ឆ្នាំ២០០៣៖ ចិនប្តូរយុទ្ធសាស្រ្តដើម្បីស្វែងរកថាមពល
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៣៤
នៅឆ្នាំ២០០៣ ថ្នាក់ដឹកនាំចិនបារម្ភខ្លាចខ្វះប្រេងកាតនិងឧស្ម័នធម្មជាតិ និងមានគំនិតចាប់ផ្តើមអនុវត្តនូវអ្វី ដែលគេហៅថាយុទ្ធសាស្រ្តការទូតថាមពល។
នៅខែមេសាឆ្នាំ២០០៣ ស្ថានភាពអន្តរជាតិប្រែប្រួលនិងតានតឹងខ្លាំង ដោយហេតុតែ សង្គ្រាមរបស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់(Irak)។ ថ្នាក់ដឹកនាំចិនព្រួយបារម្ភពីព្រោះសង្គ្រាមប្រព្រឹត្តទៅ នៅក្នុងភូមិភាគមួយសម្បូណ៌ទៅដោយប្រេងកាត គឺប្រមាណ៦៤%នៃប្រេងកាតពិភពលោក។ ចិនបារម្ភខ្លាចខ្វះប្រេងកាត ដែលជាហេតុអាចនឹងធ្វើឲ្យម៉ាស៊ីនសេដ្ឋកិច្ចនៃប្រទេសគាំងដំណើរ ព្រមទាំងអាចនឹងពន្យឺតពេលមិនឲ្យប្រទេសចិនក្លាយជាមហាអំណាចពិភពលោកបានលឿនរហ័ស។
សង្គ្រាមនៅអ៊ីរ៉ាក់ បានកន្ត្រាក់ស្មារតីថ្នាក់ដឹកនាំចិន បានធ្វើឲ្យចិនយល់ថា ត្រូវតែដើរស្វែងរកប្រេងកាតនិងឧស្ម័នធម្មជាតិ នៅគ្រប់ទីកន្លែងក្នុងពិភពលោក ។ អ៊ីចឹងហើយបានជាពីឆ្នាំ២០០៣រហូតមកទល់សព្វថ្ងៃ ថ្នាក់ដឹកនាំចិនបាននិងកំពុងបន្តអនុវត្តនូវអ្វី ដែលគេហៅថា«យុទ្ធសាស្រ្តការទូតថាមពល» (La diplomatie énergétique)។នៅក្នុងន័យនេះ ថ្នាក់ដឹកនាំចិនបានបង្កើនទស្សនកិច្ចជុំវិញទ្វីបអាហ្វ្រិក(Afrique) ជាពិសេសនៅក្នុងបណ្តាប្រទេសអ្នកផលិតប្រេងកាតដូចជាហ្កាបុង(Gabon) អាល់ហ្សេរី(Algérie) អេហ្ស៊ីប(Egypte) នីហ្សេរីយ៉ា(Nigéria) និងអង់ហ្គោឡា(Angola) ជាដើម។
យុទ្ធសាស្ត្រការទូតថាមពលនេះ ក៏បាននាំថ្នាក់ដឹកនាំចិន ទៅដល់អាមេរិកខាងត្បូងដែរ ដូចជាប្រទេសប្រេស៊ីល(Brésil) អាហ្សង់ទីន(Argentine) វ៉េណេស៊ុយអេឡា(Venezuela)និង បូលីវី(Bolivie) ជាដើម។ ដូចគ្នាអ៊ីចឹងដែរ ថ្នាក់ដឹកនាំចិន ក៏បានពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសមួយចំនួន នៅឈូងសមុទ្រPerse ដូចជាអារ៉ាប៊ី សាអ៊ូឌីត(Arabie Saoudite) អូម៉ង់(Oman) យេមែន(Yémen) និងអ៊ីរ៉ង់(Iran)។
យុទ្ធសាស្ត្រការទូតថាមពលរបស់ថ្នាក់ដឹកនាំចិន បានធ្វើឲ្យប៉ះពាល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក ដូចមានករណីប្រទេសអ៊ីរ៉ង់ជាឧទាហរណ៍ស្រាប់។ នៅពេលដែលអាមេរិកចោទអ៊ីរ៉ង់ថាជាបក្សសម្ព័ន្ធនៃសុភាវៈអាក្រក់និងថាជារដ្ឋយូកូម ចិនបែរជាទៅបង្កើនទំនាក់ទំនងសេដ្ឋកិច្ច និងការផ្តោះប្តូរពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ទៅវិញ។ នេះពីព្រោះអ៊ីរ៉ង់ជាប្រទេសទីពីរក្នុងលោកដែលលក់ប្រេងកាតឲ្យចិនច្រើនជាងគេ។ ករណីប្រទេសវេណេស៊ុយអេឡា នៅអាមេរិកខាងត្បូង ក៏ជាឧទាហរណ៍ជាក់ស្តែងមួយទៀតដែរ។ នៅពេលដែលអាមេរិកមិនត្រូវគ្នានឹងវ៉េណេស៊ុយអេឡារបស់Hugo Chavez ថ្នាក់ដឹកនាំចិនបែរជាទៅចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្មមួយចំនួនជាមួយប្រទេសនេះ ស្តីពីការជីករកនិងការចម្រាញ់ប្រេងកាត នៅខែធ្នូឆ្នាំ២០០៤។
តាមរយៈយុទ្ធសាស្ត្រការទូតថាមពលនេះ ប្រទេសចិនបានបោះជើងដល់អាមេរិកខាងត្បូង ដែលមកទល់ពេលនេះ ថ្នាក់ដឹកនាំអាមេរិកចាត់ទុកជាដែនប្រមាញ់ផ្តាច់មុខរបស់ខ្លួន។ ការទូតថាមពលរបស់ចិន ក៏បានធ្វើឲ្យខូចមិនតិចដែរផលប្រយោជន៍របស់អាមេរិកនិងរបស់អឺរ៉ុប ពិសេសរបស់ប្រទេសបារាំងនៅទ្វីបអាហ្វ្រិក។ នៅអាហ្វ្រិក ចិនជួយប្រទេសក្រីក្រនិងរកស៊ីជាមួយប្រទេសអ្នកផលិតប្រេងកាត ដោយមិនបានដាក់លក្ខខណ្ឌសេដ្ឋកិច្ចឬនយោបាយអ្វីទាំងអស់ ពោលគឺខុសផ្ទុយពីអ្វីដែលអាមេរិកនិងអឺរ៉ុបបានធ្វើមកទល់ពេលនេះ។
ក្នុងរយៈពេលតែបីបួនឆ្នាំប៉ុណ្ណោះ យុទ្ធសាស្ត្រការទូតថាមពលបានធ្វើឲ្យប្រទេសចិនក្លាយជាដៃគូពាណិជ្ជកម្មទីបីរបស់ទ្វីបអាហ្វ្រិក នៅក្រោយអាមេរិកដែលជាដៃគូពាណិជ្ជកម្មទីពីរនិងប្រទេសបារាំងដែលជាដៃគូពាណិជ្ជកម្មទីមួយ។ នៅឆ្នាំ២០០៦ គិតជាទឹកប្រាក់ ការផ្តោះប្តូរពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិក កើនដល់ទៅ៥ម៉ឺន៣ពាន់លានដុល្លា។ វត្តមាននិងឥទ្ធិពលរបស់ចិន នៅអាហ្វ្រិក បាននិងកំពុងបណ្តាលឲ្យអឺរ៉ុបនិងអាមេរិកអាក់អន់ចិត្តនិងបារម្ភខ្លាំងឡើងៗ។ ពីព្រោះ ក្រៅពីបឺតយកប្រយោជន៍សេដ្ឋកិច្ចនិងថាមពលរបស់អាហ្វ្រិក ចិនផ្តើមរៀបជើងព្រួល ដើម្បីចាក់គ្រឹះនយោបាយនៅក្នុងទ្វីបនេះ។ ឧទាហរណ៍ នៅខែវិច្ឆិកាឆ្នាំ២០០៦ ជំនួបកំពូលវាងចិននិងបណ្តាប្រទេសអាហ្វ្រិកចំនួន៤៨ បានប្រព្រឹត្តទៅជាលើកទីមួយបង្អស់ នៅទីក្រុងប៉េកាំងប្រទេសចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ