ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តចាប់អារម្មណ៍ទៅលើភូមិសាស្ត្រនយោបាយនៃអាស៊ីអាគ្នេយ៍តទៅទៀត ដោយសូមលើកឡើងអំពីរបបនយោបាយនៃប្រទេសសិង្ហបុរី។សិង្ហបុរី ជាប្រទេសមួយមហារុងរឿង រុងរឿងជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍ និងរុងរឿង ជាងបណ្តាប្រទេសបស្ចិមលោកខ្លះទៅទៀត។ យ៉ាងណាមិញ រដ្ឋដ៏តូចមួយនេះកាន់អំណាចផ្តាច់ការ តែជាអំណាចផ្តាច់ការមួយភ្លឺស្វាង ឲ្យតម្លៃទៅលើយុត្តិធម៌សង្គម សន្តិសុខ ភាពថ្លៃថ្នូរនិងសុភមង្គលរបស់ប្រជាពលរដ្ឋ។
នៅអាស៊ី សិង្ហបុរីជាប្រទេសគំរូមួយ គំរូនៃវឌ្ឍនភាពសេដ្ឋកិច្ច និងគំរូនៃសន្តិសុខ។ ក៏ប៉ុន្តែចំពោះបស្ចិមលោក រដ្ឋដ៏តូចមួយនេះកាន់អំណាចផ្តាច់ការ មិនគោរពសិទ្ធិមនុស្ស មានឈ្មោះជាលទ្ធិប្រជាធិបតេយ្យតែនៅលើក្រដាស។
តាមពិតទៅ តាំងពីឆ្នាំ១៩៦៥មក ឆ្នាំដែលសិង្ហបុរីផ្តាច់ខ្លួនចេញពីសហពន្ធន៍ម៉ាឡេស៊ី លទ្ធិប្រជាធិបតេយ្យនិងសេរីកម្មនយោបាយ មិនដែលជាអាទិភាពចម្បងរបស់រដ្ឋាភិបាល
ឡើយ។ សម្រាប់លី គាន់យូ(Lee Kuan Yew) ដែលជាបិតានៃវឌ្ឍនភាពសិង្ហបុរី និងជានាយករដ្ឋមន្ត្រីពីឆ្នាំ១៩៥៩ដល់ឆ្នាំ១៩៩១ អ្វីដែលសំខាន់ គឺការអភិវឌ្ឍន៍សេដ្ឋកិច្ច និង សណ្តាប់ធ្នាប់សាធារណៈ។ នៅក្នុងន័យនេះ លី គាន់យូបានបង្កើតនិងពង្រឹងម៉ាស៊ីនសន្តិសុខមួយ ដើម្បីកាត់បន្ថយទាល់តែអស់រលីង ឥទ្ធិពលនៃពួកប្រឆាំង និងដើម្បីធ្វើឲ្យគណបក្សរបស់លោក គឺបក្សសកម្មភាពប្រជាជន(People’s Action Party) មានអំណាចខ្លាំងផ្តាច់មុខតែឯង នៅលើឆាកនយោបាយនៃប្រទេស។
តាំងពីឆ្នាំ១៩៥៩មក បក្សសកម្មភាពប្រជាជនឈ្នះឆ្នោតរហូត ហើយថែមទាំងបានកាន់កាប់អាសនៈទាំងស្រុងនៅក្នុងសភាពីឆ្នាំ១៩៦៥ដល់ឆ្នាំ១៩៨១ទៀតផង។ ដើម្បីឈ្នះឆ្នោត និងដើម្បីក្តាប់អំណាចទាំងស្រុងបាន រដ្ឋាភិបាលរបស់លី គាន់យូ ប្រើយុទ្ធសាស្រ្តនយោបាយបីយ៉ាង។ ម្យ៉ាងគឺការពុះចែកមណ្ឌលបោះឆ្នោតឡើងវិញ ដើម្បីរំសាយដែនអំណាចរបស់បក្សប្រឆាំង។ ម្យ៉ាងទៀត គឺការប្រើប្រាស់ធនធាននិងស្ថាប័នរដ្ឋ សម្រាប់ប្រយោជន៍នៃគណបក្ស។ ម្យ៉ាងចុងក្រោយបង្អស់ គឺការប្តឹងផ្តល់ឡើងតុលាការ ប្រឆាំងនឹងពួកអ្នកជំទាស់ ក្នុងបទបង្ខូចកេរ្តិ៍ឈ្មោះ។
លើសពីនេះទៅទៀត រដ្ឋាភិបាលសិង្ហបុរី ក៏ប្រើច្បាប់ ដើម្បីបិទមាត់អ្នកជំទាស់ដែរ នោះគឺច្បាប់ស្តីពីសន្តិសុខផ្ទៃក្នុង។ ច្បាប់នេះអនុញ្ញាត ដោយមិនចាំបាច់កាត់ទោស ឱ្យឃុំខ្លួនជនណាក៏ដោយដែលជាប់សង្ស័យថាបង្កវិទ្ធង្សនា និងសកម្មភាពកុម្មុយនិស្ត។ ជាក់ស្តែង នៅមុនពេលបោះឆ្នោតឆ្នាំ១៩៦៨ លី គាន់យូបានប្រើច្បាប់សន្តិសុខផ្ទៃក្នុងនេះ ដើម្បីរុញច្រានអ្នកដឹកនាំបក្សប្រឆាំងពីរនាក់ចេញពីសង្វៀននយោបាយ។ មែនទែនទៅ ច្បាប់នេះ មិនមែនសំដៅ ទៅលើតែអ្នកនយោបាយប៉ុណ្ណោះទេ។ វាក៏ជាសម្ពាធមួយដ៏មានប្រសិទ្ធិភាព ដាក់ទៅលើអ្នកកាសែត អ្នកជំនួញ ឬជនណាក៏ដោយ ដែលហ៊ានរិះគន់ក្រុមគ្រួសាររបស់ លី គាន់យូ និងប្រព័ន្ធយោបាយជាសារវន្តរបស់ប្រទេស។
*
ទោះជាយ៉ាងណាក៏ដោយ មានគណបក្សនយោបាយប្រឆាំងជាច្រើន និងការបោះឆ្នោតជាបន្តបន្ទាប់ បួនឬប្រាំឆ្នាំម្តង នៅសិង្ហបុរី។ ក៏ប៉ុន្តែ តាំងពីឆ្នាំ១៩៦៥មក គ្មានបក្សណាមួយ អាចយកឈ្នះឬសង្ឃឹមយកឈ្នះបក្សសកម្មភាពប្រជាជនរបស់ លី គាន់យូបានឡើយ។ មូលហេតុ គឺមកពីរដ្ឋាភិបាលលី គាន់យូ ក្នុងអតីតកាល និងរដ្ឋាភិបាលនៃកូនប្រុសរបស់គាត់ គឺលី សៀនឡុង(Lee Hsien Long) ក្នុងបច្ចុប្បន្នកាល បំបិទមាត់គណបក្សប្រឆាំងនិងធ្វើទុក្ខបុកម្នេញបណ្តាមេគណបក្សប្រឆាំង។ មិនតែប៉ុណ្ណោះ រដ្ឋអំណាចក្តាប់សឹងទាំងស្រុង មធ្យោបាយឃោសនាមហាជន។ ទូរទស្សន៍ វិទ្យុ និងកាសែត សុទ្ធសឹងជាកម្មសិទ្ធិរបស់នាយករដ្ឋមន្រ្តី របស់រដ្ឋមន្រ្តី និងរបស់ញាតិមិត្តសន្តានរបស់អ្នកដឹកនាំប្រទេស។
ម៉្លោះហើយ ការនិយាយរិះគន់រដ្ឋាភិបាល អាចចេញមកពីសារពត៌មានបរទេសមួយគត់។ ដូចនេះ រដ្ឋាភិបាលសិង្ហបុរី ធ្វើទុក្ខបុកម្នេញសារពត៌មានបរទេសឡើយ។ រដ្ឋសិង្ហបុរីប្តឹងផ្តល់ឡើងតុលាការ ប្រឆាំងនឹងកាសែតឬទស្សនាវដ្តីបរទេសណាដែលហ៊ានរិះគន់ខ្លួន ហ៊ានរិះគន់ក្រុមគ្រួសាររបស់លី គាន់យូនិងប្រព័ន្ធយោបាយជាសារវន្តរបស់ប្រទេស។
ជាក់ស្តែង សារពត៌មាន Time, Asian Wall Street Journal, Asiaweek, ឬក៏ Far Eastern Economic Review សុទ្ធតែធ្លាប់បានប្រឈមមុខនឹងតុលាការសិង្ហបុរី។ មិនតែប៉ុណ្ណោះ ដើម្បីត្រួតពិនិត្យអត្ថបទនៃអ្នកកាសែតបរទេសទាំងនេះបាន និងដើម្បីស្រួលធ្វើការគាបសង្កត់ រដ្ឋាភិបាលសិង្ហបុរី ទាមទារឲ្យមធ្យោបាយឃោសនាមហាជនបរទេស ដាក់ប្រចាំនៅលើទឹកដីសិង្ហបុរី តំណាងឬអ្នកឆ្លើយឆ្លងពត៌មានម្នាក់យ៉ាងតិច និងដាក់លុយច្រើនម៉ឺនដុល្លារប្រចាំទុក នៅក្នុងធនាគារសិង្ហបុរី។ ធ្វើដូចនេះ រដ្ឋាភិបាលសិង្ហបុរីអាចដកហូតយកប្រាក់សងជម្ងឺចិត្តភ្លាមៗ នៅក្រោយការប្តឹងផ្តល់ឈ្នះសារពត៌មានបរទេសទាំងអស់នេះម្តងៗ។
ដោយឡែក ឱ្យតែដល់ពេលបោះឆ្នោតម្តងៗ រដ្ឋាភិបាលទិញសំឡេងឆ្នោតដោយប្រយោល បានន័យថា នៅមុនពេលបោះឆ្នោតម្តងៗ រដ្ឋាភិបាលដ៏ធូធារនៃប្រទេសអាស៊ីមួយនេះតែងតែចាត់វិធានការសេដ្ឋកិច្ចផ្សេងៗ ដើម្បីបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។ លើសពីនេះទៅទៀត គ្មានទេស្ថាប័នឯករាជ្យដើម្បីចាត់ចែងនិងត្រួតពិនិត្យមើលការបោះឆ្នោត។ គឺរដ្ឋាភិបាលជាអ្នកចាត់ចែងទាំងអស់។
*
នៅពីក្រោយរដ្ឋាភិបាលដែលប្រសូតចេញពីការបោះឆ្នោតម្តងៗ គឺក្រុមគ្រួសារលី គាន់យូតែម្តងដែលជាអ្នកក្តាប់អំណាច។ លី គាន់យូដែលជាផ្លូវការបានបោះបង់ចោលមុខតំណែងនាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៩១ និងដែលមានអាយុ៨៩ឆ្នាំទៅហើយនៅបន្តមានឥទ្ធិពលខ្លាំងក្លាទៅលើរដ្ឋាភិបាលតទៅទៀត ក្នុងឋានៈជាSenior Minister និងក្រោយមកទៀតជា Minister Mentor រហូតដល់ឆ្នាំ២០១១។ បានន័យថា យោបល់និងការណែនាំរបស់លី គាន់យូជាការមួយចាំបាច់ សម្រាប់រដ្ឋមន្ត្រីនីមួយៗ។ មិនតែប៉ុណ្ណោះ បណ្តាគណបក្សប្រឆាំងគោរពខ្លាំងណាស់ បិតានៃវឌ្ឍនភាពសិង្ហបុរីរូបនេះ។
រីឯ លី សៀនឡុង កូនប្រុសរបស់លី គាន់យូវិញ ជាបច្ចុប្បន្ននាយករដ្ឋមន្ត្រី។ ដូចគ្នាអ៊ីចឹងដែរ សមាជិកខ្លះនៃក្រុមគ្រួសាររបស់លី គាន់យូ ដឹកនាំក្រុមហ៊ុនរដ្ឋធំៗមួយចំនួន និងមានតួនាទីសំខាន់ៗនៅក្នុងសង្គមសិង្ហបុរី។
និយាយរួម នៅលើក្រដាស សិង្ហបុរីជាលទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដោយយកគំរូតាមលទ្ធិប្រជាធិបតេយ្យនៃប្រទេសអង់គ្លេស។ ក៏ប៉ុន្តែ ការពិតជាក់ស្តែង រដ្ឋអាស៊ីដ៏តូចមួយនេះ កាន់អំណាចផ្តាច់ការសោះ។ ប៉ុន្តែ រដ្ឋាភិបាលផ្តាច់ការសិង្ហបុរី នៅតែមានប្រជាប្រិយភាពខ្ពស់ ទោះជាបានក្តាប់អំណាចជាង៥០ប្លាយឆ្នាំកន្លងមកហើយក្តី។ នេះមិនមែនជាការមួយចៃដន្យឡើយ។ ប្រជាប្រិយភាពរបស់រដ្ឋអំណាចអាស៊ីដ៏មហារុងរឿងមួយនេះ មានមូលដ្ឋាននៅលើកត្តាពីរសំខាន់ៗ។
ទីមួយ គឺភាពទៀងត្រង់ បានន័យថា រដ្ឋាភិបាលសិង្ហបុរីជាប្រទេសស្អាតស្អំគ្មានអំពើពុករលួយ និងផ្តល់តម្លៃខ្ពស់ទៅលើយុត្តិធម៌សង្គម។ រីឯកត្តាទីពីរវិញ គឺប្រសិទ្ធភាពសេដ្ឋកិច្ច។
ដោយសារតែចក្ខុនិមិត្តនិងសកម្មភាពនយោបាយរបស់ លី គាន់យូ ក្នុងរយៈពេលជាង៥០ឆ្នាំកន្លងទៅនេះ សិង្ហបុរីបានក្លាយទៅជានាគសេដ្ឋកិច្ចមួយដែលពិភពលោកច្រណែនឬកោតសរសើរ។ ជ័យជំនះដ៏ធំធេងនេះ ដែលបានមកពីអ្វីដែលគេហៅថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចបែបផ្តាច់ការ គឺជាលទ្ធផលនៃការបណ្តុះបណ្តាលធនធានមនុស្ស អស់រយៈពេលជាច្រើនទសវត្សរ៍ ក្នុងគោលដៅស្រូបយកចំណេះដឹងនិងចំណេះធ្វើពីបស្ចិមលោក។ សព្វថ្ងៃនេះ សេដ្ឋកិច្ចរបស់សិង្ហបុរីមានមូលដ្ឋាននៅលើឧស្សាហកម្មបច្ចេកវិជ្ជាឈានមុខ ដែលត្រូវបានសាងសង់ឡើង ដោយសារមូលធននិងបទពិសោធន៍របស់ក្រុមហ៊ុនបរទេស អ៊ឺរ៉ុប អាមេរិក ឬជប៉ុន។
ម្ល៉ោះហើយ សួរថា ទោះជាគ្មានសេរីភាពនយោបាយ និងគ្មានសិទ្ធិបុគ្គលទូលំទូលាយ តើប្រជាជនសិង្ហបុរី មានសុភមង្គលដែរឬទេ? គេត្រូវដឹងថា ប្រជាពលរដ្ឋសិង្ហបុរីមានកំរិតជីវភាពខ្ពស់សឹងគ្រាន់បើជាងប្រជាជនបស្ចិមលោកទៅទៀត។ សិង្ហបុរីឲ្យតម្លៃទៅលើយុត្តិធម៌សង្គម ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសស្អាតស្អំ គ្មានអំពើពុករលួយ ជាប្រទេសប្រកបដោយសន្តិសុខខ្ពស់។ ម៉្លោះហើយ កម្រមានណាស់អ្នកដែលចង់ចាកចេញពីសិង្ហបុរី ដើម្បីទៅរស់នៅប្រទេសផ្សេង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ