អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជា​ប្រវត្តិសាស្រ្ត​ដែល​មាន​កិច្ច​ព្រមព្រៀង​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

៥ថ្ងៃ​បន្ទាប់ពី​ចរចា​យ៉ាងស្វិតស្វាញ​នៅទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ប្រទេសមហាអំណាច​៥ បូក ១ និង​អ៊ីរ៉ង់​បាន​ធ្វើ​យល់ព្រម នៅព្រឹកថ្ងៃ​អាទិត្យ​ធ្វើ​កិច្ចព្រមព្រៀង​ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ​អ៊ីរ៉ង់​យល់ព្រម​បញ្ឈប់​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​ដែល​លើស​ពី​៥ភាគរយ។ ជាថ្នូរមកវិញ ប្រទេស​មហាអំណាច​សម្រាល​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ដែល​នឹង​ធ្វើ​ឲ្យ​អ៊ីរ៉ង់​ទទួល​បាន​ប្រយោជន៍​ប្រមាណ ៧ពាន់​លាន​ដុល្លារ។

ប្រមុខការបរទេស​អ៊ីរ៉ង់ (ឆ្វេង) ឱបរដ្ឋមន្រ្តីការបរទេស​បារំាង នៅ​ថ្ងៃ​ក្រោយ​ឈាន​ដល់​កិច្ចព្រមព្រៀង​ស្តីពី​នុយក្កេអ៊ែរ​អ៊ីរ៉ង់ នៅថ្ងៃ​អាទិត្យ​ទី ២៤ វិច្ឆិកា
ប្រមុខការបរទេស​អ៊ីរ៉ង់ (ឆ្វេង) ឱបរដ្ឋមន្រ្តីការបរទេស​បារំាង នៅ​ថ្ងៃ​ក្រោយ​ឈាន​ដល់​កិច្ចព្រមព្រៀង​ស្តីពី​នុយក្កេអ៊ែរ​អ៊ីរ៉ង់ នៅថ្ងៃ​អាទិត្យ​ទី ២៤ វិច្ឆិកា Reuters/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

តាម​ ​សេតវិមាន​អាមេរិក​ អ៊ីរ៉ង់ បាន​យល់ព្រម​បញ្ឈប់​ជាបន្ទាន់ការចម្រើន​ធាតុអ៊ុយរ៉ានីញ៉ូម​ដែល​មាន​កម្រិត​លើសពី​៥ភាគរយ និង​ឈប់​ផលិត​ម៉ាស៊ីន​ដែល​ជំនាញ​ខាង​ចម្រើន​ធាតុអ៊ុយរ៉ានីញ៉ូម។ ជាចំណុច​សំខាន់ ព្រោះ​ប្រទេស​មហាអំណាច​វាយតម្លៃថា សកម្មភាព​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូមដែល​​​លើស​ពី​៥ភាគរយទៅ នឹង​ចាត់ចូល​ក្នុង​កម្មវិធីនុយក្លេអ៊ែរ​យោធា ប៉ុន្តែ​មិន​មែន​នុយក្លេអ៊ែរ​ស៊ីវិល ដូចដែល​អ៊ីរ៉ង់​ធ្លាប់​អះអាងទេ។

 
ទីពីរ អ៊ីរ៉ង់ត្រូវ​បំផ្លាញ​ធាតុអ៊ុយរ៉ានីញ៉ូម​ដែល​ខ្លួន​បាន​ចម្រើន​ដល់​២០​ភាគរយ​រួចហើយ។
បន្ទាប់មកទៀត អ៊ីរ៉ង់​បាន​យល់ព្រម​បញ្ឈប់​ការសាងសង់​នៅ​រោងចក្រ​Arak។ ​បារាំង​បាន​ទាមទារ​ដាច់ខាត​ចំណុចនេះ ព្រោះ​បារាំង​សង្ស័យថា រោងចក្រ​Arak ត្រូវ​បង្កើតឡើង ក្នុង​គោលដៅ​នុយក្លេអ៊ែរ​យោធា។ ការចរចា កាលពីថ្ងៃ​ទី ៩​វិច្ឆិកា​កន្លងទៅបាន​បរាជ័យ ដោយសារ​តែអ៊ីរ៉ង់​មិន​យល់ព្រម​តាមការទាមទារ​របស់​បារាំង។

សូមអាន៖កិច្ចពិភាក្សា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ថ្ងៃទីបី​ បារាំង​ប្រុងប្រយ័ត្ន​ចំពោះ​ចំនុចខ្លះ​នៃ​កិច្ច​ព្រមព្រៀង​

ទីបី​ទៀតអ៊ីរ៉ង់​បាន​យល់ព្រម​ឲ្យ​មន្រ្តី​របស់ទីភ្នាក់ងារ​អន្តរជាតិ​នៃ​ថាមពល​បរិមាណូ AIEA​ចូល​ធ្វើ​អធិការកិច្ច​លើ​ទីតាំង​រោងចក្រនុយក្លេអ៊ែរ​របស់ខ្លួន និង​ផ្តល់​ព័ត៌មាន​ស្តីពី​ដំណើរ​ការ​នៃ​ម៉ាស៊ីន​ប្រតិករនៅ​រោងចក្រ​Arak ដល់​ភ្នាក់ងារ​AIEA។
​​
បើសិន​ជាអ៊ីរ៉ង់​ធ្វើ​បាន​តាម​ការសន្យា នៅក្នុង​កិច្ចព្រមព្រៀងខាងលើ នោះ ប្រទេស​មហា​អំណាច​បាន​សម្រេច​ផ្អាក​ព្យួរ​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មីៗ​ក្នុង​រយៈពេល​៦ខែ ទៅមុខ ទៅលើ​អ៊ីរ៉ង់។ លើសពីនោះទៀត ប្រទេស​លោកខាងលិច ជាពិសេស អាមេរិក​នឹង​សម្រាល​លើក​ទណ្ឌកម្មមួយ​ចំនួន​ដែល​នឹង​ធ្វើ​ឲ្យ​អ៊ីរ៉ង់​ទទួល​បាន​ប្រយោជន៍​ប្រមាណ ៧ពាន់​លាន​ដុល្លារ។ ជាក់ស្តែង អាមេរិក និង​ប្រទេស​នៅអឺរ៉ុប នឹង​ព្យួរ​ទណ្ឌកម្ម​មួយ​ចំនួន​ដែល​គេ​បាន​ដាក់​លើ​អ៊ីរ៉ង់ ដូចជា​ចរាចរណ៍​ទិញលក់​មាសរបស់​អ៊ីរ៉ង និង​ការនាំចេញ​ប្រេងគីមី​របស់​អ៊ីរ៉ង់។ ជាពិសេស​ទៅទៀត គេ​នឹង​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​បាន​ទទួល​ ទឹកប្រាក់​ប្រមាណជាង ៤ពាន់​លាន​ដុល្លារ ដែលអ៊ីរ៉ង់​បាន​មក​ពីការលក់ប្រេង ប៉ុន្តែ ដែល​ត្រូវ​គេ​ផ្អិបទុក​នៅបរទេស ដោយសារ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់។

ប៉ុន្តែ យ៉ាងណាក៏ដោយ តាម​សេតវិមាន នៅមាន​ទណ្ឌកម្ម​សំខាន់ៗ​ជាច្រើន​ទៀត ដែល​គេ​នៅ​ដាក់​លើ​អ៊ីរ៉ង់ ដែល​គេ​មិនផ្អាកព្យួរ នៅក្នុង​កិច្ចព្រមព្រៀងលើកនេះ។ ទណ្ឌកម្ម​ទាំងនោះ​ដែល​ដាក់ដោយ​​ក្រុមប្រឹក្សា​សន្តិសុខ និង​អាមេរិក​ផ្ទាល់ ផ្តោតទៅ​​លើ​ប្រព័ន្ធ​ធនាគារ​របស់​អ៊ីរ៉ង់ កម្មវិធីយោធា​របស់អ៊ីរ៉ង់ និង​ហិបប្រាក់​អ៊ីរ៉ង់ នៅបរទេស។

​កិច្ចព្រមព្រៀង​ប្រវត្តិសាស្រ្ត

កិច្ចព្រមព្រៀង​នៅថ្ងៃ​អាទិត្យ​បិទ​បញ្ចប់​វិបត្តិ​១០​ឆ្នាំ ដែល​ប្រទេស​មហាអំណាច និង​អ៊ីរ៉ង់​ឈ្លោះ និយាយ​មិនត្រូវគ្នា​ពី​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។នៅព្រឹក​ថ្ងៃ​អាទិត្យនេះ លោក​ប្រធានាធិបតីអាមេរិក​ដែល​បាន​បោះដៃ​ទៅរក​អ៊ីរ៉ង់ និង​ចង់​ដោះស្រាយ​​វិបត្តិ​នុយក្លេអ៊ែរ​របស់អ៊ីរ៉ង់​តាមរយៈការទូត ​បាន​ស្វាគម ​កិច្ចព្រមព្រៀង​ដែល​ចេញ​កាលពី​ព្រឹកមិញនេះ។ សម្រាប់​លោកអូបាម៉ា កិច្ចព្រមព្រៀង​នឹង​ជំរុញ​ឲ្យ​អ៊ីរ៉ង់​បិទបញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​យោធា។

សូមអាន៖ស្វែងយល់​អំពី​វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់

ប៉ុន្តែ យ៉ាងណាក៏ដោយ លោកបារ៉ាក់ អូបាម៉ា ដែល​មាន​ការប្រុងប្រយ័ត្នមួយ បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​​លើកនេះ គ្រាន់​តែ​ជា​​កិច្ចព្រមព្រៀង​បឋមតែ​ប៉ុណ្ណោះ។ ​កិច្ចព្រមព្រៀង​ពេញលេញ​មួយ​នឹង​ត្រូវ​គេ​ធ្វើឡើង ក្នុង​រយៈពេល ៦ខែ​ខាងមុខ។ មានន័យថា ប្រទេស​មហាអំណាច​បាន​ផ្តល់​​រយៈពេល​សាកល្បង​៦ខែ ដល់​អ៊ីរ៉ង់ ដើម្បី​ឲ្យ​អ៊ីរ៉ង់​ អនុវត្ត​សកម្មភាព ដែល​អ៊ីរ៉ង់​បាន​សន្យា​ធ្វើ នៅក្នុង​កិច្ចព្រមព្រៀង។ តាម​អូបាម៉ា អាមេរិកផ្ទាល់​នឹង​បង្កើនការដាក់​គំនាប និង​ពង្រឹង​ទណ្ឌកម្ម​​លើអ៊ីរ៉ង់ ប្រសិន​បើ​អ៊ីរ៉ង់​មិន​គោរព​តាម​កិច្ចព្រមព្រៀង។

ប្រមុខការបរទេស​រុស្ស៊ី វិញ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់ បាន​ថ្លែងថា គ្មានទេ អ្នកចាញ់ និង​អ្នកឈ្នះ នៅក្នុង​កិច្ចចរចា​លើកនេះ។ នោះមានន័យថា ភាគី​ទាំងពីរ គឺ​ប្រទេស​មហា​អំណាច ទាំង​៦ និង​អ៊ីរ៉ង់​បាន​ធ្វើ​សម្បទាន​ទៅវិញ ទៅមក ដើម្បី​អាច​សម្រេច​ឈាន​ទៅបង្កើត​កិច្ចព្រមព្រៀងនេះ។ មួយវិញទៀត គេមើលឃើញថា ​ជំហរ​ទន់ភ្លន់​ជាងមុន​របស់​ប្រធានាធិបតី​អ៊ីរ៉ង់​ថ្មី ដែល​មិន​សូវ​រឹងត្អឹង​ដូចប្រធានាធិបតី​មុន អាច​ជា​ចលករ​រុញ​ឲ្យ​អ៊ីរ៉ង់​ធ្វើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ប្រទេស​មហាអំណាច។

សូមអាន៖ តើ​ជំហរ​ទន់ភ្លន់​របស់​លោក​រ៉ូហានី​អាច​ឈាន​ទៅដល់​ការ​ស្តារ​ទំនាក់ទំនង​អ៊ីរ៉ង់-អាមេរិក​ឬទេ?

ប្រធានាធិតបី​អ៊ីរ៉ង់​ពី​ទីក្រុង​តេអេរ៉ង់​បាន​អបអរ​កិច្ចព្រមព្រៀង ដែល​បើតាម​លោក គឺ​ប្រទេស​លោកខាងលិច​បាន​ទទួលស្គាល់​សិទ្ធិ​របស់​អ៊ីរ៉ង់​មាន​នុយក្លេអ៊ែរ ពោល​គឺ​អ៊ីរ៉ង់​មាន​សិទ្ធិ​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​ដើម្បី​កម្មវិធីនុយក្លេអ៊ែរ​ស៊ីវិល។

អ៊ីស្រាអែល​មាន​តែ​ការខកចិត្ត និង​មួម៉ៅ​មិន​សប្បាយចិត្ត។

នៅក្រោយចុះ​​កិច្ចព្រមព្រៀងជាមួយ​អ៊ីរ៉ង់ ប្រមុខការបរទេស​អាមេរិក​បាន​បញ្ជាក់ធានា​ទៅ​ភាគី​អ៊ីស្រាអែល​ថា កិច្ចព្រមព្រៀង​លើកនេះ​សំដៅ​ធានា​សន្តិសុខ​​របស់​អ៊ីស្រាអែល។ ប៉ុន្តែ ការបញ្ចុះបញ្ចូល​របស់​អាមេរិក​មិន​អាច​ឲ្យ​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ស្ងប់​ចិត្ត​បាន។ អ៊ីស្រាអែល​ ​​មិន​សប្បាយចិត្ត​តាំងពី​យូរមកហើយ ជាមួយ​អាមេរិក ដែល​អ៊ីស្រាអែល​វាយតម្លៃថា មាន​ជំហរ​ទន់ភ្លន់​ពេក​ជាមួយ​អ៊ីរ៉ង់។ អស់សង្ឃឹមនឹងអាមេរិក អ៊ីស្រាអែល​ខំប្រឹង​ដើរ​នយោបាយ​ការទូត នៅប៉ុន្មាន​ថ្ងៃមុននេះ ដើម្បី​បញ្ចុះបញ្ចូលប្រទេស​មហាអំណាច​ផ្សេងទៀត ដើម្បី​​កុំ​ឲ្យ​គេ​ធ្វើកិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់ ដែល​ជាសត្រូវ​របស់ខ្លួន និង​ដែល​អ៊ីស្រាអែល​វាយតម្លៃថា កំពុង​លួច​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដែល​គំរាម​សន្តិសុខ​របស់​អ៊ីស្រាអែល។

សូមអាន៖ នុយក្លេអ៊ែរអ៊ីរ៉ង់៖ អាមេរិក​កំពុង​ធ្វើឲ្យ​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​ក្តៅក្រហាយ

កាលពីព្រឹកមិញនេះ ការិយាល័យ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ដែល​មិន​បាន​លាក់​កំហឹង​ជូរចត់​របស់​អ៊ីស្រាអែល​បាន​ចេញ​លិខិត​មួយចាត់ទុក​កិច្ចព្រមព្រៀង​ព្រឹកមិញ​ថា ជាកិច្ចព្រមព្រៀង​ដ៏អាក្រក់មួយ និង​ជាជ័យជំនះ​របស់​ការទូត​អ៊ីរ៉ង់។ សម្រាប់​អ៊ីស្រាអែល ប្រទេស​លោកខាងលិច​បាន​ចាញ់បោក​អ៊ីរ៉ង់ ព្រោះ អ៊ីរ៉ង់​បាន​ទទួល​អ្វី​ដែល​ខ្លួន​គេ​បានទាមទារ ពោល​គឺ​អ៊ីរ៉ង់​នៅតែ​អាច​ចម្រើនធាតុអ៊ុយរ៉ានីញ៉ូម។

អ៊ីស្រាអែល​បាន​បញ្ជាក់ផងដែរ​ថា ខ្លួនគេ​មិន​បាន​ចងភ្ជាប់ខ្លួនគេ​ទៅក្នុងកិច្ចព្រមព្រៀង​នៅព្រឹកមិញនេះទេ។ លោកនាយករដ្ឋមន្រ្តី​អ៊ីស្រាអែល ​ដែល​ប្រឆាំង​ដាច់ខាត​រាល់​ការសម្រាល​ទណ្ឌកម្ម​ទៅលើ​អ៊ីរ៉ង់ ធ្លាប់បាន​ព្រមាន ហើយថា អ៊ីស្រាអែល​នឹង​បើក​ការវាយប្រហារ​យោធា​ទៅលើ​ទីតាំង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ដែល​អ៊ីស្រាអែល​ចាត់ទុកថា កំពុង​លួច​ផលិត​អាវុធនុយក្លេអ៊ែរ​សម្រាប់​គំរាមកំហែង​អ៊ីស្រាអែល៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ