អានតួអត្ថបទ
ចិន

ចិន​ធ្វើ​កូន​កោះ​សិប្បនិមិត្ត​ក្នុង​ឈូង​សមុទ្រ​ចិន​ខាង​ត្បូង

ប្រទេស​ចិន​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ខ្លួន​កំពុង​តែ បើក​ការដ្ឋាន​សាងសង់ កូន​កោះ​សិប្បនិមិត្ត​មួយ​​ នៅ​ក្បែរ​ប្រជុំ​កោះ សប្រាតលៃស៍ ក្នុង​ឈូង​សមុទ្រ​ចិន​ខាង​ត្បូង។ ការ​ធ្វើ​បែប​នេះ ​ចិន​មាន​ចេតនា ​បំភ័យ ប្រទេស​ជិតខាង​ ដែល​កំពុង​តែ​មាន​ជម្លោះ​ជាមួយ​ចិន ​ក្នុង​ការ​ដណ្តើម​គ្នា​កាន់​កាប់​ដែន​កោះ នៅ​ក្នុង​ឈូង​សមុទ្រ​នេះ ព្រោះ​កូនកោះ​សិប្បនិមិត្ត​នេះ នឹង​ក្លាយ​ជា​ព្រលាន​យន្តហោះ ​ហើយ​នឹង​ជា​កំពង់ផែ​ សម្រាប់​ឲ្យ​នាវា​ចម្បាំង​ចិន​ចូលចត​ទៀត។

កោះ​មួយ ក្នុង​ចំណោម​ប្រជុំ​កោះ Spratleys​ ដែល​ចិនកំពុងសង់​វាលយន្តហោះ
កោះ​មួយ ក្នុង​ចំណោម​ប្រជុំ​កោះ Spratleys​ ដែល​ចិនកំពុងសង់​វាលយន្តហោះ DR
ផ្សាយពាណិជ្ជកម្ម

មេ​បញ្ជាការ​កងទ័ព​ចិន​បាន ថ្លែងឲ្យដឹងថា កងទ័ពចិន បាន​កំពុង​សាងសង់​កូនកោះ​សិប្បនិម្មិត​មួយ ​នៅ​ក្បែរ​ប្រជុំ​កោះ​សប្រាតលៃស៍ ក្នុងឈូងសមុទ្រចិន​ខាងត្បូង។ ការដ្ឋាន​បានចាប់​ផ្តើម​អស់​រយៈ​ពេល​បីខែ​មក​ហើយ។ នេះជាគម្រោងទីមួយហើយដែលចិន បាន​កសាង​កូនកោះ​សិប្បនិម្មិត ​ ដែល​នៅ​លើ​កោះ​នេះ នឹង​មាន​សាងសង់​ព្រលាន​យន្តហោះ​មួយ ​ព្រមទាំង​មាន​កំពង់ផែ​ដើម្បី​អនុញ្ញាត​ឲ្យ​នាវា​ចម្បាំងរបស់ចិនចូលចតទៀតផង។ កោះនេះ មានបណ្តោយ៣គីឡូមែត្រ និងទទឹងពី២០០ ទៅ​៣០០មែត្រ។

 
ក្រសួង​ការ​បរទេសអាមេរិក ក៏បានបញ្ជាក់ផងដែរថា ចិន​ពិត​ជា​កំពុង​កសាងកោះ ​នៅ​ក្នុង​តំបន់​ដែល​មាន​ជម្លោះ​ពិតមែន។ មេបញ្ជាការកងទ័ពចិន បានបញ្ជាក់ថា ការកសាងនេះ វា​ជា​គម្រោង​ដោយ​ស្រប​ច្បាប់ ​និង​ត្រឹមត្រូវ​សមហេតុ​ល។ លោក​បន្តថា បើ​សហរដ្ឋអាមេរិក​អះអាង​ថា​ខ្លួន​នៅ​កណ្តាល ​មិន​កាន់ជើង​ខាង​ណា​មួយ សហរដ្ឋអាមេរិក​គ្មាន​សិទ្ធិ​ហាមឃាត់​ការ​សាងសង់​នេះ​ទេ ព្រោះថា​ កន្លង​មក ​ហ្វីលីពីន ​ម៉ាឡេស៊ី ​និងវៀតណាម ធ្លាប់​បាន​សាងសង់​ហេត្ថា​រចនា​សម្ព័ន្ធ​យោធា​ នៅ​លើប្រជុំកោះនេះរួចមកហើយ។

សូម​បញ្ជាក់​ថា​ប្រជុំកោះ ​សប្រាតលៃស៍(Spratleys) ​និងប្រជុំកោះ (Paracels) ដែល​ស្ថិត​នៅ​ក្នុង​ឈូងសមុទ្រ​ចិន​ខាងត្បូង គឺជា​ទីលាន​ប្រទុស្តរាយ​គ្នា ​រវាង ​ចិន ​តៃវ៉ាន់ ​ហ្វីលីពីន ម៉ាឡេស៊ី ​និងវៀតណាម។ ភាគី​ទាំងអស់ដណ្តើមគ្នា​កាន់កាប់​ដែន​កោះ និង​ដែនសមុទ្រ​នៅ​តំបន់​ទាំង​នេះ យក​តែ​រៀងៗខ្លួន។ កន្លង​មកម្នាក់ៗ​ ព្យាយាម​កម្ញើញ​គ្នា​ទៅវិញ​ទៅមក។

ការ​សាងសង់​កូនកោះ​សិប្បនិមិត្ត​បស់​ចិន​នេះ ចិន​ចង់​បង្ហាញ​ថា​ ចិន​មាន​សមត្ថភាព​ខ្ពស់ ហើយ​ក្នុង​ករណី​មាន​ជម្លោះ ចិន​មាន​លទ្ធភាព​ងាយ​ស្រួល​ណាស់​ ក្នុង​ការ​យកឈ្នះ​គូ​បដិបក្ស។ ម្នាក់ៗ​សម្លឹង​ឃើញ​វិសាលភាព​សេដ្ឋកិច្ច​រៀងៗខ្លួន ដែល​បាន​មក​ពីការ​គ្រប់គ្រង​ដែនកោះ​តំបន់​នេះ​ ព្រោះ​វា​ជា​ផ្លូវ​ចេញចូល​នាវា​ដឹក​ទំនិញ និង​សម្បូរ​ធនធាន​រ៉ែ នៅ​បាត​សមុទ្រ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ