បារាំងនិងជប៉ុនសហការគ្នាស្វែងរកឧបករណ៍វិភាគសញ្ញារោគអេបូឡា
ក្រុមហ៊ុនជប៉ុនFujifilm ឯកទេសផ្នែកបច្ចេកវិទ្យារូបភាព បានប្រកាសនៅថ្ងៃអង្គារនេះ ចុះហត្ថលេខាលើកិច្ចសន្យាការងារជាមួយវិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យាបារាំងBioaster ដើម្បីសម្រេចរកឱ្យបានឧបករណ៍សម្រាប់ធ្វើតេស្ត រកមេរោគអេបូឡា ក្នុងរយៈពេលដ៏ខ្លីបំផុត។ ហើយក្នុងពេលជាមួយគ្នា យុទ្ធនាការចាក់ថ្នាំបង្ការក៏បានចាប់ដំណើរការនៅប្រទេសលីបេរីយ៉ា តាំងពីថ្ងៃចន្ទទី ២ កុម្ភៈ ២០១៥មក។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១៦
នៅរាល់ពេលដែលយើងនិយាយអំពីក្រុមហ៊ុនជប៉ុន ដូចយ៉ាងសូនី នោះគេនឹងគិតដល់ភ្លាមល្បីខាងផ្នែកផលិតឧបករណ៍សំឡេង ក្រុមហ៊ុនប៉ាណាសូនិក មានឯកទេសខ្លាំងខាងផលិតទូរទស្សន៍ ក្រុមហ៊ុនFujifilm ខាងម៉ាស៊ីនថត ។ល។ និង។ល។ ប៉ុន្តែគេមិនសូវដឹងឮ ឬស្គាល់ទេអំពីសកម្មភាពផ្នែកវេជ្ជសាស្ត្រនិងឱសថសាស្ត្រ តែតាមការពិតទៅក្រុមហ៊ុនជប៉ុន ទាំងអស់នេះកំពុងអភិវឌ្ឍន៍ និងតម្រង់ទិសទៅខាងវិស័យសុខាភិបាលខ្លាំងណាស់ និងប្រភពនៃប្រាក់ចំណូលដ៏ដំរបស់ក្រុមហ៊ុនទៀតផង។
ដូច្នេះការដែលក្រុមហ៊ុនFujifilm បានចុះកិច្ចសន្យាសហការជាមួយក្រុមហ៊ុនបារាំង មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយ។ តាំងពីអេបូឡាបានធ្វើការរាតត្បាតមក ជប៉ុនក៏ដូចជាបណ្តាប្រទេសផ្សេងទៀត មានជារួមសហរដ្ឋអាមេរិក បារាំង អង់គ្លេស កាណាដា បានធ្វើការស្រាវជ្រាវយ៉ាងសកម្ម។
បារាំង-ជប៉ុនរួមសហការគ្នាអាចផ្តល់ជាប្រយោជន៍ធំដល់មនុស្សជាតិ ព្រោះថាក្រុមហ៊ុនFujifilm –Bioaster ចង់ផលិតឱ្យបាននូវឧបករណ៍តូចមួយ សាមញ្ញ ងាយប្រើ អាចមើលឃើញវីរ៉ុស ឬសញ្ញារោគអេបូឡា បានក្នុងរយៈពេលខ្លី តែបានផ្តល់ព័ត៌មានគ្រប់គ្រាន់ ប្រហាក់ប្រហែលនឹងការធ្វើតេស្តវិភាគម៉ូលេគុលដែរ។
ជប៉ុនមានបទពិសោធន៍ផ្នែកអេបូឡា
ដើម្បីអាចសម្រេចបំណងនេះបាន ខាងជប៉ុន Fujifilm បានពាំនាំមកនូវបច្ចេកវិទ្យាទំនើបខាងការចាប់សញ្ញារោគ ដោយធ្លាប់មានប្រើរួចមកហើយសម្រាប់ជំងឺគ្រុនផ្តាសាយ និងដែលជប៉ុនមានចំណេះធ្វើ ជាមរតកតាំងពីយូរឆ្នាំក្នុងយុគសម័យរូបថតសខ្មៅមកម្ល៉េះ។ បច្ចេកវិទ្យានេះត្រូវបានផ្តល់សន្ទុះឱ្យថ្មីនៅឆ្នាំ២០១១ នៅជប៉ុន ដែលអនុញ្ញាតឱ្យគេរកឃើញវីរ៉ុស ក្នុងរយៈពេលពី ៣ ទី ១៥នាទី ដោយប្រើអង្ខបដិបក្ខពីរប្រភេទផ្សេងគ្នា។ ចំណែកខាងបារាំង Bioaster វិញ នឹងគិតគូរខាងផ្នែកអង់ទីគ័រ ដែលក្រុមហ៊ុននឹងផលិតសម្រាប់ប្រឆាំងនឹងមេរោគអេបូឡា។
សូមបញ្ជាក់ថាតេស្តស្វែងរកជំងឺអេបូឡាបច្ចុប្បន្ននេះ ផ្តោតទៅលើការវិភាគហ្សែន ដែលត្រូវការពេលវេលាប្រមាណជាងពីរម៉ោង និងត្រូវការវិភាគនៅក្នុងមន្ទីរពិសោធន៍ទើបបាន។ កាលពីខែតុលា ស្នងការថាមពលអាតូមិកបារាំងបានប្រកាសរកឃើញវិធីធ្វើតេស្តមេរោគ អេបូឡា ដោយប្រើរយៈពេលតែ១៥នាទី និងសាមញ្ញដូចវិភាគមើលទឹកនោមស្ត្រីថាមានផ្ទៃពោះឬអត់។ ប៉ុន្តែវិធីសាស្ត្រនេះ ទាមទារការផ្ទៀងផ្ទាល់លទ្ធផលអវិជ្ជមាន ដោយបច្ចេកវិទ្យាផ្សេងទៀតសិន។ ហេតុដូច្នេះហើយបានជាfujifilm មានមហិច្ឆតាធំ ចង់សម្រេចរកឱ្យឃើញឧបករណ៍ដូចបារាំង តែមិនត្រូវការផ្ទៀងផ្ទាត់ទៀតទេ។ ជប៉ុន ត្រូវបានគេទទួលស្គាល់ថាមានជំនាញផ្នែកអេបូឡា ព្រោះតែបានរកឃើញថ្នាំផ្តាសាយAvigan មានប្រសិទ្ធិភាពខ្លាំងប្រឆាំងនឹងអេបូឡា។
យុទ្ធនាការចាក់ថ្នាំបង្ការទ្រង់ទ្រាយធំនៅលីបេរីយ៉ា
តាំងពី ម្សិលមិញមក ថ្នាំវ៉ាក់សាំងពីរប្រភេទប្រឆាំងនឹងជំងឺអេបូឡា ដែលហាក់ដូចជាមានប្រសិទ្ធិភាពខ្លាំងអាចទុកចិត្តបាន ត្រូវយកទៅចាក់សាកល្បងជាលើកទីមួយ នៅប្រទេសលីបេរីយ៉ា (ប្រទេសដែលរងគ្រោះខ្លាំងជាងគេមួយ ព្រោះជំងឺអេបូឡា - ៣៧០០នាក់ស្លាប់ក្នុងចំណោមអ្នកមានផ្ទុកជំងឺ៩០០០នាក់)។
ថ្នាំវ៉ាក់សាំងពីរនេះ មួយមានឈ្មោះថា ChAd3 រកឃើញ ដោយអ្នកស្រាវជ្រាវអង់គ្លេស សហការជាមួយអាមេរិក និងថ្នាំមួយទៀត rVSV-ZEBOV រកឃើញដោយភ្នាក់ងារសុខាភិបាលកាណាដា និងទទួលសិទ្ធិផលិតដោយមន្ទីរពិសោធន៍សហរដ្ឋអាមេរិក។ វ៉ាក់សាំងពីរប្រភេទនេះ មានប្រសិទ្ធិភាពខ្លាំង នៅពេល នៅពេលចាក់ឱ្យសត្វ ហើយក៏ប្រាកដជាក់ថាអាចការពារ មនុស្សបានដែរ បើគេជឿលើលទ្ធផលនៃសិក្សាទ្រង់ទ្រាយតូច។
អ្នកស្រាវជ្រាវសង្ឃឹមថា គម្រោងវិទ្យាសាស្ត្រដែលចាប់ផ្តើមនេះ អាចនឹងផ្តល់ចម្លើយ បំបែកភាពអាថ៌កំបាំងរបស់ជំងឺអេបូឡាបាន។ ព្រោះរហូតមកទល់នឹងម៉ោងនេះនៅពុំទាន់មានថ្នាំវ៉ាក់សាំងប្រឆាំងអេបូឡាទទួលស្គាល់ជាផ្លូវការនៅឡើយទេ និងមិនទាន់ដឹងនៅឡើយអំពីកំរិត អង់ទីគ័រសម្រាប់ការពារមនុស្សទល់នឹងមេរោគអេបូឡា។ យុទ្ធនាការចាក់ថ្នាំបង្ការសាកល្បងនេះ គ្រោងនឹងចាក់ជូនពលរដ្ឋស្ម័គ្រចិត្តលីបេរីយ៉ា ២៧០០០នាក់ មានសុខភាពល្អ អាយុចាប់ពី១៨ឆ្នាំឡើងទៅ។
ជំងឺអេបូឡាដែលបានរាតត្បាតខ្លាំង មិនធ្លាប់មាន នៅតំបន់អាហ្វ្រិកខាងលិច គិតចាប់តាំងពីឆ្នាំ១៩៧៦មក បានជំរុញឱ្យការស្រាវជ្រាវរកថ្នាំបង្ការ និងថ្នាំព្យាបាល មានដំណើរការលឿន ប៉ុន្តែលទ្ធផលទំនងជានឹងអាចយកទៅប្រើប្រាស់បាន នៅលែងមានការរាតត្បាតខ្លាំងប៉ុណ្ណោះ ព្រោះបើអង្គការសុខភាពពិភពលោក ជំងឺអេបូឡា បានបន្ថយឥទ្ធិពលយ៉ាងខ្លាំង ក្នុងរយៈពេលមួយខែចុងក្រោយនេះ។ ប្រទេសសៀរ៉ាឡេអូន បានបិទបញ្ចប់ការប្រកាសអាសន្នអេបូឡា បង្ឃាំងពលរដ្ឋ ហើយមានកម្មវត្ថុកំរិតអេបូឡាឱ្យដល់សូន្យ និងបើកសាលារៀនវិញនៅថ្ងៃទី៣១ មីនា ២០១៥៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ