អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អំពើ​ពុករលួយ​កាន់តែ​ស៊ីរូងជ្រៅ​ខ្លាំង​​ជាង​ឆ្នាំ​មុនៗ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​ដើម្បី តម្លាភាព​អន្តរជាតិ Transparency International ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​ប៊ែឡាំង បាន​ចេញផ្សាយ​របាយការណ៍​មួយ​នៅថ្ងៃ​អង្គារ​ទី ៩​កក្កដា ស្តីពី​ អំពើ​ពុករលួយ នៅក្នុង​ពិភពលោក។ ក្នុង​របាយការណ៍​នេះ គេ​បាន​ចុះសួរ​មតិ​មនុស្ស​១សែន ១ម៉ឺន ៤ពាន់​នាក់ ក្នុង​ប្រទេស​ចំនួន ១០៧។

មនុស្ស​ម្នាក់ ក្នុង​ចំណោម​ពីរនាក់ និយាយ​ថា គេ​ធ្លាប់​សូកលុយ ក្នុង​រយៈពេល មួយឆ្នាំ​ចុងក្រោយនេះ
មនុស្ស​ម្នាក់ ក្នុង​ចំណោម​ពីរនាក់ និយាយ​ថា គេ​ធ្លាប់​សូកលុយ ក្នុង​រយៈពេល មួយឆ្នាំ​ចុងក្រោយនេះ ©reuters
ផ្សាយពាណិជ្ជកម្ម

តាម​របាយការណ៍ មនុស្ស​ម្នាក់ ក្នុង​ចំណោម​ពីរនាក់ គឺ ៥៣ភាគរយ​មនុស្ស​ដែល​គេ​បាន​ស្រង់មតិ​បាន​កត់​សំគាល់​ឃើញ​ថា អំពើពុករលួយ​កាន់តែ​រីកធំៗឡើង ក្នុង​រយៈពេល​២ឆ្នាំ​ចុងក្រោយ​នេះ។អំពើពុករលួយ កើតមាន​គ្រប់​ជាន់ថ្នាក់ មិន​ថា ក្នុងចំណោម​អ្នកមាន ឬ​អ្នកក្រ។ រឿងនេះ​ធ្វើ​ឲ្យ​គេ​នឹក​ទៅដល់​អ្នកនិពន្ធ​ជាតិ​អង់គ្លេស ម្នាក់ ដែល​បាន​សរសេរ​ពី​ការលួច​សូក​លុយ​របស់​អ្នកទោស​ដើម្បី​បាន​បន្ទប់​ឃុំឃាំង ត្រឹមត្រូវ ឬអ្នកជម្ងឺ ​លួច​សូកលុយ​ដើម្បី​ទទួល​បាន​សេវា​ពេទ្យ​មុន​គេ ឬ មាន​ប្រសិទ្ធិភាព។

 
តាមរបាយការណ៍ យ៉ាងហោច មនុស្ស​ម្នាក់ ក្នុង​ចំណោម​៤​នាក់ ដែល​គេ​បាន​សួរ នោះ បាន​និយាយ​ថា ក្នុង​រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ គេ​ធ្លាប់​បានធ្វើការសូកប៉ាន់ ដើម្បី​ទទួល​បាន​សេវា​សាធារណៈ។

ឧទាហរណ៍ នៅក្នុង​របាយការណ៍ អំពើពុករលួយ​នៅ​កម្ពុជា​បាន​ថយចុះ ប៉ុន្តែ យ៉ាងក៏ដោយ កម្ពុជា​ ស្ថិតនៅក្នុង​ចំណាត់​ថ្នាក់មិន​ល្អ ជាមួយ​ប្រទេស​អាហ្វ្រិក​បួន ប្រាំទៀត ដោយសារ តែ​ប្រជាជន​ពាក់កណ្តាល​របស់​ប្រទេស​នេះ និយាយថា គេ​បាន​ធ្វើ​សំណូក​យ៉ាងតិច​ម្តង ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយនេះ។ ប្រទេស​ដែល​សំបូរ​សំណូក​ច្រើនជាងគេ គឺ​សេរ៉ាឡេអូន ឬ​លីបេរីយ៉ា ចំណែក​ប្រទេស​នៅអឺរ៉ុបខាងជើង និង​ប្រទេស​នៅ​អាស៊ី ដូចជា​ជប៉ុន និង ម៉ាឡេស៊ី ជាប់ចំណាត់លេខមួយ ដោយសារ​ប្រជាជន​របស់​ប្រទេស​ទាំងនេះ តិច​ជាង ៥​ភាគរយ​ដែល​និយាយ​ថា គេ​បាន​សូកលុយ។

គណបក្ស​នយោបាយ អ្នកនយោបាយ​ជាប់​ឈ្មោះ​ ខាងប្រព្រឹត្ត​អំពើ​ពុករលួយ​ច្រើន​ជាងគេ នៅក្នុង​ពិភពលោក។ មនុស្ស​៥៥ភាគរយ​បាន​និយាយថា រដ្ឋាភិបាល​របស់​ប្រទេស​ពួកគេ ធ្វើ​នយោបាយ ដើម្បី​ផលប្រយោជន៍​បុគ្គល​មួយ​ចំនួន ប៉ុន្តែ មិន​មែន​សម្រាប់​ប្រជាជន​ទូទៅទេ។

បន្ទាប់មក​គឺ​ស្ថាប័ន​ប៉ូលិស ជាប់លេខពីរ ក្នុងពេល​ដែល​ស្ថាប័ន​រដ្ឋ ដូចជា​សភា និង​ក្រសួង​យុត្តិធម៌ ជាប់ចំណាត់ថ្នាក់​លេខបី ខាងប្រព្រឹត្ត​អំពើ​ពុករលួយ។ តាម​របាយការណ៍ មនុស្ស​៣១​ភាគរយ​ដែល​ធ្លាប់​ទាក់ទង​ការងារ​ជាមួយ​ស្ថាប័ន​ប៉ូលិស បាន​និយាយ​ថា គេ​ធ្លាប់​បាន​ធ្វើ​សំណូក។ ចំណែក​អ្នកដែល​ទាក់ទង​នឹង​ស្ថាប័ន​តុលាការ មាន​២៤ភាគរយ ធ្លាប់​សូកប៉ាន់។

ប្រព័ន្ធផ្សព្វផ្សាយ ជាប់ក្នុង​ចំណាត់ថ្នាក់​ទី ៩ ជាពិសេស ប្រព័ន្ធផ្សព្វផ្សាយ នៅ អូស្រ្តាលី និង​អង់គ្លេស ដែល​គេ​មើលឃើញ​ថា សំបូរ​អ្នកប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​ជាងគេ។ ស្ថាប័ន​កងទ័ព​ស្ថិតនៅ​ពីក្រោយ​អំពើ​ពុករលួយ​ក្នុង​វិស័យ​អប់រំ។ ស្ថាប័ន​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​តិចជាង គេ​គឺ​ស្ថាប័ន​សាសនា ប៉ុន្តែ យ៉ាងណា​ក៏ដោយ ស្ថាប័ន​សាសនា នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល ជប៉ុន និង​ស៊ូដង់​ខាងត្បូង​ត្រូវ​ទទួល​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​ខ្លាំង។

ម្យ៉ាងទៀត បើ​តាម​អង្គការ Transparency International អំពើ​ពុករលួយ​កំពុង​កើតមាន​កាន់​តែ​ច្រើន នៅក្នុង​បណ្តា​ប្រទេស​អារ៉ាប់ ជាពិសេស នៅក្រោយ​ពេល​បដិវត្តន៍​អារ៉ាប់ ចាប់ផ្តើម កាលពី​ឆ្នាំ ២០១១។

ទាំងនេះ​គឺ​ខុសផ្ទុយស្រឡះ​ពី​ឆន្ទះរបស់​ប្រជាជន​អារ៉ាប់ ដែល​តាម​ពិត​ធ្វើ​បដិវត្ត​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លុបបំបាត់​អំពើ​ពុករលួយ។ បដិវត្តន៍​អារ៉ាប់​បាន​ឈាន​ទៅ​ដល់​ផ្តួល​រំលំ​មេដឹកនាំ​ប្រទេស​ដូចជា​អេហ្ស៊ីប ទុយនីស៊ី ឬ​ក៏​យេម៉ែន ប៉ុន្តែ ផ្ទុយទៅវិញ ប្រជាជន​អេហ្ស៊ីប​ប្រមាណ ៦៤​ភាគរយ បាន​និយាយ​ថា អំពើ​ពុករលួយ​មាន​កាត់​តែ​ច្រើន ក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ​នេះ។ នៅ​ប្រទេ​លីប៊ី ប្រជាជននិយាយ​ច្រើន​ជាង​ពាក់កណ្តាល​និយាយ​ថា អំពើ​ពុករលួយ កើត​មាន​ច្រើន ជាង សម័យ​គ្រប់គ្រង​របស់​លោក​កាដាហ្វី។

ផលប៉ះពាល់​របស់​អំពើពុករលួយ​ទៅលើ​សង្គម

បើ​តាម​របាយការណ៍ អំពើ​ពុករលួយ ប៉ះពាល់​ជីវិត​មនុស្ស តាំងពី​ថ្ងៃ​កើត រហូត​ដល់​ថ្ងៃស្លាប់។ ក្នុង​របាយការណ៍ គេ​បាន​លើកឡើង​ពី​ករណី​ពុករលួយ នៅក្នុង​ប្រទេស​ហ្ស៊ីមបាវេ ដែល​ស្រ្តី​ឆ្លងទន្លេ ត្រូវ​បង់​ពិន័យ ៥​ដុល្លារ បើ​សិន​គាត់ស្រែក ក្នុង​ពេល​កំពុង​សំរាលកូន។ អាជ្ញាធរ​ហ្ស៊ីមបាវេ​ចាត់ទុក​ស្រ្តីដែល​ស្រែក​ក្នុងពេល​កើតកូន ថា បាន​បង្ក​អសណ្តាប់ធ្នាប់។ នេះ​ជា​អំពើ​ពុករលួយ​មួយ ព្រោះ​ការហាម​មិន​បាន​ចែងឡើង នៅក្នុង​ច្បាប់ទេ។

ចំណែក​នៅក្នុង​ប្រទេស​បង់ក្លាដែស គ្រោះថ្នាក់​រំលំ​បាក់អគារ ដែល​បាន​សម្លាប់​កម្មករ ជាង​១ពាន់​នាក់ ក៏​ត្រូវ​គេ​ស្រាវជ្រាវ​ឃើញថា មាន​ជាប់ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។ ក្នុង​ប្រទេស​ចិន​វិញ តុលាការ​កំពុង​កាត់ទោស​អតីត​រដ្ឋមន្រ្តី​ផ្លូវដែក ម្នាក់ថា ពីបទប្រព្រឹត្ត​អំពើ​ពុករលួយ តាមរយៈ​​​ទទួល​សំណូក​ពី​ក្រុមហ៊ុន​ឯកជន ដែល​បាន​សាងសង់​ផ្លូវដែក មិន​សូវ​មាន​ប្រសិទ្ធិភាព និង​ដែល​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បុករថភ្លើង សម្លាប់​មនុស្ស ៤០​នាក់ កាលពី​២ ឆ្នាំមុន។

អំពើ​ពុករលួយ​បាន​ប៉ះពាល់​ដល់​សិទ្ធិ​ជា​ធរមាន របស់​មនុស្ស។ ឧទាហរណ៍ នៅ​ពេល​មនុស្ស​ម្នាក់​មិន​អាចមាន​សមត្ថភាព គ្មាន​លុយ​ដើម្បី​សូកប៉ាន់ នោះ គេ នឹង​គ្មាន​សិទ្ធិ​បាន​ទទួល​ជំនួយ ឬ កម្ចី​ដើម្បី​សង់ផ្ទះ ឬ​យក​ទៅ​វិនិយោគ​ពង្រីក​មុខជំនួញ។ អំពើពុករលួយ ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ប្រជាជន ដោយ​ការទារ​សំណូក បាន​ធ្វើ​ឲ្យ​ប្រជាជន​ធ្លាក់ខ្លួន​កាន់តែក្រ ឬ​មិន​បាន​ទទួលសេវា​សាធារណៈតែម្តង។ ជាក់ស្តែង សម្រាប់​អ្នកដែល​រកលុយ​បាន​តិច​ជាង ២​ដុល្លារ ក្នុង​មួយ​ថ្ងៃ ឬ​សម្រាប់​ស្រ្តី​មេផ្ទះ ដែល​មើល​ថែកូន អំពើពុករលួយ ដូចជា​ការសូកប៉ាន់ បាន​ធ្វើ​ឲ្យ​ផ្លូវដើរ​របស់​គេ​កាន់តែតូច​ចង្អៀត គឺ​គេ​ត្រូវជ្រើសរើស​រវាង ភាពអត់ឃ្លាន ឬ​ក៏​បាន​ទទួល​សេវា​សុខភាព   រវាង​ថ្លៃ​បង់សាលា​ដែល​ចេះ​តែ​ឡើងថ្លៃ ឬ ស្បែកជើង​មួយគូ ដើម្បី​ពាក់​ទៅសាលារៀន។

ជាមួយ​គ្នានេះដែរ អំពើ​ពុករលួយ​ដែល​កំពុង​ស៊ីរូង​ផ្ទៃក្នុង កំពុង​ធ្វើ​ឲ្យ​ប្រជាជន​បាត់បង់​ជំនឿ​ទៅលើ​គណបក្ស​នយោបាយ ប៉ូលិស និង​ស្ថាប័ន​យុត្តិធម៌ ដែល​ជាអ្នកប្រព្រឹត្ត​អំពើ​ពុករលួយ​ដល់​កំពូល។ ចំនួន​ប្រជាជន​ដែល​ធ្លាប់​យល់ថា រដ្ឋាភិបាលប្រយុទ្ធប្រឆាំង អំពើពុករលួយ​យ៉ាងមាន​ប្រសិទ្ធិភាព​បាន​ថយចុះ បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០០៨។

លើកនេះ មនុស្ស​ភាគច្រើន និយាយ​ថា សកម្មភាព​របស់​រដ្ឋាភិបាល​ដើម្បី​ប្រយុទ្ធប្រឆាំង​ អំពើ​ពុករលួយ គ្មាន​ប្រសិទ្ធិភាព។ ជាលទ្ធផល ពួកគេ​អស់​ទំនុកចិត្ត ទៅលើ​ស្ថាប័ន​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ ដែល​រដ្ឋាភិបាល​បង្កើតឡើង។

តាម​របាយការណ៍ ប្រជាជន​ក្នុងពិភពលោក​តាមដាន​សកម្មភាព​ពុករលួយ​របស់​រដ្ឋាភិបាល របស់ពួកគេ​ច្រើន​ជាង​ពេលមុនៗ។ នៅក្នុង​ការស្ទង់មតិ​របស់​អង្គការ​ដើម្បី​តម្លាភាព មនុស្ស​៩នាក់ ក្នុង​ចំណោម​១០​នាក់ បាន​និយាយ​ថា គេ​ចង់​លុបបំបាត់​អំពើ​ពុករលួយ។ ពួកគេ​ភាគច្រើន​បានអះអាងថា ពួកគេ​នឹង​និយាយ​បរិហារ​អំពើ​ពុករលួយ​ឲ្យ​បាន​ច្រើន​ជាមុន។ តាម​អ្នកសរសេរ​របាយការណ៍ គេ​នៅ​មាន​សង្ឃឹម​លុបបំបាត់​អំពើ​ពុករលួយ ព្រោះ​ថា មនុស្ស​ពីរភាគបី ដែល​គេ​ត្រូវ​ទាមទារ​ឲ្យ​សូកប៉ាន់ បាន​បដិសេធ​មិនព្រមធ្វើ។

បើតាម​របាយការណ៍​ជនរងគ្រោះ​ដោយ​អំពើពុករលួយ មិន​បាន​បាក់​ខ្លបខ្លាចទេ ផ្ទុយទៅវិញ ពួកគេ​នៅ​តែគិត​ថា ពួកគេ​នៅ​មាន​អំណាច​ឥទ្ធិពល​សំឡេង​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លុបបំបាត់​អំពើពុករលួយ។ ជាក់ស្តែង នៅ​ឥណ្ឌា កាលពីឆ្នាំ ២០១១ មនុស្ស​ចំនួន​បាន​ធ្វើ​កូដកម្ម​អត់អាហារ ដែល​រហូត​បណ្តាល​ឲ្យ​ប្រជាជន​ឥណ្ឌា​រាប់លាន​នាក់​​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​តវ៉ា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ស្ថាប័ន​ឯករាជ្យ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ។ នៅប្រេស៊ីល រដ្ឋាភិបាល បាន ​ផ្លាស់ប្តូរ​គោល​នយោបាយ ដោយ​លុបចោល​ផែនការ​ដំឡើង​ថ្លៃ​សំបុត្រ​ឡានក្រុង បន្ទាប់​ពី​មាន​​បាតុកម្ម​ធំ កាលពី​ពេលថ្មីនេះ។ ប្រជាជនប្រេស៊ីល​បាន​ទាមទារ​ឲ្យរ​រដ្ឋាភិបាល​កាត់បន្ថយ​អំពើពុករលួយ និង​ផ្តោត​សំខាន់​ទៅលើ​សេវា​សាធារណៈ និង​ការអប់រំ។

ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ អ្នកសរសេរ​របាយការណ៍​ចង់​ឲ្យ​ទាំង​រដ្ឋាភិបាល និង​ប្រជាជន​ចូលរួម​ទាំងអស់គ្នា។ តាម​អង្គការ​ដើម្បី​តម្លាភាព រដ្ឋាភិបាល​ត្រូវ​ប្រឹងប្រែង​ពង្រឹង​ស្ថាប័ន​ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ។ រដ្ឋាភិបាល រួម​ទាំង​គ្រួសារ​របស់​សមាជិក​រដ្ឋាភិបាល​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ។ គណបក្ស​នយោបាយ​គួរ​តែ​បង្ហាញ​ពី​តម្លាភាព ក្នុង​បញ្ហា​ហិរញ្ញវត្ថុ ពោល គឺ​ទាំងនេះ ដើម្បី​ទាក់ទាញ លើកទឹកចិត្ត​របស់​ប្រជាជន​ឲ្យ​មាន​ជំនឿ​ទុកចិត្ត​លើ​អ្នកនយោបាយ​ឡើងវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ