អានតួអត្ថបទ
គៀរហ្ស៊ីស្តង់

វិបត្តិ​ជាតិសាសន៍ បន្សល់​ទុក​នូវ​​ទេសភាព​គួរ​ឲ្យ​ខ្លោចផ្សា

ទេសភាព​នេះ ទើប​បាន​ឃើញ​នឹង​ភ្នែក​ផ្ទាល់ ដោយ​លោកស្រី Roza Otounbaieva ជា​ប្រធានាធិបតី​ស្តីទី​ និង​ជា​ប្រមុខ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​គៀរហ្ស៊ីស្តង់​ដែល​ព្រឹកមិញ​បាន​ជិះ​ឧទ្ធម្ភាគចក្រ​ហោះ​ឆ្វែល​ជា​លើក​ទី​១​លើ​ក្រុង Osh និង Djalal-Abad នៅ​ខាង​ត្បូង​ប្រទេស ជា​ទី​ដែល​តាំង​ពី​ថ្ងៃ ១១​មិថុនា​មក មាន​ផ្ទុះ​ឡើង​ជា​ការ​ប៉ះ​ទង្គិច​បង្ហូរឈាម​យ៉ាង​ខ្លាំង​ក្លា​រវាង​ជាតិ Kirghiz និង Ouzbek ដែល​តាម​​តួ​លេខ​ផ្លូវការ​បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​១៩១​នាក់​ឯណោះ ប៉ុន្តែ​តាម​យោបល់​លោកស្រី គឺ​ត្រូវ​គុណ​នឹង​១០​ដង​ទើប​សម។  

បុរស​ជនជាតិOuzbek កំពុង​ដើរ​លើ​គំនរ​អគារ​បែក​បាក់​ នៅ​ក្រុង​Osh
បុរស​ជនជាតិOuzbek កំពុង​ដើរ​លើ​គំនរ​អគារ​បែក​បាក់​ នៅ​ក្រុង​Osh © Reuters
ផ្សាយពាណិជ្ជកម្ម

02:30

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា

កែវ ឆាយា

ទេសភាព​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា គ្រាន់​តែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​សោះ​នៃ​វិបត្តិ​ដែល​ឥឡូវ​ចាប់​ស្រក​ទៅ​វិញ​ហើយ អណ្តាត​ភ្លើង​នៃ​ជម្លោះ​ជាតិ​សាសន៍​បាន​បំផ្លាញ​ទីក្រុង Osh ដល់ ទៅ​៧០%។ តាម​ការ​ប្រមាណ​ឃើញ​ត្រួសៗ​ជា​មុន ដោយ​មិន​គិត​អំពី​លំនៅ​ដ្ឋាន​ច្រើន​ឥត​គណនា​របស់​ជាតិ​Ouzbek​ដែល​បាន​ត្រូវ​ដុត​ចោល នៅ​មាន​សំណង់ និង​អាគារ​សាធារណៈ​របស់​ក្រុង​ចំនួន ៧៦ ទៀត ដែល​ខូចខ្ទេចខ្ទាំ មិន​អាច​ស្តារ​កសាង​ឡើង​វិញ​ឡើយ។ តើ​ដើម្បី​ស្តារ​ក្រុង​នេះ​ឡើង​វិញ ដែល​ជា​ក្រុង​ទី​២​នៃ​ប្រទេស និង​ដែល​មាន​ឈ្មោះ​ថា​ជា “រដ្ឋធានី​ខាង​ត្បូង” របស់​គៀរហ្ស៊ីស្តង់ ត្រូវ​ចំណាយ​លុយ អស់​ប៉ុន្មាន​លាន​ដុល្លារ​ទៅ?

អំពី​ចំនួន​អ្នក​ធ្លាក់​ខ្លួន​ស្លាប់ ក្នុង​អំពើ​ហិង្សា​នោះ ដែល​ត្រូវ​ក្រសួង​សុខាភិបាល​ប្រកាស​ថា មាន​ដល់​១៩១​នាក់ ពី​ក្នុង​នោះ ១៤០​នាក់​គឺ​នៅ​ក្រុង Osh និង ៥១​នាក់​គឺ​នៅ​ក្រុង Djalal-Abad ប្រមុខ​បច្ចុប្បន្ន​នៅ​គៀរហ្ស៊ីស្តង់ លោកស្រី Roza Otounbaieva ក្នុង​សម្ភាសន៍​គាត់​ដែល​ចេញ​ផ្សាយ​ដោយ​កាសែត​រុស្ស៊ី​ឈ្មោះ ​Kommersant លេខ​ថ្ងៃ​នេះ បាន​បំភ្លឺ​ឲ្យ​ដឹងថា បើ​រាប់​ទាំង​អ្នក​ស្លាប់​នៅ​តាម​ជន​បទ​ផង គឺ​អាច​ឡើង​ដល់ ២.០០០​នាក់​ឯណោះ ដ្បិត​តាម​ប្រពៃណី​សាសនា​អ៊ីស្លាម អ្នក​ដែល​ក្ស័យ​ជីវិត​ទៅ​ហើយ គឺ​ត្រូវ​លើក​សព​គេ​ទៅ​កប់​ក្នុង​ដី នៅ​ថ្ងៃ​នោះ​ឯង​តែ​ម្តង ហើយ​កប់​ឲ្យ​បាន​មុន​ថ្ងៃ​លិច​ទៅ។

ក្រៅពី​ចំនួន​អ្នក​ស្លាប់ នៅ​មាន​អ្នក​ដែល​បង្ខំ​ចិត្ត​សង្គ្រោះ​ជីវិត​ដោយ​ចាក​ចេញ​ពី​កន្លែង​ដែល​គេ​ធ្លាប់​រស់​នៅ។ តាម​ដែល​លោកស្រី Elisabeth Beers តំណាង​ផ្លូវការ​របស់ អ.ស.ប. ខាង​សម្របសម្រួល ប្រតិបត្តិការ​មនុស្សធម៌​បាន​ថ្លែង គេ​ទាំង​នោះ​មាន​ចំនួន​យ៉ាង​ហោច​ណាស់ ៤០០.០០០​នាក់ ពី​ក្នុង​នោះ ៣០០.០០០​នាក់ គឺ​ជា​ជន​បន្លាស់​ទី នៅ​លើ​ដែនដី​គៀរហ្ស៊ីស្តង់​ផ្ទាល់ ១០០.០០០​នាក់ ក្លាយ​ជា​ជន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស Ouzbekistan​ជិត​ខាង។

នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ រុស្ស៊ី​បាន​ជម្លៀស​ពលរដ្ឋ​ខ្លួន​ចំនួន ១៨០​នាក់​ទៅ​ហើយ ពី​ក្នុង​ចំណោម​ជាតិ​រុស្ស៊ី​១.៦០០​នាក់​ដែល​រស់​នៅ​ប៉ែក​ខាង​ត្បូង​គៀរហ្ស៊ីស្តង់។ ចិន​ដី​គោក ដែល​មាន​ព្រំដែន​ជាប់​ផ្ទាល់​នឹង​គៀរហ្ស៊ីស្តង់ ក្នុង​៣​ថ្ងៃ កន្លង​ទៅ​បាន​ដឹក​ចេញ​ពី​តំបន់​អាសន្ន​អន់​ក្រ​នោះ នូវ​ពលរដ្ឋ​ខ្លួន​ចំនួន ១.២៩៩​នាក់​ទៅ​ដែរ ដឹក​តាម​ជើង​យន្តហោះ​ដល់​ទៅ ៩​ជើង។ ក្នុង​ពេល​ជាមួយ​គ្នា ជំនួយ​មនុស្សធម៌​ដែល​បញ្ជូន​ទៅ​គៀរហ្ស៊ីស្តង់ ដោយ អ.ស.ប ប្រទេស​រុស្ស៊ី​ អាមរិក សហភាព​អឺរ៉ុប ត្រូវ​ជាតិ​Ouzbek រស់​នៅ​ទី​នោះ​ត្អូញត្អែរ​ថា ពុំ​សូវ​បាន​ទទួល​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ