អានតួអត្ថបទ
ឥណ្ឌា-អាមេរិក

អូបាម៉ា​ប្រកាស​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​ឥណ្ឌា

នៅ​ថ្ងៃ​អាទិត្យ​ ដែល​ជា​ថ្ងៃ​ទី១ នៃ​ដំណើរទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​ ទៅកាន់​ប្រទេស​ឥណ្ឌា លោក​អូបាម៉ា​បាន​ប្រកាស​ឲ្យដឹង​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ រវាង​អាមេរិក និង​ឥណ្ឌា ដែល​ត្រូវ​ជាប់គាំង​អស់រយៈពេល ៦ឆ្នាំ​មក​ហើយ​នោះ ត្រូវ​បាន​​មេដឹកនាំ​ទាំងពីរ​ជជែក​រកច្រក​ចេញ​ឃើញ​ហើយ។ លោក​ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តី​ឥណ្ឌាវិញ​បាន​ធ្វើការ​គូសបញ្ជាក់ថា ឥណ្ឌា និង​សហរដ្ឋ​អាមេរិក​បាន​ចាប់ផ្តើម​​ទំព័រ​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី។

លោក​អូបាម៉ា​ និង​លោក​ម៉ូឌី កំពុង​អង្គុយ​ផឹកតែ និង​កាហ្វេ​ជាមួយគ្នា ថ្ងៃ​អាទិត្យ ២៥ មករា ២០១៥
លោក​អូបាម៉ា​ និង​លោក​ម៉ូឌី កំពុង​អង្គុយ​ផឹកតែ និង​កាហ្វេ​ជាមួយគ្នា ថ្ងៃ​អាទិត្យ ២៥ មករា ២០១៥ REUTERS/Jim Bourg
ផ្សាយពាណិជ្ជកម្ម

 

កិច្ចព្រមព្រៀង​ក្នុង​វិស័យ​នុយក្លេអ៊ែរ​ស៊ីវិល​ រវាង​សហរដ្ឋ​អាមេរិក និង​ឥណ្ឌា ត្រូវ​បាន​ចុះ តាំងពី​ឆ្នាំ​២០០៨ ក៏ប៉ុន្តែ មិន​អាច​ចាប់ផ្តើម​អនុវត្ត​បាន ដោយសារ​តែ​ប្រទេស​ទាំងពីរ​មាន​ការ​ខ្វែងគំនិត​គ្នា​ទៅ​លើ​បញ្ហា​មួយ​ចំនួន ជាពិសេស ទាក់ទង​នឹងការ​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​អាមេរិក នៅក្នុង​ករណី​មាន​គ្រោះថ្នាក់​នុយក្លេអ៊ែរ និង​ការទាមទារ​របស់​អាមេរិក​ក្នុងការ​តាមដាន​មើល​​ជាប់ជា​ប្រចាំ​នូវ​ទីតាំង​នៃ​សារធាតុ​នុយក្លេអ៊ែរ ដែល​អាមេរិក​ផ្តល់​ទៅ​ឲ្យ​ឥណ្ឌា។ ការជាប់គាំង​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ គឺ​ជា​មូលហេតុ​ដ៏​ចម្បងមួយ ក្នុង​ចំណោម​មូលហេតុ​ផ្សេងទៀត ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​​ រវាង​ប្រទេស​ទាំងពីរ​តែងតែ​ជួប​នឹង​ភាព​រកាំរកូស។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​លោក​ណារិនដ្រា ម៉ូឌី នៅថ្ងៃ​អាទិត្យ លោក​អូបាម៉ា​បាន​លើកឡើង​ថា ប្រទេស​ទាំងពីរ​បាន​រកឃើញ​នូវ​ការ​យោគយល់​គ្នា ទៅលើ​ចំណុច​ដែល​រាំងស្ទះកន្លងមក ហើយ​​​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​​នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​យ៉ាងពេញលេញ។

លោក​ណារិនដ្រា ម៉ូឌី​វិញ បាន​លើកឡើង​ថា អាមេរិក និង​ឥណ្ឌា កំពុងតែ​ចាប់ផ្តើម​បើក​ទំព័រ​ថ្មី នៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី ដែល​មាន​មូលដ្ឋាន​លើ​​ទំនុកចិត្ត​ និង​ការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​ទៅវិញ​ទៅមក។ លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​​​ក៏​បាន​បញ្ជាក់​បន្ថែម​ផងដែរ​ថា ប្រទេស​ទាំងពីរ​នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ និង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម។

គួរបញ្ជាក់ថា សហរដ្ឋ​អាមេរិក​តែងតែ​សំឡឹង​ឃើញ​ឥណ្ឌា​ថា​ជា​ទីផ្សារ​មួយ​ប្រកប​ដោយ​សក្តានុពល និង​ជា​មហាអំណាច​មួយ ដែល​អាច​ជួយ​អាមេរិក ក្នុង​ការ​ប្រជែង​ជាមួយ​ចិន នៅ​ក្នុង​តំបន់​អាស៊ី។ ក៏ប៉ុន្តែ ជារឿយៗ អាមេរិក​ក៏តែងតែ​​មាន​ការ​ទើសចិត្ត​នឹង​ឥណ្ឌា​ផងដែរ ដោយសារ​តែ​​មើល​ឃើញ​ពី​ភាព​យឺតយ៉ាវ​ក្នុងការ​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច និង​ជា​ពិសេស ដោយសារ​តែ​ឥណ្ឌា​មិនសូវ​​ដើរស្រប​ជាមួយ​អាមេរិក នៅ​ក្នុង​នយោបាយ​អន្តរជាតិ។ គេ​មិន​គួរ​ភ្លេចទេ​ថា នៅ​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់ ឥណ្ឌា គឺ​ជា​សម្ព័ន្ធមិត្ត​របស់​សហភាព​សូវៀត ចំណែក​ឯ​សហរដ្ឋ​អាមេរិកវិញ គឺ​ជា​សម្ព័ន្ធមិត្ត​របស់​ប៉ាគីស្ថាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ