អានតួអត្ថបទ
ទីបេ-បារាំង

ប្រមុខរដ្ឋាភិបាល​និរទេស​ទីបេ​បំពេញ​ទស្សនកិច្ច​លើកទីមួយ​នៅអឺរ៉ុប​

ប្រទេស​ស្វីស​ ​ អាល្លឺម៉ង់​ ​ ន័រវែស​ ​ និង​ប្រទេស​ដាណាម៉ាក​ ​ ហើយនៅ​ចុង​សប្តាហ៍​នេះ​នៅ​ប្រទេស​បារាំង​ ​ មុន​នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​បែលហ្សិក​និង​ប្រទេស​អង់គ្លេស​ ​ លោក​ប្រមុខ​រដ្ឋាភិបាល​និរទេស​ទីបេ​បំពេញ​ទស្សនកិច្ច​លើកទីមួយ​នៅ​ប្រទេស​អឺរ៉ុប​ចំនួន​ប្រាំពីរ។​ ទាំងនេះ​ ៤ខែ​ក្រោយពី​បាន​ស្បថ​ឡើង​កាន់​មុខតំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​រដ្ឋាភិបាល​និរទេស​ទីបេ​។​ ដូច្នេះ​ លោក​ Lobsang Sangay បាន​ស្នងតំណែង​បន្ត​ពី​សម្តេចសង្ឃ​ដាឡៃ​ឡាម៉ា​ដែល​បាន​ចាកចេញ​ពី​ជីវិត​នយោបាយ​ទៅ​បំពេញ​បេសកកម្ម​ជា​អគ្គមគ្គុទ្ទេសក៍​ខាង​ផ្លូវធម៌។

លោក​​ Lobsang​ Sangay​​ នាយករដ្ឋមន្ត្រី​​​ថ្មី​​នៃ​រដ្ឋាភិបាល​​និរទេស​​ទីបេ​​
លោក​​ Lobsang​ Sangay​​ នាយករដ្ឋមន្ត្រី​​​ថ្មី​​នៃ​រដ្ឋាភិបាល​​និរទេស​​ទីបេ​​ REUTERS/Mukesh Gupta/Files
ផ្សាយពាណិជ្ជកម្ម

លោក​ Lobsang Sangay​ នាយករដ្ឋមន្ត្រី​ថ្មី​នៃ​រដ្ឋាភិបាល​និរទេស​ទីបេ​ជា​អ្នកឯកទេស​ខាងច្បាប់​អន្តរជាតិ​ ​ លោក​បានទទួល​សញ្ញាបត្រ​ច្បាប់​ពី​មហាវិទ្យាល័យ​អាមេរិកាំង​ Harvard ​ដ៏​ល្បីឈ្មោះ។​ លោក​ Lobsang Sangay​ ប្រយុទ្ធ​ទាមទារ​ចង់បាន​ស្វ័យភាព​មួយ​ពិត​ប្រាកដ​សម្រាប់​ទីបេ​ ​ ដែល​ឋិត​នៅក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​ចិន​តាំងពី​ឆ្នាំ១៩៥១។

 
លោក​ Lobsang Sangay​ ពាក់អាវធំ​ ចងកក្រវ៉ាត់​ដូច​ជនជាតិ​អឺរ៉ុប​ដែល​ខុសពី​រូបភាព​របស់​សម្តេចសង្ឃ​ដាឡៃ​ឡាម៉ា​ដែល​ស្លៀក​ដណ្តប់​ដោយ​ស្បង់ចីវរ​តាមបែប​លោកសង្ឃ​ទីបេ។​ លោក​ Lobsang Sangay​ កើតនៅ​ប្រទេស​ឥណ្ឌា​ ​ មានអាយុ​៤៣ឆ្នាំ​ ​ ហើយពុំ​ដែល​ជាន់​ទឹកដី​ទីបេ​ទាល់តែ​សោះ​។​ ក៏​ប៉ុន្តែ​ លោក​ Lobsang Sangay​ យល់ដឹង​ណាស់​ពី​ក្តី​អស់សង្ឃឹម​របស់​លោកសង្ឃ​និង​ដូនជី​ទីបេ​ដែល​បាន​ដុត​សម្លាប់ខ្លួន​ ​ ដើម្បី​សម្ដែង​ឲ្យ​ឃើញ​នូវ​ការប្រឆាំង​ទល់នឹង​ការវាយ​បង្ក្រាប​របស់​អាជ្ញាធរ​ចិន​។​ ដូច្នេះ​ទស្សនកិច្ច​របស់​លោក​ Lobsang Sangay​ នៅ​ប្រទេស​អឺរ៉ុបនេះ​គឺ​ដើម្បី​ធ្វើឲ្យ​សាធារណមតិ​ជ្រួតជ្រាប​ពី​សោកនាដកម្ម​ទីបេ។

“​បុរស​ទុយនីស៊ី​ម្នាក់​បាន​ដុត​សម្លាប់​ខ្លួន​ ដែលជា​មូលហេតុ​​នាំឲ្យ​កើតមាន​បដិវត្តន៍​និទាឃរដូវ​អារ៉ាប់​ ​ និង​ធ្វើឲ្យ​កើតមាន​ការគាំទ្រ​ពី​សំណាក់​មជ្ឈដ្ឋាន​អន្តរជាតិ​។​ នៅទីបេ​ឯណោះ​ ការដុត​សម្លាប់​ខ្លួន​មាន​ដល់ទៅ​១៣ករណី​ ​ ប៉ុន្តែ​គេ​គ្មាន​ឃើញ​ការគាំទ្រ​អ្វីសោះ”។​ ​ នេះ​ជាការ​ថ្លែង​សោកស្តាយ​របស់​លោក​ Lobsang Sangay​ នាយករដ្ឋមន្ត្រី​ថ្មី​នៃ​រដ្ឋាភិបាល​និរទេស​ទីបេ​នាឱកាស​សន្នីសីទ​កាសែត​នៅ​ថ្ងៃសៅរ៍​ទី២៦​វិច្ឆិកា​ឆ្នាំ២០១១​នៅ​ទីក្រុង​ប៉ារីស។

ហើយ​ លោក​ Lobsang Sangay​ បាន​ថ្លែង​បន្ថែមថា​ ​ “​ខ្ញុំ​មកទីនេះ​ដើម្បី​ជួយ​ផ្តល់​ក្តីសង្ឃឹម​ឲ្យ​ប្រជាជន​ទីបេ​ ​ ឲ្យ​ប្រជាជន​ទីបេ​ឈប់​ដុត​សម្លាប់​ខ្លួន​ ​ ហើយឲ្យ​បន្ត​មានជិវិត​ដើម្បី​ប្រយុទ្ធ​ទាមទារ​ការពារ​មូលហេតុ​ទីបេ​ ​ ហើយ​ខ្ញុំ​ចង់​ថ្លែង​ប្រាប់​ប្រជាជន​ទីបេ​ទៀតថា​ ​ នៅ​គ្រប់​ទិសទី​នៅលើ​ពិភពលោក​ ​ មាន​អ្នកស្រឡាញ់​យុត្តិធម៌​ ​ ស្រឡាញ់​សេរីភាព​ ​ ពួកគេ​នៅ​គាំទ្រ​មូលហេតុ​ទីបេ​របស់​យើង”​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ