អានតួអត្ថបទ
វៀតណាម

តុលាការ​វៀតណាម​ដោះលែង​អ្នកប្រឆាំង​នឹង​រដ្ឋាភិបាល

ជារឿង​ដ៏កម្រ កាលពីថ្ងៃ​សុក្រ​ទី ១៦ សីហា ២០១៣ តុលាការ​វៀតណាម​បាន​សំរេច​ដោះលែង​និស្សិត​ស្រី​ម្នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចោទប្រកាន់​ថា បានធ្វើ​សកម្មភាព ​ឃោសនា​ប្រឆាំង​រដ្ឋាភិបាល។ ការសម្រេច​ចិត្ត​របស់​សាលា​ឧទ្ធរណ៍​វៀតណាម​បាន​ធ្វើ​ឲ្យ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​​មាន​ការភ្ញាក់ផ្អើល ប៉ុន្តែ អបអរ​ស្វាគម។

កញ្ញា​ង្វៀន ហ្វឿងវៀន
កញ្ញា​ង្វៀន ហ្វឿងវៀន DR
ផ្សាយពាណិជ្ជកម្ម

 

ង្វៀន ហ្វឿងវៀន និស្សិត​នៅសកលវិទ្យាល័យ​បច្ចេកវិទ្យា​កសិ​ចំណីអាហារ ត្រូវ​បាន​តុលាការ​ដំបូង​កាត់ទោស​ កាលពី​ខែ​ឧសភា ឲ្យ​ជាប់គុក ៦ឆ្នាំ ពីបទ​បាន​ចែកចាយ​ខិតបណ្ណ​ឃោសនា​ ​​សម្អុយ​ឈ្មោះ​រដ្ឋាភិបាល និង​បាន​ញុះញង់​ឲ្យ​គេ​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​របប​កុម្មុយនិស្ត។

ប៉ុន្តែ វា​គួរ​ឲ្យ​ភ្ញាក់ផ្អើល នៅ​សាលាឧទ្ធរណ៍កាលពីថ្ងៃ​សុក្រ រដ្ឋអាជ្ញា​មិន​បាន​តម្កល់​ការចោទ​ប្រកាន់ ហើយ​​នៅស្ងៀម​មិន​តវ៉ា​ឲ្យ​ដាក់​ទោស​អ្វីទាំងអស់។ នៅទីបំផុត តុលាការ​សម្រេច​ដោះលែង​និស្សិត ហ្វឿងវៀន ប៉ុន្តែ សម្រេច​ព្យួរទោស​។ តាម​មាត្រា​ទី ៨៨​នៃ​ច្បាប់​ព្រហ្មទណ្ឌ​វៀតណាម ការឃោសនា​ប្រឆាំង​របប​កុម្មុយនិស្ត​ត្រូវ​ចាត់ទុក​ជា​បទ​ឧក្រិដ្ឋ ហើយ​​អ្នកប្រព្រឹត្ត​ត្រូវ​ប្រឈម​នឹង​ទោស​ជាប់គុក ២០ឆ្នាំ។

បើតាម​សកម្មជន​ការពារ​សិទ្ធិមនុស្សដែល​បាន​ចូលរួម​ នៅក្នុង​សវនាការ ក្នុង​ខេត្តឡុងអាន ក្បែ​រ​ទីក្រុង​ហូជីមិញ កញ្ញា​ហ្វឿងវៀន​បាន​​បដិសេធ​មិន​ត្រូវការ​​ជំនួយ​ពី​មេធាវី ដោយ​នាង​ បានឡើងនិយាយ​​ការពារ​ខ្លួនដែល​ថា ការប្រឆាំង​នឹង​បក្ស​កុម្មុយនិស្ត​ មិន​មែន​មានន័យថា ប្រឆាំង​នឹង​ប្រទេសជាតិ និង​ប្រជាជន​វៀតណាមទេ។

ការសម្រេច​របស់​តុលាការ​ដោះលែង​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល គឺ​ជារឿង​កម្រ​នៅ​វៀតណាម ជាទី​ដែល​ការពិភាក្សា​ពី​រឿង​នយោបាយ​ត្រូវ​បាន​ហាមឃាត់។ ចាប់តាំង​ពី​ដើម​ឆ្នាំ ២០១៣​នេះ មាន​សកម្មជន​៤៦​នាក់ ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ​ពី​បទ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល។ រហូតមក រដ្ឋាភិបាល កម្រ​នឹង​ដោះលែង​សកម្មជន បើ​ទោះ​បី​ជា​ពួកគេ​បាន​ធ្វើ​ការប្តឹង​ផ្តល់​ទៅ សាលា​ឧទ្ធរណ៍ទៅហើយ​ក្តី។

យ៉ាងណាក៏ដោយ ការសម្រេចរបស់​តុលាការ​ កាលពីថ្ងៃ​សុក្រ បាន​ធ្វើ​ឲ្យ​សកម្មជន និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​ជាច្រើនអបអរ​ស្វាគម។ តាម​លោក​Phil Robertson រដ្ឋាភិបាល​វៀតណាម​បាន​លូកដៃ​ចូល​ក្នុង​សំណុំរឿងដែល​បាន​បង្ក​ឲ្យ​មានការមិនសប្បាយចិត្ត និង​​ការរិះគន់​ជា​ច្រើន នៅ​តាម​បណ្តាញ​សង្គម​ក្នុង​អ៊ីនធ័រណេត។ មួយវិញទៀត ការសម្រេច​ដោះលែង​និស្សិតស្រី​ង្វៀន ហ្វឿងវៀន​ អាច​ជា​ការ​ធ្វើ​សម្បទានរបស់​រដ្ឋាភិបាល​វៀតណាម ដែល​បាន​បន្ទន់​ជំហរ បន្ទាប់ពី​មាន​ការរិះគន់ខ្លាំងៗ​​របស់​អាមេរិក និង​សហភាពអឺរ៉ុប ទៅលើ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​វៀតណាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ