អានតួអត្ថបទ
ចិន-កូរ៉េខាងជើង

ចិន​បដិសេធ​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​រំលោភ​សិទ្ធិ​មនុស្ស នៅ​កូរ៉េខាងជើង

ទីក្រុង​ប៉េកាំង កាលពីថ្ងៃ​អង្គារ​ទី ១៨ កុម្ភៈ​បាន​រុញច្រាន​ចោល​ការចោទប្រកាន់ របស់​គណៈកម្មការ​ស៊ើបអង្កេត​​របស់​អង្គការ​សហប្រជាជាតិ ដែល​ថា ចិន​អាច​រួម​ផ្សំគំនិត​នៅក្នុង​សកម្មភាព​​រំលោភ​សិទ្ធិ​មនុស្ស​ដែលរៀបចំឡើង​ដោយ​របប​កុម្មុយនិស្ត​​កូរ៉េខាងជើង។ ប្រតិកម្ម​ចេញ​ពី​ក្រសួង​ការបរទេស​ចិន ធ្វើឡើង នៅមួយ​ថ្ងៃ​ក្រោយ​គណៈកម្មការ​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​ចេញ​របាយការណ៍​ដែល​បង្ហាញ​ពី​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ នៅ​កូរ៉េខាងជើង។

នៅទីក្រុង​ហ្សឺណែវ មន្រ្តី​របស់​គណៈកម្មការ​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​បង្ហាញ​ពី​ផែនទី​ដែល​មាន​ជំរំ​លត់ដំ​​នៅកូរ៉េខាងជើង
នៅទីក្រុង​ហ្សឺណែវ មន្រ្តី​របស់​គណៈកម្មការ​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​បង្ហាញ​ពី​ផែនទី​ដែល​មាន​ជំរំ​លត់ដំ​​នៅកូរ៉េខាងជើង ©REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍​ដែល​ចេញផ្សាយ កាលពីថ្ងៃ​ចន្ទ និង​ដែល​មិនធ្លាប់មាន​សរសេរ​ពីមុន​ពី​ករណី​រំលោភ​សិទ្ធិមនុស្ស នៅ​កូរ៉េខាងជើង គណៈកម្មការ​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​បាន​លើកឡើងថា មន្រ្តី​ចិន​អាច​ចូលរួម​ផ្សំគំនិត រំលោភ​សិទ្ធិ​មនុស្ស ជាមួយ​ទីក្រុង​ព្យុងយ៉ាង តាមរយៈ​ការចាប់បញ្ជូន ប្រគល់​ជនភៀសខ្លួន​ទៅ​ឲ្យ​អាជ្ញាធរ​កូរ៉េខាងជើង។

 
របាយការណ៍​ចេញផ្សាយ កាលពីថ្ងៃ​ចន្ទ​បាន​ទាញ​សន្និដ្ឋាន​ថា ពិតជា​មាន​ការរំលោភ​សិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ និងក្នុង​ទ្រង់ទ្រាយ​ធំ នៅ​កូរ៉េខាងជើង។ គណៈកម្មការ​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​ថែម​ទាំង​បាន​លើកឡើង​យ៉ាង​លម្អិត​ពី​ករណី​កាត់ទោស​ប្រហារ​ជីវិត​ជា​សាធារណៈ ការបាត់ខ្លួន​ដោយ​បង្ខំ ទាសភាព ការធ្វើ​ទារុណកម្ម និង​ការរំលោភ​ផ្លូវភេទ។

អ្នកសរសេរ​របាយការណ៍​បាន​លើកឡើង​ផងដែរ​ពីកង្វល់​របស់ពួកគេ​ចំពោះ​ការចូលរួម​របស់​អាជ្ញាធរ​ចិន តាមរយៈ​គោលនយោបាយ​ចាប់បញ្ជូន​ដោយ​បង្ខំ ពលរដ្ឋ​កូរ៉េខាងជើង ដែល​បាន​រត់ភៀសខ្លួន មក​លួច​ជ្រកកោន នៅក្នុង​ទឹកដី​ចិន។ តាម​របាយការណ៍ អាជ្ញាធរ​ចិន​បាន​ផ្តល់​ព័ត៌មាន​ច្បាស់ៗ​ពី​ជនភៀសខ្លួន​កូរ៉េខាងជើង ទៅ​ឲ្យ​អាជ្ញាធរ​ក្រុង​ព្យុងយ៉ាង។ ដោយលើកឡើង​ពីកង្វល់​ខាងលើ​នេះ គណៈកម្មការ​ស៊ើបអង្កេត​ចង់​រំលឹក​ដល់​អ្នកទទួល​ខុសត្រូវ​ចិន ពី​ទោសឧក្រិដ្ឋ​ប្រឆាំងមនុស្ស​ជាតិ ប្រសិន​បើ​គេ​បន្ត​បញ្ជូន​ប្រជាជន​កូរ៉េខាងជើង​ឲ្យ​ត្រលប់​ចូល​ប្រទេស​វិញ។

សេចក្តី​សន្និដ្ឋាន​របស់​គណៈកម្មការ​ស៊ើបអង្កេត​ត្រូវ​បាន​ក្រសួង​ការបរទេស​ចិន​រុញច្រាន​ចោល​ទាំងស្រុង ដោយ​បញ្ជាក់ថា ប្រទេស​ចិន​មាន​ជំហរ​ច្បាស់លាស់​ទៅលើ​ក្រុម​ជន​រត់ចោល​ប្រទេស​កូរ៉េខាងជើង។ ដោយ​ប្រើពាក្យ ជន​រត់ចោល​ប្រទេស សម្រាប់សំដៅ​ជនភៀសខ្លួន​កូរ៉េខាងជើងអ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន បាន​អះអាងថា នៅក្នុង​នយោបាយ​ចាប់បញ្ជូន​ប្រជាជន​កូរ៉េខាងជើង ចិន​បាន​ចាត់វិធានការណ៍​យ៉ាងត្រឹមត្រូវ ដោយ​គោរព​ទៅតាម​ច្បាប់​អន្តរជាតិ និង​គោលការណ៍​មនុស្សធម៌។

សូមបញ្ជាក់ថា នៅក្នុង​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ គេ​បាន​សរសេរ​ដកស្រង់​ផងដែរ​សំដី​របស់​អាជ្ញាធរ​ចិន​ដែល​បាន​បញ្ជាក់ថា ប្រជាជន​កូរ៉េខាងជើង​បាន​រត់​មក​ជ្រកកោន​ក្នុង​ទឹកដី​ចិន ដោយ​ហេតុផល​សេដ្ឋកិច្ច ដូច្នេះ ចិន​មិន​ចាត់ទុក​ពួកគេ​ជាជន​ភៀសខ្លួន។ ប៉ុន្តែ នៅក្នុង​របាយការណ៍ ចេញផ្សាយ​កាលពីថ្ងៃ​ចន្ទ ប្រជាជន​កូរ៉េខាងជើង​ដែល​រត់​មកជ្រកកោន​នៅ​ចិន ភាគច្រើន រត់គេច​ចេញ ពី​អំពើហិង្សា ពីការគាបសង្កត់​ធ្វើបាប​របស់​អាជ្ញាធរ​កូរ៉េខាងជើង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ