះផ្សារជាតិ។

យ៉ាងណាមិញ ទាក់ទិននឹងការចងចាំនេះ លោក Alain Werner មេធាវីជនជាតិស្វីស ដែលបានចូលរួមការពារដើមបណ្តឹងរដ្ឋប្បវេណី ក្នុងសំណុំរឿង០០១ បានលើកឡើងថា ៖

01:56

ប្រសាសន៍ លោកមេធាវី Alain Werner ប្រែសម្រួលដោយ សេង ឌីណា

ទាក់ទិននឹងការសម្ភោធស្តូបរំលឹកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះនេះ លោកស្រី ជូឡុង អង់តូនីញ៉ា ដែលជាតំណាងដើមបណ្តឹងរដ្ឋប្បវេណី ក្នុងសំណុំរឿងកាត់ទោសខ្មែរក្រហម បានលើកឡើងថា ៖

01:11

ប្រសាសន៍លោកស្រី ជូឡុង អង់តូនីញ៉ា ប្រែសម្រួលដោយ​ អ៊ឹង ស៊ីវជួង

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ