អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង​កោះហៅ​ជាបន្ទាន់ ​ពាណិជ្ជករ​របស់ខ្លួន​ពី​ប្រទេស​ចិន

អ្នកជំនួញ​កូរ៉េខាងជើង​ នៅ​ប្រទេស​ចិន ត្រូវ​បាន​គេ​បញ្ជា​ឲ្យ​ត្រលប់​ចូល​ស្រុក​វិញ​យ៉ាង​ឆាប់ ប្រថុចញ៉ុក នៅក្នុង​សប្តាហ៍នេះ។ តាម​ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហាប់ ព្រឹត្តិការណ៍​នេះ​អាច​ជាប់ទាក់ទង​នឹង​ការបោសសម្អាត​មន្រ្តី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ លោក​ចាង សុងថេក អតីត​មេដឹកនាំ​ទីពីរ​របស់​កូរ៉េខាងជើង ដែល​ត្រូវ​តុលាការ​យោធា​កាត់ទោស​ប្រហារ​ជីវិត កាលពីថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។

នៅពីថ្ងៃ​ក្រោយ​ប្រហារ​ជីវិត​មាថ្លៃ គីម ជុងអ៊ុន​បង្ហាញ​ខ្លួន នៅក្នុង​ពេល​ទស្សនកិច្ច​នៅ​មូលដ្ឋាន​កងទ័ព​ជាតិ
នៅពីថ្ងៃ​ក្រោយ​ប្រហារ​ជីវិត​មាថ្លៃ គីម ជុងអ៊ុន​បង្ហាញ​ខ្លួន នៅក្នុង​ពេល​ទស្សនកិច្ច​នៅ​មូលដ្ឋាន​កងទ័ព​ជាតិ ©REUTERS/KCNA
ផ្សាយពាណិជ្ជកម្ម

 

តាមការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុនហាប់ អ្នកដែល​ត្រូវ​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង​កោះហៅ​ឲ្យ​ត្រលប់​ចូល​ស្រុក ជាបន្ទាន់ នោះ ភាគច្រើន ជា​អ្នកជំនួញ​កូរ៉េខាងជើង ដែល​កំពុង​ធ្វើការ​នៅ​ទីក្រុង​Shenyang និង​Dandong ក្នុង​ប្រទេស​ចិន។ ពួកគេ​ទាំងនោះ ធ្វើការ​ខាង​សម្របសម្រួល​ពាណិជ្ជកម្ម​ទ្វេភាគី​ចិន និង​កូរ៉េខាងជើង និង​ទាក់ទាញ​ពាណិជ្ជករ​ចិន​ឲ្យ​បោះ​ទុន​វិនិយោគ​នៅ​កូរ៉េខាងជើង។

តាម​ទីភ្នាក់ងារ​ព័ត៌មាន យុនហាប់ គេជឿថា លោក​ចាង សុងថេក ដែល​ជាមាថ្លៃ​របស់​មេដឹកនាំ​វ័យ​ក្មេង​ គីម ជុងអ៊ុន ជា​មន្រ្តី​ជាន់ខ្ពស់​របស់​កូរ៉េខាងជើង ដែល​ទទួល​បន្ទុក​ពង្រឹង​ចំណង​សេដ្ឋកិច្ច​ជាមួយ​សម្ព័ន្ធ​ចិន។ ដំណឹង​ផ្លូវការ​ពីកូរ៉េខាងជើង បង្ហាញថា លោក​ចាង សុងថេក ត្រូវ​គេ​ប្រហារ​ជីវិត កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយសារ​លោក​បាន​ប្រព្រឹត្ត​អំពើពុករលួយ និង​ប៉ុនប៉ង មានគម្រោង​ផ្តួលរំលំ​អំណាច​របស់​លោក​គីម ជុងអ៊ុន។ ប៉ុន្តែ តាមអ្នកវិភាគខ្លះ លោក​ចាង សុងថេក​ត្រូវ​គេ​ប្រហារជីវិត ដោយសារ​លោក​គាំទ្រ​កោត​សរសើរ​កំណែទម្រង់​សេដ្ឋកិច្ច​ប្រទេស​ចិន។

ការកោះហៅ​មន្រ្តី និង​អ្នកជំនួញ​កូរ៉េខាងជើង ពីប្រទេស​ចិន យ៉ាង​ប្រញាប់ បន្ទាន់​បែបនេះ ត្រូវ​គេ​មើលឃើញថា ជា​ប្រតិបត្តិការ​ពង្រឹងអំណាច​របស់​លោក​គីម ជុងអ៊ុន ដែល​ចង់​បោស​សម្អាត​អ្នកដែល​ជាប់​ពាក់ព័ន្ធ​នឹង​លោក​ចាង សុងថេក។ តាម​មន្រ្តីស៊ើបការណ៍​សម្ងាត់​កូរ៉េខាងត្បូង មនុស្ស​ជំនិត​ពីរនាក់​របស់​លោក​ចាង សុងថេក ត្រូវ​បាន​គេ​ប្រហារជីវិត​កាលពី​ខែ​វិច្ឆិកា​មុន។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវរដ្ឋ​កូរ៉េខាងជើង​វិញ បាន​បញ្ចេញ​ព័ត៌មានដែល​​ផ្ទុយ​នឹង​ពាក្យចចាម អារ៉ាម​ស្តីពីការ​បន្ត​បោសសម្អាត​ផ្ទៃក្នុង​របស់​បក្ស។ ជាក់ស្តែង ទីភ្នាក់ងារ​ព័ត៌មាន​បាន​បង្ហាញ​វត្តមាន​របស់​គីម ឃ្យុង ហ៊ុយ ដែល​ជា​ម្តាយមីង​របស់​លោកគីម ជុងអ៊ុន និង​ជា​ភរិយា​របស់​លោក​ចាង សុងថេក ដែល​ត្រូវ​គេ​ប្រហារ​ជីវិត កាលពីថ្ងៃ​ព្រហស្បតិ៍។

តាមអ្នកជំនាញ នយោបាយ អាស៊ី លោកគីម ជុងអ៊ុន​មិន​អាច​ប្រហារជីវិត​ប្អូនស្រី​របស់​ឪពុក ដែល​ជា​សែស្រឡាយ​របស់​ខ្លួន​នោះទេ។ ការធ្វើ​ផ្ទុយពីនោះ គឺ​ដូចជា​ការដកកាំបិត​សម្លាប់​ខ្លួនឯង នៅ​ទីបញ្ចប់​យ៉ាងដូច្នេះដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ