អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

ចិន​​មិន​​អាច​​មាន​​ឥទ្ធិពល​​ផ្តាច់​មុខ​​ទៅ​​លើ​​អាស៊ី​​អាគ្នេយ៍​​បាន​​ទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​បន្ត​ពិនិត្យ​មើល​ទៅ​លើ​ស្ថានភាព​ភូមិសាស្រ្ត​នយោបាយ​របស់​ប្រទេស​ចិន​ត​ទៅ​ទៀត ដោយ​សូម​បន្ត​រ៉ាយរ៉ាប់​ពី​ទំនាក់ទំនង​រវាង​ចិន​និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន។ ទោះ​បី​ជា​ទំនាក់ទំនង​រវាង​ចិន​ និង​អាស៊ាន​មាន​លក្ខណៈ​កាន់​តែ​ប្រសើរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ក៏​ដោយ ក៏​តាំង​ពី​ដើម​ដំបូង​មក​ថ្នាក់​ដឹក​នាំអាស៊ាន​តែងតែ​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោល ការណ៍​មួយ​ច្បាស់ នោះ​គឺ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​អាស៊ី​អាគ្នេយ៍​ឋិត​នៅ​ក្រោម​ឥទ្ធិពល​ផ្តាច់​មុខ​របស់​ចិន​បាន។

ជំនួបកំពូលអាស៊ាន​លើកទី ១៣
ជំនួបកំពូលអាស៊ាន​លើកទី ១៣ REUTERS/Na Son Nguyen/Pool
ផ្សាយពាណិជ្ជកម្ម

ជា​ការ​ពិត​ណាស់​ដែល​ថា សព្វថ្ងៃ​ទំនាក់ទំនង​រវាង​ចិន​និង​អាស៊ាន​មាន​លក្ខណៈ​កាន់​តែ​ល្អ ល្អ​ណាស់ បើ​ប្រៀប​ទៅ​នឹង​សម័យ​សង្គ្រាម​ត្រជាក់។

ជា​ការ​ពិត​ណាស់​ដែល​ថា ចិន​និង​អាស៊ាន​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់​តែ​ប្រសើរ​ឡើង ជាក់​ស្តែង​តាម​រយៈ​ការ​ចូល​ជា​ធរមាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ភាគី​ទាំង​ពីរ នៅ​ខែ​មករា​ឆ្នាំ​២០១០ ទោះ​ជា​វា​មាន​សុពលភាព​ទៅ​លើ​តែ​ប្រទេស​ស្ថាបនិក​អាស៊ាន​ទាំង​៦​សិន​ក៏​ដោយ គឺ​ឥណ្ឌូនេស៊ី ថៃ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និង​ព្រុយណេ។ តែ ចង់​ឬ​មិន​ចង់ នៅ​ឆ្នាំ​២០១៥ នៅ​ពេល​ណា​ដែល​ប្រទេស​អាស៊ាន​៤​ទៀត គឺ​វៀតណាម កម្ពុជា ឡាវ​និង​ភូមា​នឹង​ត្រូវ​ចូល​ក្នុង​តំបន់​ពាណិជ្ជកម្ម​សេរី​ចិន-អាស៊ាន​ហើយ នៅ​ពេល​នោះ ចិន​នឹង​ច្បាស់​ជា​ក្លាយ​ទៅ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាស៊ាន គឺ​ធំ​ជាង​ជប៉ុន និង​សហភាព​អឺរ៉ុប​ទៅ​ទៀត។

ជា​ការ​ពិត​ណាស់​ដែល​ថា ថ្នាក់​ដឹក​នាំ​ទីក្រុង​ប៉េកាំង​បាន​និង​កំពុង​បន្ត​ខ្នះខ្នែង​ពន្យល់​ប្រាប់​អាស៊ាន​ថា ចិន​គ្មាន​បំណង​អាក្រក់​ចង់​បៀតបៀន​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ទេ ហើយ​ថា​ចង់​ធ្វើ​ជា​ដៃ​គូ​គំរូ​មួយ​របស់​អាស៊ាន។

ក៏​ប៉ុន្តែ ថ្នាក់​ដឹកនាំ​អាស៊ាន​មិន​ដែល​ទុក​ចិត្ត​មហាយក្ស​ចិន​ទាំង​ស្រុង​ឡើយ ហើយ​តែងតែ​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​មួយ​ច្បាស់ នោះ​គឺ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​អាស៊ី​អាគ្នេយ៍​ឋិត​នៅ​ក្រោម​ឥទ្ធិពល​ផ្តាច់​មុខ​របស់​ចិន​បាន។ អ៊ីចឹង​ហើយ​បាន​ជា​តាំង​ពី​ឆ្នាំ​១៩៩៨​មក នៅក្រៅ ក្របខ័ណ្ឌ​នៃ​ជំនួប​កំពូល​អាស៊ាន តែងតែ​មាន​រៀប​ចំ​ឡើង​នូវ​អ្វី​ដែល​គេ​ហៅ​ថា ជំនួប​កំពូល​អាស៊ាន+៣ គឺ​បូក​ចិន ជប៉ុន និង​កូរ៉េ ខាង​ត្បូង។ មិន​តែ​ប៉ុណ្ណោះ តាំង​ពី​ឆ្នាំ​២០០៥​មក រៀង រាល់ឆ្នាំ នៅ​ពេល​បិទ​បញ្ចប់​ជំនួប​កំពូល​អាស៊ាន​ហើយ ក៏​តែងតែង​តែ​មាន​រៀប​ចំ​ឡើង​ដែរ នូវ​អ្វី​ដែល​គេ​ហៅ​ថា​ជំនួប​កំពូល​អាស៊ី​បូព៌ា​រវាង​ប្រទេស​អាស៊ាន​ទាំង​១០ និង​ចិន ជប៉ុន កូរ៉េ​ខាង​ត្បូង ឥណ្ឌា អូស្រ្តាលី​ព្រម​ទាំង​នូវែល​សេឡង់។

 
ការ​ដែល​អាស៊ាន​នៅ​តែ​មិន​ទាន់​ទុក​ចិត្ត​ចិន​កុម្មុយនិស្ត​មួយ​រយ​ភាគ​រយ គឺ​មិនមែន​ចៃដន្យ​ឡើយ។ ចូរ​កុំ​ភ្លេច​ថា គោលដៅ​សំខាន់​ជាង​គេ​មួយ​នៃ​ការ​បង្កើត​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឡើង​នៅ​ថ្ងៃ​ទី​៨​ធ្នូ​ឆ្នាំ​១៩៦៧ គឺ​ការ​បង្រួបបង្រួម​គ្នា​ជា​ខែល​មួយ ដើម្បី​ទប់ទល់​នឹង​គ្រោះថ្នាក់​កុម្មុយនិស្ត។

ដោយ​ឡែក ក្នុង​បច្ចុប្បន្នកាល​នេះ នៅ​ម្ខាង​ថ្នាក់​ដឹក​នាំ​ចិន​ថ្លែង​ថា ចង់​បាន​តែ​សន្តិភាព​និង​ស្ថិរភាព​នៅ​ក្នុង​តំបន់។ ក៏​ប៉ុន្តែ នៅ​ម្ខាង​ទៀត កាយវិការ​របស់​ទីក្រុង​ប៉េកាំង​មិន​ទាន់​ស្តែង​ឲ្យ​ឃើញ​ច្បាស់​នៅ​ឡើយ​ទេ​ថា ចិន​ជា​មហា​ប្រទេស​ដែល​និយម​អំណាច​ស្រទន់​The soft power។ ជាក់​ស្តែង មហិច្ឆតា​របស់​ទីក្រុង​ប៉េកាំង​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​នៅ​តែ​បន្ត​បណ្តាល​ឲ្យ​ភាព​តានតឹង​កើត​ឡើង​ជា​រឿយៗ។ ភាព​តានតឹង​ចេះ​តែ​បន្ត​កើត​ឡើង​រវាង​ចិន​និង​ជប៉ុន រវាង​ចិន​និង​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន ជាអាទិ៍​ជាមួយ​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ព្រុយណេ។

គឺ​នៅ​ក្នុង​បរិបទ​តានតឹង​បែប​នេះ​ហើយ​ដែល​អាស៊ាន​បាន​បើក​ដៃ​ទទួល​សហរដ្ឋ​អាមេរិក តាម​រយៈ​ជំនួប​កំពូល​អាស៊ាន-អាមេរិក លើក​ទី​១​នៅ​សិង្ហបុរី​ក្នុង​ខែ​កញ្ញា​ឆ្នាំ​២០០៩ និង​លើក​ទី​២ នៅ​ញូយ៉ក ក្នុង​ខែ​កញ្ញា​ឆ្នាំ​២០១០។

ការ​ខិត​ចូល​ជិត​គ្នា​រវាង​សហរដ្ឋ​អាមេរិក​និង​អាស៊ាន មិន​យូរ​មិន​ឆាប់ វា​នឹង​អាច​ធ្វើ​ឲ្យ​ល្អក់​កករ​ទំនាក់ទំនង​រវាង​ចិន​និង​អាស៊ាន ពីព្រោះ​វា​បើក​លទ្ធភាព​ឲ្យ​អាមេរិក​បង្កើន​វត្តមាន និង​ទម្ងន់​របស់​​ខ្លួន នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ចិន​ចាត់​ទុក​ថា​ជា​ដែន​អំណាច​របស់​ខ្លួន។

សហរដ្ឋ​អាមេរិក​ច្បាស់​ជា​នឹង​ឆ្លៀត​ពន្យល់​ដល់​បណ្តា​ប្រមុខ​ដឹកនាំ​អាស៊ាន នូវ​តួនាទី​ដ៏​ចាំ​បាច់​របស់​ខ្លួន ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ឧទាហរណ៍ នៅក្នុង​ដំណោះស្រាយ​នៃ​ជម្លោះ​ទី​ប្រជុំ​កោះ​Paracel និង​Spratly ជា​ដើម។ ត្រង់នេះ នៅ​ខែ​កញ្ញា​ឆ្នាំ​២០១០ នា​ពេល​ដែល​ជំនួប​កំពូល​អាស៊ាន-អាមេរិក កំពុង​តែ​ប្រព្រឹត្ត​ទៅ​នៅ​ញូយ៉ក ស្រាប់​តែ​ក្រសួង​ការបរទេស​ចិន​ចេញ​សេចក្តី​ថ្លែងការណ៍​ព្រមាន​ថា ចិន​ជំទាស់​មិន​ឲ្យ​ប្រែក្លាយ​បញ្ហា​ទីប្រជុំ​កោះ​Paracel និង​Spratly ទៅ​ជា​បញ្ហា​អន្តរជាតិ​ទេ បាន​ន័យថា ទីក្រុង​ប៉េកាំង​ចង់​ដោះ​ស្រាយ​ជម្លោះ​ទី​ប្រជុំ​កោះ​ទាំងពីរ​នេះ ជា​ឧភតោភាគី គឺ​ថា​ជាមួយ​ភាគី​ជម្លោះ​នីមួយៗ​ដាច់​ពី​គ្នា។

មិន​តែ​ប៉ុណ្ណោះ មិន​យូរ​មិន​ឆាប់ វត្តមាន​របស់​អាមេរិក​នៅ​ក្នុង​វេទិកា​អាស៊ាន ក៏នឹង​អាច​បណ្តាល​ឲ្យ​មាន​ការ​បាក់បែក​គ្នា​រវាង​ប្រទេស​អាស៊ាន​ដែល​មាន​ទំនោរ​ទៅ​រក​អាមេរិក និង​ប្រទេស​អាស៊ាន​ដែល​មាន​ទំនោរ​ទៅ​រក​ចិន។ ដោយហេតុ​តែ​ការវិវឌ្ឍន៍​ទៅ​នៃ​ប្រវត្តិសាស្រ្ត នៅ​ក្នុង​អាស៊ាន មាន​រួច​ស្រេច​ទៅ​ហើយ​ប្រទេស​ដែល​ស្និទ្ធ​នឹង​អាមេរិក​និង​ប្រទេស​ដែល​ស្និទ្ធ​នឹង​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ