អានតួអត្ថបទ
ថៃ

អាជ្ញាធរ​សឹក​ថៃ​បោសសម្អាត​ការ​ជួញ​ដូរ​មនុស្ស​ ដើម្បីយក​ចិត្ត​អាមេរិក

មន្រ្តី​ជាង​ដប់​រូប ក្នុង​ខ្លះ​ជា​ប៉ូលិស និង​ម្នាក់​ជា​ទាហាន​ម៉ារីន កំពុង​ជាប់​អង្កេត​ក្នុង​បទ​រត់​ពន្ធ​ជួញ​ដូរ​មនុស្ស។ នេះ​បើ​តាម​ការ​ប្រកាស​របស់​អាជ្ញាធរ​ក្រុង​បាង​កក​ តាម​រយៈ​សន្និសីទ​កាសែត​របស់​អនុរដ្ឋមន្ត្រីការបរទេស​ នា​ថ្ងៃ​សុក្រ​ទី ៣០​មករា ២០១៥។ ថៃដែល​ខំធ្វើ​គ្រប់​យ៉ាងបែប​នេះ គឺ​​ ដើម្បី​បង្ហាញពី​ចំណាត់​ការ​ល្អ​របស់​រដ្ឋាភិបាល​សឹក ប្រាប់​សហរដ្ឋ​អាមេរិក។

អនុ​រដ្ឋមន្ត្រី​ការបរទេស​ថៃ​ ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​ពី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស
អនុ​រដ្ឋមន្ត្រី​ការបរទេស​ថៃ​ ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​ពី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស © Reuters
ផ្សាយពាណិជ្ជកម្ម

អនុរដ្ឋមន្ត្រី​ក្រ​សួង​ការបរទេស​ថៃ បាន​បើក​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​សុក្រ​ទី ៣០​មករា សង្កត់​ធ្ងន់​អំពីអាទិភាព​របស់​រដ្ឋាភិបាល​ថា​ មាន​នយោបាយ​មិន​អត់​អោន​អោយ​ទាល់​សោះ​ ចំពោះ​ក្រុម​ជួញ​ដូរ​មនុស្ស ព្រោះ​ជា​សន្ទទស្សន៍​ដែលបញ្ជាក់​​អំពី​ភាព​ដាច់​ខាត​របស់​អាជ្ញាធរ​ថៃ ក្នុង​ការ​ជំរុញ​ឱ្យ​​មាន​ការ​គោរព​ច្បាប់។ ប៉ុន្តែ​លោក​អនុរដ្ឋមន្ត្រី Don Pramudwinai មិនបាន​បញ្ជាក់​លម្អិត​អំពី​សំណុំ​រឿង​ជួញ​ដូរ​មនុស្ស ដែល​មាន​មន្ត្រី​ប៉ូលិស​និង​ទាហាន​ជើង​ទឹកជាង​១០​រូប កំពុង​ជាប់​អង្កេត​ទេ និង​ដែល​មាន​ការ​ពាក់ព័ន្ធ​ខ្លាំង ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស។

 
ភាគ​ខាង​ត្បូង​ថៃ គឺ​ជា​ទី​ចំណត​របស់​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​។ ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា ដែល​រង​ទុក្ខបុក​ម្នេញ​ជាង​គេ​នៅ​លើ​លោក ភាគ​ច្រើន​បាន រត់​គេច​ពី​ភូមា​ ​ដោយ​ឆ្លង​កាត់​​ខាង​ត្បូ​ងប្រទេស​ថៃ​ជា​ទី​សំណាក់​មួយ​រយៈ​សិន មុន​នឹង​បន្ត​ទៅ​កាន់​ទិស​ដៅ​ចុងក្រោយ​គឺ​ម៉ាឡាស៊ី។

មន្ត្រី​ប៉ូលិស និង​ទ័ព​ជើង​ទឹក​ មូលដ្ឋាន តែង​តែត្រូវ​​ជាប់សង្ស័យ​ជា​ញឹកញាប់ ថា​បាន​លូក​ដៃ​ ឬ​ស៊ី​សំណូក​ក្នុង​ជំនួញ​ជួញ​ដូរ​មនុស្ស​ នៅ​ប្រទេស​ថៃ។ ប៉ុន្តែ​ ការ​តាន​ដាន​អង្កេត ឬ​ចោទ​ប្រកាន់​​ ឬ​ចាប់​ខ្លួន​ឈ្មួញ​ប្រភេទ​នេះ តាន​ផ្លូវ​ច្បាប់ គឺ​ជា​ការ​កម្រ​បំផុត។

ក្រសួង​ការបរទេស​អាមេរិក​ បាន​ចង្អុល​មុខ​ថៃ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៤ និង​ក៏​ដូច​រៀង​រាល់​ឆ្នាំ​មុនៗ ដោយផ្តល់​ចំណាត់​ថ្នាក់​​លេខ​ចុង​ប៉ូច​​គេ​បង្អស់​ ផ្នែក​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ជួញ​ដូរ​មនុស្ស​ នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អាមេរិក។ សម្រាប់​អាមេរិក មាន​អន្តោប្រវេសន៍​ខុស​ច្បាប់​រាប់​សិប​ពាន់​នាក់​ ត្រូវ​បាន​គេបោក​យក​បំរើ​ការ​នៅ​ប្រទេស​ថៃ ​ក្នុង​ឧស្សាហកម្ម​នេសាទ និង​ពេស្យាចារ ដែល​ជា​វិស័យ​ជួញដូរ​ដ៏​សំខាន់​ពីរ​នៅ​ថៃ។

តាំង​ពី​ថ្ងៃ​២២​ឧសភា ២០១៤​ ថ្ងៃធ្វើ​រដ្ឋប្រហារ​​ទម្លាក់​រដ្ឋាភិបាល​លោកស្រី​យីងឡាក់​មក ក្រុម​យោធា​ដែល​ជា​អ្នក​គ្រប់​គ្រង​​ក្តោប​អំណាច​ បាន​បើក​យុទ្ធ​នាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ក្នុង​រង្វង់​មន្ត្រី​រាជការ​ និង​ពិសេស​ប៉ូលិស​ ដែល​ល្បី​ខាង​ពុក​រលួយ​និង​នៅ​ពី​ក្រោយ​ឧស្សាហកម្ម​ជួញ​ដូរ​ផ្លូវ​ភេទ។

របប​សឹក​ធ្វើ​បែប​នេះ ដោយ​សង្ឃឹម​ថា​នឹង​អាច​ដំឡើង​ចំណាត់​ថ្នាក់​របស់​ថៃ នៅ​ក្នុង​របាយការណ៍​អាមេរិក​ឆ្នាំ​ថ្មី ទើប​​​បំបោងសេចក្តី​ថ្លែងការណ៍​​ច្រើនខ្លាំងៗ​លើ​ប្រធានបទ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ