អានតួអត្ថបទ
រង្វាន់ណូបែល

រង្វាន់​ណូបែល​សន្តិភាព​ត្រូវ​ប្រគល់​ទៅ​ឲ្យសកម្មជន​ប្រឆាំង​​នឹង​​រដ្ឋអំណាច​ចិន

បើ​ទោះបី​ជា​មាន​ការព្រមាន​ពី​ទីក្រុង​ប៉េកាំង​​ គណៈកម្មាធិការ​ណូបែល​នៅទី​បំផុត​បាន​សម្រេច​ផ្តល់​ពាន​រង្វាន់​ណូបែល​សន្តិភាព​ទៅ​ឲ្យ​លោក លីវ ស៊ាវប៉ូ ដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​រដ្ឋអំណាច​ចិន​ចាប់ដាក់គុក​ពី​បទ​បង្ក​វិទ្ធង្សនា​ប្រឆាំង​នឹង​ថ្នាក់ដឹកនាំ។ ចិន​ធ្លាប់​បាន​បញ្ជាក់​ទៅ​ប្រទេស​ន័រវែស​ ហើយ​ថា ការប្រគល់​​រង្វាន់​ណូបែល​សន្តិភាព​ទៅ​ឲ្យ​លោក លីវ ស៊ាវប៉ូ នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​មិត្តភាព​រវាង​ចិន និង​ន័រវែស។

លោកស្រី​Liu Xia លើក​រូបថត​របស់ស្វាមី​របស់​លោកស្រី គឺ​លោក​Liu Xiaoboដែល​ត្រូវ​អាជ្ញាធរ​ចិន​ចាប់ដាក់គុក ១១​ឆ្នាំ
លោកស្រី​Liu Xia លើក​រូបថត​របស់ស្វាមី​របស់​លោកស្រី គឺ​លោក​Liu Xiaoboដែល​ត្រូវ​អាជ្ញាធរ​ចិន​ចាប់ដាក់គុក ១១​ឆ្នាំ ©Reuters
ផ្សាយពាណិជ្ជកម្ម

 

01:40

សេចក្តីរាយការណ៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

អាយុ ៥៤ ឆ្នាំ លោក​ លីវ ស៊ាវប៉ូ ជាបញ្ញាវន្ត​ចិន​ម្នាក់​ដែល​បាន​បូជាទាំង​​កំលាំងកាយ និង​ចិត្ត​ដើម្បី​ជម្រុញ​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ចិន។ អតីត​សាស្រ្តាចារ្យ​អក្សសិល្បិ៍​រូប​នេះ​ជា​មនុស្ស​សំខាន់​មួយ​ដែល​​បាន​ចូលរួម​តាក់តែង​ធម្មនុញ្ញ លេខ​៨។ ជា ​អត្ថបទដែល​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​ចិន​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​។ ប៉ុន្តែ រដ្ឋអំណាច​កម្មុយនិស្ត​ចិន​បាន​ចាត់ទុក​សកម្មភាព​របស់​អ្នកនិពន្ធ​រូបនេះ​ថា ជា​អំពើប្រឆាំង​នឹង​នយោបាយ​របស់ខ្លួន។ ដូច្នេះ​ហើយ កាលពី​ខែ​ធ្នូ ឆ្នាំ ២០០៩​មុន​នេះ ​តុលាការចិន​បាន​សម្រេច​ផ្តន្ទាទោស​ លោក​​ ​លីវ ស៊ាវប៉ូ ឲ្យ​ជាប់គុក ១១​ឆ្នាំ។​

លោក​ លីវ ស៊ាវប៉ូមិន​មែន​ទើប​តែ​ចេញ​មុខ​ប្រឆាំង​នឹង​នយោបាយ​រឹតត្បិត​របស់​រដ្ឋអំណាច​ចិន​នៅ​ពេលថ្មីៗ​នេះ​ទេ។ ក្នុង​អតីតកាល លោក​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ចិន​​ចាប់​ដាក់​គុក​រយៈពេលជិត​២​ឆ្នាំ ម្តងហើយ ដោយ​ចោទ​ពី​បទ​នៅពីក្រោយ​ការធ្វើ​បាតុកម្ម​របស់​ចលនា​និស្សិតចិន នៅ​ទីវាល​ Tiananmen នាពី​ឆ្នាំ ១៩៨៩។ ក្រោយ​ការដោះលែង​ឲ្យ​មាន​សេរីភាព អតីត​សាស្រ្តាចារ្យរូប​នេះ​នៅ​បាន​ចាប់​ផ្តើម​ចលនា​តវ៉ា​នានា​ដើម្បី​ប្រយោជន៍​របស់​ប្រជាកសិករ​ចិន និង​និស្សិត​ដែល​ត្រូវ​គេ​បិទ​សិទ្ធិ​សេរីភាព​មិន​ឲ្យ​​បញ្ចេញ​មតិ។ សកម្មភាព​ប្រឆាំង​ជា​បន្តបន្ទាប់នេះ បាន​ធ្វើ​លោក​ លីវ ស៊ាវប៉ូត្រូវ​គេ​បញ្ចូនឲ្យ​ទៅ​រៀនសូត្រ និង​រស់នៅ​ក្នុង​ការតាមឃ្លាំមើល​ពី​សំណាក់អាជ្ញាធរ​ចិន​ជានិច្ច។

នៅ​ពេល​លោក​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​សកល​វិទ្យាល័យ លោក​ លីវ ស៊ាវប៉ូ​នៅ​បន្ត​រក្សា​ទំនាក់ទំនង​ជាមួយ​នឹង​បញ្ញាវន្ត​ចិន​ដទៃ​ទៀត និង​​បន្ត​សរសេរ​សៀវភៅ​។ សៀវភៅ​​ភាគច្រើនរបស់​លោក​ត្រូវ​អាជ្ញាធរ​ហាមឃាត់​មិន​ឲ្យ​បោះពុម្ពផ្សាយ​ក្នុង​ប្រទេស​ចិន។

នៅ​ថ្ងៃ​នេះ លោក​ លីវ ស៊ាវប៉ូ​ដែល​កំពុង​ជាប់ក្នុង​គុក​របស់រដ្ឋអំណាច​ចិន ​មិន​បានដឹង​ថា លោក​ត្រូវ​បាន​តែងតាំង​ជា​ម្ចាស់ជ័យលាភី​ណូបែល​សន្តិភាព​ទេ។ ភរិយា​របស់​លោក​ ​ បាន​និយាយ​ កាល​ពី​សប្តាហ៍​មុន ថា ​ដំណឹង​ពី​លោក​ខាងក្រៅ​ទាំងប៉ុន្មាន​ត្រូវ​គេ​ហាមមិន​ឲ្យ​និយាយប្រាប់​ទៅ​ប្តី​របស់​លោកស្រី។

នៅ​ក្នុង​បទ​សម្ភាសន៍​ មួយ​មុន​នឹង​ការចាប់ខ្លួន​របស់​លោក លោក​ លីវ ស៊ាវប៉ូធ្លាប់​បាន​និយាយ​ថា លទ្ធិប្រជាធិបតេយ្យ​កំពុង​រីកចំរើន​យ៉ាងយឺតៗ និង​សន្សឹមៗ ​ក្នុង​ប្រទេស​ចិន។ កន្លងមក ប្រធាន​គណៈមេប្រយោគ​រង្វាន់ណូបែល​ធ្លាប់​បាន​បញ្ជាក់​ថា រង្វាន់ណូបែល​សន្តិភាពនេះ​​ធ្វើឡើង​​ដើម្បី​លើកទឹកចិត្ត​ដល់​បុព្វហេតុ​របស់​បុគ្គល​ការពារ​សិទ្ធិមនុស្សក្នុង​ពិភពលោក។ ការតស៊ូ​ជម្រុញ​ឲ្យ​មាន​ការគោរពសិទ្ធិមនុស្សក្នុង​ប្រទេស​ចិន ​បាន​ទាក់ទាញ​​ទឹកចិត្ត​របស់​គណៈ​មេប្រយោគ​​ និង​សម្រេច​ផ្តល់​រង្វាន់​ណូបែល​សន្តិភាព​នេះ​ទៅ​ឲ្យ​ លោកលីវ ស៊ាវប៉ូ។

ប៉ុន្តែ​សម្រាប់​ទីក្រុង​ប៉េកាំង ការប្រគល់​រង្វាន់​ណូបែល​សន្តិភាព​ទៅ​ឲ្យ​សកម្មជន​ប្រឆាំង​នឹង​រដ្ឋអំណាច​របស់​ខ្លួន គឺ​ជា​ការសកម្មភាព​ដើរ​ផ្ទុយស្រលះ​ទៅ​នឹង​គោលការណ៍​របស់​រង្វាន់​ណូបែល និង​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ចិន និង​ប្រទេស​ន័រវែស។ នេះ​ជា​ការលើកឡើង​របស់​រដ្ឋមន្រ្តី​ការបរទេស​ចិន នៅ​ថ្ងៃ​សុក្រ​នេះ គឺ​នៅ​ប៉ុន្មាន​នាទីក្រោយ​ការប្រកាស​របស់​គណៈមេប្រយោគ​ណូបែល។

ដូចជា​ករណី​របស់​លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​បក្សប្រឆាំង​របស់​ភូមា លោក លីវ ស៊ាវប៉ូ​មិន​អាច​នឹង​ចេញ​ពី​ពន្ធនាគា​មក​ទទួល​រង្វាន់ណូបែល​សន្តិភាពទេ។ ការប្រគល់​រង្វាន់​ជាផ្លូវការនឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ ទី ១០ ខែ ធ្នូ​ខាងមុខនេះ។ ​ជាធម្មតា​ម្ចាស់ជ័យលាភី​ណូបែល​សន្តិភាព នឹង​ទទួល​បាន​មេដាយ​មួយ និង​ទឹកប្រាក់លើកទឹកចិត្តចំនួន ​មួយ​លាន​អឺរ៉ូ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ