អានតួអត្ថបទ
ឥណ្ឌូណេស៊ី

​ឥណ្ឌូណេស៊ី៖ យន្តហោះ AirAsia​អាច​ធ្លាក់ ដោយសារ​ម៉ាស៊ីន​ត្រូវ​កក​ដោយ​សំណើម​ទឹក​ត្រជាក់

ប្រតិបត្តិការស្វែងរក​សាកសព និង​បំណែក​យន្តហោះ Airbus A320 របស់​ក្រុមហ៊ុន AirAsia បាន​បន្ត ឈាន​ចូល​ដល់​សប្តាហ៍​ទីពីរ។ រហូត​មក​ដល់​ថ្ងៃ​អាទិត្យ​នេះ គេ​ស្រង់​បាន​សាកសព​ចំនួន ៣១​នាក់ និង​រកឃើញ​បំណែក​ធំៗ​របស់​យន្តហោះ​ចំនួន​៥។ នៅថ្ងៃ​អាទិត្យទី ៤ មករា  ទីភ្នាក់ងារ​ឧតុនិយម​ជាតិ​របស់​ឥណ្ឌូណេស៊ី​​បាន​បង្ហាញថា គឺ​អាកាសធាតុ​អាក្រក់​ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​យន្តហោះ ដឹកអ្នកដំណើរ​AirAsia​ធ្លាក់​ចូល​ទៅក្នុង​សមុទ្រ។ 

អនុប្រធានាធិបតី​ឥណ្ឌូូណេស៊ី លោក​Jusuf Kalla (ឆ្វេង) ធ្វើ​បទបង្ហាញ​ពីការបាត់យន្តហោះ​Air Asiaនៅថ្ងៃ​ទី ២៨​ធ្នូ
អនុប្រធានាធិបតី​ឥណ្ឌូូណេស៊ី លោក​Jusuf Kalla (ឆ្វេង) ធ្វើ​បទបង្ហាញ​ពីការបាត់យន្តហោះ​Air Asiaនៅថ្ងៃ​ទី ២៨​ធ្នូ REUTERS/Antara Foto/Wahyu Putro A
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ពេល​ដែល​គេ​កំពុង​ស្វែងរក​ប្រអប់ខ្មៅ​ដែល​មាន​ផ្ទុក​ទិន្នន័យ​របស់​យន្តហោះ AirAsia ទីភ្នាក់ងារ​ឧតុនិយម​ជាតិ​របស់​ឥណ្ឌូណេស៊ី បាន​លើកឡើង​នៅថ្ងៃ​អាទិត្យ​នេះ​ថា យន្តហោះ​របស់​ក្រុមហ៊ុន AirAsia អាច​ធ្លាក់ ដោយសារ​អាកាសធាតុ​អាក្រក់។ ពោល​គឺ​ម៉ាស៊ីន​របស់​យន្តហោះ​អាច​ឈប់គាំង មិន​ដំណើរការ ដោយសារ​តែ​សំណើម​ត្រជាក់​ដែល​ចូល​ទៅ​កក​នៅក្នុង​ម៉ាស៊ីន​របស់​យន្តហោះ។

 
តាម​អាជ្ញាធរ​ឥណ្ឌូណេស៊ី សេចក្តី​សន្និដ្ឋាន​បឋម​ធ្វើឡើង ដោយ​ផ្អែក​ទៅលើ​ទិន្និន័យ​អាកាសធាតុ នៅ​ថ្ងៃ​ដែល​យន្តហោះ​ធ្លាក់ និង​សញ្ញា​ទីតាំង ចុងក្រោយ របស់​យន្តហោះ​ដែល​គេ​ចាប់​បាន។

អាជ្ញាធរ​ឥណ្ឌូណេស៊ី​ធ្លាប់​បាន​និយាយ​រួចហើយថា អ្នកបើកបរ​យន្តហោះ​បាន​សុំ​ផ្លាស់ប្តូរ​កំពស់​ហោះហើរ ដើម្បី​ជៀសវាង​ពី​ដុំពពក និង​ព្យុះភ្លៀង ប៉ុន្តែ គេ​មិនបាន​ទទួល​ចម្លើយ​ភ្លាមៗ​ពី​ទីភ្នាក់ងារ​ត្រួតពិនិត្យ​ដែនអាកាស ដោយសារ​តែ​នៅ​ក្នុង​អំឡុង​ពេលនោះ ផ្លូវ​ដែល​យន្តហោះ របស់ ក្រុមហ៊ុន AirAsia ចង់​ប្តូរ​ទៅ​ហោះហើរ មាន​សំបូរ​ចរាចរណ៍ ដោយ​យន្តហោះ​របស់​ក្រុមហ៊ុន​ដទៃ​ទៀត។

ទាក់ទង​នឹង​ផ្លូវហោះហើរ​នេះ អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​អះអាង​ថា គេ​នឹង​ធ្វើការ​ស៊ើបអង្កេត ទៅលើ​បទល្មើស​ដែល​ប្រព្រឹត្ត​ដោយ ក្រុមហ៊ុន AirAsia។ អាជ្ញាធរ​ឥណ្ឌូណេស៊ី​សង្ស័យ​ថា ក្រុមហ៊ុន AirAsia​បាន​ប្រើ​ផ្លូវ​ហោះហើរ​មួយ ដោយ​មិន​បាន​សុំ​ការអនុញ្ញាតិ​ពី​អាកាសចរណ៍​ស៊ីវិល​ឥណ្ឌូណេស៊ី។ ប៉ុន្តែ អាកាសចរណ៍​ស៊ីវិល​សិង្ហបុរី​វិញ​បញ្ជាក់ថា ក្រុមហ៊ុន AirAsia​បាន​សុំ​ទទួល​ការអនុញ្ញាតិ​ពីខាងខ្លួន​ដើម្បី​សុំ​សិទ្ធិ​ហោះហើរ​តាម​ផ្លូវ​ខាងលើ។ តាមផ្លូវច្បាប់ ការសុំ​អនុញ្ញាត​ពី​ពីរ​ភាគី​គឺ​ជា​រឿង​ចាំបាច់។ ក្រុមហ៊ុន AirAsia​របស់​ឥណ្ឌូណេស៊ី​វិញ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់ ដោយ​នៅរង់ចាំ​ការស៊ើបអង្កេត​ពេញលេញ​មួយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ