ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
អាស៊ី

ប្រធានាធិបតី ទី១ ជាភេទស្រី

media លោកស្រី Roza Otounbaieva ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី © Reuters

ថ្ងៃនេះ នៅ​ប្រទេស​គៀរហ្ស៊ីស្តង់ មាន​ប្រព្រឹត្ត​ទៅ​ពិធី​ជា​ផ្លូវការ ឡើង​កាន់​តំណែង នៃ​លោកស្រី Roza Otounbaieva ជា​ប្រធានាធិបតី​សម័យ​អន្តរកាល សំរាប់​មួយ​ឆ្នាំ​កន្លះ​ទៅ​មុខ រហូត​ដល់​ថ្ងៃ​៣១​ធ្នូ​ឆ្នាំ​២០១១។ នេះ​ជា​លទ្ធផល​នៃ​ប្រជាមតិ​កាលពី​មួយ​សប្តាហ៍​មុន ដែល​បាន​គាំទ្រ​ដល់​ឋានៈ​នេះ​របស់​លោកស្រី។ លោកស្រី ក៏​ជា​ប្រមុខ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​ផង​ដែរ ​ទំរាំ​ដល់​ពេល​បោះឆ្នោត​សភា​នៅ​ខែ​តុលា​ខាង​មុខ​សភា​ដែល​នឹង​មាន​ភារៈ​ ជ្រើស​តាំង​នាយក​រដ្ឋមន្ត្រី​ថ្មី និង​រដ្ឋាភិបាល​ថ្មី​ពេញ​លក្ខណៈ។

សេចក្តីរាយការណ៍​របស់ កែវ ឆាយា 03/07/2010 - ដោយ កែវ ឆាយា ស្តាប់

នេះ​ជា​ករណី​ទី​១ ដែល​នៅ​គៀរហ្ស៊ីស្តង់ ក៏​ដូច​ជានៅ​តាម​សាធារណរដ្ឋ​៤​ទៀត​នៃ​តំបន់​អាស៊ី​កណ្តាល​កាន់​សាសនា​អ៊ីស្លាម មាន​ប្រធានាធិបតី​ជា​ភេទ​ស្រី។ ថ្លែង​ក្នុង​ពិធី​ទទួល​សច្ចា​ប្រណិធាន​ព្រឹក​មិញ លោកស្រី Roza Otounbaieva ដោយ​ផ្កាប់​បាត​ដៃ​ស្តាំ​លើ​ក្រាំង​រដ្ឋ​ធម្មនុញ្ញ បាន​សន្យា​ថា នឹង​គោរព​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ខាង​គ្រប់គ្រង​ប្រទេស​ជាតិ និង​ពង្រឹង​សក្តានុពល​សេដ្ឋកិច្ច​របស់​គៀរហ្ស៊ីស្តង់។ លោកស្រី​បាន​ត្រូវ​គេ​ប្រគល់​ជូន គឺ​ប័ណ្ណ​ដែល​មាន​រូបថត​គាត់ និង​ចារ​ឈ្មោះ​គាត់​ជា​ប្រធានាធិបតី ព្រម​ទាំង​បំពាក់​ជូន​គាត់​នូវ​ខ្សែ​ក​ម្យ៉ាង ជា​និមិត្តរូប​សំគាល់​អំណាច​ប្រធានាធិបតី និង​ប្រាកដ​ណាស់​គាត់​បាន​ទទួល​គឺ ទង់​ប្រធានាធិបតី​តែ​ម្ដង។

 
ស្រប​នឹង​លទ្ធផល​ប្រជាមតិ​មួយ​សប្តាហ៍​មុន ជា​ទី​ដែល​បណ្តាជន​ម្ចាស់​ឆ្នោត​ដល់​ទៅ​ជាង​៩០% បាន​បញ្ចេញ​សំឡេង​គាំទ្រ​ដល់​រដ្ឋ​ធម្មនុញ្ញ​ថ្មី លោកស្រី​នឹង​កាន់​តំណែង​ជា​ប្រធានាធិបតី​អន្តរកាល រហូត​ដល់​ដំណាច់​ឆ្នាំ​ក្រោយ។ ហើយ​បន្ទាប់​មក លោកស្រី​លែង​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខជន សំរាប់​កាន់​តំណែង​ជា​ប្រធានាធិបតី​ទៀត​ឡើយ។

មូលហេតុ​ដែល​បាន​ញ៉ាំង​ឲ្យ​ធ្វើ​ប្រជាមតិ​នោះ គឺ​ដើម្បី​ផ្ដល់​នីត្យានុកូលកម្ម​ដល់​រដ្ឋាភិបាល​បណ្តោះ​អាសន្ន ឲ្យ​មាន​លក្ខណៈ​ស្រប​ច្បាប់​ទំរាំ​ដល់​ពេល​បោះឆ្នោត​សភា​នៅ​ខែ​តុលា​ខាងមុខ សភា​ដែល​នឹង​មាន​ភារៈ​ជ្រើសតាំង​នាយក​រដ្ឋមន្ត្រី​ថ្មី និង​រដ្ឋាភិបាលថ្មីពេញលក្ខណៈ។

រដ្ឋាភិបាលបណ្ទោះអាសន្ននោះ បានត្រូវបង្កើតឡើង គឺ​ក្រោយពី​មាន​រលក​បះបោរ​កាលពី ២​ខែ​មុន​ផ្តួល​រំលំ​ទៅ​លោក​ប្រធានាធិបតី​ឈ្មោះ Bakiev ដែល​បន្ទាប់​មក​បាន​ភៀស​ខ្លួន​ទៅ​ទទួល​ជម្រក​នយោបាយ នៅ​ប្រទេស​បៀឡូរុស្ស៊ី។ លោក Bakiev ត្រូវ​រដ្ឋ​អំណាច​ថ្មី ចោទ​ថា​បាន​បញ្ជា​ឲ្យ​បាញ់​សម្លាប់​អ្នក​បះបោរ កាលណោះ​ស្លាប់​អស់​ដល់​៨៤​នាក់ និង របួស​ជិត​៦០០​នាក់។ ឥឡូវ​ចោទ​នៅពី​មុខ​លោកស្រី​ប្រធានាធិបតី​ថ្មី ក៏​ទាំង​ភារកិច្ច​ស្ដារ​កសាង​ឡើង​វិញ ទី​រួម​ខេត្ត​ពីរ​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស គឺ​ក្រុង Osh និង Djalal-Abad ដែល​បាន​ត្រូវ​បំផ្លាញ​អស់​ពី​៦០%​ទៅ​៧០% ដោយ​មក​ពី​ជម្លោះ​ជាតិ​សាសន៍ និង​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់ គ្រាន់​តែ​តាម​តួលេខ​ផ្លូវការ គឺ​អស់​មនុស្ស​ជាង ៣០០​នាក់​ឯណោះ។ សំរាប់​ការ ស្តារ​កសាង​ឡើង​វិញ​នេះ គឺ​ត្រូរ​ចំណាយ​ប្រមាណ ១០០​លាន​ដុល្លារ ពី​ប្រាក់​កម្ចី ៣០០លាន​ដុល្លារ ទទួល​បាន​ពី​រុស្ស៊ី​កាល​ពី​ឆ្នាំ​មុន។

លោកស្រី Roza Otounbaieva នៅ​ខែ​សីហា​ខាងមុខ នឹង​មាន​អាយុ​គំរប់​បាន ៦០​ឆ្នាំ។ ទន្ទឹម​នឹង​ភាសា​ជាតិ​Kirghiz លោកស្រី​ក៏​ចេះ​ភាសា រុស្ស៊ី អង់គ្លេស អាល្លឺម៉ង់ បារាំង។ ខាង​ស្ថានភាព​គ្រួសារ លោកស្រី​បាន​លែង​ប្តី ដោយ​រស់​នៅ​ជាមួយ​កូន​២​នាក់ គឺ ស្រី​ម្នាក់ ប្រុស​ម្នាក់៕
 

 

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ