ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT

អាមេរិក និង​ចិន​ប្រជែង​គ្នា​បង្កើត​តំបន់​ដោះដូរ​ពាណិជ្ជកម្ម​សេរី

អាមេរិក និង​ចិន​ប្រជែង​គ្នា​បង្កើត​តំបន់​ដោះដូរ​ពាណិជ្ជកម្ម​សេរី
 
មេដឹកនាំ​ប្រទេស​ចូល​រួម​​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​​សេដ្ឋកិច្ច នៅ​បាលី ប្រទេស​ឥណ្ឌូណេស៊ី​ REUTERS/Dita Alangkara/Pool

ជំនួប​កំពូល​នៃ​សហប្រតិបត្តិការ​​សេដ្ឋកិច្ច​APEC ត្រូវ​បិទ​ទ្វារ​នៅ​ថ្ងៃអង្គារ​ទី ៨ តុលា នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ ឆ្លៀត​មុន​ពេល​បិទ​កិច្ចប្រជុំ អាមេរិក និង​ប្រមុខ​ដឹកនាំ​ក្រុម​ប្រទេស​១១ ផ្សេងទៀត​កំពុង​សម្រុក​ជួប​ប្រជុំ​គ្នា​ដែរ នៅ​ល្ងាច​ថ្ងៃនេះ ដើម្បី​ពិភាក្សា​ពី​គម្រោង​ដោះដូរ​ពាណិជ្ជកម្ម​សេរី ឬ ដៃគូ​អន្តរ-ប៉ាស៊ីហ្វិក Partenariat Trans-Pacifique (TPP)។

នៅ​រាល់​កិច្ចប្រជុំ​ កំពូល​APEC អាមេរិក និង​ប្រទេស​១១​ផ្សេងទៀត តែងតែ​ឆ្លៀត ជួបប្រជុំ​គ្នា ដើម្បី​និយាយ​ពី​គម្រោង​ដោះដូរ​ពាណិជ្ជកម្ម​សេរី ដែល​ជា​គំនិតផ្តួចផ្តើម​របស់​អាមេរិក។ លើកនេះ អាមេរិក​ដែល​តំណាង​ដោយ​លោកប្រមុខ​ការបរទេស​John Kerry ចង់​ជំរុញ​ឲ្យ​ប្រទេស​សមាជិក​បង្កើន​ការចរចា និង​ប្រជុំ​ឲ្យ​បានច្រើន គឺ​ធ្វើ​យ៉ាងម៉េច​ឲ្យ​គេ​អាច​ចុះ​ហត្ថលេខា​លើ​គម្រោង​ដៃគូ​អន្តរ ប៉ាស៊ីហ្វិក​ឲ្យ​បាន​មុន​ដាច់​ឆ្នាំ ២០១៣។

 
ប៉ុន្តែ តាម​លោកនាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី ដែល​ជា​សមាជិក​គម្រោងដោះដូរ​ពាណិជ្ជកម្ម​សេរី អន្តរប៉ាស៊ីហ្វិក គេ​មិនអាច​សម្រេច​ធ្វើ​កិច្ចព្រមព្រៀង​បាន​ឆាប់ៗ គឺ​ឲ្យបាន​មុនដាច់​ឆ្នាំ​២០១៣នេះ ទៅ​តាម​ការប៉ងចង់​បាន​របស់​អាមេរិកទេ។ គម្រោង​ដៃគូ អន្តរ ប៉ាស៊ីហ្វិក គឺ​ការបង្កើត​តំបន់​ដោះដូរ​ពាណិជ្ជកម្ម​សេរី ត្រូវ​បាន​លោកអូបាម៉ា​ផ្តួចផ្តើម​គំនិត​អស់​បីឆ្នាំមក​ហើយ ប៉ុន្តែ នៅមិនទាន់​ចេញ​រូបរាង​នៅឡើយទេ។

ជាផ្លូវការ លោក​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​បាន​លើកឡើង​ពីហេតុផល ពេលវេលា​ខ្លី។ ប៉ុន្តែ គឺ​អវត្តមាន​របស់​លោកប្រធានាធិបតី​អាមេរិក​ទេ ដែល​ធ្វើ​ឲ្យ​លោកនាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​ខកចិត្ត និង​និយាយ​ដូច្នេះ។ គឺ​អវត្តមាន​របស់​លោកអូបាម៉ា នៅ​APEC ដែល​ចងជើង​ដោយ​វិបត្តិ​ក្នុងស្រុក ដែល​ធ្វើឲ្យ​ការពិភាក្សា​លើ​គម្រោង​ដៃគូ អន្តរប៉ាស៊ីហ្វិក មិន​បោះជំហាន​ទៅមុខ។

លោក​ប្រធានាធិបតី​អាមេរិក ជា​អ្នកផ្តួចផ្តើម គំនិត​ឲ្យ​បង្កើត​តំបន់ដោះដូរ​សេរី ជាមួយ​ប្រទេស នៅ​អាស៊ី​ប៉ាស៊ីហ្វិក។ បណ្តា​ប្រមុខ​រដ្ឋ​ផ្សេងទៀត ដែល​ចូលរួម​ជាមួយ​អាមេរិក​ដើម្បី បង្កើត​តំបន់​ដោះដូរ​ពាណិជ្ជកម្ម​សេរី សង្ឃឹមថា នឹង​អាច​ជជែក​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក ដែល​ជា​មេគំនិត នៅក្នុង​ក្រៅ​កិច្ចប្រជុំ​APEC នៅ​ឥណ្ឌូណេស៊ី។

ដៃគូ អន្តរ ប៉ាស៊ីហ្វិក​មាន​ទិសដៅ បង្កើត​ការដោះដូ ពាណិជ្ជកម្ម​សេរី រវាង​ប្រទេស​សមាជិក ដែល​តំណាង​ឲ្យ​មួយភាគបី នៃ​ការដោះដូ​ពាណិជ្ជកម្ម​សរុប​ក្នុង​ពិភពលោក។ ការដោះដូរ​ពាណិជ្ជកម្ម​ដែល​នឹង​តំណាង​ឲ្យ​៤០​ភាគរយ​នៃ​សេដ្ឋកិច្ច​ពិភពលោក។ ក្នុង​គំនិត​របស់​លោកអូបាម៉ា ការដោះដូរ​ពាណិជ្ជកម្ម​ដោយ​សេរី នឹង​លុប​បំបាត់​ចោល​រនាំង ដែល​រាំងស្ទះ កំណើន​សេដ្ឋកិច្ច និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​អាមេរិក និង​ប្រទេស​អាស៊ី ដែល​មាន​ដូចជា ការដាក់ដេញ​ថ្លៃ​របស់​រដ្ឋាភិបាល​នីមួយៗ ដែល​កន្លងមក ត្រូវ​បាន​ផ្តល់​អត្ថិភាព​ជាមុន ដល់​ក្រុមហ៊ុន​រដ្ឋ និង​ក្រុមហ៊ុន​ក្នុង​ស្រុក។

គម្រោង​ដោះដូរ​ពាណិជ្ជកម្ម​មាន​ទិសដៅ​ផងដែរ កែលម្អ បទដ្ឋាន​ការងារ​របស់​បុគ្គលិក ការការពារ​បរិស្ថាន និង​ការគោរព​កម្មសិទ្ធិ​បញ្ញា។ តាម​មន្រ្តី ជំនាញ​កាណាដា ដៃគូ អន្តរ ប៉ាស៊ីហ្វិក​មិន​ត្រឹម​តែ​ដោះស្រាយ​បញ្ហា​កម្មសិទ្ធិ​បញ្ញា​ប៉ុណ្ណោះទេ ប៉ុន្តែ វា​ជំរុញ​ការវិនិយោគ​ឲ្យ​ប្រសើរ​ឡើង នៅក្នុង​ប្រទេសដែល​ជា​សមាជិក។ ពោល គឺ​ក្រុមហ៊ុន​វិនិយោគ​បរទេស នឹង​ទទួល​បាន​ប្រយោជន៍ និង​លើកទឹកចិត្ត ដូច​ក្រុមហ៊ុន​វិនិយោគ​ក្នុង​ស្រុកដែរ។​

គឺ​ចំណុចនេះ​ដែល​កំពុង​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន ដូចជា​ម៉ាឡេស៊ី និង​វៀតណាម ដែល​ជា​សមាជិក នៅ​មាន​ការរារែក និង​បណ្តាល​ឲ្យ​មាន​ការពិភាក្សា ចរចា​យូរ​រហូត​មក។ នៅក្នុង​ប្រទេស​ទាំងពីរ​ខាងលើ  រដ្ឋ​មាន​វត្តមាន និង​គ្រប់គ្រង​ដោយ​ផ្ទាល់​លើ​ក្រុមហ៊ុន​វិនិយោគ​ក្នុង​ស្រុក។ ដូច្នេះ ការបើកដៃ​ឲ្យ​ក្រុមហ៊ុន​ឯកជន​បរទេស នឹង​អាច​គំរាម​កំហែង​ផលប្រយោជន៍ របស់​រដ្ឋ។ ប៉ុន្តែ យ៉ាងណា​ក៏ដោយ ប្រទេស​សមាជិក​នៃ​ដៃគូ អន្តរប៉ាស៊ីហ្វិក​នៅ​តែ​មើល​ឃើញ​ប្រយោជន៍​ច្រើន ដែល​បាន​មក​ពីការដោះដូរ​ពាណិជ្ជកម្ម​សេរី។ ពោល គឺ​គេ​​ចង់​ឆ្លៀត​យក​គម្រោង​ដោះដូរ​ពាណិជ្ជកម្ម​ទៅធ្វើ​សេរីកម្ម និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ហេដ្ឋារចនាសម្ព័ន្ធ និង​ពង្រឹង​វិស័យ កសិកម្ម ឬ​ឧស្សាហកម្ម​ដែល​មិន​សូវ​រឹងមាំ​នៅក្នុង​ស្រុក​របស់​ពួកគេ។

ចិន​នឹង​បង្កើត​តំបន់​ដោះដូរ​សេរីជាមួយ​អាស៊ាន
កាលពី​ថ្ងៃ​ចន្ទ ទី ៧ តុលា លោក​ប្រធានាធិបតី​ចិន​បាន​រិះគន់​គម្រោង​ដោះដូរ​ពាណិជ្ជកម្ម​សេរី ឬ​ដៃគូ​អន្តរ ប៉ាស៊ីហ្វិក។ ចិន​មិន​ដែល​ពេញចិត្ត នឹង​គម្រោង​បង្កើត​តំបន់​ដោះដូរ​ពាណិជ្ជកម្ម​សេរី​ដែល​បង្កើត​ឡើង​ដោយអាមេរិក។ ទីមួយ ចិន​មើលឃើញ​ថា អាមេរិក​នេះ​កំពុង​ចង់​បោះ​យុថ្កា ទាំង​យោធា និង​ពង្រីក​ជំនួញ​នៅ អាស៊ីប៉ាស៊ីហ្វិក ដែល​ជាដែន​អំណាច​របស់ខ្លួន។ មួយវិញទៀត ប្រទេស​ចិន​ខ្លួនឯង ​ត្រូវ​គេ​ផាត់​ចោល នៅ​ក្រៅបញ្ជី។ គឺ​មាន​តែ​ប្រទេស​១២​ប៉ុណ្ណោះ ដែល​ចូលរួម ក្នុង​គម្រោង​ដៃគូ​អន្តរ ប៉ាស៊ីហ្វិក ដែល​មាន​ដូចជា ជប៉ុន អូស្តា្រលី ព្រុយណេ សិង្ហបុរី ពេរ៉ូ ឈីលី ម៉ិកស៊ិក នូវែលហ្សេឡង់ អាមេរិក ម៉ាឡេស៊ី និង​វៀតណាម កាណាដា។ ចិន​បារម្ភ​ថា សេដ្ឋកិច្ច​របស់ខ្លួន នឹង​រងគ្រោះ ដោយសារ​តំបន់​ដោះដូរ​ពាណិជ្ជកម្ម​សេរី ដែល​នឹង​ផ្តល់​ប្រយោជន៍​ទៅដល់​មហាសេដ្ឋកិច្ច ពិភពលោក​ទីមួយ អាមេរិក និង​ជប៉ុន ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​លេខបី។

ដំបូងឡើយ ប្រទេស​ចិន​ធ្លាប់​មាន​អរិភាព​នឹង​គម្រោង​ដៃគូ​អន្តរប៉ាស៊ីហ្វិក ប៉ុន្តែ ក្រោយ​មក​ក៏​បន្ទន់​ជំហរ​វិញ ដោយ​បង្ហាញ​ចេតនា​ចង់​សហការ​ជាមួយ​ដៃគូ​អន្តរ ប៉ាស៊ីហ្វិកវិញ។ លក្ខខណ្ឌ​តឹងរ៉ឹង​បាន​ធ្វើ​ឲ្យ​ចិន​រារែក។ ពោល​គឺ​ដើម្បី​អាច​ចូល​ជា​សមាជិក​បាន ប្រទេស​នីមួយៗ ត្រូវ​បំពេញ​ឲ្យ​បាន​លក្ខខណ្ឌ​សមស្រប​ខាងផ្នែក​សង្គម និង​បរិស្ថាន។

ដូច្នេះ ដើម្បី​ផ្គើន បញ្ឈឺចិត្ត​អាមេរិក ចិន​បាន​ងាក​ទៅ​ចូល​រួម​បង្កើត​ជាមួយ ប្រទេស​អាស៊ី​១៥​ទៀត គឺ​ក្នុង​គម្រោង​ស្រដៀង​គ្នានឹងគម្រោងដៃគូ អន្តរ ប៉ាស៊ីហ្វិក​របស់​អាមេរិក​ដែរ។ ប៉ុន្តែ លើកនេះ គឺ​ចិន​នឹង​ចូល​រួម​ជាមួយ​ប្រទេស​អាស៊ាន ទាំង​១០ និង​ប្រទេសផ្សេងទៀត ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​តំបន់​ដោះដូរពាណិជ្ជកម្ម​សេរី​អន្តរ ប៉ាស៊ីហ្វិក​របស់​អាមេរិក។ កិច្ចប្រជុំ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ចិន​គ្រោង​ធ្វើ​ជាមួយ​អាស៊ាន នឹង​ត្រូវ​បើក​ធ្វើ នៅ​ប្រទេស​ព្រុយណេ នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ ដែរ គឺ​នៅក្រៅ​ក្របខ័ណ្ឌ​កិច្ចប្រជុំ​អាស៊ាន៕

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    អវត្តមាន​របស់​លោក​អូបាម៉ា​នៅ​អាស៊ី​បានជា​ប្រយោជន៍​ទៅដល់​ចិន

    ស្វែងយល់បន្ថែម

  • ជំនួបកំពូលApec

    ជប៉ុន​គាំទ្រ​គម្រោង​ដោះដូរ​ពាណិជ្ជកម្ម​សេរី​នៃដៃគូ​អន្តរ-ប៉ាស៊ីហ្វិក​ដោយទុក​ប្រទេសចិន​ឲ្យនៅឯកា​

    ស្វែងយល់បន្ថែម

  • APEC

    ចិន​និង​អាមេរិក​ប្រជែង​គ្នា​​​ក្នុង​វេទិកា​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    ចិន និង អាមេរិក សម្លឹង​មើល​គ្នា​យ៉ាង​ប្រុង​ប្រយ័ត្ន​នៅ​អាស៊ី​ប៉ាស៊ីហ្វិក

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    តំបន់អាស៊ី-ប៉ាស៊ីហ្វិក​ត្រូវជួយ​សង្គ្រោះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​

    ស្វែងយល់បន្ថែម

  • ជប៉ុន

    ជប៉ុន​ចង់​ចូលរួម​នៅក្នុង​កិច្ចចរចា​ពាណិជ្ជកម្ម​ជាមួយ​ក្រុមប្រទេស​មហាសមុទ្រ​ប៉ាស៊ីហ្វិក

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ