អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ដល់​វេន​អាស៊ី​ដែល​ក្តៅ​ក្រហាយ​ដោយសារ​ការ​លួច​ស៊ើបការណ៍ របស់​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

រឿង​លួច​ស្តាប់​យកការណ៍​ដ៏​ចម្រូងចម្រាស​របស់​អាមេរិក​បាន​លាតសន្ធឹង​មក​ដល់​អាស៊ី។ នៅព្រឹក​ថ្ងៃ​សុក្រនេះ រដ្ឋមន្រ្តីការបរទេស​ឥណ្ឌូណេស៊ី​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ទីក្រុង​ហ្សាការតា​ឲ្យ​ចូលជួប បន្ទាប់ពី​មាន​សារព័ត៌មាន​អូស្ត្រាលី​ចុះផ្សាយថា ស្ថានទូត​អូស្ត្រាលី​នៅអាស៊ី​ត្រូវ​បាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ប្រើប្រាស់ ដើម្បី​លួចយក​ព័ត៌មាន និង​ទិន្នន័យ​ដែល​ធ្វើឡើង​តាម​អ៊ីនធ័រណេត។

ភ្នាក់ងារ​សន្តិសុខ​ស្ថានទូត​អូស្ត្រាលី​នៅ​ហ្សាការតា​ហាមមិន​ឲ្យ​អ្នកថតរូប​ចូល​ទៅ​ជិត​ស្ថានទូត
ភ្នាក់ងារ​សន្តិសុខ​ស្ថានទូត​អូស្ត្រាលី​នៅ​ហ្សាការតា​ហាមមិន​ឲ្យ​អ្នកថតរូប​ចូល​ទៅ​ជិត​ស្ថានទូត ©REUTERS/Beawiharta
ផ្សាយពាណិជ្ជកម្ម

តាម​កាសែត​អូស្ត្រាលី និង​អាល្លឺម៉ង់​ដែល​បាន​ដកស្រង់​ព័ត៌មាន​ពី​ឯកសារ​សម្ងាត់​ដែល​យុវជន​Snowden លួចយក​បាន​ពី​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក ស្ថានទូត និង​កុងស៊ុល ​នៅ​ក្នុង​ប្រទេស​ប្រមាណ​៨០​ត្រូវ​បាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​បំពាក់​ឧបករណ៍​ដើម្បី​លួចយក​ព័ត៌មាន​ពី​អ្នក​ដែល​បាន​ចូល​ទៅប្រើ​អ៊ីនធ័រណេត និង​និយាយ​ទូរស័ព្ទ នៅក្នុង​ស្ថានទូត។

 
នៅ​អាស៊ី ប្រទេស​ដែល​ជាប់ពាក់ព័ន្ធ រងគ្រោះ​ដោយសារ​ការលួច​យកការណ៍​សម្ងាត់​របស់​អាមេរិក​មាន​ដូចជា​ឥណ្ឌូណេស៊ី ចិន ថៃ វៀតណាម ម៉ាឡេស៊ី ជាដើម។ ឥណ្ឌូណេស៊ី​តាមរយៈ​រដ្ឋមន្រ្តី​ការបរទេស បាន​ជំទាស់​នឹង​សកម្មភាព​លួចយកការណ៍​របស់​អាមេរិក និង​ទាមទារ​ឲ្យ​មាន​ការឆ្លើយ​បំភ្លឺ​ពី​អាមេរិក។ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន​ក៏​ទាមទារ​ដូចគ្នាដែរ។ លើសពីនោះ ទីក្រុង​ប៉េកាំង​បាន​អំពាវនាវ​ដល់​មន្រ្តីទូត​បរទេស​នៅ​ប៉េកាំង​គោរព​អនុសញ្ញា​អន្តរជាតិ និង​ឈប់​ធ្វើ​សកម្មភាព​ដែល​គំរាមកំហែង​ដល់​សន្តិសុខ និង​ប្រយោជន៍​របស់​ចិន។

ប្រតិបត្តិការ​លួច​យកព័ត៌មាន និង​ទិន្នន័យ នៅ​តាម​ស្ថានទូត អូស្រ្តាលី នៅ​អាស៊ី ធ្វើឡើង នៅក្នុង​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​រវាង​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ប្រាំប្រទេស ដែល​មាន​អាមេរិក កាណាដា អូស្ត្រាលី នូវែលហ្សេឡង់ និង​អង់គ្លេស។ ដូច្នេះ មិនមែន​មានន័យថា អូស្ត្រាលី​លួច​យកការណ៍​សម្ងាត់ ទៅ​ផ្តល់​ឲ្យ​តែ​អាមេរិក​ប៉ុណ្ណោះទេ។ ព័ត៌មាន​ដែល​លួចយក​បាន ពី​ស្ថានទូត ត្រូវ​បាន​ប្រទេស​ទាំងប្រាំ​យកទៅចែក ប្រើប្រាស់​ដើម្បី​ប្រយោជន៍​រៀងៗខ្លួន។ សម្រាប់​អាមេរិក ចារកិច្ច​នៅ​ឥណ្ឌូណេស៊ី​សំខាន់ ព្រោះ​អាមេរិក​ចង់​តាមដាន​សកម្មភាព​របស់​ក្រុមជន​អ៊ីស្លាមជ្រុលនិយម នៅ​ឥណ្ឌូណេស៊ី ដែល​មាន​ទំនាក់ទំនង​ជាមួយ​បណ្តាញ​អាល់កៃដា ដែល​ជា​សត្រូវ​របស់​អាមេរិក។​

កាលពី​សប្តាហ៍មុន ការលួចស្តាប់ យកការណ៍​សម្ងាត់​បាន​បង្ក​ឲ្យ​មាន​ការមិនសប្បាយ​ចិត្ត​របស់​មេដឹកនាំ​នៅអឺរ៉ុប ជាពិសេស​លោកស្រី អង់ហ្គែឡា ម៉ែរគែល​ដែល​ទូរស័ព្ទ​របស់លោកស្រី​ត្រូវ​បាន​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​លួចស្តាប់។

ប្រទេស​នៅ​អឺរ៉ុប ដឹង​ពី​សកម្មភាព​លួចយកការណ៍​សម្ងាត់​កន្លងមក​​របស់​អាមេរិទេ។ អឺរ៉ុប និង​អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា នៅក្នុង​អង្គការ​អូតង់​តែងតែ​ផ្លាស់ប្តូរ​ព័ត៌មាន​គ្នា ទៅវិញ ទៅមក ក្នុង​វិស័យ​ប្រយុទ្ធប្រឆាំង​អំពើភេរវកម្ម និង​យុទ្ធសាស្រ្ត​យោធា​អន្តរជាតិ។ ប៉ុន្តែ រឿងចូល​លួចស្តាប់ និង​មើល​ទិន្នន័យ​របស់​មេដឹកនាំ​គឺ​ជារឿង​មួយ​ដែល​មិន​អាច​ទទួល​យកបាន។ នេះ​បើតាម​ភាគី​រងគ្រោះ​ដូចជា នាយក​រដ្ឋមន្រ្តី​អាល្លឺម៉ង់ និង​ប្រេស៊ីល។

កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ លោក James Clapper នាយក​ផ្នែក​ចារកិច្ច​ (Director of National Intelligence) ដែល​គ្រប់គ្រង​ទីភ្នាក់ងារ​ចារកិច្ច​ទាំង១៦​របស់​អាមេរិក ក្នុងនោះ​CIA និង NSA ផង បាន​ថ្លែងថា តាំងពី​យូរមកហើយ ដែល​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក​លួចស្តាប់​មេដឹកនាំ​បរទេស គឺ​ដើម្បី​ស្វែងយល់​អំពី​ចេតនា និង​នយោបាយ​របស់​មេដឹកនាំ​ទាំងនោះ។ វាជារឿង​ធម្មតា ដែល​ប្រទេស​នីមួយៗ​តែងតែ​លួច​យកការណ៍​សម្ងាត់​ពីគ្នា​ទៅវិញ ទៅមក។ ស្ថាប័ន​រដ្ឋ និង​ក្រុមហ៊ុន​ជំនួញ​របស់​អាមេរិក​ផ្ទាល់​ក៏ធ្លាប់​រងគ្រោះ​ដោយសារ​ចោរលួច​ព័ត៌មានវិទ្យា​ពី​ប្រទេស​ចិន។

កាលពីថ្ងៃ​ម្សិលមិញ លោកប្រមុខ​ការបរទេស​អាមេរិក John Kerry ក៏​បាន​ចេញមុខ​ការពារ​ជាថ្មី សារប្រយោជន៍​នៃ​ប្រតិបត្តិការ​លួចស្តាប់ របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក។ សកម្មភាព​លួចស្តាប់ និង​ចូល​មើល​តាម​អ៊ីនធ័រណេត​របស់​ប្រជាជន​នៅ​បរទេស បាន​ជួយ​ធ្វើ​ឲ្យ​អាមេរិក​អាច​ដឹង​មុន និង​បំផ្លាញ​ចោល​គម្រោង​ធ្វើ​ភេរវកម្ម​កន្លងមក ដែល​ប្រជាជន​អាមេរិក និង​ប្រទេស​ផ្សេងទៀត​ត្រូវរងគ្រោះ។

ប៉ុន្តែ យ៉ាងណា​ក៏ដោយ ចាប់តាំង​ពីមាន​សង្រ្គាម​ប៉ាកា និងបែករឿងអាស្រូវ​ទាក់ទង​នឹង​ការលួចស្តាប់​យកការណ៍​របស់​អាមេរិក នៅអឺរ៉ុប នេះ​ជា​លើកទីមួយ ដែល​ប្រមុខ​ការបរទេស​អាមេរិក​ទទួល​ស្គាល់​ថា សកម្មភាព​លួចយកការណ៍​របស់​អាមេរិក នៅពេលខ្លះ ត្រូវ​បាន​ធ្វើ​ជ្រុល​ហួសដែន​កំណត់ និង​មិន​សមរម្យ។ រដ្ឋមន្រ្តីការបរទេស​ដែល​ទំនង​ចង់​បញ្ចុះបញ្ចូល និងបន្ទន់ចិត្ត​របស់​អឺរ៉ុប​ជា​ដៃគូ បាន​អះអាង​ថា រដ្ឋាភិបាល​របស់​លោកអូបាម៉ា​នឹង​ពិនិត្យ​មើល​ឡើងវិញ នយោបាយ​យកការណ៍​សម្ងាត់ ដើម្បី​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​អ្នកណាម្នាក់​មាន​អារម្មណ៍​ថា ខ្លួន​ត្រូវ​អាមេរិក​​បោកប្រាស់។

នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោកប្រធានាធិបតី​អាមេរិក​ផ្ទាល់​ទើបតែបញ្ជា​ឲ្យ​គេ​ឈប់​លួចស្តាប់ យកការណ៍​សម្ងាត់​ពី​ស្ថាប័ន​ពីរ គឺ​មូលនិធិរូបិយវត្ថុ និង​ធនាគារ​ពិភពលោក ដែល​កន្លងមក​ស្ថិតនៅក្រោមការតាមដាន​របស់ទីភ្នាក់ងារ​NSA។
អាមេរិកខូចមុខមាត់ ដោយសារ​ឯកសារ​សម្ងាត់​ដែល​Snowden ទម្លាយ​ប្រាប់អ្នកកាសែត

តាមផ្លូវច្បាប់ អាមេរិក​នៅមិនទាន់​បាន​ទទួល​ការដាក់ពិន័យ ដោយសារ​តែ គ្មាន​ប្រទេស​ណាមួយ​បាន​ប្តឹង​អាមេរិក​ឲ្យ​ចំៗ​ពីរឿង​ស៊ើបការណ៍​សម្ងាត់ លើ​ជីវិត​ឯកជន។ គ្មានអ្នកប្តឹង ព្រោះ​អ្នកដែល​រងគ្រោះ និង​ត្រូវ​ប្តឹង​នោះ តាមពិត​ក៏​ធ្វើរឿង​ស្រដៀង​នឹង​អាមេរិក​ដែរ គឺ​លួចយកការណ៍​ពី​អ្នកដទៃដែរ។ ប៉ុន្តែ បើទោះបី​ជា​គ្មាន​អ្នកប្តឹង អាមេរិក​ក៏អាច​រងគ្រោះ​ក្នុង​នយោបាយ​ការទូត គឺ​អាមេរិក​អាច​នឹង​ត្រូវ​បាត់បង់​ការជឿរទុកចិត្ត​ពីប្រទេស​​ដៃគូ។ ជាក់ស្តែង ទំនាក់ទំនង​មិនសូវ​ល្អូកល្អើន​របស់​អាល្លឺម៉ង់ និង​ប្រេស៊ីល ជាមួយ​អាមេរិក​កន្លងមក នឹង​រឹតតែ​តឹង ឬ​អាច​ប្រែក្លាយ​ទៅ​ជាល្អក់កករ បន្ទាប់ពី​ប្រទេស​ទាំងពីរ​បាន​ដឹង​ដោយសារ​ប្រព័ន្ធផ្សព្វផ្សាយ ថា មេដឹកនាំ​របស់ពួកគេ​ត្រូវ​អាមេរិក​លួច​ស្តាប់យកការណ៍​សម្ងាត់។

មាន​ផលប៉ះពាល់​មួយទៀត​ទៅលើ​ផ្នែកសេដ្ឋកិច្ច។ ដោយសារ​បែកធ្លាយ​ថា ភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក​លួច​ចូល​យក​ទិន្នន័យ​ពីក្រុមហ៊ុន​អាមេរិក ដូចជា​Yahoo Google ឬ​Facebook ជាដើម ក្រុមហ៊ុន​អឺរ៉ុប និង​ប្រេស៊ីល​កាន់តែច្រើន​លែង​ចង់​ផ្តល់​ទិន្នន័យ ឲ្យ​ក្រុមហ៊ុន​អាមេរិក​គ្រប់គ្រង។

ការបកអាក្រាត​ជាខ្សែ នៅតាម​បណ្តាញ​ព័ត៌មាន​នៅលើ​ពិភពលោក មួយរយៈ​ចុងក្រោយ​នេះ បាន​ធ្វើ​ឲ្យ​គេ​ឃើញ​មុខមាត់​ពិត​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក។ ជាមួយ​គ្នានោះ វា​ក៏​បានជំរុញ​ឲ្យ​មាន​ការពិភាក្សា និង​ការគិតគូរ​ឡើងវិញ ពី​សកម្មភាព​លួចស្តាប់​យកការណ៍​របស់​ប្រទេស​មហាអំណាច។ នៅអាមេរិក សភា​ទាំងពីរ​ទទួលស្គាល់​សកម្មភាព ​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក ប៉ុន្តែ រឿងអាស្រូវ និង​ការបរិហារ​ផ្ទួនៗ បាន​ជំរុញ​ឲ្យ​អ្នកធ្វើ​ច្បាប់អាមេរិក​បន្ទន់​ឥរិយាបថ​ជាងមុន។

កាលពី​ថ្ងៃ​ម្សិលមិញ គណៈកម្មការ​ទទួល​បន្ទុក​ផ្នែកស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា បាន​សុខចិត្ត​ធ្វើ​កំណែទម្រង់​លើ​ច្បាប់​ដែល​គ្របដណ្តប់​លើ​សកម្មភាព​យកការណ៍​របស់​ទីភ្នាក់ងារសម្ងាត់​អាមេរិក។ ក្នុង​កំណែទម្រង់ថ្មី គេ​មិន​បាន​ចែង​ពី​ការហាម​មិន​គេ​ឲ្យ​សកម្មភាព​លួចស្តាប់​ខ្សែទូរស័ព្ទ ឬ​លួចចាប់​យក​ព័ត៌មាន​តាមអ៊ីនធ័រណេត ទេ។ ពោលគឺ មន្រ្តី​ស៊ើបការណ៍​សម្ងាត់​នៅ​តែ​បន្ត​ប្រមូល​ព័ត៌មាន ប៉ុន្តែ គ្រាន់តែ​គេ​ជ្រើសរើស​យកមក​ប្រើ​ព័ត៌មាន​ទាំងឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​អំពើភេរវកម្ម ចំណែក​រឿងឯកជន​ដែល​មាន​នៅក្នុង​ទិន្នន័យ ត្រូវ​គេ​ហាម​មិន​ឲ្យ​ប៉ះពាល់។ អ្នកដែល​ល្មើស យក​ព័ត៌មាន​ឯកជន​នៅក្នុង​ទិន្នន័យ​ទៅ​ធ្វើ​ឲ្យ​បែកខ្ចរខ្ចាយ​នឹង​ត្រូវប្រឈម​នឹង​ទោស​ជាប់គុក ១០ឆ្នាំ។ ក្នុង​កំណែទម្រង់​នេះ គេមិន​បាន​ផ្លាស់ប្តូរ​ខ្លឹមសារ​ស៊ីជម្រៅ​លើ​ការងារ​របស់​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់អាមេរិក នៅពេល​សមាជិក​ព្រឹទ្ធសភា​មួយចំនួន​ទៀត មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​បានទាមទារ​ឲ្យ​គេ​លុប​ចោល​កម្មវិធី​លួចស្តាប់​តាមទូរស័ព្ទ​ទាំងស្រុង។ ក្នុង​កំណែទម្រង់​ថ្មី គេ​ទាមទារ​ឲ្យ​បង្កើត​តំណែង​មួយថ្មី​នៅតុលាការ​សម្ងាត់ ដែល​តួនាទី​របស់​អ្នកកាន់​មុខតំណែង​នោះ គឺ​ត្រូវ​និយាយ​ប្រឆាំង​នឹង​នយោបាយ​របស់​រដ្ឋាភិបាល នៅក្នុង​វិស័យ​ចារកិច្ច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ