អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ភេរវកម្ម​របស់​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម កំពុង​ហៀរ​ចូល​បង់ក្លាដែស?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការបាញ់​សម្លាប់​អ្នកសរសេរ​ប្លុក ដែល​រិះគន់​ក្រុមអ៊ីស្លាម​ជ្រុលនិយម និង​ឃាតកម្ម​ផ្ទួនៗ​គ្នា ក្នុង​រយៈពេល​​តែ​មួយ​សប្តាហ៍ ទៅលើ​ជនបរទេស បាន​ឆ្លុះបង្ហាញ​ពី​ការកើនឡើង​កម្រិត​គំរាមកំហែង បង្ក​ឡើង​ដោយ​ក្រុមអ៊ីស្លាម​ជ្រុលនិយម ក្នុង​ប្រទេស​បង់ក្លាដែស។ ក្រុម​ជីហាតនៃ​អង្គការ​រដ្ឋអ៊ីស្លាម បាន​ប្រកាស​ចេញ​មុខ ទទួល​ខុសត្រូវ​លើ​ឃាតកម្ម ទៅលើ​បុគ្គលិក​មនុស្សធម៌ ជាតិ​អ៊ីតាលី និង​ជនជាតិ​ជប៉ុន នៅ​បង់ក្លាដែស កាលពី​សប្តាហ៍មុន។ តើ​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម​កំពុង​លុកលុយ​ចូល​ដល់​អាស៊ី​ខាងត្បូង។

ទាហាន​បង់ក្លាដែស​នៅ​កន្លែង​កើតហេតុ​ដែល​ឃាតករ​បាញ់​សម្លាប់​ជនជាតិ​អ៊ីតាលី កាលពីថ្ងៃ​ចន្ទ ទី២៨​កញ្ញា
ទាហាន​បង់ក្លាដែស​នៅ​កន្លែង​កើតហេតុ​ដែល​ឃាតករ​បាញ់​សម្លាប់​ជនជាតិ​អ៊ីតាលី កាលពីថ្ងៃ​ចន្ទ ទី២៨​កញ្ញា ©AFP
ផ្សាយពាណិជ្ជកម្ម

នៅក្រោយ​ឃាតកម្ម​ទៅលើ​ជនបរទេស ក្នុង​ប្រទេស​បង់ក្លាដែស ក្រុមជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម ដែលកំពុង​កាន់កាប់​ទឹកដី​មួយភាគ​របស់​ស៊ីរី និង​អ៊ីរ៉ាក់ បាន​ប្រកាស​ចេញមុខ និយាយ​តែ​ម្នាក់ឯង​ថា ឃាតកម្ម​ទាំងពីរ​លើក​ជា​ស្នាដៃ​របស់​ក្រុមខ្លួន។ បើសិន​រឿងនេះ ពិតមែន នេះ​ជាលើក​ទី​១ ហើយ ដែល​ភេរវកម្ម បង្ក​ឡើង ដោយ​ក្រុម ជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម កើតមាន នៅ​ទឹកដី​អាស៊ី​ខាងត្បូង។

 
ក្រុមភេរវនិយម ជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​ចេញមុខ​ប្រកាស​ទទួល​ខុសត្រូវ​ភ្លាមៗ យ៉ាងដូចច្នេះ ធ្វើ​ឲ្យ​ទាំង​អ្នកជំនាញ និង​រដ្ឋាភិបាល​បង់ក្លាដែស កើតក្តី​សង្ស័យ និង​មិនទាន់​ហ៊ាន​បញ្ជាក់​ថា ឃាតកម្ម​សម្លាប់​ជនជាតិ​អ៊ីតាលី និង​ជប៉ុន កាលពី​សប្តាហ៍​មុន​នោះ ជាស្នាដៃ​របស់​ក្រុមជីហាត នៅ​ស៊ីរី និង​អ៊ីរ៉ាក់។ អាជ្ញាធរ​បង់ក្លាដែស​វិញ បាន​បដិសេធ​ថា ឃាតកម្ម ទៅលើ​ជនបរទេស គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម។ សម្រាប់​ភាគី​រដ្ឋាភិបាល​បង់ក្លាដែស គេ​គ្មាន​រកឃើញ​ដាន​របស់​ក្រុមជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម ក្នុង​ប្រទេស​បង់ក្លាដែស​ទេ។ តាម​អាជ្ញាធរ​បង់ក្លាដែស ការបាញ់​សម្លាប់​ជនបរទេស គឺ​ជា​ករណី​ធម្មតា ដែល​គ្មាន​ជាប់ទាក់ទង​នឹង​ក្រុមភេរវនិយម​ណាមួយទេ។ កាលពី​ថ្ងៃ​អង្គារ ប៉ូលិស​បង់ក្លាដែស នៅ​បាន​និយាយ​ថា គេ​បាន​ឃាត់ខ្លួន សកម្មជន​របស់​បក្ស​ប្រឆាំង​បង់ក្លាដែស ម្នាក់ និង​ពាណិជ្ជករ​ជប៉ុនម្នាក់ ដែល​ជាប់​សង្ស័យ​ក្នុង​ករណី​ឃាតកម្ម​ទៅលើ​ជនជាតិ​ជប៉ុន កាលពី​ថ្ងៃ​សៅរ៍។

ទោះជា​រដ្ឋាភិបាល​បង់ក្លាដែស រុញច្រាន មិនទទួល​ស្គាល់​ការអះអាង​របស់​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ដែល​ថា ឃាតកម្ម​លើ​ជនបរទេស​ជា​ស្នាដៃ​របស់ខ្លួន ប៉ុន្តែ អ្នកជំនាញ ខាង​ចលនា​អ៊ីស្លាម ជាច្រើន​ជឿថា ចលនា​អ៊ីស្លាមជ្រុលនិយម នៅ​បង់ក្លាដែស កំពុង​កើន​ឡើង គួរ​ឲ្យ​កត់សំគាល់ ដោយសារ​តែ​នយោបាយ​របស់​រដ្ឋាភិបាល ដែល​បាន​ទាត់ បណ្តេញ​ក្រុមអ៊ីស្លាមនិយម ចេញ​ពី​សៃង្វៀន​នយោបាយ។ បង់ក្លាដែស​ជួប​វិបត្តិ​នយោបាយ រ៉ាំរ៉ៃ អស់​៣ឆ្នាំ មកហើយ ដែល​ក្នុង​នោះ គណបក្ស​សំខាន់​របស់​ក្រុមអ៊ីស្លាម នៅ​បង់ក្លាដែស ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចូលរួម​ក្នុង​ការបោះឆ្នោត នៅ​ឆ្នាំ ២០១៤​កន្លងទៅ។ ការចាប់ ផ្តន្ទាទោស ក្រុមមេដឹកនាំ​អ៊ីស្លាម ដោយសារ​តួនាទី​របស់ពួកគេ ក្នុង​សង្រ្គាម​ជាមួយ​ប៉ាគីស្ថាន នៅ​ឆ្នាំ ១៩៧១ រឹត​តែ​ធ្វើ​ឲ្យ​រដ្ឋាភិបាល និង​ក្រុមប្រឆាំង​តានតឹង​នឹង​គ្នា។

អ្នកប្រឆាំង ជាច្រើន​នាក់ ដែល​នៅក្នុង​នោះ មាន​ផងដែរ ក្រុមអ៊ីស្លាម​បាន​បាត់ខ្លួន ដោយ​អាថ៌កំបាង បន្ទាប់ពី​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ដើម​ឆ្នាំ​នេះ។ ការបង្រ្កាប សំដៅ​តែ​ក្រុមអ៊ីស្លាម និង​ការផាត់​ចោល ក្រុម​អ៊ីស្លាម នៅក្នុង​ឆាក​នយោបាយ​បង់ក្លាដែស គឺ​ជា​ចលករ រុញច្រាន ឲ្យ​កើតមាន​ក្រុមអ៊ីស្លាម​ជ្រុលនិយម កាន់តែ​ច្រើន នៅ​បង់ក្លាដែស ដែល​តាមពិត ធ្លាប់​ត្រូវ​គេ​ចាត់ទុក​ថា ជា​ប្រទេស​អ៊ីស្លាម​ទាន់​សម័យ និង​មាន​សេរីភាព​ខាងផ្នែក​សាសនា។

នៅ​អាស៊ី បង់ក្លាដែស ជាប្រទេស​ធំ​ទី ៣ ​ដែល​មានអ្នកកាន់​អ៊ីស្លាម​រស់នៅ​ច្រើនជាងគេ។ ៨៨ភាគរយ នៃ​ប្រជាជន គឺ​ជាកាន់​សាសនា​អ៊ីស្លាម និកាយ​ស៊ុននីត។ និកាយ​របស់​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម។ ដូច្នេះ តាម​អ្នកជំនាញ ទោះជា​ក្រុមជីហាត នៅ​មិន​ទាន់​មាន​វត្តមាន ចេញមុខ នៅក្នុង​ទឹកដី បង់ក្លាដែស ក៏ពិតមែន ក៏​ប៉ុន្តែ គេជឿថា បង់ក្លាដែស ដែល​កំពុង​បាក់បែក​ផ្ទៃក្នុង រវាង​រដ្ឋាភិបាល និង​ក្រុមប្រឆាំង អ្នកកាន់​សាសនា​អ៊ីស្លាម កំពុង​ក្លាយ​ជា​ទឹកដី​ដ៏ទាក់ទាញ​សម្រាប់​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម។ នៅក្នុង​សេចក្តី ប្រកាស​របស់ខ្លួន កាលពីចុង​សប្តាហ៍មុន ក្រុមជីហាត បាន​ប្រកាស​រួចហើយ​ថា មនុស្ស​របស់​ប្រទេស​ដែល​ចូលរួម ជាមួយ​អាមេរិក ធ្វើ​ប្រតិបត្តិការ​ទ័ព នៅស៊ីរី និង​នៅ​អ៊ីរ៉ាក់ នឹង​ត្រូវ​សងសឹក សម្លាប់​នៅក្នុង​ប្រទេស​ដែលកាន់​សាសនា​អ៊ីស្លាម។

នាយករដ្ឋមន្រ្តី បង់ក្លាដែស បាននិយាយថា ប៉ូលិស​មិនបាន​រកឃើញ​ភស្តុតាង​ដែល​បញ្ជាក់ថា ឃាតកម្ម​ទៅលើ​ជនជាតិ​អ៊ីតាលី និង​ជប៉ុន មាន​ជាប់ពាក់ព័ន្ធ​នឹង​ក្រុមអង្គការ​រដ្ឋអ៊ីស្លាម។ ប៉ុន្តែ ប៉ូលិស​បង់ក្លាដែស​ដដែល ធ្លាប់​បាន​ប្រកាសថា នៅ​ប៉ុន្មាន​ខែ​ចុងក្រោយនេះ គេ​ចាប់បាន​មនុស្ស​ជាច្រើន​នាក់ ដែលធ្វើ​សកម្មភាព ក្នុង​ទឹកដី​បង់ក្លាដែស ដើម្បី រើស​សមាជិក​ឲ្យ​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម។ ពួកគេ​ទាំងនោះ ភាគច្រើន ជា​ជនជាតិ អង់គ្លេស អាល្លឺម៉ង់ ឬ​អាមេរិក ប៉ុន្តែ មាន​ដើមកំណើត បង់ក្លាដែស។ កន្លងមក លោកស្រី​នាយករដ្ឋមន្រ្តី​បង់ក្លាដែស​ធ្លាប់​បាន​ក្រើនរំលឹក​ដល់​រដ្ឋាភិបាល​អង់គ្លេស ព្រោះថា អង្គការ​សមាគម​អ៊ីស្លាម របស់​ជនជាតិ​អង់គ្លេស ដើមកំណើត បង់ក្លាដែស បាន​ប្រើលុយ និង​បញ្ជូន​មនុស្ស​ទៅ​បំពាក់បំប៉ន មនោគមវិជ្ជា​ដល់​ក្រុមយុវជន នៅ​ក្នុង​ប្រទេស​បង់ក្លាដែស។ ប៉ូលិស​បង់ក្លាដែស នៅ​ចាប់ឃាត់ខ្លួន មនុស្ស​ជាច្រើន​នាក់ ដែល​ប៉ុនប៉ង​ចង់​ចេញ​ដំណើរ​ទៅប្រយុទ្ធ​ក្នុង​ទឹកដី​ស៊ីរី ឬ​អ៊ីរ៉ាក់។

ផាត់ចេញ​ពី​រង្វង់នយោបាយ និង​សង្គម ក្រុមយុវជន​អ៊ីស្លាម ដែល​ខ្វះខាត​ទាំង​ចំណេះដឹង និង​ទ្រព្យធន គឺ​គោលដៅ​សំឡឹង​ចង់បាន របស់​បណ្តាញ​រើសបញ្ចូល​របស់​ក្រុមជីហាត។ តាម​អ្នកជំនាញ អង្គការរដ្ឋអ៊ីស្លាម ប្រហែល​មិនទាន់​មាន​មុខ នៅ បង់ក្លាដែស​មែន។ ប៉ុន្តែ ការបង្រ្កាប បិទ​សេរីភាព ទៅលើ​ក្រុមប្រឆាំង បាន​បង្កើត​បរិយាកាសមួយ ដែល​ហុច​ប្រយោជន៍​ច្រើន​ទៅ​ឲ្យ​ក្រុម​ជ្រុលនិយម។ ធម្មតា​ទេ កន្លែង​ណា ដែល​ជួប​ការរឹត​បន្តឹង​លទ្ធិ​ប្រជាធិបតេយ្យ កន្លែង​នោះ នឹង​ប្រឈម​ច្រើន​នឹង​ការកើនឡើង​នៃ​ក្រុម​ដែល​មាន​និន្នាការ​ជ្រុលនិយម ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ