ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/10 12h00 GMT
អាស៊ី

អង្គការ​សហ​ប្រជាជាតិ​បារម្ភ​ពី​ការអនុវត្ត​ទោស​ប្រហារ​ជីវិត​នៅ​វៀតណាម

media  
បន្ទប់​ប្រហារ​ជីវិត​អ្នកទោស​ដោយ​ចាក់ថ្នាំ​សម្លាប់ នៅ​រដ្ឋ​តិចសាស់ (បណ្តាសារ) AFP/Paul Buck

កាលពី​ថ្ងៃ​សុក្រ​ទី ៩ សីហា អង្គការ​ការពារ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​លើកឡើង​ពី​ការព្រួយ​បារម្ភ របស់​ខ្លួន ទាក់ទង​នឹង​ការប្រហារ​ជីវិត​ទៅលើ​អ្នកទោស​នៅ​វៀតណាម។ កាលពី​ថ្ងៃ​អង្គារ ដើម​សប្តាហ៍នេះ ពេជ្ឈឃាត​វៀតណាម​បាន​ប្រហារ​ជីវិត​អ្នកទោស ដោយ​ចាក់​ថ្នាំ​សម្លាប់។

 

កាលពី​ថ្ងៃ​អង្គារ រដ្ឋាភិបាល​វៀតណាម​បានចាប់ផ្តើម​ឡើងវិញ ការអនុវត្ត​ទោស​ប្រហារ​ជីវិត បន្ទាប់ពី​ផ្អាក​អស់រយៈពេល​ជិត​ពីរឆ្នាំ។ យុវជន​ង្វៀន អាន់ទន់ ជាអ្នកទោស​ឧក្រិដ្ឋ​វៀតណាម​ទីមួយ ដែល​ទទួល​ទោស​ប្រហារជីវិត ដោយ​ការចាក់ថ្នាំ។ កាសែត​ក្នុង​ស្រុក​វៀតណាម បានសរសេរ​រៀបរាប់ថា ង្វៀន អាន់ទន់ ដែល​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត ដោយសារ​រឿងឃាតកម្ម ត្រូវ​គេ​ចាក់ថ្នាំ​បីដង ដោយ​ថ្នាំទីមួយធ្វើ​ឲ្យ​សន្លប់​បាត់ស្មារតី ថ្នាំ​ទីពីរ​ជាថ្នាំ​សណ្តំ​សាច់ដុំ និង​ថ្នាំ​ទីបី​គឺ​សម្រាប់​បញ្ឈប់​ចលនា​បេះដូង។

កាលពី​ខែ​កក្កដា ឆ្នាំ ២០១១ រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម​បាន​លះបង់​ចោល​ការប្រហារ​ជីវិត តាមរយៈ​ការប្រើកាំភ្លើង និង​ជ្រើសរើស​ការប្រហាជីវិត ដោយប្រើ​ថ្នាំចាក់ វិញ ដោយ​លើកឡើង​ពី​ហេតុផល​មនុស្សធម៌។ ប៉ុន្តែ សកម្មភាព​ប្រហារ​ជីវិត​ត្រូវ​បាន​ផ្អាក ដោយសារ​តែ​រដ្ឋាភិបាល​ក្រុងហាណូយ​រក​ទិញ មិន​បាន​ថ្នាំ​គីមី ដែល​អឺរ៉ុប​ហាម​មិន​ឲ្យ​លក់​ចេញ​ទៅក្រៅ។ ប៉ុន្តែ កាលពី​ខែ​ឧសភា សភា​វៀតណាម​បាន​កែប្រែ​ចំណុច​មួយ​ចំនួន​របស់​ច្បាប់ ដែល​អនុញ្ញាត​ឲ្យ​គេ​អាច​ទិញ ប្រើ​ថ្នាំគីមី ក្នុង​ស្រុក សម្រាប់​យក​ទៅ​ចាក់​សម្លាប់​អ្នកទោស។ ការកែប្រែ​ដែល​ជា​សញ្ញា​បើកផ្លូវ​ឲ្យ​មាន​ការប្រហារ​ជីវិត​អ្នកទោស​ជាថ្មី​នៅ​វៀតណាម។

ការវិលត្រលប់ មក​ចាប់ផ្តើម​ប្រហារ​ជីវិត​អ្នកទោស​ធ្វើ​ឲ្យ​វៀតណាម​ដើរថយ​ក្រោយ ក្នុង​បញ្ហា​គោរព​សិទ្ធិ​មនុស្ស។ នេះ​ជា​ការថ្លែង​របស់​អ្នកនាំពាក្យ​របស់​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ Cecile Pouilly។ អ្នកនាំពាក្យ​រូបនេះ​សំដែង​ការព្រួយ​បារម្ភ​ផងដែរ ពី​ជោគវាសនា​របស់​អ្នកទោស​១១៦​នាក់​ទៀត ​ដែល​នឹង​ត្រូវ​គេ​ប្រហារ​ជីវិត ក្នុង​ពេល​ឆាប់ៗ​ខាងមុខ បន្ទាប់ពី​ពួកគេ​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត និង​អស់មាន​ផ្លូវ​ប្តឹងផ្តល់​តទៅទៀត។

កាលពី​ខែ​ឧសភា​កន្លងទៅ ប្រធាន​ផ្នែកសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ លោកស្រី ណាវី ភីឡៃ​បាន​សរសេរ​លិខិត​មួយ​ទៅ​លោកនាយករដ្ឋមន្រ្តី​វៀតណាម ដើម្បី​ស្នើសុំ​ឲ្យ​លុបចោល​ទោសប្រហារ​ជីវិត​នៅវៀតណាម។ ប៉ុន្តែ រហូតមកដល់​ពេលនេះ អង្គការ​សហប្រជាជាតិ​​នៅ​មិន​ទាន់​បាន​ទទួល​លិខិត​ឆ្លើយតប​មកវិញ​នៅឡើយទេ។

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ