អានតួអត្ថបទ
អាមេរិក-ចិន

លោក ហ៊ូ ជិនតាវ៖ « ចិន​នៅ​មាន​ការ​យឺតយ៉ាវ​លើ​បញ្ហា​សិទ្ធិមនុស្ស »

ថ្ងៃព្រហស្បតិ៍ ទី២០ មករា ជា​ថ្ងៃ​ទី ៣ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល ៤ថ្ងៃ​របស់​លោក​ប្រធានាធិតី​ចិន ហ៊ូ ជិនតាវ​នៅ​សហរដ្ឋអាមេរិក។ នៅ​ថ្ងៃពុធ ទី១៩ មករា​ម្សិលមិញ លោក ហ៊ូ ជិនតាវ​ត្រូវ​បាន​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​រៀបចំ​ទទួល​យ៉ាង​រ៉ាក់ទាក់ និង​ប្រកប​ដោយ​ភាពស្និទិ្ធស្នាល នៅ​វិមានប្រធានាធិបតី។ បន្ទាប់​មក លោក អូបាម៉ា និង​លោក ហ៊ូ ជិនតាវ​បាន​ផ្តើម​កិច្ចសន្ទនា ត ទល់​គ្នា មុន​នឹង​បន្ត​ជំនួប​ជាមួយ​ម្ចាស់រោងចក្រសហគ្រាស និង​ម្ចាស់ក្រុមហ៊ុន​អាមេរិកំាង​ផ្សេង​ទៀត។

លោក​ប្រធានាធិបតី​ចិន ហ៊ូ ជិនតាវ (រូបខាងឆ្វេង) និង​លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា
លោក​ប្រធានាធិបតី​ចិន ហ៊ូ ជិនតាវ (រូបខាងឆ្វេង) និង​លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា Reuters
ផ្សាយពាណិជ្ជកម្ម

07:08

បទអន្តរាគមន៍​របស់ គួច គន្ធារ៉ា

គួច គន្ធារ៉ា

មាន​សំណុំរឿង​ជា​ច្រើន​ដែល​លោក អូបាម៉ា និង​លោក ហ៊ូ ជិនតាវ​បាន​លើក​យក​ទៅ​និយាយ រួម​មាន សំណុំរឿង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង របស់​ប្រទេស​អៀរ៉ង់ ឬ​មួយ​ក៏​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ជាដើម។ ក៏​ប៉ុន្តែ គោលដៅ​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន ហ៊ូ ជិនតាវ​នៅ​សហរដ្ឋអាមេរិក​ពេល​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ឡើង​វិញ​នៃ​ទំនាក់ទំនង​ជា​ឧភតោភាគី អាមេរិក ចិន។ ទំនាក់ទំនង​ដូច​ដែល​យើង​បាន​ដឹង​មក​ហើយ​ថា បង្កប់​ទៅ​ដោយ​ភាព​ចម្រូងចម្រាស និង​ភាព​មិនទុកចិត្ត​គ្នា​ក្នុង​ឆ្នំា ២០១០​កន្លង​ទៅ។ ត្រង់​ចំណុច​នេះ ទំាង​ទីក្រុង​វ៉ាស៊ីនតោន ទំាង​ទីក្រុង​ប៉េកំាង​បាន​យល់​ច្បាស់​ណាស់។ សំណុំរឿង​ខ្វែង​គំនិត​គ្នា​មាន​ច្រើន ដូច​ជា​ក្នុង​ដំណោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង របស់​អៀរ៉ង់ បញ្ហា​លុយយ័ន​របស់​ចិន ឬ​មួយ​ក៏​បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ចិន​ជាដើម។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ជំនួប​រវាង​គ្នា​នៅ​ថ្ងៃ​ម្សិលមិញ ទំាង​លោក អូបាម៉ា ទំាង​លោក ហ៊ូ ជិនតាវ​ហាក់ដូច​ជា​ជំនះ​បាន​នូវ​ភាព​ខុសគ្នា ដោយ​ម្នាក់ៗ​បាន​ឲ្យ​តម្លៃ​លើ​កិច្ចសហប្របត្តិការ​ដៃ​កាន់​ដៃ ​មិន​អាច​ខ្វះ​បាន​រវាង​អាមេរិក និង​ចិន។ កិច្ចសហប្រតិបត្តិការ​ដែល​លោក អូបាម៉ា​បញ្ជាក់​ថា មិន​ត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ចំពោះ​ប្រជាជន​អាមេរិក និង​ចិន​ទេ តែ​ចំពោះ​គ្រប់​ប្រជាជន​ទំាង​អស់​នៅ​ទូទំាង​ពិភពលោក។ និយាយ​ជា​រួម​ទៅ អាមេរិក និង​ចិន​ហាក់​ដូច​ជា​​បាន​ទទួល​ស្គាល់​ថា ទោះ​បី​ខ្លួន​មិន​មែន​ជា​សត្រូវ​នឹង​គ្នា ហើយ​ក៏​មិន​មែន​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លេច​ក៏​ដោយ ក៏​អាមេរិក និង​ចិន ជា​ប្រទេស​​មហាអំណាច​សេដ្ឋកិច្ច​សំខាន់ ២ ក្នុង​ពិភពលោក។

ម្យ៉ាង​ទៀត ទោះបី​ជា​នៅ​មាន​សំណុំរឿង​រសើប​មួយ​ចំនួន មិន​ទាន់​បាន​ដោះស្រាយ​ក៏​ដោយ ក៏​ចិន នៅ​ជា​ដៃគូ​ពាណិជ្ជកម្ម​មិន​អាច​ខ្វះ​បាន​សម្រាប់​សហរដ្ឋអាមេរិក។ នៅ​ថ្ងៃ​ម្សិលមិញ អាមេរិក និង​ចិន​បាន​ចុះហត្ថលេខា​លើ​កុងត្រា​ជា​ច្រើន​ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ ៤ម៉ឺន ៥ពាន់លានដុល្លារ ក្នុង​នោះ ចិន​បាន​កម្មង់ទិញ​យន្តហោះ​ចំនួន ២០០គ្រឿង​ពី​ក្រុម ប៊ូអ៊ីញ​អាមេរិកំាង​ដែល​មាន​ទឹកប្រាក់ ១ម៉ឺន ៩ពាន់លាន​ដុល្លារ។ ក្រៅ​ពី​កម្មង់​ទិញ​យន្តហោះ ក្រុមហ៊ុន រោងចក្រសហគ្រាសចិន​បាន​ចុះ​ហត្ថលេខា​លើ​៦០ កុងត្រា​ផ្សេងទៀត​ដែល​មាន​ទឹកប្រាក់ ២ម៉ឺន ៥ពាន់លានដុល្លារ។ ជា​មួយ​នឹង​កុងត្រា​ទំាង​នេះ នឹង​អាច​ផ្តល់​ការងារ​ទៅ​ឲ្យ​ពលរដ្ឋ​អាមេរិកំាង​ជិត ២៤ម៉ឺននាក់។ នេះ​ពិត​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​សហរដ្ឋអាមេរិក ដែល​កំពុង​មាន​ស្ថានភាព​សេដ្ឋកិច្ច​យ៉ាប់យឺន។ សូម​ជម្រាប​ជូន​ថា ជា​រៀង​រាល់​ឆ្នំា ការ​ដោះ​ដូរ​នៅ​លើ​វិស័យ​ពាណិជ្ជកម្ម​​រវាង​​ទីក្រុង​វ៉ាស៊ីនតោន និង​ប៉េកំាង មាន​ទឹក​ប្រាក់​រហូត​ដល់​ជាង ៤០ម៉ឺន​លាន​ដុល្លា។

លោកហ៊ូជិនតាវ៖« ចិននៅមាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​ធ្វើ នៅ​លើ​វិស័យ​សិទ្ធិមនុស្ស »

នៅ​ក្នុង​ជំនួប​ជាមួយ​លោក ហ៊ូ ជិនតាវ លោក​អូបាម៉ា​ក៏​មិន​ភ្លេច​និយាយ​ពី​រឿង​តម្លៃ​ប្រាក់យ័ន និង​រឿង​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ចិន​ដែរ។ លោក​អូបាម៉ា​បាន​លើក​យក​បញ្ហា​សិទ្ធិមនុស្ស​ទៅ​និយាយ​ដល់​ទៅ ២ដង លើកទី ១ នៅ​ក្នុង​ជំនួប​ត ទល់​ជាមួយ​លោក ហ៊ូ ជិនតាវ​នៅ​វិមាន​ប្រធានាធិបតី និង​លើក​ទី២ នៅ​ក្នុង​សន្និសីទ​​កាសែត​រួម​គ្នា។ អ្វី​ជា​ការ​កត់សម្គាល់ លោក​អូបាម៉ា​មិន​បាន​និយាយ​បញ្ឆិតបញ្ឆៀង ដូច​ដែល​លោក​បាន​និយាយ​នា​ដំណើរ​ទស្សនកិច្ច​របស់​ក្នុង​ប្រទេស​ចិន​កាល​ពី​ឆ្នំា ២០០៩​កន្លង​ទៅ​ទេ។ លើក​នេះ លោក អូបាម៉ា​បាន​និយាយ​ត្រង់ និង​ទិតៀន​ចំៗ​តែ​ម្តង។ លោក អូបាម៉ា​បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​ច្បាប់សកល​ស្តីពី​សិទ្ធិមនុស្ស និង​បាន​ជម្រុញ​លោក ហ៊ូ ជិនតាវ​ឲ្យ​បន្ត​កិច្ចចរចា​ជាមួយ​សម្តេចសង្ឃទីបេ ដាលៃ ឡាម៉ា។ ដោយឡែក ទាក់ទង​នឹង​លោក Liu Xiaobo ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ឆ្នំា ២០១០ ដែល​កំពុង​ជាប់គុក​ក្នុង​ប្រទេស​ចិន​វិញ លោក​អូបាម៉ា​មិន​បាន​និយាយ​ចំ​ឈ្មោះ​ទេ។

ចម្លើយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​លោក ហ៊ូ ជិនតាវ និង​ដែល​គេ​មិន​ធ្លាប់ឮ​កន្លង​មក គឺ​ថា លោក​បាន​ទទួល​ស្គាល់​ពី​ការ​យឺតយ៉ាវ​របស់​ចិន ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស។ បញ្ហា​សិទ្ធិមនុស្ស​ដែល​លោក ហ៊ូ ជិនតាវ​បាន​បញ្ជាក់​ថា នៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត ដែល​ចិន​ត្រូវ​ធ្វើ​ឲ្យ​ចម្រើន។

ដោយឡែក ប្រធាន​ដ៏​រសើប​បំផុត​រវាង​អាមេរិក និង​ចិន គឺ​ជុំវិញ​តម្លៃប្រាក់យ័ន​របស់​ចិន។ ជា​ថ្មី​ម្តង​ទៀត លោក អ៊ូបាម៉ា​បាន​ជម្រុញ​លោក ហ៊ូ ជិនតាវ​ឲ្យ​គិតគូរ​ឡើង​វិញ​នូវ​តម្លៃប្រាកយ័ន​ចិន ធៀប​នឹង​ប្រាក់​ដុល្លារ។ កន្លង​មក ទីក្រុង​វ៉ាស៊ីនតោន​តែង​ចោទ​ទីក្រុង​ប៉េកំាង​ថា បាន​ទុក​បណ្តោយ​ឲ្យ​ប្រាក់យ័ន​មាន​តម្លៃ​ទាប​ជ្រុល ធៀប​នឹង​តម្លៃប្រាក់​ដុល្លារ ក្នុង​បំណង​បង្កើន​លើ​វិស័យ​នំា​ចេញ។ និយាយ​ដល់​រឿង​នេះ លោក ហ៊ូ ជិនតាវ​ហាក់​ដូច​ជា​មិន​សូវ​បាន​មាត់ បាន​ក ប៉ុន្មាន​ទេ។

អាមេរិក​ត្រូវការ​ចិន នៅ​ក្នុង​សំណុំរឿង​អន្តរជាតិ​ផ្សេងទៀត

ក្រៅ​ពី​បញ្ហា​សេដ្ឋកិច្ច ដែល​អាមេរិក និង​ចិន​ត្រូវ​ការ​គ្នា​ទៅ​វិញ ទៅ​មក។ រដ្ឋបាល​អាមេរិកំាង​​របស់​លោក អូបាម៉ា​ក៏​ត្រូវ​ការ​ចិន​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ពិភពលោក​មួយ​ចំនួន​ទៀត រួមមាន បញ្ហា​នុយក្លេអ៊ែរ​អៀរ៉ង់ និង​កូរ៉េខាង​ជើង។ រដ្ឋបាល​អាមេររិកំាង​បាន​យល់​ឃើញ​ថា វត្តមាន​របស់​ចិន​នៅ​ក្នុង​ដំណោះ​ស្រាយ​បញ្ហា​មួយ​ណា​ក៏​ដោយ​ក្នុង​លោក គឺ​ជា​វត្តមាន​មួយ​មិន​អាច​ខ្វះ​បាន។

នៅ​ក្នុង​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង លោក អូបាម៉ា និង​លោក ហ៊ូ ជិនតាវ​បាន​ឯកភាព​គ្នា​ថា ទីក្រុង​ព្យុងយ៉ាង​ត្រូវ​តែ​បញ្ឈប់​កាយវិការ​បង្ករឿង​ជា​ថ្មី នៅ​ថ្ងៃ​ខាង​មុខ។ អ្វី​ជា​ការ​កត់​សម្គាល់ ប្រមុខរដ្ឋ​ចិន​បាន​ប្រកាស​ជា​លើកទី ១ និង​ជា​សាធារណៈ អំពី​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​នៅ​ចំពោះ​មុខ​កម្មវិធី​ចំរើនធាតុ​អ៊ុយរ៉ាញ៉ូម​របស់​កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ