អានតួអត្ថបទ
កាហ្សាក់ស្តង់

ការបោះឆ្នោត​ប្រធានាធិបតី មុន​កាល​កំណត់ នៅ​ថ្ងៃ​ទី​៣​មេសា​២០១១

កាលបរិច្ឆេទ​​​​ធ្វើការ​បោះឆ្នោត​​មុន​កាល​កំណត់​នេះ មាន​ចែង​ក្នុង​ក្រិត្យ​ ទើប​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី Nazarbaiev ផ្ទាល់ ដែល​អាណត្តិ​គាត់​ត្រូវ​ផុត​លុះ​សឹង​២​ឆ្នាំ​ទៀត ពោល​គឺ​នៅ​ខែ​ធ្នូ​ឆ្នាំ ២០១២​ឯណោះ។

លោក​ប្រធានាធិបតី កាហ្សាក់ស្តង់ Nazarbaiev
លោក​ប្រធានាធិបតី កាហ្សាក់ស្តង់ Nazarbaiev Ricardo Stuckert/ wikimedia.org
ផ្សាយពាណិជ្ជកម្ម
02:54

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា ពីទីក្រុង​ម៉ូស្គូ

គឺ​កាលពី​ដើម​សប្តាហ៍​នេះ ​ដែល​លោក​ប្រធានាធិបតី Nazarbaiev បាន​ស្នើ​ឲ្យ​ធ្វើ​ការ​បោះឆ្នោត​មុន​កាល​កំណត់​នោះ បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​សម្រេច​ថា ៖  “ការ​សម្រេចចិត្ត​របស់​រដ្ឋសភា​ឲ្យ​​ចាត់ចែង​ធ្វើ​ប្រជាមតិ​ពន្យារ​អាណត្តិ​គាត់ ដល់​ឆ្នាំ​២០២០​តែ​ម្តង ដោយ​មាន​បាច់​ឆ្លងកាត់​តាម​ការ​បោះឆ្នោត” គឺ​មិនស្រប​នឹង​​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​ឡើយ។

ការ​សម្រេចចិត្ត​នេះ របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​ទទួល​ការ​គាំទ្រ​ពេញ​ទី​ពី​សំណាក់​លោក Nazarbaiev ​ដែល​បាន​ប្រើ​សិទ្ធិ Veto ធីប​ចោល​ទៅ​ហើយ​ញត្តិ​សុំឲ្យ​ធ្វើ​ប្រជាមតិ​នេះ ដែល​មាន​អង្គាស​​ហត្ថលេខា​គាំទ្រ​ របស់​អ្នក​ស្រុក​ម្ចាស់​ឆ្នោត​បាន​ដល់ ៥​លាន​នាក់​ឯណោះ គឺ​២៥​ដង លើស​ពី​ចំនួន​ចាំបាច់​តម្រូវ​ដោយ​រដ្ឋ​ធម្មនុញ្ញ ត្រឹម​២​សែន​នាក់​ប៉ុណ្ណោះ។ ទោះ​យ៉ាង​នេះ​ក្តី ក៏​រដ្ឋសភា​ដោយ​សម្លេង​ភាគ​ច្រើន​ដាច់ខាត​នៃ​ពួក​អ្នក​តំណាងរាស្ត្រ​នៅ​តែ​បាន​បោះឆ្នោត​ជំនះ លើ​ Veto ប្រធានាធិបតី ហើយ​ប្រកាស​ឲ្យ​ចាត់ចែង​ធ្វើ​ប្រជាមតិ។ ប៉ុន្តែ​សំឡេង​អារ​កាត់​​ដាច់​ស្រេច​ជា​ស្ថាពរ របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​ទុក​ជា​អសារ​បង់​ទៅ​​ការ​ធ្វើ​ប្រជាមតិ​នោះ បាន​ញ៉ាំង​លោក Nazarbaiev ឲ្យ​គាត់​សោមនស្ស​​ជា​ពន្លឹក ដ្បិត​គាត់​តែង​ថ្លែង​ថា គាត់​ត្រៀម​កាន់​អំណាច​ត​ទៅ​ទៀត លុះ​ណា​តែ​តាម​វិធី​ចូល​ប្រឡូក​​​ក្នុង​ការ​បោះឆ្នោត​ផ្ទាល់។

លោក Nazarbaiev ដែល​សព្វ​ថ្ងៃ​មាន​ជន្មាយុ​៧០​ឆ្នាំ​ហើយ ជា​ប្រធានាធិបតី​កាហ្សាក់ស្តង់ ​តាំងពី​ថ្ងៃ​ទី​២៤​មេសា​ឆ្នាំ​១៩៩០​មក ថ្ងៃ​ដែល​នៅ​ក្នុង​រដ្ឋ​ឯករាជ្យ​ថ្មី​នេះ ​​មាន​ចាត់តាំង​ឡើង​ជា​តំណែង​កំពូល​នេះ។ ស្រប​នឹង​រដ្ឋ​ធម្មនុញ្ញ​ចុង​ក្រោយ អនុម័ត​ថ្ងៃ ៣០​សីហា​ឆ្នាំ ១៩៩៥ ​បុគ្គល​​តែ​ម្នាក់​មិន​អាច​កាន់​តំណែង​នេះ លើស​ពី​ ២​អាណត្តិ​ជាប់​ឡើយ ដែល​១​អាណត្តិៗ គឺ​មាន​រយៈ​ពេល​៥​ឆ្នាំ។ ​ប៉ុន្តែ ក្នុង​ឆ្នាំ​២០០៧ រដ្ឋសភា​បាន​អនុម័ត​ច្បាប់ ដែល​ប្រគល់​សិទ្ធិ​ជូន​លោក Nazarbaiev ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​ទី​១​នៃ​រដ្ឋ​ឯករាជ្យ​កាហ្សាក់ស្តង់ ឲ្យ​គាត់​អាច​ឈរ​ឈ្មោះ ជា​បេក្ខជន​ប្រធានាធិបតី​ប៉ុន្មាន​លើក​ក៏​បាន​ដែរ។

រដ្ឋសភា​ទទួល​ស្គាល់​គុណូបការៈ​របស់​លោក Nazarbaiev ខាង​សមិទ្ធិ​យ៉ាង​ជោគជ័យ ៖

- ផ្នែក​នយោបាយ​ក្នុង​ប្រទេស គឺ​ចេះ​ធានា​ឲ្យ​មាន​ស្ថិរភាព មាន​សន្តិសុខ មាន​ការអភិវឌ្ឍន៍ បាន​ដូច​ចិត្ត​វិស័យ​សង្គម-​សេដ្ឋកិច្ច តាម​ផ្លូវ​ធ្វើ​កំណែ​ទម្រង់​ប្រជាធិបតេយ្យ។

- ផ្នែក​នយោបាយ​ក្រៅ​ប្រទេស កាហ្សាក់ស្តង់​ដែល​ជំនាន់​សូវៀត​សឹង​ជា​តំបន់​ចុង​កាត់​មាត់​ញក​នៅ​តំបន់​អាស៊ី​កណ្តាល ​បច្ចុប្បន្ន​ត្រូវ​ក្រុមហ៊ុន​ជាច្រើន​នៃ​បស្ចិមលោក បោះ​ទុន​បញ្ចូល​វិនិយោគ យ៉ាង​ក្រាស់​ក្រែល​ទៅ​ក្នុង​សេដ្ឋកិច្ច​​របស់​រដ្ឋ​នេះ ដែល​សម្បូណ៌​ដោយ​កំណប់​ប្រេងកាត និង ឧស្ម័ន។ ពេញ​មួយ​ឆ្នាំ ​២០១០​កន្លង​ទៅ​កាហ្សាក់ស្តង់ ​ជា​រដ្ឋ​ទី​១ នៃ​អតីត​សហភាព​សូវៀត ដែល​បាន​ទទួល​សិទ្ធិ​ឡើង​ធ្វើ​ជា​ប្រធាន​ផ្លាស់​វេន​នៃ “អង្គការ​ដើម្បី​សន្តិសុខ និង​សហប្រតិបត្តិការ​​នៅ​ទ្វីប​អឺរ៉ុប” ហៅ​កាត់​ថា OSCE ដែល​មាន​៥៦​ប្រទេស​អឺរ៉ុប​និង​អាមេរិក​ជា​សមាជិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ