អានតួអត្ថបទ
ចិន-អាមេរិក

អាមេរិក​រិះគន់​ជា​ថ្មី ទៅលើ​ការបិទ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​ចិន

កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី ៣០​មករា ២០១៤ សេតវិមាន​បាន​រិះគន់​ខ្លាំងៗ​ទៅលើ​សេរីភាព​ទទួល​បាន​ព័ត៌មាន​នៅ​ប្រទេស​ចិន បន្ទាប់​ពី​អ្នកកាសែត​បរទេស​ម្នាក់ទៀត របស់​កាសែត​អាមេរិក The New York times ត្រូវ​បង្ខំចិត្ត​ចាកចេញ​ពី​ទីក្រុង​ប៉េកាំង ដោយសារ​តែ​មិន​បាន​ទទួល​ការបន្ត​ទិដ្ឋាការ​ពីអាជ្ញាធរ​ចិន។ ទីក្រុង​ប៉េកាំង​បាន​ប្រតិកម្ម​តបវិញ នៅថ្ងៃ​សុក្រ​នេះ ដោយ​បាន​ទាមទារ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​គោរព​ការពិត និង​ប្រយ័ត្ន​ប្រយែង​ពាក្យសំដី។

ទីស្នាក់ការកណ្តាល​របស់កាសែតអាមេរិក The New York Times
ទីស្នាក់ការកណ្តាល​របស់កាសែតអាមេរិក The New York Times REUTERS/Carlo Allegri
ផ្សាយពាណិជ្ជកម្ម

 

លោក​Austin Ramzy អ្នកយកព័ត៌មាន​របស់​កាសែត​ The New York times​ប្រចាំទីក្រុង​ប៉េកាំង​បាន​ចាកចេញ​ពីទឹកដី​ចិន ទៅ​សំចត​នៅទីក្រុង​តៃប៉ិ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍។ លោក​មិន​អាច​បន្ត​ស្ថិតនៅ​ទីក្រុង​ប៉េកាំង បន្ទាប់​ពី​អាជ្ញាធរ​ពន្យារពេល​មិន​ផ្តល់​ទិដ្ឋាការ​ថ្មី​ដល់​រូបលោក។ លោក​ Austin Ramzy​ជាអ្នកកាសែត​ទីបី​របស់​កាសែត​​ The New York times​ដែល​បាន​ចាកចេញ​ពី​ប្រទេស​ចិន ដោយសារ​តែ​ការបដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ពី​សំណាក់​អាជ្ញាធរ​ចិន។

នៅ​ថ្ងៃ​ចាកចេញ​ដោយ​បង្ខំចិត្ត​របស់​អ្នកកាសែត សេតវិមាន តាមរយៈ​អ្នកនាំពាក្យ លោក​John Carney​បាន​វាយតម្លៃ​ថា វិធានការ​របស់​អាជ្ញាធរ​ចិន​មិន​បាន​គោរព​សិទ្ធសេរីភាព​សារព័ត៌មាន ជាពិសេស​អ្នកកាសែត​បរទេស។ អាមេរិក​បានលើកឡើង​ពីការព្រួយបារម្ភ​របស់ខ្លួន ចំពោះ​ករណី​អ្នកកាសែត​បរទេស ដែល​នៅតែ​ទទួល​រង​សម្ពាធ​ពី​អាជ្ញាធរ​ចិន ការរង​ការធ្វើបាប​លើ​រូបកាយ និង​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ចូល​យក​ព័ត៌មាន​នៅ​កន្លែង​ដែល​ណា ដែល​អាជ្ញាធរ​ចិន​ចាត់ទុក​ថា តំបន់​រសើប​សម្រាប់​បក្ស​កុម្មុយនិស្ត​ចិន។

ទីក្រុង​ប៉េកាំង​វិញ តាមរយៈ​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស បាន​ចុះផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ទាត់ចោល​ការរិះគន់​របស់​សេតវិមាន។ តាម​លោក​Hong Lei អាជ្ញាធរ​ចិន​មិន​បាន​បណ្តេញ​ចេញ អ្នកកាសែត​បរទេសទេ។ ក្នុង​ករណី​អ្នកកាសែត​របស់​The New York Times អាជ្ញាធរ​មិន​អាច​ផ្តល់​ទិដ្ឋាការ ដោយសារ​តែ​លោក​ Austin Ramzy​បាន​ថ្លោះធ្លោយ​មិន​បាន​ប្តូរ​ឈ្មោះ​ក្រុមហ៊ុន​ដែល​លោក​ធ្លាប់​បម្រើការ គឺ​ពី​ ទស្សនាវដ្តី​Times មក​កាសែត​The New York Times។

គួរជម្រាប​ជូនថា អាជ្ញាធរ​ចិន​បាន​ព្យាយាម​បិទ រារាំង​មិន​ឲ្យ​គេ​អាន​បាន​ព័ត៌មាន​ចុះផ្សាយ​ដោយ​​ទស្សនាវដ្តី​Times និង​Bloomberg នៅក្នុង​ប្រទេស​ចិន។ ប្រព័ន្ធផ្សព្វផ្សាយ​ទាំងពីរ​របស់​អាមេរិក​ធ្លាប់​បាន​ចុះផ្សាយ​ការស៊ើបអង្កេត​ស៊ីជម្រៅ ដែល​បង្ហាញ​ពី​អាជីវកម្ម និង​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​របស់​ក្រុមគ្រួសារ​របស់​អតីត​នាយករដ្ឋមន្រ្តី​ចិន លោក​វេន ជាប៉ាវ និង​គ្រួសារ​របស់​លោក​ប្រធានាធិបតី​ចិន បច្ចុប្បន្ន​លោក​ ស៊ី ជីនពីង៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ