ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
អាស៊ី

ក្រុមហ៊ុន​អាកាសចរណ៍​នៅក្នុង​ពិភពលោក​បាត់បង់​ប្រាក់ចំណេញ​ជាង ៥០% ក្នុង​ឆ្នំា ២០១១

media  
ក្រុមហ៊ុន​អាកាសចរណ៍​នៅក្នុង​ពិភពលោក​បាត់បង់​ប្រាក់ចំណេញ​ជាង ៥០% ក្នុងឆ្នំា ២០១១ ©Reuters

នៅ​ក្នុង​កិច្ចប្រជុំ​ប្រចំាឆ្នំា​ដែល​កំពុង​រៀបចំ​ធ្វើ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ​ដែល​មាន​ទីស្នាក់ការ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​បាន​ប្រមើល​ទុក​ថា ក្រុមហ៊ុន​អាកាសចរណ៍​​នៅ​ក្នុង​ពិភពលោក​អាច​នឹង​បាត់បង់​ប្រាក់ចំណេញ​របស់​ខ្លួន​ជាង ៥០% ក្នុង​ឆ្នំា ២០១១​នេះ។ ការ​បាត់បង់​ប្រាក់ចំណេញ​ដោយ​មក​ពី​មូលហេតុ​ចំនួន ២យ៉ាង៖ តម្លៃ​ប្រេង​ឡើង​ថ្លៃ និង​ស្ថានការណ៍​វឹកវរ​នៅ​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន។

គ្រោះ​មហន្តរាយ​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​ជប៉ុន ព្រឹត្តិការណ៍​បះបោរ​នៅ​ក្នុង​ពិភពអារ៉ាប់ និង​តម្លៃប្រេង​ឡើង​ថ្លៃ ទំាង​នេះ​សុទ្ធសឹង​ជា​មូលហេតុ​សំខាន់ៗ​ដែល​បញ្ជាក់​ពី​ការ​ធ្លាក់ចុះ​នូវ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​​នៅ​ក្នុង​ពិភពលោក។ តាម​ការ​គ្រោង​ទុក​កាល​ពី​ដើម​ខែ​មីនា​កន្លង​មក ប្រាក់ចំណេញ​ដែល​ក្រុមហ៊ុន​ដឹកជំញ្ជូន​ផ្លូវអាកាស​អន្តរជាតិ​អាច​នឹង​ទទួល​បាន​ក្នុង​ឆ្នំា ២០១១ មាន​ចំនួន ៨ ៦០០លានដុល្លារ។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ នៅ​ក្នុង​កិច្ចប្រជុំ​ប្រចំា​ឆ្នំា​របស់​ខ្លួន​ក្នុង​ប្រទេស​សិង្ហបុរី លោក​ប្រធាន​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ​ Giovanni Bisignani បាន​ប្រកាស​ឲ្យ​ដឹង​ថា ចំនួន​ប្រាក់ចំណេញ​សម្រាប់​ឆ្នំា ២០១១ នេះ​នឹង​អាច​ធ្លាក់​ចុះ​ជាង​ពាក់​កណ្តាល ពោល​គឺ​អាច​មាន​ប្រមាណ​តែ ៤ ០០០លានដុល្លារ​ប៉ុណ្ណោះ។

លោក Giovanni Bisignani បាន​បញ្ជាក់​បន្ថែម​ថា បើ​គេ​ប្រៀប​នឹង​ប្រាក់ចំណេញ​កាល​ពី​ឆ្នំា ២០១០ ដែល​មាន​រហូត​ដល់​ទៅ ១៨ ០០០លានដុល្លារ​នោះ ប្រាក់ចំណេញ​ចំនួន​តែ ៤ ០០០លានដុល្លារ​សម្រាប់​ឆ្នំា ២០១១ បាន​ធ្លាក់​ចុះ​ជិត ៨០%។ ម្យ៉ាង​ទៀត ជាមួយ​នឹង​ទឹកប្រាក់​ផលរបរ​សរុប​ប្រមាណ​ជា ៥៩៨ ០០០លានដុល្លារ​ក្នុង​ឆ្នំា ២០១១ នេះ ប្រាក់ចំណេញ​ដែល​អាច​នឹង​ទទួល​បាន គឺ​មាន​ប្រមាណ​តែ ០,៧% ប៉ុណ្ណោះ។ បើ​និយាយ​ពី​ការ​ចំណាយ​សរុប​លើ​តម្លៃ​ប្រេង​វិញ គឺ​បាន​កើន​ឡើង​បន្ថែម​ចំនួន ១០ ០០០លានដុល្លារ ពោល​គឺ​ចំណាយ​រហូត​ដល់​ទៅ​ ១៧៦ ០០០លានដុល្លារ​សម្រាប់​ឆ្នំា ២០១១។ សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នំា ២០១១ ការ​ចំណាយ​លើ​តម្លៃ​ប្រេង​មាន​ចំនួន​ជិត ៣០% នៃ​ការ​ចំណាយ​សរុប​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្លូវអាកាស ពោល​គឺ​មាន​អត្រា ២ដង ច្រើន​ជាង​កាល​ពី ១០ឆ្នំា​មុន។

យ៉ាង​ណា​ក៏​ដោយ ក្រុមហ៊ុន​អាកាសចរណ៍​​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស្វីហ្វិក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​នឹង​ទទួល​បាន​ប្រាក់ចំណេញ​ច្រើន​ជាង​គេ ពោល​គឺ​មាន ២ ១០០លានដុល្លារ​សម្រាប់​ឆ្នំា ២០១១ ទល់​នឹង ១០ ០០០លានដុល្លារ​ក្នុង​ឆ្នំា ២០១០។ ក្រុមហ៊ុន​អាកាសចរណ៍​​នៅ​អឺរ៉ុប​អាច​​នឹង​ទទួល​បាន​ប្រាក់​ចំណេញ ៥០០លានដុល្លារ ទល់​នឹង ១ ៩០០លានដុល្លារ​ក្នុង​ឆ្នំា ២០១០។ ចំណែក​ក្រុមហ៊ុន​អាកាសចរណ៍​​នៅ​មជ្ឈិមបូព៌ា​វិញ ប្រាក់ចំណេញ​អាច​នឹង​ធ្លាក់​ចុះ​ពី ៩០០លានដុល្លារ​ក្នុង​ឆ្នំា ២០១០ មក​នៅ​ត្រឹម​តែ ១០០លានដុល្លារ​ក្នុង​ឆ្នំា ២០១១​នេះ។

សូម​ជម្រាប​ជូន​ថា សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ​ដែល​មាន​ទីស្នាក់ការកណ្តាល​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស មាន​សមាជិក​សរុប​ទំាង​អស់​ចំនួន ២៣០ ក្រុមហ៊ុន​អាកាសចរណ៍​​នៅ​ទូទំាង​ពិភពលោក និង​ធានា​ចរាចរណ៍​​ផ្លូវអាកាស​ជាង ៩០% ក្នុង​លោក៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ