អានតួអត្ថបទ
វៀតណាម

មន្រ្តី​ការទូត​ម្នាក់​របស់​វៀតណាម​រត់ ទៅ​សុំសិទ្ធិ​ជ្រកកោន នៅ​ស្វីស

អតីត​មន្រ្តីទូត​ម្នាក់​របស់​ស្ថានទូត​វៀតណាម​ប្រចាំ​ប្រទេស​ស្វីស​បាន​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ នៅ​ប្រទេស​ស្វីស។ ដំណឹង​នេះ​ត្រូវ​បាន​ចុះផ្សាយ​កាលពី​ម្សិលមិញ ដោយ​បាន​ស្រង់​សំដី​របស់​លោក​Dang Xuong Hung ដែល​បាន​និយាយ​ប្រាប់​យ៉ង​ដុច្នេះ ទៅ​ទូរទស្សន៍​នៅ​ទីក្រុង​ហ្សឺណែវ។

Dang Xuong Hung កាលនៅ​ជា​អគ្គកុងស៊ុល​វៀតណាម ប្រចាំ​នៅប្រទេស​ស្វីស
Dang Xuong Hung កាលនៅ​ជា​អគ្គកុងស៊ុល​វៀតណាម ប្រចាំ​នៅប្រទេស​ស្វីស DR
ផ្សាយពាណិជ្ជកម្ម

លោក​ Dang Xuong Hung​ធ្លាប់​បម្រើ​ការឲ្យ​ស្ថានទូត​វៀតណាម នៅទីក្រុង​ហ្សឺណែវ ក្នុង​នាម​ជា​អគ្គកុងស៊ុល ចាប់​ពី​ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០១២។ កាលពីថ្ងៃ​អាទិត្យ នៅក្នុង​បទសម្ភាសន៍​ទៅ​ទូរទស្សន៍ ស្វ៊ីស Léman Bleu​លោក​បាន​និយាយ​ថា លោក​បាន​ត្រលប់​មក​ជាន់​ដីស្វ៊ីសវិញ កាលពី​ខែ​តុលា ឆ្នាំ ២០១៣ និង​បាន​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ ពី​រដ្ឋាភិបាល​ស្វ៊ីស។ អតីត​អគ្គកុងស៊ុល​វៀតណាម​បាន​ចូល​បម្រើការ​ឲ្យ​បក្ស​កុម្មុយនិស្ត ក្នុង​ក្រសួង​ការបរទេស​​តាំង​ពី​ឆ្នាំ ១៩៨៣ ប៉ុន្តែ លោក​បាន​លាលែង​ចេញ​ពី​សមាជិក​បក្ស​កុម្មុយនិស្ត បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​ជា​មន្រ្តីទូត​នៅ​ស្វ៊ីស កាលពី​ឆ្នាំ ២០១២។

 
តាមរយៈ​កាយវិការ​ដ៏​កម្រនេះ លោក​Dang ចង់​​រិះគន់​បរិហារ​នយោបាយ​ផ្តាច់ការ តាមរយៈ ការដឹកនាំ​ដោយ​បក្ស​តែមួយ របស់​បក្ស​កុម្មុយនិស្ត​វៀតណាម។ តាម​លោក​ Dang ជញ្ជំាង​ប៊ែឡាំង​បាន​រលំ តាំង​ពី​២៥​ឆ្នាំមុនម៉្លេះ ប៉ុន្តែ ប្រទេស​វៀតណាម​នៅ​តែ​កាន់​របប​កុម្មុយនិស្ត និង​​នៅ​តែ​បន្ត​គំរាម​កំហែង​ចាប់​ដាក់គុក​សកម្មជន​ដែល​តស៊ូ​តវ៉ា​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិ​មនុស្ស។ វៀតណាម​កំពុង​ជួប​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ។ សេដ្ឋកិច្ច និយោបាយ អប់រំ និង​សុខភាព​វៀតណាម​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​មួយ។ នេះ បើ​តាម​អតីត​មន្រ្តី ដែល​រត់​ចោល​បក្ស​កុម្មុយនិស្ត​វៀតណាម។

លោក​ Dang សង្ឃឹមថា សកម្មភាព​របស់​លោក​នឹង​អាច​លើកទឹកចិត្ត​ដល់​អ្នកនយោបាយ​វៀតណាម​ដទៃ​ឲ្យ​ដើរចេញ​ពី​បក្ស​កុម្មុយនិស្ត​វៀតណាម។ នៅ​ប្រទេស​ស្វ៊ីស លោក​ Dang ប្រកាស​ថា លោក​នឹង​ចូលរួម ជាមួយ​ចលនា​ប្រឆាំង​វៀតណាម ពីក្រៅស្រុក ដែល​មាន​ឈ្មោះ​ថា គណៈកម្មាធិការ​ស្វ៊ីស វៀតណាម។

ដំណឹង​រត់ចោល​បក្ស​កុម្មុយនិស្ត​របស់​អតីត​មន្រ្តី​ទូត​វៀតណាម កើតឡើង នៅ​តែ​មួយ​សប្តាហ៍​មុន នៃ​ការត្រួតពិនិត្យ​ឡើងវិញ ទៅលើ​បញ្ហា​គោរព​​សិទ្ធិមនុស្ស​នៅ​វៀតណាម ដែល​ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​ការពារ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ។ នៅក្នុង​សំបុត្រ​មួយ​សរសេរ​ទៅ​គណៈ​ប្រតិភូ​វៀតណាម លោក​ Dang Xuong Hung បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​សំដែង​ស្មារតី​ស្នេហា​ជាតិ ទទួល​ស្គាល់​ការរំលោភ​សិទ្ធិមនុស្ស ដែល​កំពុង​មាន​ពិត នៅ​វៀតណាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ