ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT
អាស៊ី

ជម្លោះ​អ៊ីរ៉ង់-អារ៉ាប៊ី សាអូឌីត៖ ប៉ាគីស្ថាន​ប្រឈម​នឹងជម្រើស​ដ៏លំបាក​

media  
នាយករដ្ឋមន្រ្តី ប៉ាគីស្ថាន​នៅក្នុង​ជំនួប​ជាមួយ​ព្រះមហាក្សត្រ​សាល់ម៉ាន របស់​អារ៉ាប៊ី សាអូឌីត​នៅទីក្រុង​រីយ៉ាដ នៅថ្ងៃ​ចន្ទ​ទី ១៨ មករា ២០១៦ ©REUTERS/Saudi Press Agency

នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន លោក​ណាវ៉ា ស្ហារីហ្វ នៅ​ថ្ងៃ​ចន្ទទី ១៨ មករា ២០១៦ ធ្វើដណើរ​ទៅ​អារ៉ាប៊ី សាអូឌីត និង​អ៊ីរ៉ង់ ដើម្បី​ផ្សះផ្សារ​ប្រទេស​គូសត្រូវ​ទាំង​២។ ២​សប្តាហ៍​មកហើយ អារ៉ាប៊ី សាអូឌីត និង​ប្រទេស​ជិតខាង​អារ៉ាប់ មួយចំនួន​បាន​ប្រកាស​កាត់ផ្តាច់​ទំនាក់ទំនង​ការទូត ជាមួយ អ៊ីរ៉ង់ ដោយសារខឹង​នឹង​អ៊ីរ៉ង់​ដែល​បណ្តោយ​ឲ្យ​បាតុករ​ដុតស្ថានកុងស៊ុល​អារ៉ាប៊ី សាអូឌីត​នៅ​ទីក្រុង​តេអេរ៉ង់។ ផ្ទុយ​ពីការចង់​បាន​របស់​អារ៉ាប៊ី សាអូឌីត រដ្ឋាភិបាល​ប៉ាគីស្ថាន​ចង់​ដើរតួ​ជា​អាជ្ញាកណ្តាល សម្របសម្រួល​អ៊ីរ៉ង់ និង​អារ៉ាប៊ី សាអូឌីត។

 

នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ធ្វើ​ដំណើរ​ទៅ​អារ៉ាប៊ី សាអូឌីត និង​អ៊ីរ៉ង់ ដើម្បី​ផ្សះផ្សារ​ប្រទេស​ទាំងពីរ ដែល​កំពុង​តានតឹង​ដាក់គ្នា កាន់តែខ្លាំង ចាប់តាំង​ពី​ដើមឆ្នាំ​នេះ។ នាយក​រដ្ឋមន្រ្តី​ប៉ាគីស្ថាន​ចង់ដើរតួ​ជា​អន្តរការី ដោះស្រាយ​ជម្លោះ​អ៊ីរ៉ង់ និង​អារ៉ាប៊ី សាអូឌីត។

 
វាមិនមែន​ចៃដន្យ​ទេ ដែល​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់ ដែល​នៅក្នុង​នោះ​មាន​ផងដែរ មេទ័ព​កំពូល​របស់​ប៉ាគីស្ថាន លោក Raheel Sharif  ធ្វើដំណើរ​នៅថ្ងៃ​នេះ​ទៅ​អារ៉ាប៊ី សាអូឌីត។ ប៉ាគីស្ថាន​ទើប​តែ​បាន​ទទួល កាល​ពី​សប្តាហ៍មុន រាជបុត្រ​ស្នងរាជ្យ​អារ៉ាប៊ី សាអូឌីត និង​ជា​រដ្ឋមន្រ្តី​ការពារ​ជាតិ​អារ៉ាប៊ី សាអូឌីត ដែល​បាន​និយាយ​ទាក់ទាញ​ប៉ាគីស្ថាន​ឲ្យ​ចូល​ខាងខ្លួន បន្ទាប់​ពី​មាន​អារ៉ាប៊ី សាអូឌីត មាន​បញ្ហា​ជាមួយ​អ៊ីរ៉ង់។ នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន កាលណោះ បាន​ឆ្លើយតប​ទៅវិញ ដោយ​ថា ប៉ាគីស្ថាន​ចង់​ស្ថិតនៅ​កណ្តាល អព្យាក្រិត និង​បាន​អំពាវនាវ​ឲ្យ​អារ៉ាប៊ី សាអូឌីត និង​អ៊ីរ៉ង់​ដោះស្រាយ​ជម្លោះ​តាមផ្លូវ​សន្តិភាព។

មាន​ហេតុផល​សំខាន់​៣ ដែល​ធ្វើ​ឲ្យ​ប៉ាគីស្ថាន​ចង់​ស្ថិតនៅ​កណ្តាល មិនព្រម​ទៅ​ឈរ​នៅ​ខាង​អារ៉ាប៊ី សាអូឌីត។ ទី១ គឺ​ហេតុផល​សន្តិភាព​ជាមួយ​អ៊ីរ៉ង់​ដែល​ជា​អ្នកជិតខាង។ បើសិន​ជា​ប៉ាគីស្ថាន​កាន់ជើង​អារ៉ាប៊ី សាអូឌីត នោះ​ប្រៀបបាន​នឹង​ប៉ាគីស្ថាន​ប្រកាស​ដាក់ខ្លួន ជា​សត្រូវ​របស់​អ៊ីរ៉ង់​ដែរ។ ប៉ាគីស្ថាន​ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​អ៊ីរ៉ង់​ដល់​ទៅជាង ៩០០​គីឡូម៉ែត្រ​មិន​ចង់​ឈ្លោះ​ប្រកែក​ជាមួយ​អ្នកជិតខាង​នោះ​ទេ នោះបើ​ទោះ​បី​ជា​ប្រទេស​ទាំង​ពីរ​ធ្លាប់​មាន​ជម្លោះព្រំដែន​នឹង​គ្នា​កន្លង​មក។

ទីពីរ គឺ​ហេតុផល​សន្តិសុខ​ក្នុង​ស្រុក។ បើ​សិន​រដ្ឋាភិបាល​ប៉ាគីស្ថាន​យល់ព្រម​កាន់ជើង​អារ៉ាប៊ី សាអូឌីត គឺ​មាន​ន័យ​ថា នឹង​ការពារ​ក្រុមនិកាយ​ស៊ុននីត ដែល​មាន​ភាគច្រើន​នៅ​រាជាណាចក្រ​សេដ្ឋី​ប្រេង​មួយនេះ។ ប៉ាគីស្ថាន​មាន​ប្រជាជន​ប្រមាណ ៨០ភាគរយ ជានិកាយ​ស៊ុននីត​មែន ប៉ុន្តែ បើ​រដ្ឋាភិបាល​ប៉ាគីស្ថាន​ប្រកាស​ដាក់​ខ្លួន​ប្រឆាំង​នឹង​អ៊ីរ៉ង់​ដែល​ជា​ប្រទេស​អ៊ីស្លាម​និកាយ​ស្ហ៊ីអ៊ីត នោះ គឺ​ប្រជាជន​ប៉ាគីស្ថាន​និកាយ ស៊្ហីអ៊ីត​ដែល​មាន​ប្រមាណ ២០​ភាគរយ នៅ​ប៉ាគីស្ថាន​ប្រាកដ​ជា​ខឹងសម្បារ ងើបប្រឆាំង​រដ្ឋាភិបាល។ ជាលទ្ធផល ប៉ាគីស្ថាន​នឹង​អាច​ផុងខ្លួន​ទៅ​ក្នុង​ជម្លោះ​និកាយ​សាសនា ដែល​ទើប​តែ​បាន​ស្ងាត់​ទៅ​បន្តិច នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​តែ​ប៉ុណ្ណោះ។ ម្យ៉ាងទៀត ប៉ាគីស្ថាន​ដឹង​ថា អ៊ីរ៉ង់នឹង​អាច​បង្កព្យុះភ្លៀង នៅ​ប៉ាគីស្ថាន បើសិន​ប៉ាគីស្ថាន ទៅ​ឈរ​នៅ​ខាង​អារ៉ាប៊ី សាអូឌីត ព្រោះ​ថា អ៊ីរ៉ង់​មាន​សមត្ថភាព និង​មាន​ឥទ្ធិពល​ទៅលើ​ក្រុមនិកាយ​ស៊្ហីអ៊ីត ដែល​នឹង​អាច​ងើបបះបោរ ធ្វើ​អំពើហិង្សា បង្ក​អសន្តិសុខ នៅក្នុង​ទឹកដី​ប៉ាគីស្ថាន។

ទី៣​ទៀត ប៉ាគីស្ថាន​មិន​ចង់​ដាក់ខ្លួន​ជា​សត្រូវ​នឹង​អ៊ីរ៉ង់ ក៏ដោយសារ​តែ​ហេតុផល​សេដ្ឋកិច្ច។ ប៉ាគីស្ថាន និង​អ៊ីរ៉ង់ ​២​ទើប​តែ​បាន​ព្រមព្រៀង​គ្នា ក្នុង​ការសាងសង់​បំពង់​បង្ហូរ​ឧស្ម័ន​អ៊ីរ៉ង់ ដែល​ជា​ផ្នែកមួយ​នៃ​គម្រោង​សេដ្ឋកិច្ច​មហាសាល​របស់​ចិន នៅ​អាស៊ី​ខាងត្បូង។ អ៊ីរ៉ង់​ទើប​តែ​រួចផុត​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ ដោយសារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។ ប៉ាគីស្ថាន​មើលឃើញ​សក្តានុពល​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់ ដែល​ខ្លួន​នឹង​អាច​បានទទួល​ផលប្រយោជន៍ដែរ។ នោះ​គឺ​ថា ប៉ាគីស្ថាន​នឹង​អាច​ទិញប្រេង ឬ​ឧស្ម័ន​ក្នុង​តម្លៃ​ថោក​ពី អ៊ីរ៉ង់ ដែល​នេះ​សំខាន់ណាស់​សម្រាប់​ប៉ាគីស្ថាន ដែល​ចង់​ពង្រឹង​សេដ្ឋកិច្ច​របស់ខ្លួន ដើម្បី អាច​ងើបរើ រួចផុត​ពី​ជំនួយ​បរទេស ជាពិសេស ជំនួយ​អាមេរិកាំង ដែល​មាន​កាន់តែតិចៗ​ដោយសារ​តែ​ការមិនសូវ​ចុះសម្រុង​គ្នា​រវាង​សម្ព័ន្ធមិត្ត​ទាំង​២ ក្នុងអាណត្តិ​របស់លោកអូបាម៉ា។

ទោះ​បាន​ជំនួយ​រាប់លាន​ដុល្លារ​ពីអារ៉ាប៊ី សាអូឌីត ប៉ុន្តែ ប៉ាគីស្ថាន​នៅតែ​ចង់​ឯករាជ្យ ក្នុង​ការសម្រេច​ចិត្ត មិន​ចង់ស្ថិតនៅ​ក្រោម​ឥទ្ធិពល​របស់​អារ៉ាប៊ី សាអូឌីត
អារ៉ាប៊ី សាអូឌីត​អន់ចិត្ត ដោយសារតែ ​ប៉ាគីស្ថាន​ចង់​នៅ​កណ្តាល មិន​ចូលរួម​ជាមួយ​អារ៉ាប៊ី សាអូឌីត ដើម្បី​ថ្កោលទោស​អ៊ីរ៉ង់។ ការណ៍​ដែល​នាយក​រដ្ឋមន្រ្តី​ប៉ាគីស្ថាន​ទៅ​ទីក្រុង​រីយ៉ាដ​នៅ​ថ្ងៃ​នេះ ក៏​ដើម្បី បញ្ចុះបញ្ចូល​ព្រះមហាក្សត្រ​អារ៉ាប៊ី សាអូឌីត យល់​ពី​ជំហរ​ដ៏​លំបាក​របស់​ប៉ាគីស្ថាន ដែរ។ ប៉ាគីស្ថាន​មិន​ចង់​បង្ក​ជម្លោះ​ជាមួយ​អ៊ីរ៉ង់ ប៉ុន្តែ ក៏ មិន​ចង់​បោះបង់ ព្រងើយកន្តើយ​ដាក់​អារ៉ាប៊ី សាអូឌីត​ទេ ព្រោះ​ថា សម្ព័ន្ធមិត្ត​មួយ​នេះ ​បាន​ជួយ​ប៉ាគីស្ថាន​រហូត​មក ក្នុង​ពេល​ដែល​ប៉ាគីស្ថាន​ជួប​អាសន្ន​អន់ក្រ។ អារ៉ាប៊ី សាអូឌីត​ធ្លាប់​បាន​ផ្តល់​ប្រេងទៅ​ឲ្យ​ប៉ាគីស្ថាន នៅពេល​ប៉ាគីស្ថាន​រងទណ្ឌកម្ម​សេដ្ឋកិច្ច​ពីអង្គការ​សហប្រជាជាតិ ដោយសារ​ការសាកល្បង​អាវុធនុយក្លេអ៊ែរ នៅ​ឆ្នាំ ១៩៩៨។ នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន នៅ​តែ​ដឹងគុណ អារ៉ាប៊ី សាអូឌីត​ដែល​ធ្លាប់​ផ្តល់​ជំរកនយោបាយ ដល់​រូបលោក នៅក្រោយ​រដ្ឋប្រហារ​យោធា នៅឆ្នាំ ១៩៩៩។ អារ៉ាប៊ី សាអូឌីត បាន​ផ្តល់​ជំនួយ​ជាង ១​ពាន់​លាន​ដុល្លារ ដើម្បី​ឲ្យ​ប៉ាគីស្ថាន​រួចផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​នៅ​ឆ្នាំ ២០១៣។ ថ្មីៗនេះ​ទៀត សោត អារ៉ាប៊ី សាអូឌីត ទើប​បាន​ផ្តល់​ជំនួយ​បន្ថែម​ប្រមាណ ១ពាន់​៥​រយ​លាន​ដុល្លារ ទៅ​ឲ្យ​ប៉ាគីស្ថាន។

តាមរយៈ ជំនួយនេះ ប៉ាគីស្ថាន​ដឹងថា អារ៉ាប៊ី សាអូឌីត កំពុង​រង់ចាំ​ចង់​បាន​ការគាំទ្រ​ពី​ប៉ាគីស្ថាន នៅក្នុង​ពេល​កំពុង​ឈ្លោះ​ជាមួយ​អ៊ីរ៉ង់។ ប៉ុន្តែ ដូច​បាន​និយាយ​ខាងដើម ហេតុផល​សេដ្ឋកិច្ច និង​ការចង់​ជៀសផុត​ពី​សង្រ្គាម​សាសនា​ក្នុងស្រុក គឺ​ជា​កត្តា​សំខាន់​ដែលជំរុញ​ឲ្យ​ប៉ាគីស្ថាន​ហ៊ាន​ធ្វើ​ឲ្យ​អារ៉ាប៊ី សាអូឌីត​ឃ្នើសចិត្ត។ ដោយពិត​ទៅ នេះ​មិនមែន​ជា​លើក​ទី ១​ទេ ដែល​អារ៉ាប៊ី​សាអូឌីត​ខកចិត្ត​នឹង​ប៉ាគីស្ថាន។ កាលពី​ចុងឆ្នាំ​មុន សភា​ប៉ាគីស្ថាន​ក៏​បាន​បដិសេធ​មិនចូល​រួម​ជាមួយ​អារ៉ាប៊ី សាអូឌីត ធ្វើ​សង្រ្គាម​វាយប្រហារ​ទៅលើ​ក្រុមនិកាយ​ស្ហ៊ីអ៊ីត ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ក្នុង​ប្រទេស​យេម៉ែន។ ទោះជា​ប៉ាគីស្ថាន​បដិសេធ​មួយលើក​ជាពីរលើក ប៉ុន្តែ អារ៉ាប៊ី សាអូឌីត នៅ​តែ​មិនអាច​ខឹង​ដាក់​ប៉ាគីស្ថាន ដោយសារ​តែ​អារ៉ាប៊ី សាអូឌីត​ត្រូវការ​ប៉ាគីស្ថាន​ជា​ចាំបាច់។

ហេតុអ្វី​បាន​ជា​អារ៉ាប៊ី សាអូឌីត​ត្រូវការ​ប៉ាគីស្ថាន?
សាមញ្ញ​និង​ងាយយល់ទេ។ អារ៉ាប៊ី សាអូឌីត ត្រូវការ​ទាហាន ហើយ​និង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប៉ាគីស្ថាន។ អារ៉ាប៊ី សាអូឌីត​មានប្រេង មាន​លុយ និង​ទិញ​អាវុធ​ទំនើបៗ​មែន ប៉ុន្តែ ប្រទេស​នេះ​នៅ​ខ្វះ​ទាហាន​ដែល​មាន​សមត្ថភាព ដូចជា​ទាហាន​ប៉ាគីស្ថាន។ ប៉ាគីស្ថាន​បាន​ចាប់ផ្តើម​បញ្ជូនទ័ព​ទៅ​ការពារ​រាជបល្ល័ង្ក​នៅ​អារ៉ាប៊ី សាអូឌីត ចាប់តាំង​ពី​ឆ្នាំ ១៩៨០។ សព្វថ្ងៃ​នេះ ទាហាន​ប៉ាគីស្ថាន​នៅតែ​មាន​វត្តមាន​ក្នុង​ទឹកដី​អារ៉ាប៊ី សាអូឌីត។ មេទ័ព​របស់​ប៉ាគីស្ថាន ជា​បន្តបន្ទាប់​បាន​ប្រកាស ស៊ូស្លាប់​ដើម្បី ប្រយុទ្ធ​ប្រឆាំង​រាល់​ការគំរាមកំហែង ដែនបូរណភាព​ទឹកដី អារ៉ាប៊ី សាអូឌីត។

ប៉ាគីស្ថាន​ជា​ប្រទេស​អ៊ីស្លាម​តែមួយ ក្នុង​លោក​ដែល​មាន​បំពាក់​ដោយ​អាវុធ​នុយក្លេអ៊ែរ។ ស្តេច​អារ៉ាប៊ី សាអូឌីត​ធ្លាប់​បាន​ពន្លយ​រួចហើយថា ខ្លួន​នឹង​ទាមទារ​ឲ្យ​អាវុធ​នុយក្លេអ៊ែរ​ដែរ បើសិន​ជា​អ៊ីរ៉ង់ មាន​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​នោះ។ តាម​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក ដោយលាក់​កំបាំង អារ៉ាប៊ី សាអូឌីត កំពុងចរចា ទិញ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ពី​ប៉ាគីស្ថាន។ ប៉ាគីស្ថាន​សព្វថ្ងៃ មាន​ក្បាល​អាវុធ​នុយក្លេអ៊ែរ​ប្រមាណ​១០០គ្រាប់ និង​រំពឹង​ថា នឹង​មាន​ដល់​ទៅ ៣៥០ នៅ​ឆ្នាំ ២០២៥។

ប៉ាគីស្ថាន​ទៅ​ផ្សះផ្សារ ទាំង​មិន​សង្ឃឹម​នឹង​បាន​លទ្ធផល
អារ៉ាប៊ី សាអូឌីត ហើយ​និង​អ៊ីរ៉ង់ មិនមែន​ទើប​តែ​ឈ្លោះគ្នា​ដោយសារ ការប្រហារជីវិត មេដឹកនាំ​សាសនា​និកាយ​ស្ហ៊ីអ៊ីត​នៅ​អារ៉ាប៊ី សាអូឌីត​នោះទេ។ ប្រទេស​ទាំង​ពីរ ដែល​សំបូរ​ប្រេង​ដូចគ្នា ជា​គូប្រជែង​មិន​ថា ផ្នែក​សេដ្ឋកិច្ច និង​ឥទ្ធិពល​ភូមិសាស្រ្ត​នយោបាយ។ អារ៉ាប៊ី សាអូឌីត និង​អ៊ីរ៉ង់​ប្រឈមមុខ​ដាក់​គ្នា នៅ​គ្រប់​សមភូមិ មិនថា នៅ​ស៊ីរី លីបង់ និង​យេម៉ែន។ ព្រឹត្តិការណ៍​ចុងក្រោយ​នេះ គ្រាន់តែ​តំណក់ទឹក​មួយ​តំណក់​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ទឹក​ក្នុង​កែវ​ហៀរ​ចេញ​មក​ក្រៅតែ​ប៉ុណ្ណោះ។ នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ដឹងថា បេសកកម្ម​របស់​ខ្លួន​នឹង​មិនងាយ​ទទួល​ជោគជ័យ ប៉ុន្តែ យ៉ាងហោចណាស់ លោក​ក៏​អាច​ចង់​បង្ហាញ​ថា ប៉ាគីស្ថាន​ទោះជាមិន​ចូល​ទៅកាន់​ជើង​អារ៉ាប៊ី សាអូឌីត ប៉ុន្តែ មិន​បាន​ឈរឱបដៃនោះទេ ពោលគឺ​បាន​ខំខ្នះខ្នែង​ណាស់ដែរ ដើម្បី​បន្ធូរបន្ថយ​ភាពតានតឹង​រវាង​អ៊ីរ៉ង់ និង​អារ៉ាប៊ី សាអូឌីត៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ