ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/04 12h00 GMT

ឆ្នាំ២០០៣៖ ចិន​ប្តូរ​យុទ្ធសាស្រ្ត​ដើម្បី​ស្វែងរក​ថាមពល

ឆ្នាំ២០០៣៖ ចិន​ប្តូរ​យុទ្ធសាស្រ្ត​ដើម្បី​ស្វែងរក​ថាមពល
 
ចិន​ពង្រីក​ឥទ្ធិពល​នៅ​អាហ្វ្រិក គឺ​ដើម្បី​ស្វែងរក​ប្រភព​ថាមពល និង​វត្ថុធាតុដើម

នៅ​ឆ្នាំ២០០៣​ ​ថ្នាក់​ដឹកនាំ​ចិន​បារម្ភ​ខ្លាច​ខ្វះ​ប្រេងកាត​និង​ឧស្ម័ន​ធម្មជាតិ និង​មាន​គំនិត​ចាប់​ផ្តើម​អនុវត្ត​នូវ​អ្វី ដែល​គេ​ហៅ​ថា​យុទ្ធសាស្រ្ត​ការទូត​ថាមពល។

នៅ​ខែ​មេសា​ឆ្នាំ​២០០៣ ស្ថានភាព​អន្តរជាតិ​ប្រែប្រួល​និង​តានតឹង​ខ្លាំង ដោយហេតុតែ សង្គ្រាម​របស់​សហរដ្ឋអាមេរិក​នៅ​អ៊ីរ៉ាក់​(Irak)​។ ថ្នាក់ដឹកនាំ​ចិន​ព្រួយបារម្ភ​ពីព្រោះ​សង្គ្រាម​ប្រព្រឹត្ត​ទៅ នៅ​ក្នុង​ភូមិភាគ​មួយ​សម្បូណ៌​ទៅ​ដោយ​ប្រេងកាត គឺ​ប្រមាណ​៦៤%​នៃ​ប្រេង​កាត​ពិភពលោក។ ចិន​បារម្ភ​ខ្លាច​ខ្វះ​ប្រេងកាត ដែល​ជាហេតុ​អាច​នឹង​ធ្វើ​ឲ្យ​ម៉ាស៊ីន​សេដ្ឋកិច្ច​នៃ​ប្រទេស​គាំង​ដំណើរ ព្រម​ទាំង​អាច​នឹង​ពន្យឺត​ពេល​មិន​ឲ្យ​ប្រទេស​ចិន​ក្លាយ​ជា​មហា​អំណាច​ពិភពលោក​បាន​លឿន​រហ័ស។

សង្គ្រាម​នៅ​អ៊ីរ៉ាក់ បាន​កន្ត្រាក់​ស្មារតី​ថ្នាក់ដឹកនាំ​ចិន បាន​ធ្វើ​ឲ្យ​ចិន​យល់​ថា​ ត្រូវ​តែ​ដើរ​ស្វែង​រក​ប្រេងកាត​និង​ឧស្ម័ន​ធម្មជាតិ នៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភពលោក ។ អ៊ីចឹង​ហើយ​បាន​ជា​ពី​ឆ្នាំ​២០០៣​រហូត​មក​ទល់​សព្វ​ថ្ងៃ ថ្នាក់ដឹកនាំ​ចិន​បាន​និង​កំពុង​បន្ត​អនុវត្ត​នូវ​អ្វី ដែល​គេ​ហៅ​ថា«យុទ្ធសាស្រ្ត​ការទូត​ថាមពល» (La diplomatie énergétique)។នៅ​ក្នុង​ន័យ​នេះ ថ្នាក់ដឹកនាំ​ចិន​បាន​បង្កើន​ទស្សនកិច្ច​ជុំវិញ​ទ្វីប​អាហ្វ្រិក(Afrique) ជា​ពិសេស​នៅ​ក្នុង​បណ្តា​ប្រទេស​អ្នក​ផលិត​ប្រេងកាត​ដូច​ជាហ្កាបុង(​Gabon)  អាល់ហ្សេរី(Algérie) អេហ្ស៊ីប(Egypte) នីហ្សេរីយ៉ា(Nigéria) និងអង់ហ្គោឡា(Angola) ជា​ដើម។

យុទ្ធសាស្ត្រ​ការទូត​ថាមពល​នេះ ក៏​បាន​នាំ​ថ្នាក់ដឹកនាំ​ចិន ទៅ​ដល់​អាមេរិក​ខាងត្បូងដែរ ដូច​ជា​ប្រទេស​ប្រេស៊ីល(Brésil) អាហ្សង់ទីន(Argentine) វ៉េណេស៊ុយអេឡា(Venezuela)និង បូលីវី(Bolivie) ជា​ដើម។ ដូច​គ្នា​អ៊ីចឹង​ដែរ ថ្នាក់​ដឹក​នាំ​ចិន ក៏​បាន​ពង្រឹង​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​មួយ​ចំនួន នៅ​ឈូងសមុទ្រ​Perse ដូច​ជាអារ៉ាប៊ី សាអ៊ូឌីត(Arabie Saoudite) អូម៉ង់(Oman) យេមែន(Yémen) និងអ៊ីរ៉ង់(Iran)។

យុទ្ធសាស្ត្រ​ការទូត​ថាមពល​របស់​ថ្នាក់​ដឹក​នាំ​ចិន បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផលប្រយោជន៍​របស់​សហរដ្ឋអាមេរិក ដូច​មាន​ករណី​ប្រទេស​អ៊ីរ៉ង់ជា​ឧទាហរណ៍​ស្រាប់។ នៅ​ពេល​ដែល​អាមេរិក​ចោទ​អ៊ីរ៉ង់​ថា​ជា​បក្សសម្ព័ន្ធ​នៃ​សុភាវៈ​អាក្រក់​និង​ថា​ជា​រដ្ឋ​យូកូម ចិន​បែរ​ជា​ទៅ​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់​ទៅ​វិញ។ នេះ​ពីព្រោះ​អ៊ីរ៉ង់​ជា​ប្រទេស​ទី​ពីរ​ក្នុង​លោក​ដែល​លក់​ប្រេងកាត​ឲ្យ​ចិន​ច្រើន​ជាង​គេ។ ករណី​ប្រទេស​វេណេស៊ុយអេឡា នៅ​អាមេរិក​ខាង​ត្បូង ក៏​ជា​ឧទាហរណ៍​ជាក់ស្តែង​មួយ​ទៀត​ដែរ។ នៅ​ពេល​ដែល​អាមេរិក​មិន​ត្រូវ​គ្នា​នឹង​វ៉េណេស៊ុយអេឡារបស់​Hugo Chavez ថ្នាក់ដឹកនាំ​ចិន​បែរ​ជា​ទៅ​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ពាណិជ្ជកម្ម​មួយ​ចំនួន​ជាមួយ​ប្រទេស​នេះ ស្តី​ពី​ការ​ជីក​រក​និង​ការ​ចម្រាញ់​ប្រេងកាត នៅ​ខែ​ធ្នូ​ឆ្នាំ​២០០៤។

តាម​រយៈ​យុទ្ធសាស្ត្រ​ការទូត​ថាមពល​នេះ ប្រទេស​ចិន​បាន​បោះ​ជើង​ដល់​អាមេរិក​ខាងត្បូង ដែល​មក​ទល់​ពេល​នេះ ថ្នាក់ដឹកនាំ​អាមេរិក​ចាត់​ទុក​ជា​ដែន​ប្រមាញ់​ផ្តាច់​មុខ​របស់​ខ្លួន។ ការទូត​ថាមពល​របស់​ចិន ក៏​បាន​ធ្វើ​ឲ្យ​ខូច​មិន​តិច​ដែរ​ផលប្រយោជន៍​របស់​អាមេរិក​និង​របស់​អឺរ៉ុប ពិសេស​របស់​ប្រទេស​បារាំង​នៅ​ទ្វីប​អាហ្វ្រិក។ នៅ​អាហ្វ្រិក ចិន​ជួយ​ប្រទេស​ក្រីក្រ​និង​រកស៊ី​ជាមួយ​ប្រទេស​អ្នកផលិត​ប្រេងកាត ដោយ​មិន​បាន​ដាក់​លក្ខខណ្ឌ​សេដ្ឋកិច្ច​ឬ​នយោបាយ​អ្វី​ទាំង​អស់ ពោល​គឺ​ខុស​ផ្ទុយ​ពី​អ្វី​ដែល​អាមេរិក​និង​អឺរ៉ុប​បាន​ធ្វើ​មក​ទល់​ពេល​នេះ។

ក្នុង​រយៈ​ពេល​តែ​បីបួន​ឆ្នាំ​ប៉ុណ្ណោះ យុទ្ធសាស្ត្រ​ការទូត​ថាមពល​បាន​ធ្វើ​ឲ្យ​ប្រទេស​ចិន​ក្លាយ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ទី​បី​របស់​ទ្វីប​អាហ្វ្រិក នៅ​ក្រោយ​អាមេរិក​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ទី​ពីរ​និង​ប្រទេស​បារាំង​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ទី​មួយ។ នៅ​ឆ្នាំ​២០០៦ គិត​ជា​ទឹក​ប្រាក់ ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាហ្វ្រិក កើន​ដល់​ទៅ​៥​ម៉ឺន​៣​ពាន់​លាន​ដុល្លា។ វត្តមាន​និង​ឥទ្ធិពល​របស់​ចិន នៅ​អាហ្វ្រិក បាន​និង​កំពុង​បណ្តាល​ឲ្យ​អឺរ៉ុប​និង​អាមេរិក​អាក់អន់​ចិត្ត​និង​បារម្ភ​ខ្លាំង​ឡើងៗ។ ពីព្រោះ ក្រៅ​ពី​បឺត​យក​ប្រយោជន៍​សេដ្ឋកិច្ច​និង​ថាមពល​របស់​អាហ្វ្រិក ចិន​ផ្តើម​រៀប​ជើង​ព្រួល ដើម្បី​ចាក់​គ្រឹះ​នយោបាយ​នៅ​ក្នុង​ទ្វីប​នេះ។ ឧទាហរណ៍ នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០០៦ ជំនួប​កំពូល​វាង​ចិន​និង​បណ្តា​ប្រទេស​អាហ្វ្រិក​ចំនួន​៤៨ បាន​ប្រព្រឹត្ត​ទៅ​ជា​លើក​ទី​មួយ​បង្អស់ នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ភូមិសាស្រ្តនយោបាយ

    ឆ្នាំ២០០១​ចិន​ប្តូរ​យុទ្ធសាស្រ្ត​ជា​លើកទី៣ លើកនេះ​ដើម្បី​ទប់ទល់​នឹង​សហរដ្ឋអាមេរិក

    ស្វែងយល់បន្ថែម

  • ភូមិសាស្រ្តនយោបាយ

    ឆ្នាំ​​​១៩៩១​៖​ចិន​​ប្តូរ​​យុទ្ធសាស្ត្រ​​ជា​ថ្មី​លើក​​នេះ​គឺ​​ដើម្បី​​ទប់ទល់​​នឹង​​ភេរវកម្ម​​អ៊ីស្លាម​​ជ្រុល​និយម​

    ស្វែងយល់បន្ថែម

  • ភូមិសាស្រ្តនយោបាយ

    យុទ្ធសាស្ត្រ​ទាំងស្រុង​មួយ​ថ្មី​នៃ​ប្រទេស​ចិន សម្រាប់​សតវត្សរ៍​ទី​២១

    ស្វែងយល់បន្ថែម

  • ភូមិសាស្រ្តនយោបាយ

    តេង សៀវប៉េង (Deng Xiaoping) បិតា​នៃ​វឌ្ឍនភាព​សេដ្ឋកិច្ច​ចិន

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ