ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/04 12h00 GMT

ចិន​គ្មានសត្រូវ តែ​គ្មានអ្នកណា​ទុកចិត្ត

ចិន​គ្មានសត្រូវ តែ​គ្មានអ្នកណា​ទុកចិត្ត
 
លោក Yang Jiechi រដ្ឋមន្រ្តី​ការបរទេស​ចិន AFP/LIU Jin

ថ្ងៃ​នេះ​ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​បន្ត​ពិនិត្យ​មើល​ទៅ​លើ​ស្ថានភាព​ភូមិសាស្រ្ត​នយោបាយ​របស់​ប្រទេស​ចិន​ត​ទៅ​ទៀត។ ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ដែល​ថ្នាក់ដឹកនាំ​ចិន​ប្រឹងប្រែង​បង្ហាញ​ថា​ប្រទេស​ខ្លួន​ជា​អ្នក​ស្នេហា​សន្តិភាព។ ក៏ប៉ុន្តែ បណ្តា​ប្រទេស​ជា​ច្រើន​ក្នុង​លោក នៅ​តែ​មិន​ទាន់​ទុក​ចិត្ត​ចិន។ តើ​មក​ពី​មូលហេតុ​អ្វី ?

សព្វ​ថ្ងៃ​នេះ នយោបាយ​ការបរទេស​ទាំង​ស្រុង​របស់​ចិន នៅ​តែ​ជា​ឧបករណ៍​សម្រាប់​បម្រើ​កំណែទម្រង់ និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ដែល​គណបក្ស​កុម្មុយនិស្ត​ចិន បាន​និង​កំពុង​បន្ត​អនុវត្ត តាំង​ពី​មរណភាព​របស់ ម៉ៅ សេទុង នៅ​ឆ្នាំ​១៩៧៦​មក។

ថ្នាក់​ដឹកនាំ​ចិន​ប្រឹងប្រែង​បង្ហាញ​ថា ប្រទេស​ខ្លួន​គ្មាន​សត្រូវ និង​ជា​អ្នក​ស្នេហា​សន្តិភាព។ ម៉្លោះ​ហើយ​បាន​ជា នៅ​ចំពោះ​មុខ​នយោបាយ​ដៃ​ភ្លើង​ជើង​មាន់​របស់​សហរដ្ឋអាមេរិក ថ្នាក់​ដឹក​នាំ​ចិន​តាំង​ចិត្ត​ត្រជាក់ និយម​ចរចា អនុវត្ត​អំណាច​ស្រទន់ Soft power

នៅ​ដើម​ឆ្នាំ​២០០៤ បក្ស​កុម្មុយនិស្ត​ចិន​បាន​អនុម័ត​យក​ជា​ផ្លូវការ ពាក្យ​ស្លោក​ដែល​ថា ​«ធ្វើ​ឲ្យ​ប្រទេស​ចិន​លេច​ត្រដែត​ឡើង​ដោយ​សន្តិវិធី» (heping jueqi) នៅ​លើ​ឆាក​អន្តរជាតិ។ នៅ​ក្នុង​ន័យ​នេះ ចិន​តាំង​ខ្លួន​ជា​មហា​ប្រទេស ដែល​មាន​ទម្ងន់​នៅ​ក្នុង​លោក (daguo) ពោល​គឺ​ចិន​ផ្តើម​ឲ្យ​តម្លៃ​មុន​គេ​ដល់​ប្រទេស​ធំៗ ដូច​ជា​សហរដ្ឋអាមេរិក​និង​រុស្ស៊ី​ជា​ដើម ទាក់ទង​ជាពិសេស​តែ​ជាមួយ​អង្គការធំៗ ដូច​ជា​សហភាព​អឺរ៉ុប និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ អាស៊ាន។ ទន្ទឹម​ជាមួយ​គ្នា​នេះ ចិន​ក៏​ប្រឹងប្រែង​សម្រួល​ទំនាក់​ទំនង​ឲ្យ​បាន​កាន់​តែ​ប្រសើរ ជាមួយ​ប្រទេស​ជិតខាង ដូច​ជា​ជប៉ុន និង​ឥណ្ឌា​ជា​ដើម។

ម្យ៉ាង​វិញ​ទៀត ចិន​ក៏​បង្ហាញ​ឲ្យ​ឃើញ​បណ្តើរៗ​ដែរ​ថា ខ្លួន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​វិបត្តិ​មនុស្សធម៌​និង​សេដ្ឋកិច្ច ដែល​កើត​ឡើង​នៅ​លើ​លោក។ គេ​នៅ​ចាំ​បាន​ថា នៅ​ពេល​មាន​វិបត្តិ​ហិរញ្ញ​វត្ថុអាស៊ី នៅ​ឆ្នាំ​១៩៩៧ ជាលើក​ទី​មួយ​បង្អស់ ចិន​បាន​ផ្តល់​ប្រាក់​ជំនួយ​១ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​ថៃ។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចិន​បន្ត​ជួយ​ប្រទេស​ក្រីក្រ នៅ​អាស៊ី​និង​នៅ​អាហ្វ្រិក។ ឧទាហរណ៍​ក្រោយ​ពី​មាន​មហា​រលក​យក្ស​ Tsunami នៅ​អាស៊ី​ក្នុង​ចុង​ឆ្នាំ​២០០៤ ចិន​បាន​ផ្តល់​៦០លាន​ដុល្លារ​ដល់​បណ្តា​ប្រទេស​រងគ្រោះ ហើយ​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០០៦ នា​ឱកាស​ជំនួប​កំពូល​ចិន​និង​អាហ្វ្រិក នៅ​ទីក្រុង​ប៉េកាំង ថ្នាក់ដឹកនាំ​ចិន​បាន​សម្រេច​ឲ្យ​បណ្តា​ប្រទេស​អាហ្វ្រិក​ខ្ចី​ប្រាក់​៣ពាន់​លាន​ដុល្លារ។

ពិតមែន​តែ​ចិន​ខំ​បង្ហាញ​ថា​ខ្លួន​គ្មាន​សត្រូវ ថា​ខ្លួន​ជា​អ្នក​ស្នេហា​សន្តិភាព​ក្តី តែ​ប្រទេស​នេះ​នៅ​តែ​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​ជា​ច្រើន​បារម្ភ។ ពីព្រោះ​ចិន​បន្ត​សម្លុត​តៃវ៉ាន់ ពីព្រោះ​ចិន​បន្ត​បង្កើន​ថវិកា​យោធា។ អ៊ីចឹង​ហើយ​បាន​ជា​អាមេរិក អូស្រ្តាលី និង​បណ្តា​ប្រទេស​អាស៊ី​មួយ​ចំនួន​បន្ត​ព្រួយ​បារម្ភ នៅ​ចំពោះមុខ​បដិវាទកម្ម​រវាង​ការទូត​ញញឹមញញែម និង​យុទ្ធសាស្រ្ត​បង្កើន​កម្លាំង​យោធា​របស់​ថ្នាក់​ដឹក​នាំ​ចិន។ ប្រហែល​ជា​អ៊ីចឹង​ហើយ​ដែរ បាន​ជា​ប្រទេស​សមាជិក​អាស៊ាន​មួយ​ភាគ​ធំ ចង់​ឲ្យ​អាមេរិក​បន្ត​រក្សា​វត្តមាន​យោធា​នៅ​ក្នុង​តំបន់ ជាពិសេស​ នៅ​ម្តុំ​ដៃ​សមុទ្រ​Malacca។ ដូចគ្នា​ដែរ ឥណ្ឌា​នៅ​តែ​មិន​កក់​ក្តៅ​ក្នុង​ចិត្ត ហើយ​បែរ​ទៅ​ពង្រឹង​ចំណង​យុទ្ធសាស្ត្រ​ជាមួយ​អាមេរិក ទោះ​បី​ជា​ចិន​ខំ​បង្ហាញ​ថា​ខ្លួន​ឈប់​កាន់ជើង​ប៉ាគីស្តង់​ពេញ​ទំហឹង ដូច​ក្នុង​អតីតកាល​ក៏​ដោយ។

ប្រទេស​ចិន​នៅ​តែ​ធ្វើ​ឲ្យ​គេ​បារម្ភ ពីព្រោះ​មនោសញ្ចេតនា​ជាតិនិយម នៅ​តែ​គ្រប​ដណ្តប់​ខ្លាំង​ទៅ​លើ​នយោបាយ​ការបរទេស​របស់​ថ្នាក់ដឹកនាំ​ចិន​ត​ទៅ​ទៀត ជាពិសេស​នៅ​ពេល​មាន​ឧប្បត្តិហេតុ​ទូត​កើត​ឡើង​ម្តងៗ​ជាមួយ​ប្រទេស​ជប៉ុន ជាពិសេស។ ជាក់ស្តែង នៅ​ឆ្នាំ​២០០៥ ថ្នាក់ដឹកនាំ​ចិន​បើក​ដៃ​បណ្តោយ​ឲ្យ​ប្រជាជន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ប្រទេស​ជប៉ុន នៅ​តាម​ទីក្រុង​ធំៗ ពីព្រោះ​ជប៉ុន​និង​អាមេរិក បាន​ធ្វើ​សេចក្តីថ្លែងការណ៍​រួម​គ្នា​មួយ ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​បញ្ហា​កោះ​តៃវ៉ាន់ ដោយ​សន្តិវិធី។

ប្រទេស​ចិន​បន្ត​ធ្វើ​ឲ្យ​គេ​បារម្ភ ពីព្រោះ​ចិន​ចូល​កកូរកកាយ​ទ្វីប​អាហ្វ្រិក។ នៅ​អាហ្វ្រិក ចិន​មិន​រវីរវល់​សោះ​ឡើយ​អំពី​នយោបាយ​ឬ​សង្គ្រាម។ អ្វី​ដែល​ចិន​ត្រូវការ​គឺ​ប្រេងកាត​និង​សម្បត្តិ​ធម្មជាតិ​ផ្សេងៗ​របស់​អាហ្វ្រិក។ ជាក់ស្តែង អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ចិន​បាន​បដិសេធថា គ្មាន​ទេ​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ Darfour មុន​នឹង​ប្តូរ​គំនិត​បន្តិច​ម្តងៗ​វិញ នៅ​ពេល​ដែល​ឃើញ​សហគមន៍​អន្តរជាតិ​ពួត​ដៃ​គ្នា​ទាមទារ​ឲ្យ​បញ្ជូន​ទ័ព​អន្តរជាតិ​ទៅ​កាន់​ប្រទេស​ស៊ូដង់​(Soudan)។ ចិន​បាន​ព្រងើយ​កន្តើយ​យូរ​ឆ្នាំ​បែប​នេះ ចំពោះ​វិបត្តិ​ Darfour ពីព្រោះ​ចិន​បាន​ដាក់​ទុន​ប្រមាណ​១ម៉ឺន​៥ពាន់​លាន​ដុល្លារ រកស៊ី​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ស៊ូដង់។

ម្ល៉ោះ​ហើយ បាន​ជា​បណ្តា​ប្រទេស​អាហ្វ្រិក ដែល​ភាគ​ច្រើន​ជា​របប​ផ្តាច់ការ លែង​សូវ​បារម្ភ​អំពី​ការ​គាប​សង្កត់​ពី​សំណាក់​បស្ចិមលោក​ទៀត​ហើយ ដោយសារ​តែ​មាន​ជំនួយ​គ្មាន​លក្ខខណ្ឌ​នយោបាយ​ពី​សំណាក់​ប្រទេស​ចិន៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ