អានតួអត្ថបទ
ថៃ

HRW៖ ទាហានថៃ ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​លើ​ប្រជាជន​ស៊ីវិល​​នៅ​និទាឃរដូវ​២០១០

អង្គការ​ការពារ​សិទ្ធិ​មនុស្ស Human Rights Watch (HRW) កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​បរិហារ​ថា ទាហាន​ថៃ​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ដោយ ឥត​ញញើត​តក់ស្លុត ទៅ​​លើ​ចលនា​បាតុករ​ថៃ​កាលពី​និទាឃរដូវ​២០១០​ ​និង​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ជាង​៩០​នាក់។

រូបសញ្ញា របស់អង្គការ​ការពារ​សិទ្ធិ មនុស្ស  Human Wrights Watch
រូបសញ្ញា របស់អង្គការ​ការពារ​សិទ្ធិ មនុស្ស Human Wrights Watch Wikimedia Commons
ផ្សាយពាណិជ្ជកម្ម

 

អង្គការ​ការពារ​សិទ្ធិមនុស្ស Human Rights Watch (HRW) បាន​ចោទ​ថា កងទ័ព​ថៃ បាន​ប្រើ​ពួក​អ្នក​បាញ់​ដៃ​ឆើត ពួន​ចាំស្ទាក់​បាញ់ និង​វាយ​បង្រ្កាប​ចលនា​បះបោរ​អាវក្រហម​ដោយ​ឥត​រើស​មុខ​​និង​គ្មាន​តក់ស្លុត​ឡើយ។ នេះ ជា​ការ អះអាង​របស់​លោក Brad Adams​ នាយក​អង្គការ Human Rights Watch ប្រចាំ​តំបន់​អាស៊ី នៅ​ឱកាស​សន្និសីទ​សារព័ត៌មាន​មួយ។

យោង​តាម​យោបល់ លោក Brad Adams « ការ​ដែល​ទាហាន​ បាញ់​សម្លាប់​ទៅ​លើ​ហ្វូង​បាតុករ​​ដែល​គ្មាន​អាវុធ​នៅ​ក្នុង​ដៃ  គឺ​ជា​អំពើ​ឃាតកម្ម​មួយ បើទោះបី​ ជា​ពួក​គេ​ស្ថិត​នៅ​ក្រោម​អំណាច របស់​រដ្ឋាភិបាល​ក៏​ដោយក្តី »។

ក្នុងអំឡុង​ខែ​មីនា​និង​ឧសភា​ឆ្នាំ ២០១០ ចលនា​បាតុករ​អាវក្រហម​ដែល​ជា​ពួក​អ្នក​ប្រឆាំង​រដ្ឋាភិបាល ចំនួន ប្រមាណ​១០​ម៉ឺន​នាក់ បាន​ចូល​កាន់កាប់សង្កាត់​មួយ​នៅ​​កណ្តាល​ទីក្រុង​បាងកក​ដើម្បី​ទាមទារ​ឲ្យ​លោក​អាប់ភីស៊ីត​ចុះចេញ​ពី​មុខតំណែង​នាយករដ្ឋមន្ត្រី។ ក៏ប៉ុន្តែ ចលនា​បាតុកម្ម​នេះ ត្រូវ​បាន​កងទ័ព​ថៃវាយ​បង្រ្កាប​យ៉ាង​កាច​សាហាវ​បំផុត​ដើម្បី​​បំបែក​ហ្វូង​​បាតុករ​អាវ​ក្រហម។

នៅ​ក្នុង​របាយការណ៍​មួយរបស់ខ្លួន​ក្រោម​ចំណង​ជើងថា « ផ្លូវ​ចុះ​ទៅ​រក​ភាព​វឹកវរ » ចេញ​ផ្សាយ​កាល​ពី​​​ថ្ងៃ​អង្គារ​ម្សិលមិញ អង្គការ HRW  បាន​សំដែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ ​ការ​ដែល​រដ្ឋាភិបាល​ថៃ បាន​ចាត់ទុក​ពួក​បាតុករ ថា​ជា ពួក« ភេរវជន» ។ ក៏ប៉ុន្តែ​ អង្គការ ការពារ​​សិទ្ធិ​មនុស្ស ដដែលនេះ  ក៏​​បាន​ទទួល​ស្គាល់​ដែរ​ថា មាន​ពួក​ទាហាន​ស៊ីឈ្នួល​ច្បាំង​ប្រដាប់​អាវុធ​ទំនើប​ដែល​គេ​ស្គាល់​ក្រោម​ឈ្មោះ​ថា ពួក « អាវខ្មៅ»​ ក៏​បាន​ធ្វើការ​វាយ​ប្រហារ​ទៅ​​លើ​ពួក​ទាហាន ដោយ​ប្រើ​កាំភ្លើង​វាយលុក និង គ្រាប់​បែកដៃដែរ។

 ប្រទេស​ថៃ ដែល​កំពុង​រៀបចំ​ចាត់ចែង​ការ​បោះឆ្នោត នា​ពេល​ខាង​មុខ នៅ​តែ មាន​ការ​បែក​បាក់​​ប្រេះឆា​គ្នា​យ៉ាង​ខ្លាំង មួយ​ឆ្នាំក្រោយ​ពី​ វិបត្តិ​​នយោបាយ​នេះ ដែ​ល​បណ្តាល​ឲ្យ​មាន​មនុស្ស​របួស​ជាង​១៩០០​នាក់​។

នៅទីបំផុត Human Rights Watch ក៏​សំដែង​ការ​ព្រួយបារម្ភ​ដែរ អំពី​ ការធ្វើ​យុទ្ធនាការ​ឃោសនា​​​បោះឆ្នោត​ ការ​រំលាយ​សភា​ ដែល​គេ​ទន្ទឹង​ចាំមើល​​​នៅ​​ស​ប្តាហ៍​នេះ ក្នុង​គោលដៅ​រៀប​​ចំ​ការបោះឆ្នោត​ ក្នុងអំឡុង ចុង​ខែ​មិថុនា ឬ​ក៏​នៅ​ដើម​ខែ កក្កដា​ខាង​មុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ