ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/04 12h00 GMT

សេដ្ឋកិច្ច​ចិន​ខ្លាំងមែន តែ​មូលដ្ឋាន​របស់​វា​នៅ​ផុយស្រួយ

សេដ្ឋកិច្ច​ចិន​ខ្លាំងមែន តែ​មូលដ្ឋាន​របស់​វា​នៅ​ផុយស្រួយ
 
សេដ្ឋកិច្ច​ចិន​កំពុង​មាន​ថាមពល​ខ្លាំងមែន ក៏​ប៉ុន្តែ វា​មាន​លក្ខណៈ​ផុយស្រួយ​ជាច្រើន ©Reuters

នា​រយៈ​ពេល​ពី​១៥​ទៅ​២៥​ឆ្នាំ​ខាង​មុខ ប្រទេស​ចិន​ទំនង​ជា​អាច​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ពិភព​លោក​ទី​១។ ក៏​ប៉ុន្តែ ចូរ​កុំ​ភ្លេច​ថា នៅ​ក្នុង​ទសវត្សរ៍​ទី​៨០ គេ​ក៏​ធ្លាប់​បាន​ឮ​ដែរ​ថា ប្រទេស​ជប៉ុន​ដែល​កាលណោះ​កំពុង​មាន​អានុភាព​ខ្លាំងក្លា នៅ​លើ​វិស័យ​ឧស្សាហកម្ម បច្ចេកវិជ្ជា និង​ហិរញ្ញវត្ថុ​នឹង​អាច​វ៉ា​ឈ្នះ​សហរដ្ឋ​អាមេរិក។ ក៏​ប៉ុន្តែ នៅ​ទី​បំផុត ស្ថានភាព​មិនបាន​វិវឌ្ឍ​ទៅ ដូច​ការគ្រោង​ទុក​ឡើយ។

សេដ្ឋកិច្ច​ចិន​កំពុង​មាន​ថាមពល​ខ្លាំង​មែន ក៏​ប៉ុន្តែ​វា​មាន​លក្ខណៈ​ផុយ​ស្រួយ​ជា​ច្រើន ដែល​នឹង​អាច​បង្អាក់​ដំណើរ​នៃ​មហាយក្ស​អាស៊ី​មួយ​នេះ ក្នុង​ការឈោង​ចាប់​លក្ខន្តិកៈ​ជា​ប្រទេស​ជាប់​លេខ​១​ពិភពលោក។

 

ប្រទេស​ចិន​មិន​អាច​វ៉ា​ឈ្នះ​សហរដ្ឋ​អាមេរិក នា​ពេល​ឆាប់ៗ​ខាង​មុខ​ទៅ​កើត​ទេ ពីព្រោះ​នៅ​ក្នុង​គ្រា​នេះ សេដ្ឋកិច្ច​អាមេរិក​នៅ​ខ្លាំង​ជាង​សេដ្ឋកិច្ច​ចិន​យ៉ាង​តិច​៣​ដង​ឯ​ណោះ។ ក៏ប៉ុន្តែ នា​រយៈកាល​មធ្យម គឺ​ពី​១៥​ ទៅ​២៥​ឆ្នាំ​ទៀត ដូច​ដែល​ធនាគារ​Goldman Sachs បាន​ប្រមើល​ឃើញ​អ៊ីចឹង ប្រទេស​ចិន​នឹង​អាច​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​១។

ជា​ការពិត​ណាស់​ដែល​ថា សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន​ទំនង​ជា​អាច​បន្ត​កើន​ឡើង​លឿន​រហ័ស ដោយសារតែ​មហាយក្ស​មួយ​នេះ សម្បូណ៌​សញ្ច័យធន និង​សម្បូណ៌​ពលករ។ ក៏​ប៉ុន្តែ មក​ទល់​ពេល​នេះ សេដ្ឋកិច្ច​ចិន​ពឹងពាក់​បរទេស​ខ្លាំង​ពេក បាន​ន័យ​ថា កំណើន​ខ្លាំងក្លា​នៃ​សេដ្ឋកិច្ច​ចិន ជា​លទ្ធផល​បាន​មក​ពី​ការលក់​ទំនិញ​ទៅ​បរទេស។ មិន​តែ​ប៉ុណ្ណោះ ម៉ាស៊ីន​បង្កបង្កើត​ផល​របស់​ប្រទេស​ចិន ប្រើប្រាស់ ជា​ពិសេស​បច្ចេកវិជ្ជា​របស់​បរទេស រីឯ​វត្ថុធាតុដើម​សឹង​ទាំង​ស្រុង ពិសេស​ថាមពល ក៏​ត្រូវ​ទិញ​ពី​បរទេស​ដែរ។

ដើម្បី​បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស និង​ដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅ​ឈោង​ចាប់​យក​លក្ខន្តិកៈ ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​១​បាន ទីក្រុង​ប៉េកាំង​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ទាំង​បី​ខាង​លើ​ឲ្យ​បាន​ទាន់​ពេល​វេលា។

វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​កាត់​បន្ថយ​ការបញ្ជា​ទិញ​ពី​បរទេស បាន​ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ​ចិន​ភ្ញាក់​ខ្លួន និង​ងាក​មក​ចាប់​ផ្តើម​ផ្តល់​សន្ទុះ​ដល់​ទីផ្សារ​ផ្ទៃ​ក្នុង ដោយ​ជម្រុញ​ឲ្យ​ប្រជាជន​ចិន​ចាយ​លុយ​ច្រើន​ជាង​មុន ទិញ​គ្រឿង​ឧបភោគ និង​គ្រឿង​បរិភោគ​ច្រើន​ជាង​មុន។
 

សំណង់​នៅ​ចិន​កាន់​តែ​រីក​ច្រើន​ដូចផ្សិត ©Reuters

ក៏​ប៉ុន្តែ នយោបាយ​សេដ្ឋកិច្ច​ថ្មី​នេះ​ត្រូវការ​ពេល​វេលា ពីព្រោះ​ត្រូវ​ដំឡើង​ប្រាក់ខែ​ឲ្យ​ពលករ​បន្តិចម្តងៗ និង​ត្រូវ​ពង្រឹង​ប្រព័ន្ធ​ធានារ៉ាប់រង​សង្គម ដើម្បី​ជួយ​យក​អាសា​អ្នកជម្ងឺ អ្នកគ្មាន​ការងារ​ធ្វើ ជនចាស់​ជរា និង​ជនពិការ។ បើ​ពុំ​នោះ​សោត​ទេ ប្រជាជន​ចិន​នឹង​នៅ​តែ​មិន​ទុក​ចិត្ត​អនាគត ហើយ​បន្ត​សន្សំ​សំចៃ​លុយ ជាជាង​ចាយ​វាយ​ផ្តេសផ្តាស។ ម្ល៉ោះ​ហើយ ចង់​ឬ​មិន​ចង់ សេដ្ឋកិច្ច​ចិន​ដែល​ត្រូវ​បន្ត​ពឹងពាក់​បរទេស​ជា​ច្រើន​ឆ្នាំ​តទៅ​មុខ​ទៀត ជា​សេដ្ឋកិច្ច​ផុយ​ស្រួយ។

ទន្ទឹម​ជាមួយ​គ្នា​នេះ​ដែរ នៅ​លើ​វិស័យ​ឧស្សាហកម្ម ថ្នាក់​ដឹកនាំ​ចិន​ក៏​បាន និង​កំពុង​បន្ត​ប្រឹងប្រែង​កាត់​បន្ថយ​ការពឹងពាក់​លើបច្ចេកវិជា្ជ​បរទេស​ដែរ។ គោល​ដៅ គឺ​បង្កើន​ឲ្យ​បាន​ដល់​៧០% បរិមាណ​នៃ​បច្ចេកវិជ្ជា​ជាតិ ហើយ​កាត់​បន្ថយ​ឲ្យ​មក​នៅ​ត្រឹម​តែ​៣០%​ប៉ុណ្ណោះ​បរិមាណ​នៃ​បច្ចេកវិជ្ជា​បរទេស នៅ​ឆ្នាំ​២០២០​ខាង​មុខ។

យ៉ាងណាមិញ កញ្ចប់​ថវិកា​សាធារណៈ​ដែល​រដ្ឋ​ចិន​ចាយ​ក្នុង​មួយ​ឆ្នាំៗ សម្រាប់​វិស័យ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ នៅ​មាន​ទំហំ​តិច​តួច​ស្តួចស្តើង​ណាស់ គឺ​ប្រមាណ​១,៤% តែ​ប៉ុណ្ណោះ​នៃ​ផលិតផល​ដុល​ក្នុង​ស្រុក ទល់​នឹង​៣,៤%​សម្រាប់​ប្រទេស​ជប៉ុន និង​២,៦% ជា​មធ្យមភាគ​សម្រាប់​បណ្តា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប។

មិន​តែ​ប៉ុណ្ណោះ សូម្បី​តែ​នៅ​លើ​វិស័យ​បច្ចេកវិជ្ជា​ឈាន​មុខ បណ្តា​ក្រុមហ៊ុន​ចិន​ចាយ​តិច​ណាស់​សម្រាប់​ការស្រាវជ្រាវនិង​ការ​អភិវឌ្ឍន៍ ជា​មធ្យមភាគ​គឺ​មិន​ដល់​៤% ផង​នៃ​ទឹក​ប្រាក់​ដែល​បាន​មក​ពី​កិច្ចការ​ជំនួញ ទល់​នឹង​៣៨% សម្រាប់​បណ្តា​ក្រុមហ៊ុន​អាមេរិក និង​២៩% សម្រាប់​បណ្តា​ក្រុមហ៊ុន​ជប៉ុន។ ម្ល៉ោះ​ហើយ ចង់​ឬ​មិន​ចង់ សេដ្ឋកិច្ច​ចិន​ដែល​ត្រូវ​បន្ត​ពឹងពាក់​បច្ចេកវិជា្ជបរទេស​ច្រើន​ឆ្នាំ​ត​ទៅ​មុខ​ទៀត ជា​សេដ្ឋកិច្ច​ផុយស្រួយ។

ដោយ​ឡែក សេដ្ឋកិច្ច​ចិន​ក៏​ជា​សេដ្ឋកិច្ច​មួយផុយស្រួយ​ដែរ ដ្បិត​ល្មោភ​វត្ថុធាតុ​ដើម ម្ល៉ោះ​ហើយ​ត្រូវ​ពឹងពាក់​បរទេស​ជា​ប្រចាំ ជា​អាទិ៍​តាម​រយៈ​ការ​ទិញ​ថាមពល​ពី​ប្រទេស​ក្រៅ។ ក្នុង​មួយ​ឆ្នាំៗ ប្រទេស​ចិន​លេប​ត្របាក់​១៧,៧% នៃ​ថាមពល​ទាំង​ស្រុង​ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​លោក។ តួ​លេខ​នេះ នឹង​ត្រូវ​កើន​ទ្វេ​ពីរ​ដង នៅ​ឆ្នាំ​២០៣០។
ដើម្បី​ធានា​តម្រូវ​ការ​ថាមពល​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស ថ្នាក់​ដឹក​នាំ​ចិន បាន​និង​កំពុង​បន្ត​អនុវត្ត​អ្វី​ដែល​គេ​ហៅ​ថា ការទូត​ថាមពល នៅ​អាស៊ី នៅ​អាហ្វ្រិក នៅ​អាមេរិក​ខាងត្បូង។ មិន​តែ​ប៉ុណ្ណោះ ទីក្រុង​ប៉េកាំង ក៏​បាន​និង​កំពុង​បន្ត​បង្កើន​ការ​ជីក​រុករក​រ៉ែ នៅ​ក្នុង​ប្រទេស​របស់ ខ្លួនដែរ ជាអាទិ៍​នៅ​ទីបេ។

ក្រៅ​ពី​បញ្ហា​ទាំង​អម្បាលម៉ាន​ខាង​លើ ដែល​អាច​នឹង​បង្អាក់​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស ថ្នាក់ដឹកនាំ​ចិន​យល់​ដឹង​ថា គម្លាត​កាន់​តែ​ធំ​រវាង​អ្នក​មាន​និង​អ្នក​ក្រ និង​វិបត្តិ​បរិស្ថាន នឹង​អាច​គំរាម​អំណាច​របស់​គណបក្ស​កុម្មុយនិស្ត នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន​ឡើយ។

ជា​ការ​ពិត​ណាស់​ដែល​ថា ការអភិវឌ្ឍន៍​លឿន​រហ័ស​នៃ​សេដ្ឋកិច្ច​ចិន បាន​ជួយ​កាត់​បន្ថយ​មិន​តិច​ទេ​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស តែ​វា​ក៏​បាន​បង្ក​ឲ្យ​មាន​វិសមភាព​សង្គម និង​ភាព​លូតលាស់​មិន​ស្មើ​គ្នា នៅ​តាម​តំបន់​នានា​ក្នុង​ប្រទេស​ដែរ។
 

អ្នកនេសាទ​ចិន​ ©Reuters

នៅ​ក្នុង​គ្រា​នេះ ជា​មធ្យមភាគ ប្រាក់​ចំណូល​របស់​អ្នក​ទីក្រុង​មានទំហំច្រើន​ជាង​ប្រាក់​ចំណូល​របស់​អ្នកស្រុកស្រែ​ចម្ការ​ពីរ​ដង​យ៉ាង​តិច។ ប្រជាជន​អ្នកស្រុកស្រែ​ចម្ការ​ដែល​តំណាង​៥៥%​នៃ​ចំនួន​ប្រជាជន​ទាំង​ស្រុង ក្តោបក្តាប់​បាន​តែ​១១% នៃ​ទ្រព្យសម្បត្តិ​ជាតិ​តែ​ប៉ុណ្ណោះ។ ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត គឺ​៣៦%​នៃ​ប្រជាជន​ចិន​បន្តរស់​ក្នុង​ភាពក្រីក្រ​ខ្លាំង ហើយ​តួ​លេខ​នេះ​មិន​ថយ​ចុះ​ទាល់​តែ​សោះ តាំង​ពី​ឆ្នាំ​១៩៩០​មក។

ទន្ទឹម​ជាមួយ​គ្នា​នេះ តំបន់​ជិត​ឆ្នេរ​សមុទ្រ​បន្ត​អភិវឌ្ឍ​លឿន​មែន​ទែន នា​ពេល​ដែល​តំបន់​ជាច្រើន​ចូល​ជ្រៅ​ទៅ​ខាង​ក្នុង​ប្រទេស​នៅ​តែ​មិន​លូតលាស់​សោះ និង​នៅ​បន្ត​ក្រីក្រ ដូច​ជំនាន់​ដើម​ត​ទៅ​ទៀត។

ក្រៅ​ពី​នេះ វិបត្តិ​បរិស្ថាន​កំពុង​យាយី​សុខភាព​សាធារណៈ​ខ្លាំង​ឡើងៗ។ ឧស្សាហកម្ម​ជំហាន​យក្ស ការប្រើប្រាស់​ច្រើន​ជ្រុល​ថាមពល​ធ្យូងថ្ម និង​នគរោបនីយកម្ម​លឿន​ជ្រុល ធ្វើ​ឲ្យ​ចិន​ក្លាយ​ជា​ប្រទេស​ដែល​បង្ហុយ​ផ្សែងពុល​Dioxyde de carbone ច្រើន​ជាង​គេ នៅ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ។ ស្ទឹង និង​ទន្លេ​បង្ហូរ​សុទ្ធ​តែ​ទឹក​កខ្វក់ រី​ឯ​ប្រជាជន​នៅ​តាម​ស្រុក​ស្រែ​ចម្ការ​ចំនួន​ជាង​៣០០​លាន​នាក់​គ្មាន​ទឹក​ស្អាត​ប្រើ​ប្រាស់។

អ៊ីចឹង​ហើយ​បាន​ជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ តែងតែ​មាន​បាតុកម្ម និង​កូដកម្ម​តូចតាច​កើត​ឡើង ជា​ពិសេស​នៅ​តាម​មូលដ្ឋាន។ សុទ្ធ​សឹងជាបាតុកម្ម​ប្រឆាំង​នឹង​វិបត្តិ​បរិស្ថាន ប្រឆាំង​នឹង​ចំណី​អាហារ​មាន​ជាតិ​ពុល ដែល​បាន​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ ប្រឆាំង​នឹង​ការរឹបអូស​យក​ដីធ្លី ព្រម​ទាំង​ប្រឆាំង​នឹង​អំពើ​ពុករលួយ​របស់​អាជ្ញាធរ​តំបន់។

ជាការ​ពិត​ណាស់​ដែល​ថា កូដកម្ម និង​បាតុកម្ម​តូចតាច​ទាំង​នេះ មិន​អាច​គំរាម​រដ្ឋអំណាច​ចិន​បាន​ទេ ក្នុងពេលនេះ។ ក៏​ប៉ុន្តែ ចំនួន​ច្រើន​ឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ នៃ​ចលនា​សង្គម​បែប​នេះ​ សុទ្ធសឹង​ជា​សញ្ញា​អាសន្ន​នៃ​អស្ថិរភាព​ដ៏​ធំ​មួយ​ដែល​នឹង​អាច​បង្អាក់​ដំណើរ​បោះ​ពួយ​ទៅ​មុខ​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ បើ​សិន​ជា​ថ្នាក់​ដឹក​នាំ​ចិន​មិន​ប្រុង​ប្រយ័ត្ន​និង​មិន​ប្រញាប់​ដោះស្រាយ​នោះទេ៕

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ភូមិសាស្រ្តនយោបាយ

    តើជិតដល់វេនប្រទេសចិនហើយឬ ដែលត្រូវជាប់លេខ១ពិភពលោក?

    ស្វែងយល់បន្ថែម

  • ភូមិសាស្រ្តនយោបាយ

    វិបត្តិ​សេដ្ឋកិច្ច​សកល៖ ប្រទេស​ឈ្នះ និង​ប្រទេស​ចាញ់

    ស្វែងយល់បន្ថែម

  • ចិន

    ទីក្រុងប៉េកាំង​អនុញ្ញាត​ឲ្យចេញផ្សាយ​របាយការណ៍​ទិតៀន​របស់​FMIស្តីពី​សេដ្ឋកិច្ចចិន​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ