អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិន និង អាមេរិក សម្លឹង​មើល​គ្នា​យ៉ាង​ប្រុង​ប្រយ័ត្ន​នៅ​អាស៊ី​ប៉ាស៊ីហ្វិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុម​អ្នកសង្កេតការណ៍​អាមេរិក ក៏​ដូច​ក្រុម​អ្នកសង្កេតការណ៍​ចិន បារម្ភ​ខ្លាំង​ឡើងៗ ក្រែង​មាន​ការប៉ះទង្គិច​គ្នា​រវាង​សហរដ្ឋអាមេរិក និង​ចិន នៅ​អាស៊ីប៉ាស៊ីហ្វិក។ នៅ​ម្ខាង កងទ័ព​អាមេរិក​កំពុង​ពង្រឹង​ទីតាំង​របស់​ខ្លួន​នៅ​ក្នុង​តំបន់ រីឯ​នៅ​ម្ខាង​ទៀត កងទ័ព​ចិន​ក៏​កំពុង​ពង្រីក​ដែន​អំណាច​របស់​ខ្លួន នៅ​ទី​នោះ​ដែរ។ មិន​តែ​ប៉ុណ្ណោះ ការ​មិន​យល់​ស្រប​គ្នា​រវាង​ប្រទេស​ទាំង​ពីរ ចំពោះ​ច្បាប់​នាវាចរណ៍ និង​ការ​ធ្វើ​សមយុទ្ធ​សម្ញែង​ដាក់​គ្នា នា​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ បង្ក​ឲ្យ​មាន​ការ​មើល​មុខ​គ្នា​មិន​ចំ​រវាង​មហាអំណាច​ទាំង​ពីរ។

នាវាចម្បាំង​ចិន
នាវាចម្បាំង​ចិន © Reuters
ផ្សាយពាណិជ្ជកម្ម

 

អធិករណ៍​ជាយថាហេតុ នា​អនាគត​ខាង​មុខ រវាង​សហរដ្ឋអាមេរិក​និង​ចិន អាច​នឹង​កើត​ចេញ​ពី​ការ​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​ជើង​ទឹក​នៃ​ប្រទេស​ទាំង​ពីរ។
ពីព្រោះ​ម្យ៉ាង ចិន​បាន​និង​កំពុង​បន្ត​បង្កើន​វត្តមាន​ព្រម​ទាំង​សកម្មភាព​នៃ​កងទ័ព​ជើង​ទឹក​ នៅ​លើ​ផ្ទៃ​នៃ​បណ្តា​សមុទ្រ​ជិត​និង​ជុំវិញ​ប្រទេស​ខ្លួន។ ពីព្រោះ​ម្យ៉ាង​ទៀត កងទ័ព​អាមេរិក​ពិសេស​កងទ័ព​ជើងទឹកដែល​ឈរ​ជើង​នៅ​អាស៊ីប៉ាស៊ីហ្វិក​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​ហើយ ក៏​កំពុង​និង​បន្ត​បង្កើន​សកម្មភាព​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ដែរ។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចិន​បាន​ចាយ​ប្រាក់​ជា​ច្រើន​ម៉ឺន​លាន​ដុល្លារ ដើម្បី​ធ្វើ​នវូបនីយកម្ម​ទៅ​លើ​កងទ័ព​ជើងទឹក​របស់​ខ្លួន។ ពី​អំណើះ​ត​ទៅ ចិន​មាន​នាវា​មុជ​ទឹក ដែល​បំពាក់​ទៅ​ដោយ​មីស្ស៊ីល​នុយក្លេអ៊ែរ ហើយ​នា​ពេល​ឆាប់ៗ​ខាង​មុខ ចិន​នឹង​មាន​នាវា​ផ្ទុក​យន្តហោះ​ទៀត​ផង។

មិន​តែ​ប៉ុណ្ណោះ ដូច​ដែល​របាយការណ៍​មួយ​របស់​មន្ទី​របញ្ចកោណ​អាមេរិក​បាន​គូស​បញ្ជាក់​កាល​ពី​ដើម​សប្តាហ៍​អ៊ីចឹង ចិន​មាន​មហិច្ឆតា​ពង្រីក​ដែន​អំណាច​និង​ដែន​ប្រមាញ់​របស់​ខ្លួន​ទៅ​ឲ្យ​កាន់​តែ​ឆ្ងាយ ក្នុង​ផ្ទៃ​សមុទ្រ​ទាំង​អម្បាលម៉ាន​នៅ​ប៉ែក​ខាង​ត្បូង នៅ​ប៉ែក​អាគ្នេយ៍ និង​នៅ​ប៉ែក​ខាងកើត​នៃ​ប្រទេស។ ជាក់ស្តែង កន្លង​ទៅ​ថ្មីៗ​នេះ នាវា​ចម្បាំង​របស់​ចិន​បាន​ចូល​ទៅ​ជិត​មែន​ទែន ជិត​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​ជប៉ុន ជាហេតុ​បាន​ធ្វើ​ឲ្យ​ទីក្រុង​តូក្យូ​ភិតភ័យ​និង​ស្រែក​តវ៉ា។

ទន្ទឹម​ជាមួយ​គ្នា​នេះ សហរដ្ឋអាមេរិក បាន​ប្រមូល​នាវា​មុជទឹក​ដែល​មាន​តួនាទី​ខាង​វាយលុក ព្រម​ទាំង​នាវា​ចម្បាំង​ជា​ច្រើន​គ្រឿង មក​ដាក់​ជិត​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​ប្រទេស​ជប៉ុន​និង​នៅ​កោះ​Guam។

គឺ​ចលនា​កាន់​តែ​មមាញឹក​នៃ​កងទ័ព​របស់​មហាយក្ស​ទាំង​ពីរ នៅ​ក្នុង​ដែន​ទឹក​តែ​មួយ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នកសង្កេតការណ៍​កាន់​តែ​បារម្ភ បារម្ភ​ក្រែង​មាន​ការ​ប៉ះទង្គិច​គ្នា នៅ​ថ្ងៃ​ណា​មួយ។

ចំពោះ​អ្នកឯកទេស​នៃ​បញ្ហា​ចិន​នៅ​សហរដ្ឋអាមេរិក ក៏​ដូច​អ្នកឯកទេស​នៃ​បញ្ហា​អាមេរិក​នៅ​ប្រទេស​ចិន ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កង​ទ័ព​ជើង​ទឹក​នៃ​ប្រទេស​ទាំង​ពីរ​អាច​កើត​ឡើង​គ្រប់​ពេល​វេលា។ ពីព្រោះ កងទ័ព​អាមេរិក​និង​កងទ័ព​ចិន​អស់​មាន​ទំនាក់ទំនង​នឹង​គ្នា តាំង​ពី​ខែ​មករា​ដើម​ឆ្នាំ​២០១0​ម្ល៉េះ គឺ​តាំង​ពី​អាមេរិក​បាន​សម្រេច​លក់​អាវុធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​រួច​មក និង​ពីព្រោះ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​គ្មាន​ចក្ខុនិមិត្ត​រួម​គ្នា នៅ​ចំពោះ​មុខ​ច្បាប់​នាវាចរណ៍។

សម្រាប់​សហរដ្ឋអាមេរិក ការ​ធ្វើ​ចរាចរណ៍​នៅ​លើ​ដែន​ទឹក​អន្តរជាតិ និង​ការ​បន្ត​ឃ្លាំ​មើល​ដែន​ទឹក​ដែល​គេ​ចាត់​ទុក​ថា​ជា​របស់​អន្តរជាតិ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​គេ។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ បាន​ជា​កាល​ពី​ថ្ងៃ​ទី​៨​សីហា​កន្លង​ទៅ​នេះ នាវា​ផ្ទុក​យន្តហោះ​មួយ​គ្រឿង​របស់​អាមេរិក បាន​ទៅ​ប្រទេស​វៀតណាម ដោយ​បាន​ចូល​ទៅ​ចត នៅ​ម្តុំ​ទីប្រជុំ​កោះ​Paracel ដែល​ជា​តំបន់​ប្រទាញ​ប្រទង់​គ្នា​រវាង​ចិន​និង​វៀតណាម។

រី​ឯ​សម្រាប់​ប្រទេស​ចិន​វិញ កងទ័ព​អាមេរិក​គ្មាន​សិទ្ធិ​ចូល​មក​ក្នុង​ដែន​ទឹក ដែល​ជាទី​ជម្លោះ​រវាង​ចិន​និង​ប្រទេស​ដទៃ​ណា​មួយ​ផ្សេង​ទេ។ មិន​តែ​ប៉ុណ្ណោះ ចិន​ក៏​មិន​សុខចិត្ត​ឲ្យ​មាន​ដែរ រាល់​សមយុទ្ធ​ដែល​ធ្វើ​ឡើង នៅ​ជិត​ព្រំដែន​គោក​ឬ​ព្រំដែន​ទឹក​ជាមួយ​ប្រទេស​ខ្លួន ដូច​ដែល​ម៉ៅ សេទុង ធ្លាប់​បាន​និយាយ​ថា« យើង​មិន​អនុញ្ញាត​ឲ្យ​គេ​ចូល​មក​ដេក​ស្រមុក​នៅ​ជិត​គ្រែ​របស់​យើង​ទេ»។ អ៊ីចឹង​ហើយ​បាន​ជា ថ្នាក់ដឹកនាំ​ចិន​ប្រឆាំង​នឹង​សមយុទ្ធ​រួម​គ្នា​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង ម្តុំ​សមុទ្រ​លឿង នៅ​ចម្ងាយ​ប្រមាណ​តែ​៥០០គ.ម ប៉ុណ្ណោះ​ពី​ទីក្រុង​ប៉េកាំង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទាំង​សហរដ្ឋអាមេរិក និង​ទាំង​ប្រទេស​ចិន គ្មាន​បំណង​បង្ក​រឿង​និង​មិន​ចង់​ឲ្យ​មាន​ឧប្បត្តិហេតុ​យោធា​កើត​ឡើង​នៅ​ក្នុង​តំបន់​ទេ។ ចំពោះ​ទីក្រុង​ប៉េកាំង រាល់​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​អាមេរិក​នៅ​អាស៊ីប៉ាស៊ីហ្វិក អាច​នឹង​ធ្វើ​ឲ្យ​ខូចខាត​មហិច្ឆតា​សេដ្ឋកិច្ច​របស់​ខ្លួន។ ចំពោះ​អាមេរិក​វិញ រាល់​ឧប្បត្តិហេតុ​យោធា​ជាមួយ​ចិន​នៅ​ក្នុង​តំបន់ អាច​នឹង​ធ្វើ​ឲ្យ​ប្រែប្រួល​ស្ថានភាព​Statut Quo មួយ​ដែល​ខ្លួន​ទាញ​បាន​ផល​ចំណេញ​ផ្នែក​ភូមិសាស្រ្ត​នយោបាយ ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​ហើយ។
 

ក៏ប៉ុន្តែ នៅ​ក្នុង​បរិបទ​មួយ​តានតឹង ដ្បិត​ជា​សង្គ្រាម​ចិត្តសាស្រ្ត​និង​ជា​ការ​សម្ញែង​ឫទ្ធិ​យោធា​ដាក់​គ្នា​រវាង​អាមេរិក​និង​ចិន ការ​ប៉ះទង្គិច​គ្នា​រវាង​កង​ទ័ព​ជើង​ទឹក​របស់​ប្រទេស​ទាំង​ពីរ​អាច​កើត​មាន​ឡើង​ដោយ​ចៃដន្យ​គ្រប់​ពេល​វេលា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ